ការចូលរួមសម្អាតបរិស្ថាន គឺជាភារកិច្ចរបស់មនុស្សគ្រប់រូបនៅលើសកលលោកដែលមិនអាចខ្វះបាន ព្រោះថា ប្រសិនបើបរិស្ថាននៅកន្លែងដែលមនុស្សគ្រប់រូបរស់នៅ មានសភាពមិនល្អស្អាតហើយនោះ សុខភាព និងអាយុជីវិតរបស់មនុស្ស ក៏នឹងត្រូវថមថយពីមួយថ្ងៃបន្តិចម្តងៗ ដោយសារតែជម្ងឺកាចសាហាវផ្សេងៗមកបៀតបៀនផងដែរ។ តើប្រទេសកម្ពុជា គួរធ្វើដូចម្តេចទើបអាចជួយសម្អាតបរិស្ថាននៅក្នុងប្រទេសឲ្យមានសភាពល្អស្អាត ព្រមទាំងផ្តល់សារអប់រំស្តីអំពីបរិស្ថានប្រកបដោយប្រសិទ្ធភាព?
កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២ កម្មវិធី ” ជិះផង រើសផង ” ដែលជាសកម្មភាព ចូលរួមដោយសភាយុវពាណិជ្ជករអន្តរជាតិ (JCI) បានដឹកនាំការជិះកង់ជាក្រុមមួយ ចេញដំណើរពីភ្នំពេញទៅកាន់ខេត្តតាកែវ កែប និងអាចបន្តដំណើររហូតដល់ខេត្តកំពត ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២ដល់ ថ្ងៃទី ២៤ខែ មិថុនាឆ្នាំ២០១២ ក្រោមពាក្យស្លោក ” ជិះផង ! រើសផង !” ជាសកម្មភាពមួយនៃកម្មវិធី Let´s Do It 2012 ដែលគ្រោងនឹងប្រមូលមនុស្សឲ្យបាន ១ម៉ឺននាក់ ចូលរួមសម្អាតទីក្រុង។
កម្មវិធី ” ជិះផង រើសផង” មានការចូលរួមពីអ្នកស្ម័គ្រចិត្ត មកពីក្រុមហ៊ុន អង្គការ សកលវិទ្យាល័យ និងយុវជនទូទៅ ដែលមានបំណង ឆ្លុះបញ្ចាំងពីការស្រលាញ់ និងថែរក្សាបរិស្ថាន តាមរយៈការមិនចោលសម្រាមពាសវាលពាសកាល ។ លើសពីនេះ កម្មវិធី Let´s Do It 2012 ធ្វើឡើងដើម្បីបំផុសប្រជាជនកម្ពុជា ឲ្យចេះស្រលាញ់ និងចេះការពារបរិស្ថាន យល់ដឹងពីការ ចោលសម្រាម ដោយការចាប់ផ្តើមពីបុគ្គលម្នាក់ ទើបគេអាចឈានទៅរកបរិស្ថានមួយដែលគ្មានសំរាមរប៉ាត់រប៉ាយ។
លោក ជី សិលា អគ្គនាយកក្រុមហ៊ុន CBM ដែលបានចូលរួមក្នុ្ងងសកម្មភាពជិះកង់រើសសំរាមតាមដងផ្លូវនេះ បានថ្លែងប្រាប់ឲ្យបានដឹងថា” កម្មវិធី ជិះផងរើសផង បានន័យថាពេលយើងជិះកង់ ទៅដល់កន្លែងណាមានសម្រាមច្រើន ដូចជានៅទីប្រជុំជន ទីក្រុង ឬផ្សារជាដើម គឺយើងចុះរើសសម្រាមនោះតែម្តង ដើម្បីបង្ហាញឲ្យដឹងពីការទទួលខុសត្រូវនៃសម្រាមខ្លួនឯង និងនៅជុំវិញខ្លួន កុំឲ្យមានភាពរប៉ាត់រប៉ាយ ប៉ះពាល់បរិស្ថាន។ លោកបានបន្ថែមថា៖ «ខ្ញុំគិតថា នេះជាគំនិតមួយ ទីមួយ ពួកគាត់អាចខ្មាសពួកយើង ទី២ពួកគាត់អាចគិតថា ពួកគេកំពុងធ្វើអី (អ្នកជិះកង់)។ ដូច្នេះទើបមានពាក្យថា “ជិះផង រើសផង” ដើម្បីឲ្យពួកគាត់ចាប់ផ្តើមពីខ្លួនឯង ហើយថ្ងៃនេះ ជាកម្មវិធីធំជាងគេបំផុត ដែលយើងរៀបចំឡើងមានមនុស្ស ចូលរួមប្រមាណ២០ទៅ៣០នាក់ ហើយយើងជិះកង់ឆ្ងាយមែនទែន ដោយមានប្រវែងផ្លូវ ១៨០គីឡូម៉ែត្រ»។ លោក ជី សិលា បានបន្តថា យើងសង្ឃឹមថា ពួកយើងអាចអប់រំមនុស្ស នៅតាមដងផ្លូវ ឲ្យពួកគេដឹងថា គួរចូលរួមក្នុងកម្មវីធីនេះ ហើយនៅខែសីហាខាងមុខនេះ យើងក៏មានកម្មវិធីមួយទៀត គឺកម្មវិធី «រត់ផង រើសផង» ដែលជាសកម្មភាពកីឡា តែបានជួយសម្អាតទីក្រុង” ។
ដោយឡែកលោក ធុល រិទ្ធី ជាអ្នកទំនាក់ទំនងសម្របសម្រួល ក្នុងព្រឹត្តការណ៍ “ជិះផងរើសផង” នេះបានបញ្ជាក់ថា កម្មវិធីនេះចង់យកឱកាស ដើម្បីពន្យល់ណែនាំទៅដល់ប្រជាពលរដ្ឋ ឲ្យយល់ពីបញ្ហាសម្រាម ដែលយើងធ្វើដំណើរទៅកាន់បីខេត្ត មាន តាកែវ កែប និងកំពត។ ដែលនេះជាជំហានដំបូងដែលយើងបានសាកល្បង ហើយសង្ឃឹមថានឹងទទួលបានជោគជ័យព្រោះជនបរទេស ក៏អញ្ជើញចូលរួមផងដែរ ។
គួរបញ្ជាក់ថា កម្មវិធី Let´s Do It មានដើមកំណើតនៅប្រទេសអេស្តូនា ក្នុងឆ្នាំ២០០៨ ហើយបច្ចុប្បន្នមានប្រទេសចំនួន៩១ កំពុងចូលរួម ដើម្បីធ្វើសកម្មភាពនេះពាសពេញពិភពលោក។ កម្មវីធីរើសសម្រាម អប់រំពីការចោលសម្រាម និងបណ្តុះផ្នត់គំនិតកូនខ្មែរឲ្យចេះស្រលាញ់បរិស្ថាននេះ JCI ធ្លាប់បានធ្វើសកម្មភាពជាច្រើនលើកមកហើយ ដោយលើកចុងក្រោយក្នុងឆ្នាំ ២០១១ ដែល JCI បានរៀបចំសហការជាមួយ AIESEC ហើយមានមនុស្សចូលរួមប្រមាណជា ៣ពាន់នាក់៕
អត្ថបទដោយ ៖ សេង វីរះ
ចេញផ្សាយ ៖ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២
Leave a Reply