កម្ពុជា​រក​ឃើញ​សញ្ញាណ​នៃ​ជម្ងឺ​ចម្លែក​

ក្រសួង​សុខាភិ​បាល អង្គការ​​សុខភាព​ពិភព​លោក និង​វិទ្យាសា្ថន​ប៉ាស្ទ័រ​កម្ពុជា កាល​ពីពេល​ថ្មីៗ​នេះ​ បាន​រក​ឃើញ​មេរោគ​ដែល​បង្ក​ឲ្យ​មាន​អ្នក​ជម្ងឺ​កុមារ​រាប់​សិប​នាក់​ស្លាប់​បាត់​បង់​ជីវិត​នោះ​ហើយ។ មេរោគ​នោះ​មាន​ឈ្មោះ​ថា​ Ente​rov​ir​us-7​1 (EV-71) ដែល​បង្ក​ជា​ពង​បែក​ត្រង់​ដៃ ជើង​ និង​ត្រង់​មាត់។​ មេរោគ​នេះ​បាន​បង្ក​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​អ្នក​ជម្ងឺ ហើយជ​ម្ងឺ​នេះ​បាន​ឆ្លង​មក​ពីប្រទេស​វៀត​ណាម និង​ប្រទេស​ចិន។​

រូបភាពគេហទំព័រសុខភាពកម្ពុជា

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​សុខាភិ​បាល និង​អង្គការ​សុខ​ភាព​ពិភព​លោក​នា​ពេល​ថ្មីៗ​នេះ ​បាន​ឲ្យ​ដឹង​ថា ចំនួន​កុមារ​ដែល​បាន​ឆ្លង​ជម្ងឺ​អាថ៌​កំបាំង​ ហើយ​បាន​មក​សម្រាក​នៅ​មន្ទីរ​ពេទ្យ​រយៈ​ពេល​កន្លង​ទៅ​នេះ មាន​ចំនួន​សរុ​ប ៧​៤​នាក់​ក្នុង​នោះមា​ន ៥៦​នាក់​បានស្លា​ប់។ កុមារ​ទាំង​នោះ​មាន​អាយុ​ពី​៣​ខែដល់​១១​ឆ្នាំ​ ប៉ុន្តែ​ភាគ​ច្រើន​នៃ​អ្នក​ជម្ងឺ​មាន​អាយុ​តិច​ជាង​៥​ឆ្នាំ​ដែល​មក​ពី​ភូមិ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​កម្ពុជា​ ហើយ​បាន​ទទួល​ការព្យា​​បាល​នៅ​មន្ទីរ​ពេទ្យ។​ ប៉ុន្តែ​បើ​ទោះ​បី​ជា​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ពី​សំណាក់​គ្រូពេទ្យ​យ៉ាង​ណា​​ក៏​ដោយ ក៏​កុមារ​ទាំង​នោះបា​ន​​បាត់​បង់​ជីវិត​ក្នុង​អំឡុង​ពេល​២៤​ម៉ោង បន្ទាប់​ពី​ដាក់​ឲ្យ​សម្រាក​នៅ​ក្នុង​មន្ទីរ​ពេទ្យ។​

លោក​វេជ្ជ​បណ្ឌិត លី សូវ៉ាន់ បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ​ផង​ដែរ​ថា ការ​ស្រាវ​ជ្រាវ​ទាក់​ទិន​បញ្ហា​នេះ​កំពុង​តែ​បន្ត​ ហើយ​គេ​សង្ឃឹម​ថា​ លទ្ធ​ផល​ចុង​ក្រោយ​នឹង​ចេញ​ផ្សាយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។ បច្ចុប្បន្ន​នេះ អង្គការ​សុខ​ភាព​ពិភព​លោក​ និង​ដៃ​គូដែ​ល​មាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​មជ្ឈ​មណ្ឌល​តាម​ដាន​ជម្ងឺ​ឆ្លង​សហរ​ដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​កំពុង​តាម​ដាន​ និង​ផ្តល់​ជំនួយ​បច្ចេក​ទេស​ដល់​ក្រសួង​សុខា​ភិបាល​កម្ពុជា​ក្នុង​ការ​ស្រាវ​ជ្រាវ​រក​មេរោគ​នេះ។ វត្ថុ​វិភាគ​មួ​យចំនួន​ ត្រូវ​បាន​វិភាគ​នៅ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​បញ្ជាក់​ថា មាន​ភាព​អវិជ្ជ​មាន​ចំពោះវី​រុស​ផ្តាសាយ​បក្សី​ វីរុស​ផ្តាសាយ​ដទៃ​ទៀត វីរុស​សារស៍ និង​វីរុស​នី​ប៉ា។​ នា​ពេល​បច្ចុប្បន្ន​នេះ ក្រសួង​អាច​កំណត់​អត្ត​សញ្ញាណ​នៃ​ភ្នាក់​ងារ​បង្ករ​ជម្ងឺ​បាន​ខ្លះៗ​ហើយ​ ប៉ុន្តែ​ក្រសួង​ត្រូវ​ការ​ពេល​វេលា​សិក្សា​ស្រាវ​ជ្រាវ​បញ្ជាក់​បន្ថែម​ទៀត​ឲ្យ​កាន់​តែ​ច្បាស់។​

ចំណែក​ឯ កាល​ពី​ម្សិល​មិញ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក៏​បាន​ប្រកាស​លទ្ធ​ផល​នៃ​ការ​វិភាគ ឲ្យ​ដឹង​ផង​ដែរ​ថា ជម្ងឺ​អាថ៌​កំបាំង​ ដែល​បាន​បង្ក​ឱ្យ​មាន​កុមារ​កម្ពុជា​ស្លាប់​អស់​៦៤​នាក់ ក្នុង​រយៈ​ពេល​តែ​បី​ខែ​កន្លង​មក​នេះ គឺ​បណ្តាល​មក​ពី​វត្ត​មាន​នៃ​វីរ៉ុស​ Entérovirus លេខ​៧១ នៅ​កម្ពុជា។ ការណ៍​នេះ​មាន​ន័យ​ថា កម្ពុជា​កំពុង​ជួប​ករណី​ជម្ងឺ​ឆ្លង​ធ្ងន់​ធ្ងរ​ខ្លាំង។​ ក្រុម​គ្រូពេទ្យ​ស្គាល់​ច្បាស់​វីរ៉ុស​នេះ ព្រោះ​វា​ធ្លាប់​មាន​កើត​នៅ​ក្នុង​ប្រទេស​វៀត​ណាម​ភាគ​កណ្តាល និង​នៅ​ក្នុង​ប្រទេស​ចិន​ ហើយ​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជា​ច្រើន​នាក់។ វីរុស​ អង់​តេ​រ៉ូ​វីរ៉ុស​ ៧១​នេះ ​បាន​បង្ក​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​កុមារ​ និង​អាច​ផ្តល់​ជា​រោគ​សញ្ញា​ពង​កន្ទួល​ក្រហម​នៅ​លើ​បាត​ដៃ ជើង​ និង​មាត់។ រី​ឯ​រោគ​សញ្ញា​នៃ​ជម្ងឺ​នេះ​គឺ ក្តៅ​ខ្លួន ឈឺ​ក្នុង​មាត់ ​ពង​កន្តួល​ និង​មាន​ពង​បែក​លើ​ដៃ ជើង​ និង​គូថ​។ ក្រសួង​សុខា​ភិបាល និង​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​ផ្តល់​ដំបូន្មាន​ថា​ ការ​ស្វែង​រក​ការ​ពិគ្រោះ​ជម្ងឺ​ជាមួយ​គ្រូពេទ្យ ​គឺ​ជា​ការ​ចាំ​បាច់​ ពី​ព្រោះ​នៅ​មិន​ទាន់​មាន​វិធី​ព្យាបាល​ជាក់​លាក់​ណា​មួយ​សម្រាប់​ជម្ងឺ​ពង​បែក​នេះ​នៅ​ឡើយ​ទេ។ តែ​គួ​រឲ្យ​អ្នក​ជម្ងឺ​ផឹក​ទឹក​ និង​វត្ថុ​រាវ​ឲ្យ​បាន​ច្រើន។ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​គ្រូ​ពេទ្យ​គួរ​ព្យាបាល​តាម​រោគ​សញ្ញា​ដោយ​មិន​ត្រូវ​ប្រើ​ថ្នាំSteroids​ ឡើយ​។

បើ​តាម​តួលេខ​របស់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​វិញ​បាន​ឲ្យ​ដឹង​ថា​មាន​កុមារ​ស្លាប់​ដោយ​សារ​ជម្ងឺ​នេះរ​ហូត​ដល់​៦៦​នាក់។ លោក​ Beat​ Richner វេជ្ជ​បណ្ឌិត​ស្ថាប​និក​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ បាន​មាន​ប្រសាសន៍​ថា​ មេរោគ​មួយ​នេះ​បាន​បំផ្លាញ​ផ្លូវ​ដង្ហើម​ទាំង​មូល​របស់​កុមារ។ លោក​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ យើង​មិន​ទាន់​ដឹង​ច្បាស់​ ពី​មូល​ហេតុ​នៃ​ការ​ឆ្លង​មេរោគ​នេះ និង​ការ​ស្លាប់​របស់​កុមារ​ទេ។ មិន​ដឹង​ថា​ ការ​ពុល​ថ្នាំ​អាច​ជា​កត្តា​រួម​ចំណែក​ក្នុង​ការ​ស្លាប់​របស់​កុមារ​ដែរ​ឬ​ទេ។​

ចំណែក​ឯ ឯក​ឧត្តម ម៉ម ​ប៊ុន​ហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល ​បាន​មាន​ប្រសាសន៍​ថា៖ «ក្នុង​អំឡុង​ពេល​ដែល​ក្រសួង​សុខា​ភិបាល​កំពុង​តែ​ធ្វើ​ការ​អង្កេត​ស្រាវ​ជ្រាវ​ដោយ​សកម្ម​ដើម្បី​រ​ក​មូលហេ​តុ​នៃ​ជម្ងឺ​នេះ​ សារ​ធារណៈ​ជន​គួរ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​ទៅ​លើ​ជម្ងឺ​ដែល​កំពុង​តែ​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ក្នុង​នោះ​មាន​ជម្ងឺ​ដូច​ជា ​ជម្ងឺ​គ្រុន​ឈាម ជម្ងឺ​គ្រុន​ឈីក ជម្ងឺ​ពង​បែក នៅ​ដៃ​ជើង ​និង​ក្នុង​មាត់។ ឯក​ឧត្តម​ក៏​បាន​ក្រើន​រំឮក​ដល់​ប្រជាជន​កម្ពុជា​ផង​ដែរ​ថា​ ឪពុក​មា្តយ និង​អ្នក​ថែ​ទាំ​កុមារ​ទាំង​អស់ ត្រូវ​នាំ​កូន​ទៅ​មន្ទីរ​ពេទ្យ នៅ​ពេល​ដែល​កូន​របស់​ពួក​គាត់ មាន​ចេញ​រោគ​សញ្ញា​ខុស​ធម្មតា។​ ដើម្បី​ចូល​រួម​ចំណែក ថែ​ទាំង​សុខ​ភាព​ប្រជាពល​រដ្ឋ​កម្ពុជា គេហ​ទំព័រ សុខ​ភាព​កម្ពុជា បាន​ជួប​សម្ភាសន៍​ជាមួយ​លោក​វេជ្ជ​បណ្ឌិត​ លី​ ចេង​ហ៊ុយ អំពី​ជម្ងឺ​ចម្លែក ឬ​ជម្ងឺ​អ៊ីវី​71​នេះ។ សូម​ចូល​អាន «ជម្ងឺ​ចម្លែក ឬជ​ម្ងឺ​វីរុស​អ៊ី​វី71, ជម្ងឺប្រភេទ​ថ្មីកំពុង​សម្លាប់​កុមារកម្ពុជា​មួយ​រូបទៀតហើយ, ជម្ងឺថ្មីកំពុងសម្លាប់កុមារកម្ពុជា, ជម្ងឺសើរស្បែក​ចម្លែកនៅ​វៀតណាមបានធ្វើឲ្យអង្គការសុខភាពពិភពលោកព្រួយបារម្ភ»។

អត្ថ​បទ​ដោយ ៖ សៀង​ វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១២

Categories: , , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *