​ស៊ុយ សុគន្ធាវី សម្រស់​​​ក្មេងជាងវ័យ​​​ដោយសារ​​​សុខភាពល្អ

កញ្ញា ស៊ុយ សុគន្ធាវី ​តារា​សម្ដែង​ស្រីតូច​ច្រឡឹង​គួរឱ្យ​ស្រឡាញ់ ​និងទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​ពីសំណាក់​មហាជន​ ​ជាពិសេស​គឺស្រទាប់​យុវវ័យ​តែម្ដង។ ​កញ្ញា គន្ធាវី​ ​បានប្រឡូក​​ចូលសិល្បៈ​តាំងពី​ឆ្នាំ២០០៦​មកម្ល៉េះ ​ប៉ុន្ដែដោយ​មានការ​ជាប់រវល់​ ​នឹងការ​សិក្សាច្រើន​ ​ដូចនេះ​ក៏ត្រូវ​ទុកផ្នែក​សិល្បៈដោយ​ឡែកសិន។ ​ប៉ុន្ដែឥឡូវ​នេះកញ្ញា ​គន្ធាវី ​កំពុងតែ​យកចិត្ដ​ទុកដាក់​ ​និងមានការ​ ​មមាញឹក​បំផុត​ខាងផ្នែក​សិល្បៈ។ ​ទោះបី​ជាមាន​ការមមា​ញឹកយ៉ាង​ណាក៏ដោយ​ ​ក៏គន្ធាវី​មិនដែល​ភ្លេចឡើយ​នូវការ​ថែរក្សា​សម្រស់​ ​និងសុខភាព​របស់ខ្លួន។ ​

រូបភាពទស្សនាវដ្តីសុខភាពយើង

​គន្ធាវីបានចូលខ្លួនមកបកស្រាយ​អំពីការ​ថែរក្សា​សម្រស់​ជាមួយ​នឹងទស្សនាវដ្ដី​ ​សុខភាពយើង​ ​ដើម្បីប្រាប់​ពីវិធី​សាស្ដ្រ ​ថែរក្សា​សម្រស់ ​និងការ​ថែរក្សា​សុខភាព​រាងកាយ​របស់ខ្លួន​ជូនប្រិយ​មិត្ដទាំងអស់ ​ពិសេសគឺ​មិត្ដនារី​ទាំងឡាយ​ឱ្យបាន​ជ្រាបផងដែរ។​

ប្រវត្ដិសិល្បៈ

សុគន្ធាវីបានប្រឡូកចូល​សិល្បៈតាំង​ពីឆ្នាំ២០០៦​មកម្ល៉េះ ​ដោយគន្ធាវី​បានថត​ជាស្ពត​ពាណិជ្ជកម្ម ​Mobitel។ ​នៅក្នុងឆ្នាំ​ ​២០០៧​គន្ធាវី​មានការ​មមាញឹក​នឹងការ​សិក្សា​ច្រើនពេក ​ដូចនេះក៏​ត្រូវផ្អាក​ផ្នែកលិល្បៈ​មួយរយៈ។ ​នៅដើម​ឆ្នាំ២០០៨ ​កញ្ញា គន្ធាវី ​បាន ថត​ជាខ្សែ​ភាពយន្ដ​ឱ្យស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍បាយ័ន ​គឺរឿង ​កែចិត្ដស្អប់បង។ ​នៅដើម​ឆ្នាំ២០១០ ​កញ្ញា គន្ធាវី ​បានយក​ចិត្ដទុកដាក់​ ​នៅក្នុង​ផ្នែកសិល្បៈ​យ៉ាងពេញ​ទំហឹង​តែម្ដង ​ដោយកញ្ញា ​គន្ធាវី ​បានថត​ជាខារ៉ាអូខេ​​ឱ្យផលិតកម្ម​ជាច្រើន ​ដូចជា​ផលិតកម្ម​អ៊ឹម ​គឺបទ​ ​ចាំថ្ងៃលិច ​បន្ទាប់ទៀត​ថតឱ្យ​ផលិតកម្ម​បីកមែន ​ផលិតកម្មថោន ​ផលិតកម្ម​មហាហង្ស​ជាដើម។ ​លើសពី​នេះកញ្ញា ​គន្ធាវី ​ក៏ថតឱ្យ​ ​ផលិតកម្ម​ហ្សងមាស​ផងដែរ ​ហើយក៏​ជាបទ​ដែលពេញ​និយម​បំផុត​សម្រាប់​យុវវ័យ ​គឺបទ ​ស្រឡាញ់​គឺហ៊ានលះបង់ ​​និងបទ ​I am sorry​ ជាដើម។ ​សព្វថ្ងៃ​កញ្ញា គន្ធាវី ​ក៏ជានិស្សិត​ឆ្នាំទី៣​ដែលសិក្សា​នៅសាកល​វិទ្យាល័យ​ជាតិគ្រប់គ្រង​ផ្នែកគ្រប់​គ្រងផងដែរ។​

វិធីថែរក្សាសម្រស់

សព្វថ្ងៃនេះ កញ្ញា ស៊ុយ សុគន្ធាវី ​មានការ​មមាញឹក​ច្រើននឹង​ការងារ ​តែទោះបី​ជាមាន​ការមមា​ញឹកច្រើន​យ៉ាងណា​ក៏ដោយ​ ក៏គន្ធាវី​មិនដែល​ភ្លេចឡើយ​នូវការ​ថែរក្សា​សម្រស់ក៏​ដូចជា​ការថែរក្សា​សុខភាព​របស់ខ្លួន​ផងដែរ។ ​ខាងក្រោម​នេះគឺ​ជាវិធី​ក្នុងការ​ ថែរក្សា​សម្រស់ ​និងសុខភាព​របស់កញ្ញា ​ស៊ុយ សុគន្ធាវី ​ដែលបាន​អនុវត្ដ​ជាប្រចាំ។​

– ការថែរក្សាសក់ ​ក្នុងនាម​ជាអ្នក​សិល្បៈមួយ​រូប ​គន្ធាវី​តែងតែ​ធ្វើម៉ូត​សក់ជា​ប្រចាំ ​ជាពិសេស​ក្នុងពេល​សម្ដែង។ ​ដូច្នេះ​ ជារៀង​រាល់មួយ​សប្ដាហ៍ម្ដង​គន្ធាវី​បានទៅ​ស្ប៉ាសក់​ជាប្រចាំ​ដើម្បីការ​ពារកុំ​ឱ្យសក់​បែកចុង។ ​គន្ធាវី​បានជ្រើស​រើសប្រភេទ​សាប៊ូ​កក់សក់​ ដែលត្រូវ​​ជាមួយ​នឹង​សរសៃ​សក់និង​ស្បែកក្បាល​របស់គន្ធាវី។ ​គន្ធាវី​តែងតែ​ប្រើក្រែម​បន្ទន់សក់​ជាប្រចាំ ​នៅពេល​ដែលកក់សក់។ ​

– ការថែរក្សាស្បែកមុខ ចំពោះស្បែកមុខ ​គន្ធាវី​តែងតែ​ប្រឈមមុខ​នឹងការ​ផាត់មុខ​ច្រើនដង។ ​ដូច្នេះ​ក្រោយពីការ​​សម្រាក​ពីការងារ​ ​គន្ធាវី​បានធ្វើ​ការលាង​សម្អាតស្បែក​មុខចេញ​ជាមួយ​នឹងហ្វូម​លាងមុខ ​​និងមាន​ឡូសិន​សម្រាប់​ជូតសម្អាត​ផ្ទៃមុខ។​ ​នៅពេល​ចេញទៅ​ក្រៅម្ដងៗ ​គន្ធាវី​តែងតែ​ប្រើឡេ​ការពារ​កម្ដៅថ្ងៃ​ជានិច្ច។​

– ការថែរក្សាស្បែកដងខ្លួន ​គន្ធាវីតែងតែប្រើឡេ​ដែលមាន​កម្រិតខ្ពស់​ដើម្បី​ការពារ​ពន្លឺ​ព្រះអាទិត្យ។​ ​ហើយ​ពេលយប់​ ​គន្ធាវី​លាប​ឡេការពារ​ ​និងផ្ដល់​សំណើម​ដល់ស្បែក។ ​គន្ធាវី​តែងតែ​ប្រើសាប៊ូ​ដុសខ្លួន​ដែលមាន​ក្លិនក្រអូប​ ​និងផ្ដល់​សំណើម​ដល់ស្បែក​ ​ជាពិសេស​សាប៊ូ​កម្ចាត់មេរោគ។ ​​អ្វីដែល​ពិសេស​ជាងនេះ ​នៅក្នុង​២សប្ដាហ៍​គន្ធាវី​តែងតែ​ធ្វើការ​ម៉ាស្សាម្ដង។​

​- ការថែរក្សាធ្មេញ ចំពោះសុខភាព​មាត់ធ្មេញ​គន្ធាវី​តែងតែ​យកចិត្ដ​ទុកដាក់​ខ្លាំងបំផុត។ ​ដូចនេះ​ជា​រៀងរាល់​៣ខែម្ដង​ ​គន្ធាវី​តែងតែ​ទៅមន្ទីរ​ពេទ្យធ្មេញ​ដើម្បី​ធ្វើការ​សម្អាត​ធ្មេញម្ដង។ ​​គន្ធាវី​តែងធ្វើ​ការសម្អាត​ធ្មេញនៅ​ក្នុងមួយ​ថ្ងៃបីដង។​

– ការថែរក្សាភ្នែក ចំពោះសុខភាពភ្នែក ​គន្ធាវី​មិនសូវ​ជាយក​ចិត្ដទុក​ដាក់ប៉ុន្មាន​នោះទេ​នៅក្នុង​ការថែរក្សា​ ​ព្រោះភ្នែក​របស់​​គន្ធាវី​មិនដែល​មានបញ្ហា​នោះទេ។ ​ទោះបី​ជាមិន​បានធ្វើ​ការថែរក្សា​ឱ្យបាន​ដិតដល់ ​ក៏គន្ធាវី​មិនដែល​ធ្វេសប្រហែស​ដែរ ​គឺគន្ធាវី​ តែងតែ​ប្រើវ៉ែនតា​ការពារ​កម្ដៅថ្ងៃ ​និងមាន​ទឹកសម្រាប់​ជូតសម្អាត​ភ្នែកជានិច្ច​រាល់ពេល​ដែលមាន​អារម្មណ៍ថា​ភ្នែកមាន​បញ្ហា។​

– ការថែរក្សារោមភ្នែក ចិញ្ចើម បបូរមាត់ ៖ ​ការថែរក្សា​រោមភ្នែក​ភាគច្រើន​គន្ធាវី​មិនបាន​ថែរក្សាឱ្យ​បានដិត​ដល់នោះទេ​ ​ដោយ​គ្រាន់តែ​មានទឹក​សម្រាប់​ជូតសម្អាត​រោមភ្នែក​នៅក្រោយ​ពេល​តុបតែង​មុខហើយ​តែប៉ុណ្ណោះ។ ​ចំពោះចិញ្ចើម​ គន្ធាវី​មិនចូលចិត្ដ​ ​កោរនោះ​ទេ។ ​ចំណែកឯ​បបូរ​មាត់វិញ ​គន្ធាវី​ចូលចិត្ដ​លាបក្រេម​ដែលមិន​ធ្វើឱ្យ​មានបញ្ហា​ចំពោះ​បបូរមាត់​ ​ហើយជា​ក្រេមដែល​ អាចរក្សា​បបូរមាត់​កុំឱ្យប្រេះ។ ​ហើយពណ៌​ក្រេមដែល​ចូលចិត្ដ​ប្រើនោះ​ក្រេមពណ៌​ស្រាលៗ។​

– ការថែរក្សាក្រចកដៃ ក្រចកជើង ​ជារៀងរាល់​២សប្ដាហ៍ ​គន្ធាវី​តែងតែ​ទៅហាង​ដើម្បី​លាង​សម្អាតម្ដង​ ​និងលេង​ម៉ូត ក្រចក​ជាដើម។​

ការថែរក្សាសុខភាពរាងកាយ

គន្ធាវីមិនដែលធ្វេស​ប្រហែស​ឡើយនៅ​ក្នុងការ​ថែរក្សា​សុខភាព​រាងកាយ ​ជាពិសេស​គឺការ​ធ្វើលំហាត់​ប្រាណតែម្ដង។​​ ជា​ រៀងរាល់​១សប្ដាហ៍ ​គន្ធាវី​តែងតែ​ធ្វើលំហាត់​ប្រាណម្ដង។ ​ចំពោះអាហារ ​គន្ធាវី​ទទួលទាន​មិនសូវ​ទៀងទាត់​នោះទេ ​ហើយក៏​មិនដែល​ តមចំពោះ​អាហារ​ផ្អាប់នោះ​ដែរ។ ​សម្រាប់ការ​ទទួលទាន​ដំណេកវិញ ​គន្ធាវី​មិនដែល​ធ្វេស​ប្រហែស​ឡើយ។ ​

គោលបំណងទៅថ្ងៃអនាគត

ក្រៅពីសិល្បៈគន្ធាវីក៏មានគោល​បំណង​ទៅថ្ងៃ​អនាគតដែរ​ ​គឺចង់បើក​ហាងលក់​សម្លៀកបំពាក់​មួយកន្លែង ​តែបើសិនជា​ ​ទស្សនិកជន​នៅតែគាំទ្រ​គន្ធាវី​នៅតែ​បន្ដអាជីព​ជាអ្នក​សិល្បៈដដែល។​

រូបភាពទស្សនាវដ្តីសុខភាពយើង

បណ្ដាំផ្ញើរបស់កញ្ញា ស៊ុយ សុគន្ធាវី

ចុងក្រោយគន្ធាវីសូមថ្លែង​អំណរគុណ​ដល់ប្រជាជន​ខ្មែរទាំង​ចាស់ក្មេង ​និងយុវវ័យ​គ្រប់ស្រទាប់វណ្ណៈ ​ដែលតែង​តែចូលចិត្ដ​ ​នឹងគាំទ្រ​ស្រឡាញ់​រាប់អាន​គន្ធាវី។ ​លោកអ្នក​នាងកញ្ញា​គ្រប់រូប​គួរតែ​ឆ្លៀតពេល​នៅក្នុង​ការ​ថែរក្សា​សុខភាព ​និងសម្រស់​ឱ្យបានល្អ​ ​ហើយ​ត្រូវតែ​ធ្វើលំហាត់​ប្រាណជានិច្ច ​យ៉ាងហោច​ណាស់គួរ​តែធ្វើ​លំហាត់​ប្រាណ១​សប្ដាហ៍១ដង ​ទើបជា​ការប្រសើរ។​

ការរៀបរាប់ជូនខាងលើនេះ ជាការយល់ឃើញ ​និងការ​អនុវត្ដ​របស់កញ្ញា ​ស៊ុយ សុគន្ធាវី ​តែប៉ុណ្ណោះ។ ​សូមលោក​ស្រីអ្នក​ ​នាងកញ្ញា​ជ្រើសរើស​យកអ្វី​ដែលលោក​អ្នកយល់​ថាល្អ​ត្រឹមត្រូវ​សម្រាប់​អនុវត្ដ​បានហើយ។​

ប្រវត្ដិរូបសង្ខេប

  • ឈ្មោះ ៖ ស៊ុយ សុគន្ធាវី
  • អាយុ ៖ ២៥ឆ្នាំ
  • ថ្ងៃខែឆ្នាំកំណើត ៖ ២៧ ១០ ១៩៨៧
  • កម្ពស់ ៖ ១.៦០ម៉ែត្រ
  • ទម្ងន់ ៖ ៤០គីឡូក្រាម
  • ទំហំទាំងបី ៖ ៣៤ ២៦ ៣៥
  • ទីកន្លែងកំណើត ៖ ភ្នំពេញ
  • បងប្អូន ៖ ៥នាក់ ស្រី៣ប្រុស២(ជាកូនពៅ)
  • អាជីពនាពេលបច្ចុប្បន្ន ៖ តារាសម្ដែង
  • ស្ថានភាពគ្រួសារ ៖ នៅលីវ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៣ ខែមេសា ឆ្នាំ២០១១
Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *