សំណល់ដែលសល់ពីការប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនអាចយកទៅកែច្នៃធ្វើសម្ភារៈប្រើប្រាស់ផ្សេងៗទៀតបានជាច្រើន ឬក៏ សារធាតុមានប្រយោជន៍ជាច្រើនទៀត។ ហេតុនេះលោកអ្នកប្រើប្រាស់ត្រូវតែចេះបែងចែកប្រភេទសំណល់ ឬសម្រាមឱ្យបានច្បាស់ លាស់ ដើម្បីងាយស្រួលយកមកកែច្នៃបន្ដទៀត ដោយលៃលកយ៉ាងណាប្រើឱ្យអស់ធនធានដែលមាន។
ការកែច្នៃសំណល់
ការកែច្នៃសំណល់រឹង គឺសំដៅលើសកម្មភាពទាំងឡាយដែលធ្វើឱ្យកាត់បន្ថយនូវបរិមាណ ឬគុណភាពនៃសំណល់រឹង ដើម្បី សម្រាលដល់ការធ្វើប្រព្រឹត្ដកម្មសម្អាត ឬការបោះចោលសំណល់រឹងនៅទីលាន។ ការកែច្នៃសំណល់ចែកចេញជា ៖
- ការកាត់បន្ថយបរិមាណសំណល់ ៖ គឺសកម្មភាពដែលធ្វើឱ្យសំណល់មានតិច។
- ការប្រើប្រាស់ឡើងវិញ ៖ គឺការយកសំណល់មកប្រើប្រាស់ឡើងវិញ ដោយរូបរាង និងសមាសភាគនៅដដែល គឺគ្រាន់តែ ធ្វើប្រព្រឹត្ដកម្មសម្អាត ឬលាងសម្អាត ដូចជាដប ក្រដាស ឬប្លាស្ទិក លាងសម្អាតរួចយកមកប្រើប្រាស់ឡើងវិញ។
- ការកែច្នៃ ៖ គឺជាដំណើរការ៣យ៉ាង ការកែច្នៃ ដំណើរការផលិត និងការប្រើប្រាស់ឡើងវិញ។ ផលិតផល ឬសម្ភារៈ ដែលអាចកែច្នៃបាន គឺជាសម្ភារៈដែលគេប្រើវាជាវត្ថុធាតុដើម ដើម្បីបង្កើតនូវរបស់អ្វីមួយថ្មីបាន និងអាចត្រូវបានគេប្រើប្រាស់វា ឡើងវិញថែមទៀតផង។ ការកែច្នៃត្រូវបានគេកំណត់ជាការប្រមូល និងការញែកនូវសម្ភារៈពីសំណល់ និងបន្ទាប់មកធ្វើដំណើរការ ផលិតនូវរបស់អ្វីដែលអាចលក់នៅទីផ្សារបាន។
- ការធ្វើកំប៉ុស្ដ ៖ សំណល់ចេញពីលំនៅដ្ឋានភាគច្រើនជាប្រភេទសរីរាង្គដែលអាចយកទៅធ្វើជាជីកំប៉ុស្ដ។ កំប៉ុស្ដគឺជា ផលិតផលនៃសមាសធាតុសរីរាង្គនៅក្នុងល័ក្ខខ័ណ្ឌលំនឹងដែលអាចជួយពង្រឹងសមត្ថភាពដី និងបន្ថែមជីដល់ដី បន្ទាប់ពីបានបញ្ចប់ការ បំបែកធាតុ ឬពុករលួយក្រោមអំពើនៃបាក់តេរី ខ្យល់ និងទឹក។ សមាសធាតុសរីរាង្គដែលអាចធ្វើជាកំប៉ុស្ដបាន មានដូចជាសំណល់ ផ្ទះបាយ លាមកសត្វ លាមកមនុស្ស បន្លែ ឬសំណល់ដំណាំ សំណល់ស្លឹកឈើ សំណល់សាច់ ឬផលិតផលនេសាទ។
វិធីសាស្ដ្រក្នុងការធ្វើកំប៉ុស្ដមានការធ្វើដោយប្រើខ្យល់ និងមិនប្រើខ្យល់ និងការប្រើប្រាស់គ្រឿងចក្រក្នុងការផលិតជាកំប៉ុស្ដ និងការទាញយកកំប៉ុស្ដពីទីលានចាក់សំណល់។ បច្ចុប្បន្ននៅបណ្ដាប្រទេសជឿនលឿន គេបានប្រើប្រាស់នូវម៉ាស៊ីនស្វ័យប្រវត្ដិសម្រាប់ ផលិតជីកំប៉ុស្ដ ក្នុងគោលបំណងកាត់បន្ថយនូវបរិមាណសំណល់ដែលត្រូវចាក់នៅទីលាន ដោយបញ្ហាពុំមានដីគ្រប់គ្រាន់សម្រាប់សង់ ទីលានចាក់សំណល់ ហើយក៏ដូចជាកាត់បន្ថយដល់ការប្រើប្រាស់ជីគីមីផងដែរ។
សារៈប្រយោជន៍នៃការកែច្នៃសំណល់
ការកែច្នៃសំណល់មានសារៈសំខាន់ជាច្រើនដូចខាងក្រោម ៖
- ការជួយដល់ការអភិរក្សធនធានធម្មជាតិ តាមរយៈការប្រើប្រាស់សំណល់ជាវត្ថុធាតុដើម ជំនួសវត្ថុធាតុដើមមួយចំនួន ដែលទាញចេញពីធនធានធម្មជាតិក្នុងការផលិតជាផលិតផលថ្មី
- ការប្រើប្រាស់ឡើងវិញនូវសម្ភារៈមួយចំនួនដែលទាញចេញពីសំណល់ ដោយរក្សានូវទម្រង់ដើមរបស់សំណល់នៅដដែល ដោយគ្រាន់តែលាងសម្អាតនោះវាបានជួយសន្សំថាមពលក្នុងការផលិតនូវផលិតផលថ្មីឡើងវិញ។
- ការកាត់បន្ថយគ្រោះថ្នាក់នៃការបំពុល ក៏ដូចជាការសន្សំនូវតម្លៃលើការចំណាយលើមធ្យោបាយត្រួតពិនិត្យ ការធ្វើ ប្រព្រឹត្ដកម្មសម្អាត និងការបោះចោល។
- ការកែច្នៃសំណល់ធ្វើឱ្យកាត់បន្ថយនូវតម្រូវការចំពោះមធ្យោបាយក្នុងការចាក់ចោលសំណល់មួយផ្នែក ក៏ដូចជាបានកាត់ បន្ថយមាឌសំណល់ ដែលត្រូវចាក់នៅទីលានចាក់សំណល់ដែលជាកត្ដាសំខាន់ក្នុងការជួយដល់ដំណើរការប្រើប្រាស់ទីលានបានរយៈ ពេលយូរ ជាផ្នែកដ៏សំខាន់ចំពោះតំបន់ក្នុងក្រុង ឬទីប្រជុំជនមានដីចង្អៀត និងខ្វះដីសម្រាប់ធ្វើការអភិវឌ្ឍន៍ផ្សេងៗ។ល។
- ការផលិតនូវផលិតផលដែលមានតម្លៃថោកអាចសមស្របទៅតាមកម្រិតជីវភាព។
ប្រភេទសំណល់ដែលអាចធ្វើការកែច្នៃ
ប្រភេទសំណល់ដែលអាចកែច្នៃបានមានដូចខាងក្រោម ៖
- ក្រដាស កាសែត ទស្សនាវដ្ដី ក្រដាសកាតុង ក្រដាសវេចខ្ចប់
- ដប អំបែងដប ឬកែវ
- លោហៈ កំប៉ុងមានជាតិដែក ឬអាលុយមីញ៉ូម
- ប្លាស្ទិក ដបប្លាស្ទិក ឬសម្ភារៈវេចខ្ចប់ជាប្រភេទប្លាស្ទិក ឬថង់ប្លាស្ទិករឹង ឬទន់
- ប្រភេទក្រណាត់
- ប្រភេទសរីរាង្គ និងសំណល់ដទៃទៀត។ល។
1 . ការកែច្នៃសំណល់មានរូបភាព៣យ៉ាង
- សំណល់ត្រូវបានញែកនៅឯប្រភព និងត្រូវបានប្រមូលតាមផ្ទះដោយអ្នកប្រមូលសំណល់របស់ក្រុមហ៊ុនម៉ៅការ និងបាន រើសយក ឬទិញរបស់ដែលមានតម្លៃមួយចំនួនដោយអ្នករើសអេតចាយ ឬអ្នកទិញអេតចាយ ដូចជាក្រដាសកាតុង ដបកំប៉ុងអាលុយ មីញ៉ូមដែកជាដើម។
- អ្នកប្រមូលសំណល់បានចំណាយពេលញែកសម្ភារៈដែលអាចលក់បានពីសំណល់
- ការរើសសំណល់ដោយសហគមន៍អ្នករើសសម្រាមដែលរស់នៅជុំវិញទីលានចាក់សំណល់រឹង។
2 . ការញែកសំណល់ដែលអាចកែច្នៃបាននៅឯប្រភពបង្កើត
- មុនការបោះចោលសំណល់ត្រូវពិចារណាថា តើប្រភេទសំណល់របស់យើងអាចនៅមានតម្លៃប្រើប្រាស់ឡើងវិញ សម្រាប់ អ្នកផ្សេង ឬជាប្រភេទអាចយកទៅកែច្នៃបានដែរឬទេ
- ត្រូវស្ដុក ឬទុកដាក់ដាច់ដោយឡែកពីសំណល់ដែលពុំអាចកែច្នៃបាន
- ត្រូវស្ដុក ឬទុកដាក់សំណល់ទាំងនេះតាមប្រភេទនៅក្នុងស្បោងដែលងាយនឹងមើលឃើញ ឬមានសញ្ញាសម្គាល់ ដើម្បីងាយស្រួលដល់ការប្រមូលរើសយក ឬសម្រាប់លក់
- ការប្រមូលសំណល់អាចកែច្នៃបានត្រូវធ្វើដោយឡែកពីសំណល់ដែលមិនអាចកែច្នៃបាន ប្រសិនបើអាចធ្វើទៅបាន។
បណ្ដាំផ្ញើ
នៅលេខក្រោយលោកអ្នកទាំងអស់នឹងបានជ្រាបជាបន្ដទៀតអំពីការបោះចោលកាកសំណល់ទាំងឡាយ ព្រមទាំងការ ជ្រើសរើសទីតាំងដើម្បីបោះកាកសំណល់ទាំងនោះចោល។ ព្រោះថ្វីត្បិតតែជាសំណល់យើងលែងត្រូវការពិតមែន តែបើការទុកដាក់មិនបានត្រឹមត្រូវនោះ កាកសំណល់ទាំងនោះនឹងផ្ដល់ទុក្ខទោសដល់លោកអ្នកមិនខានទេ។
(សូមបន្ដអាននៅលេខក្រោយ)
Leave a Reply