ការហាត់ប្រាណមានអត្ថប្រយោជន៍អនេកចំពោះសុខភាពរបស់មនុស្ស បើហាត់បានត្រឹមត្រូវ។ ផ្ទុយទៅវិញនោះវា អាចធ្វើឱ្យខូច សុខភាពបាន បើអ្នកហាត់មិនបានត្រឹមត្រូវ។ ការហាត់ប្រាណធ្វើឱ្យមានចលនាទៅដល់សន្លាក់ និងសាច់ដុំ ធ្វើសន្លាក់ និងសាច់ដុំមានភាពរឹងមាំ ជួយការពាររាងកាយមនុស្សឱ្យចៀសផុតពីការឈឺសន្លាក់ដៃជើងជាដើម។
ដើម្បីធ្វើការអធិប្បាយបាន ទស្សនាវដ្ដី សុខភាពយើង បានចុះទៅធ្វើការសម្ភាសន៍ជាមួយលោក ហ៊ី ឌីណារិន្ទ ប្រធានក្លឹប គីងកុង ដែលបានបកស្រាយនូវប្រធានបទខាងលើយ៉ាងក្បោះក្បាយជូនប្រិយមិត្ដអ្នកអានដូចតទៅនេះ។
សន្លាក់ ជាអ្វី?
សន្លាក់ជាការតភ្ជាប់រវាងឆ្អឹងទៅនឹងឆ្អឹងមួយទៀត តភ្ជាប់រវាងឆ្អឹងខ្ចីទៅឆ្អឹងខ្ចី តភ្ជាប់រវាងឆ្អឹងទៅសាច់ដុំ។ ការតភ្ជាប់ រវាងឆ្អឹងមួយទៅឆ្អឹងមួយទៀត ដោយសារតែសារធាតុរាវម្យ៉ាង ធ្វើឱ្យសន្លាក់នោះមានភាពរឹងមាំ ដែលធ្វើឱ្យដំណើរការនៃការរីកលូត លាស់របស់សន្លាក់ និងសាច់ដុំបានល្អធម្មតា។ ប្រសិនបើយើងមានបញ្ហានៅកន្លែងណាមួយនៃសន្លាក់ ការហាត់ប្រាណធ្វើឱ្យមានការឈឺ ចាប់នៅតាមសន្លាក់។
ការហាត់ប្រាណជួយសន្លាក់ និងសាច់ដុំ
ការហាត់ប្រាណជួយឱ្យរាងកាយមានចលនា ធ្វើឱ្យសន្លាក់មានសុខភាពល្អនៅពេលដែលយើងបញ្ចេញកាយវិការទៅតាម លំហាត់ប្រាណ។ មួយវិញទៀតការហាត់ប្រាណជាទៀងទាត់អាចជួយឱ្យលោកអ្នកចៀសផុតពីការឈឺសន្លាក់ និងសាច់ដុំបាន។ ប្រសិន បើលោកអ្នកឈឺផ្នែកសន្លាក់ឆ្អឹងខ្នងផ្នែកខាងក្រោយ លោកអ្នកត្រូវហាត់ប្រាណឱ្យបានច្រើន ដើម្បីសម្រួលដល់ចលនាសន្លាក់ ធ្វើឱ្យ បាត់ការឈឺចាប់។ ពេលខ្លះទៀតគេតម្រូវឱ្យអ្នកហាត់ពង្រឹងក្បាលពោះ ដើម្បីឱ្យសាច់ដុំពោះជួយទប់ទល់ទៅនឹងសន្លាក់ឆ្អឹងខ្នង កុំឱ្យ ឈឺសន្លាក់ និងសាច់ដុំជាដើម។ ការហាត់ប្រាណមួយចំនួនទៀតក៏អាចធ្វើឱ្យអ្នកហាត់មានការឈឺចាប់ត្រង់កន្លែងសាច់ដុំ និងសន្លាក់ ផ្សេងៗដែរ ដោយសារតែសន្លាក់ និងសាច់ដុំមានបញ្ហាអ្វីមួយ។ ការឈឺចាប់នេះអាចកើតឡើងដោយមានកត្ដារួមផ្សំច្រើនយ៉ាង ពេលខ្លះឈឺដោយសារសន្លាក់ អ្នកហាត់នោះមិនមានទឹករំអិល ឬខ្លាញ់ ឬសារធាតុម្យ៉ាងដែលនៅបរិវេណសន្លាក់នោះ។
ការបែងចែកកម្មវិធីហាត់
លំហាត់ប្រាណទាំងអស់មិនមែនចេះតែធ្វើការហាត់នោះទេ គឺមានកម្រិតនៃការហាត់ត្រឹមត្រូវ។ ប្រសិនបើយើងគ្រាន់តែហាត់ដើម្បីសុខភាពធម្មតា គេហាត់មួយសប្ដាហ៍៣ទៅ៤ថ្ងៃ ចំណែកឯអ្នកដែលគេហាត់ធ្វើជាអាជីពវិញនោះ គេហាត់មួយសប្ដាហ៍៥ ទៅ៦ថ្ងៃ គេមិនហាត់ជារៀងរាល់ថ្ងៃពេកទេ។ ការហាត់ត្រូវសម្រាកដើម្បីឱ្យសាច់ដុំដែលមានចលនានោះបានសម្រាកដែរ និងធ្វើឱ្យសាច់ដុំ និងសន្លាក់កាន់តែរឹងមាំ និងមានសុខភាពល្អ។
ការហាត់ប្រាណ គឺអាស្រ័យទៅលើកម្មវិធីដែលដាក់មក បើអ្នកដែលគេធ្លាប់ហាត់ គេអាចហាត់ប្រភេទចលនាសាច់ដុំអ្វីមួយដែលគេចង់ហាត់តែមួយមុខគត់ មិនធ្វើការហាត់លាយឡំគ្នាច្រើនមុខក្នុងមួយថ្ងៃនោះទេ។ ការហាត់នេះមិនអាចនឹងកំណត់ពេលវេលាបានទេ។
ដំបូន្មានអ្នកប្រឹក្សា
ការហាត់ប្រាណអាចជួយយើងឱ្យចៀសផុតពីអ្វីៗច្រើនយ៉ាងដែលយើងនឹកស្មានមិនដល់។ វាអាចជួយយើងឱ្យមានរាងកាយ ស្អាត និងមានសុខភាពល្អ បើយើងធ្វើការហាត់ប្រាណបានត្រឹមត្រូវ។ លោកអ្នកជាមិត្ដអ្នកអានទាំងអស់គួរតែឆ្លៀតពេលវេលា ក្នុងការហាត់ប្រាណដើម្បីជីវិត និងសុខភាពរបស់លោកអ្នក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨
Leave a Reply