កញ្ញា ស៊ុយ សុគន្ធាវី តារាសម្ដែងស្រីតូចច្រឡឹងគួរឱ្យស្រឡាញ់ និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន ជាពិសេសគឺស្រទាប់យុវវ័យតែម្ដង។ កញ្ញា គន្ធាវី បានប្រឡូកចូលសិល្បៈតាំងពីឆ្នាំ២០០៦មកម្ល៉េះ ប៉ុន្ដែដោយមានការជាប់រវល់ នឹងការសិក្សាច្រើន ដូចនេះក៏ត្រូវទុកផ្នែកសិល្បៈដោយឡែកសិន។ ប៉ុន្ដែឥឡូវនេះកញ្ញា គន្ធាវី កំពុងតែយកចិត្ដទុកដាក់ និងមានការ មមាញឹកបំផុតខាងផ្នែកសិល្បៈ។ ទោះបីជាមានការមមាញឹកយ៉ាងណាក៏ដោយ ក៏គន្ធាវីមិនដែលភ្លេចឡើយនូវការថែរក្សាសម្រស់ និងសុខភាពរបស់ខ្លួន។
គន្ធាវីបានចូលខ្លួនមកបកស្រាយអំពីការថែរក្សាសម្រស់ជាមួយនឹងទស្សនាវដ្ដី សុខភាពយើង ដើម្បីប្រាប់ពីវិធីសាស្ដ្រ ថែរក្សាសម្រស់ និងការថែរក្សាសុខភាពរាងកាយរបស់ខ្លួនជូនប្រិយមិត្ដទាំងអស់ ពិសេសគឺមិត្ដនារីទាំងឡាយឱ្យបានជ្រាបផងដែរ។
ប្រវត្ដិសិល្បៈ
សុគន្ធាវីបានប្រឡូកចូលសិល្បៈតាំងពីឆ្នាំ២០០៦មកម្ល៉េះ ដោយគន្ធាវីបានថតជាស្ពតពាណិជ្ជកម្ម Mobitel។ នៅក្នុងឆ្នាំ ២០០៧គន្ធាវីមានការមមាញឹកនឹងការសិក្សាច្រើនពេក ដូចនេះក៏ត្រូវផ្អាកផ្នែកលិល្បៈមួយរយៈ។ នៅដើមឆ្នាំ២០០៨ កញ្ញា គន្ធាវី បាន ថតជាខ្សែភាពយន្ដឱ្យស្ថានីយទូរទស្សន៍ប៉ុស្ដិ៍បាយ័ន គឺរឿង កែចិត្ដស្អប់បង។ នៅដើមឆ្នាំ២០១០ កញ្ញា គន្ធាវី បានយកចិត្ដទុកដាក់ នៅក្នុងផ្នែកសិល្បៈយ៉ាងពេញទំហឹងតែម្ដង ដោយកញ្ញា គន្ធាវី បានថតជាខារ៉ាអូខេឱ្យផលិតកម្មជាច្រើន ដូចជាផលិតកម្មអ៊ឹម គឺបទ ចាំថ្ងៃលិច បន្ទាប់ទៀតថតឱ្យផលិតកម្មបីកមែន ផលិតកម្មថោន ផលិតកម្មមហាហង្សជាដើម។ លើសពីនេះកញ្ញា គន្ធាវី ក៏ថតឱ្យ ផលិតកម្មហ្សងមាសផងដែរ ហើយក៏ជាបទដែលពេញនិយមបំផុតសម្រាប់យុវវ័យ គឺបទ ស្រឡាញ់គឺហ៊ានលះបង់ និងបទ I am sorry ជាដើម។ សព្វថ្ងៃកញ្ញា គន្ធាវី ក៏ជានិស្សិតឆ្នាំទី៣ដែលសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រងផ្នែកគ្រប់គ្រងផងដែរ។
វិធីថែរក្សាសម្រស់
សព្វថ្ងៃនេះ កញ្ញា ស៊ុយ សុគន្ធាវី មានការមមាញឹកច្រើននឹងការងារ តែទោះបីជាមានការមមាញឹកច្រើនយ៉ាងណាក៏ដោយ ក៏គន្ធាវីមិនដែលភ្លេចឡើយនូវការថែរក្សាសម្រស់ក៏ដូចជាការថែរក្សាសុខភាពរបស់ខ្លួនផងដែរ។ ខាងក្រោមនេះគឺជាវិធីក្នុងការ ថែរក្សាសម្រស់ និងសុខភាពរបស់កញ្ញា ស៊ុយ សុគន្ធាវី ដែលបានអនុវត្ដជាប្រចាំ។
– ការថែរក្សាសក់ ៖ ក្នុងនាមជាអ្នកសិល្បៈមួយរូប គន្ធាវីតែងតែធ្វើម៉ូតសក់ជាប្រចាំ ជាពិសេសក្នុងពេលសម្ដែង។ ដូច្នេះ ជារៀងរាល់មួយសប្ដាហ៍ម្ដងគន្ធាវីបានទៅស្ប៉ាសក់ជាប្រចាំដើម្បីការពារកុំឱ្យសក់បែកចុង។ គន្ធាវីបានជ្រើសរើសប្រភេទសាប៊ូកក់សក់ ដែលត្រូវជាមួយនឹងសរសៃសក់និងស្បែកក្បាលរបស់គន្ធាវី។ គន្ធាវីតែងតែប្រើក្រែមបន្ទន់សក់ជាប្រចាំ នៅពេលដែលកក់សក់។
– ការថែរក្សាស្បែកមុខ ៖ ចំពោះស្បែកមុខ គន្ធាវីតែងតែប្រឈមមុខនឹងការផាត់មុខច្រើនដង។ ដូច្នេះក្រោយពីការសម្រាកពីការងារ គន្ធាវីបានធ្វើការលាងសម្អាតស្បែកមុខចេញជាមួយនឹងហ្វូមលាងមុខ និងមានឡូសិនសម្រាប់ជូតសម្អាតផ្ទៃមុខ។ នៅពេលចេញទៅក្រៅម្ដងៗ គន្ធាវីតែងតែប្រើឡេការពារកម្ដៅថ្ងៃជានិច្ច។
– ការថែរក្សាស្បែកដងខ្លួន ៖ គន្ធាវីតែងតែប្រើឡេដែលមានកម្រិតខ្ពស់ដើម្បីការពារពន្លឺព្រះអាទិត្យ។ ហើយពេលយប់ គន្ធាវីលាបឡេការពារ និងផ្ដល់សំណើមដល់ស្បែក។ គន្ធាវីតែងតែប្រើសាប៊ូដុសខ្លួនដែលមានក្លិនក្រអូប និងផ្ដល់សំណើមដល់ស្បែក ជាពិសេសសាប៊ូកម្ចាត់មេរោគ។ អ្វីដែលពិសេសជាងនេះ នៅក្នុង២សប្ដាហ៍គន្ធាវីតែងតែធ្វើការម៉ាស្សាម្ដង។
- ការថែរក្សាធ្មេញ ៖ ចំពោះសុខភាពមាត់ធ្មេញគន្ធាវីតែងតែយកចិត្ដទុកដាក់ខ្លាំងបំផុត។ ដូចនេះជារៀងរាល់៣ខែម្ដង គន្ធាវីតែងតែទៅមន្ទីរពេទ្យធ្មេញដើម្បីធ្វើការសម្អាតធ្មេញម្ដង។ គន្ធាវីតែងធ្វើការសម្អាតធ្មេញនៅក្នុងមួយថ្ងៃបីដង។
– ការថែរក្សាភ្នែក ៖ ចំពោះសុខភាពភ្នែក គន្ធាវីមិនសូវជាយកចិត្ដទុកដាក់ប៉ុន្មាននោះទេនៅក្នុងការថែរក្សា ព្រោះភ្នែករបស់គន្ធាវីមិនដែលមានបញ្ហានោះទេ។ ទោះបីជាមិនបានធ្វើការថែរក្សាឱ្យបានដិតដល់ ក៏គន្ធាវីមិនដែលធ្វេសប្រហែសដែរ គឺគន្ធាវី តែងតែប្រើវ៉ែនតាការពារកម្ដៅថ្ងៃ និងមានទឹកសម្រាប់ជូតសម្អាតភ្នែកជានិច្ចរាល់ពេលដែលមានអារម្មណ៍ថាភ្នែកមានបញ្ហា។
– ការថែរក្សារោមភ្នែក ចិញ្ចើម បបូរមាត់ ៖ ការថែរក្សារោមភ្នែកភាគច្រើនគន្ធាវីមិនបានថែរក្សាឱ្យបានដិតដល់នោះទេ ដោយគ្រាន់តែមានទឹកសម្រាប់ជូតសម្អាតរោមភ្នែកនៅក្រោយពេលតុបតែងមុខហើយតែប៉ុណ្ណោះ។ ចំពោះចិញ្ចើម គន្ធាវីមិនចូលចិត្ដ កោរនោះទេ។ ចំណែកឯបបូរមាត់វិញ គន្ធាវីចូលចិត្ដលាបក្រេមដែលមិនធ្វើឱ្យមានបញ្ហាចំពោះបបូរមាត់ ហើយជាក្រេមដែល អាចរក្សាបបូរមាត់កុំឱ្យប្រេះ។ ហើយពណ៌ក្រេមដែលចូលចិត្ដប្រើនោះក្រេមពណ៌ស្រាលៗ។
– ការថែរក្សាក្រចកដៃ ក្រចកជើង ៖ ជារៀងរាល់២សប្ដាហ៍ គន្ធាវីតែងតែទៅហាងដើម្បីលាងសម្អាតម្ដង និងលេងម៉ូត ក្រចកជាដើម។
ការថែរក្សាសុខភាពរាងកាយ
គន្ធាវីមិនដែលធ្វេសប្រហែសឡើយនៅក្នុងការថែរក្សាសុខភាពរាងកាយ ជាពិសេសគឺការធ្វើលំហាត់ប្រាណតែម្ដង។ ជា រៀងរាល់១សប្ដាហ៍ គន្ធាវីតែងតែធ្វើលំហាត់ប្រាណម្ដង។ ចំពោះអាហារ គន្ធាវីទទួលទានមិនសូវទៀងទាត់នោះទេ ហើយក៏មិនដែល តមចំពោះអាហារផ្អាប់នោះដែរ។ សម្រាប់ការទទួលទានដំណេកវិញ គន្ធាវីមិនដែលធ្វេសប្រហែសឡើយ។
គោលបំណងទៅថ្ងៃអនាគត
ក្រៅពីសិល្បៈគន្ធាវីក៏មានគោលបំណងទៅថ្ងៃអនាគតដែរ គឺចង់បើកហាងលក់សម្លៀកបំពាក់មួយកន្លែង តែបើសិនជា ទស្សនិកជននៅតែគាំទ្រគន្ធាវីនៅតែបន្ដអាជីពជាអ្នកសិល្បៈដដែល។
បណ្ដាំផ្ញើរបស់កញ្ញា ស៊ុយ សុគន្ធាវី
ចុងក្រោយគន្ធាវីសូមថ្លែងអំណរគុណដល់ប្រជាជនខ្មែរទាំងចាស់ក្មេង និងយុវវ័យគ្រប់ស្រទាប់វណ្ណៈ ដែលតែងតែចូលចិត្ដ នឹងគាំទ្រស្រឡាញ់រាប់អានគន្ធាវី។ លោកអ្នកនាងកញ្ញាគ្រប់រូបគួរតែឆ្លៀតពេលនៅក្នុងការថែរក្សាសុខភាព និងសម្រស់ឱ្យបានល្អ ហើយត្រូវតែធ្វើលំហាត់ប្រាណជានិច្ច យ៉ាងហោចណាស់គួរតែធ្វើលំហាត់ប្រាណ១សប្ដាហ៍១ដង ទើបជាការប្រសើរ។
ការរៀបរាប់ជូនខាងលើនេះ ជាការយល់ឃើញ និងការអនុវត្ដរបស់កញ្ញា ស៊ុយ សុគន្ធាវី តែប៉ុណ្ណោះ។ សូមលោកស្រីអ្នក នាងកញ្ញាជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវសម្រាប់អនុវត្ដបានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ ស៊ុយ សុគន្ធាវី
- អាយុ ៖ ២៥ឆ្នាំ
- ថ្ងៃខែឆ្នាំកំណើត ៖ ២៧ ១០ ១៩៨៧
- កម្ពស់ ៖ ១.៦០ម៉ែត្រ
- ទម្ងន់ ៖ ៤០គីឡូក្រាម
- ទំហំទាំងបី ៖ ៣៤ ២៦ ៣៥
- ទីកន្លែងកំណើត ៖ ភ្នំពេញ
- បងប្អូន ៖ ៥នាក់ ស្រី៣ប្រុស២(ជាកូនពៅ)
- អាជីពនាពេលបច្ចុប្បន្ន ៖ តារាសម្ដែង
- ស្ថានភាពគ្រួសារ ៖ នៅលីវ
Leave a Reply