អនាម័យ​សម្ភារៈ​កុមារ

ការលេង​កម្សាន្ដ គឺជា​ផ្នែកនៃ​សិទ្ធិ​សេរីភាព​មួយ​របស់​កុមារ ក្នុង​ចំណោម​សិទ្ធិ​ជាច្រើន​ដែល​ត្រូវបាន​ទទួល​ស្គាល់​ដោយ អនុសញ្ញា​អន្ដរជាតិ ស្ដី​អំពី​សិទ្ធិ​កុមារ​នៅក្នុង​មាត្រា៣១ ដែល​អនុម័ត​ដោយ​អង្គការ​សហ​ប្រជាជាតិ។ ទេពកោសល្យ បញ្ញា ស្មារតី និងភាព​វ័យឆ្លាត​របស់កុមារ អាច​ស្ដែងចេញ​តាមរយៈ​ចំណង់​ចំណូល​ចិត្ដលេង​របស់​កុមារ​ជាមួយ​ប្រភេទ​នៃសម្ភារ​ផ្សេងៗ។ លើសពី​នេះ សម្ភារ​លេង​មួយចំនួន​អាចជួយ​បង្កើន ពង្រឹង​ផ្នែក​បញ្ញា និង​ស្មារតី​របស់កុមារ​បានយ៉ាង​ល្អ​ប្រសើរ។ ដូច្នេះ​ហើយ ការ​តំហែទាំ និង​ថែរក្សា​សម្ភារ​កុមារ​ឱ្យបាន​ល្អ និង​ប្រកប​ទៅដោយ​អនាម័យ គឺជា​ប្រការ​មួយដែល​គួរតែ​យកចិត្ដ​ទុកដាក់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​យល់ដឹង​អំពី​សារៈ​សំខាន់​នៃការ​លេង​កម្សាន្ដ និង​របៀប​នៃការ​ថែរក្សា​សម្ភារៈលេង​របស់​កុមារ​ឱ្យកាន់​តែច្បាស់ លោក ថី ច័ន្ទោ អ្នក​សម្រប​សម្រួល​កម្មវិធី​ថែទាំ​សុខភាព​ផ្លូវចិត្ដ​កុមារ​ក្នុង​សហគមន៍ នៃ​សមាគម​ខេមបូឃីដ (Cambokids) បានផ្ដល់​ជា​យោបល់ និង​បទពិសោធន៍​ខ្លះ ដើម្បី​ជា​ចំណេះ​ដឹង និងជា​ជម្រើស​សម្រាប់​មាតាបិតា ជាពិសេស​អ្នក​ទទួល​បន្ទុក​ថែទាំ​កុមារ។

សារៈ​សំខាន់​នៃសម្ភារ​លេង​កម្សាន្ដ​របស់​កុមារ

ជារឿង​មួយ​ដែលគួរ​ឱ្យ​កោត​សរសើរ​ផងដែរ ចំពោះ​មាតាបិតា និង​អាណា​ព្យាបាល​មួយ​ចំនួន ដែលបាន​យកចិត្ដ​ទុកដាក់​ចំពោះ​ការលេង​កម្សាន្ដ​របស់​កុមារ ហើយ​ថែមទាំង​បានផ្ដល់​នូវ​សម្ភារ​មួយចំនួន​ដល់​បុត្រធីតា​ថែមទៀត។ ការលេង​កម្សាន្ដ​មិន​ត្រឹមតែ​អាចជួយ​ឱ្យ​កុមារ​មានការ​លូត លាស់​យ៉ាងល្អ​ប្រសើរ​ផ្នែក​រាងកាយ និង​ប្រាជ្ញា​ស្មារតី​តែ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ចូលរួម​ចំណែក​មួយយ៉ាង​សំខាន់​ក្នុងការ​ថែទាំ​ផ្លូវចិត្ដ​របស់​កុមារ​ទៀតផង។ មាតាបិតា​គួរ​យល់ដឹង​ឱ្យបាន​ច្បាស់ថា ការបង្ក​ឱកាស និង​ផ្ដល់នូវ​សម្ភារ សមស្រប​ចំពោះ​កុមារ មានន័យ​ថា​យើង​កំពុងតែ​រួម ចំណែក​យ៉ាង​សំខាន់​ក្នុងការ​ធ្វើឱ្យ​ស្ថានភាព​ផ្លូវចិត្ដ​របស់​កុមារ​ដែលជា​កូន​ចៅជាទី​ស្រឡាញ់​របស់ខ្លួន​មានភាព​ល្អ​ប្រសើរ។ ទន្ទឹម​នឹងនោះ ការ យល់​ដឹង​អំពី​ប្រភេទ​ល្បែង ការ​ផ្ដល់​សម្ភារ និងការ​ថែរក្សា​ឱ្យមាន​អនាម័យ​ចំពោះ​សម្ភារ​ទាំងនោះ ក៏ជា​កត្ដាមួយ​ដែលគួរ​តែយក​ចិត្ដទុក​ដាក់​ផងដែរ។

ការ​ជ្រើសរើស​ប្រភេទ​ល្បែង និង​សម្ភារ​លេង​ឱ្យស្រប​ចំពោះ​កុមារ

ការ​ជ្រើសរើស​នូវ​ប្រភេទ​ល្បែង និងការ​ផ្ដល់​សម្ភារ​ចំពោះ​កុមារ គឺជា​ប្រការ​មួយដែល​គួរតែ​យកចិត្ដ​ទុកដាក់។ ប៉ុន្ដែ​មុននឹង សម្រេច​ចិត្ដ​ជ្រើសរើស​ប្រភេទ​ល្បែង និងផ្ដល់​សម្ភារៈសម្រាប់​កុមារ គប្បី​ស្វែងយល់​ពីល្បែង និង​សកម្មភាព​របស់​កុមារ​ជាមុន​សិន។

ជាទូទៅ​ល្បែង និង​សកម្មភាព​របស់​កុមារ ត្រូវបាន​គេ​បែងចែក​ចេញជា​ពីរគឺ​ល្បែងស្រាវជ្រាវ និង​ល្បែង​ចាត់តាំង។

1 . ល្បែង​ស្រាវជ្រាវ ៖ ជា​ល្បែង ឬជា​សកម្មភាព​ដែលបង្ក​ឱ្យកុមារ​ចេះធ្វើ​ការគិត​ពិចារណា មាន​គំនិត​ច្នៃប្រឌិត និង​អាចធ្វើ​ឱ្យកុមារ​ពង្រីកនូវ​ចំណេះដឹង ប្រាជ្ញា និង​ស្មារតី​របស់ពួកគេ​បានយ៉ាង​ល្អ​ប្រសើរ។ ឧទាហរណ៍ ៖ ល្បែង​សាងសង់ គឺកុមារ​ប្រើ ដុំ​កំណាត់​ឈើ ឬ​វត្ថុផ្សេងៗ​ដើម្បី​សាងសង់​ជាសំណង់​តូចធំ​ទៅតាម​អារម្មណ៍ ទៅតាម​ការនឹក​គិត​របស់​ពួកគេ។

2 . ល្បែង​ចាត់តាំង ៖ ជាប្រភេទ​ល្បែង​ដែល​កុមារ​តែងតែ​រួមគ្នា​លេង​កម្សាន្ដ​ជាក្រុម​តូច ឬ​ក្រុមធំ​តាមតែ​ពួកគេ​អាចធ្វើ​ទៅបាន។ ជួនកាល​អាចមាន​មនុស្ស​ធំម្នាក់ ដើម្បី​ធ្វើជា​អ្នក​ណែនាំ​នៅក្នុង​ពេល​លេង។ ឧទាហរណ៍ ល្បែងចាប់​កូនខ្លែង ដែលជា​ប្រភេទ​ល្បែង​ប្រជាប្រិយ​ខ្មែរមួយ​ប្រភេទ​អាចធ្វើ​ឱ្យកុមារ​មាន​សកម្មភាព​រហ័ស​រហួន និងធ្វើ​ឱ្យ​រាងកាយ​របស់​កុមាររឹងមាំ​ល្អ។

ក្នុង​ករណី​ដែលយើង​ពុំសូវ​សម្បូរ​ថវិកា ការផ្ដល់​សម្ភារ​សម្រាប់​កុមារ​កម្សាន្ដ មិន​ចាំបាច់​ចំណាយ​ច្រើនក្នុង​ការទិញ​សម្ភារ ទំនើបៗ​នោះទេ។ លោកអ្នក​គួរដឹង​ថា សម្ភារ​ប្រភេទ​ណាក៏​ដោយក៏​អាចធ្វើ​ឱ្យកុមារ​មានភាព​រីកចម្រើន​បានដែរ។ សំខាន់​ត្រូវ​ចៀសវាង​នូវការ​ផ្ដល់​សម្ភារ​បែប​ប្រល័យ​មួយចំនួន​ដែលអាច​បណ្ដាល​ចិត្ដ​កុមារ​ឱ្យមាន​ចិត្ដ​កោងកាច ប្រើ​អំពើ​ហិង្សា ដូចជា​កាំភ្លើង រថក្រោះ រថយន្ដ​ចម្បាំង កាំបិត ដាវ លំពែង​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

របៀប​ថែរក្សា និង​តំហែទាំ​សម្ភារ​លេងរបស់​កុមារ

តំហែ​ទាំំ និងការ​ថែរក្សា​អនាម័យ​ទៅលើ​ឧបករណ៍ និង​សម្ភារ​លេង​កម្សាន្ដ​របស់​កុមារ គឺ​ជាចំណុច​មួយដ៏​ប្រសើរ បំផុត​បើអាច​ធ្វើទៅ​បាន។ ជា​ទូទៅ​កុមារ​ភាគច្រើន​ក្រោយពី​លេង ពុំសូវ​ចេះ​រៀបចំ​ទុកដាក់​សម្ភារ​ឱ្យបាន​ត្រឹមត្រូវ​នោះទេ។ ដូច្នេះ​ក្នុងនាម​យើងជា​អាណាព្យាបាល​គួរគប្បី​មានការ​ណែនាំ​កុមារ​ឱ្យចេះ​ទុកដាក់​ដោយ​ខ្លួនឯង​ទើបជា​ការប្រពៃ។ សម្ភារ​ដែល​ប្រឡាក់​ប្រឡូស​ខ្លាំង ត្រូវលាង​សម្អាត​ឱ្យបាន​ស្អាត​សម្រាប់​លេង​ថ្ងៃក្រោយ។ ម្យ៉ាងវិញ​ទៀត​ចំពោះសម្ភារ​ណា​ដែលបាន​បាក់បែក​មានជ្រុង​មុត អាចបង្ក​គ្រោះថ្នាក់​ដល់​កុមារ​បាន គួរ​បោះចោល។ ជាពិសេស​អ្វីដែល​សំខាន់​នោះ គួរ​ណែនាំ​កុមារ​ឱ្យចេះ​លាង​សម្អាត​ដៃជើង ខ្លួន​ប្រាណ​ឱ្យបាន​ស្អាត​ក្រោយពេល​លេង។

ការ​សង្កេត​មើល​សុវត្ថិភាព​កុមារ

ប្រការ​មួយ​ដែល​យើង​គួរតែ​យកចិត្ដ​ទុកដាក់​បន្ថែម​នោះគឺ​សុវត្ថិភាព​របស់​កុមារ​នៅពេល​កំពុង​លេង​កម្សាន្ដ​ជាមួយ​សម្ភារ ឬ ឧបករណ៍​ផ្សេងៗ។ ជា​ទូទៅ​គ្រប់​ឱកាស​ទាំងអស់ នៅពេល​ដែលកុមារ​កំពុង​លេងល្បែង​កម្សាន្ដ លទ្ធភាព​នៃ​គ្រោះថ្នាក់​ផ្សេងៗ​អាចកើត​មាន​ជាយថាហេតុ​គ្រប់ពេល​វេលា។ អាស្រ័យ​ហេតុនេះ អស់​លោក​ដែលជា​មាតាបិតា ឬ​អាណា​ព្យាបាល​ទាំងអស់​គួរគប្បី​យកចិត្ដ​ទុកដាក់ ព្រមាន ឬ​រម្លឹក​ជាប្រចាំ​ចំពោះ​កុមារនូវ​លទ្ធភាព​គ្រោះថ្នាក់​ទាំងអស់​នោះ។ ប្រការ​ចាំបាច់​បំផុត នៅពេល​ដែលយើង​ធ្វើការ សង្កេត​ទៅឃើញ​ថាល្បែង ឬ​សកម្មភាព ឬ​សម្ភារ​ដែលកុមារ​កំពុងលេង​អាចជា​ល្បែង​គ្រោះថ្នាក់ ចាំបាច់​យើងត្រូវ​បញ្ឈប់​កុមារ​ជាបន្ទាន់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​មិនអាច​នឹកស្មាន​ដឹង។

បណ្ដាំ​អ្នក​ជំនាញ

សូម​មាតាបិតា និង​អាណាព្យាបាល​លើក្មេង​គ្រប់រូប គួរ​ផ្លាស់ប្ដូរ​នូវ​ទស្សនៈ​អភិរក្ស​ដែល​គិតថា ការ​លេង​កម្សាន្ដ​របស់​កុមារ គឺជា​រឿងមួយ​ឥត​ប្រយោជន៍ ហើយ​ត្រូវ​ខិតខំ​ស្វែង​យល់ពី​សារៈ​សំខាន់​នៃការ​លេង​កម្សាន្ដ​នេះឱ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត។ ព្រោះ​ការលេង​កម្សាន្ដ គឺជា​ចំណែក​មួយ​យ៉ាង​សំខាន់​នៃការ​ថែទាំ​សុខភាព​ផ្លូវចិត្ដ​របស់​កុមារ។ ប្រសិន​បើ​មាតាបិតា​គ្រប់រូប​យល់ដឹង​ពីសារៈ​សំខាន់​នៃការ​លេង​កម្សាន្ដ ហើយ​ផ្ដល់​សម្ភារ​ឱ្យបាន​សមស្រប នោះមាន​ន័យថា​មាតាបិតា​បានរួម​ចំណែក​ក្នុងការ​ថែទាំ​សុខភាព បឋម​ផ្នែក​ផ្លូវចិត្ដ​របស់កូន​ដែល​ជាទី​ស្រឡាញ់​របស់​ខ្លួន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *