ស៊ឹម ថៃណា ត្រូវយកចិត្តទុកដាក់ទាំងពីរ

ក្នុងឆ្នាំ​២០០៩​នេះ តារា​ចម្រៀង​តូចច្រឡឹង ស៊ឹម ថៃណា កាន់តែ​មានភាព​កក្រើក​កេរិ៍្ដឈ្មោះ​នៅពេល​ដែលបាន​ផ្លាស់ខ្លួន ចូល​ផលិតកម្ម​អែម។ មកដល់​សព្វថ្ងៃ​នេះ​ថៃណា​ក៏បាន​ចេញបទ​ចម្រៀង​ច្រើនបទ​មកហើយ ដូចជា​បទ ក្បត់ពី​ពេលណា បងជា​មនុស្សដំបូង​អូនជា​មនុស្ស​ចុងក្រោយ បេះដូង​ឆ្កួត ក៏ដូចជា​បទនឹក​អ្នកចាស់​ផងដែរ។ ហើយ​ឥឡូវនេះ​កញ្ញាក៏​កំពុងតែ​ត្រៀម​ចេញនូវ​បទចម្រៀង​ថ្មីៗ​ទៀតផង​ដែរ ដែលធ្វើ​ឱ្យនាង​កាន់តែ​មានភាព​មមាញឹក​នឹង​ការងារ។ ទោះបី​ជារឿង​ការងារ​មានការ​រវល់​ម្ដេចក្ដី​ក៏ ថៃណា​ឆ្លៀតពេល​ដើម្បី​ថែរក្សា​សម្រស់ និងការ​ថែទាំ​សុខភាព​ផងដែរ ព្រោះ​នាងគិត​ថាបញ្ហា​ទាំងពីរ​នេះគឺ​ត្រូវតែ​យកចិត្ដ​ទុកដាក់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ថៃណា​បានចូល​ខ្លួន​មក​បកស្រាយ​ពីការ​ថែរក្សា​សម្រស់​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង ដើម្បី​ប្រាប់ពី​វិធី​សាស្ដ្រ​ថែរក្សា សម្រស់​មួយចំនួន និងការ​ថែទាំ​សុខភាព​រាងកាយ​របស់ខ្លួន​ជូន​ប្រិយមិត្ដ​ទាំងអស់ ពិសេស​មិត្ដនារី​ទាំងឡាយ​ឱ្យបាន​ជ្រាប​ផងដែរ។

ប្រវត្ដិ​មុនឈាន​ចូល​សិល្បៈ

ថៃណា​មានដើម​កំណើត​នៅភូមិ​រហាលសួង ឃុំព្រែក​នរិន្ទ ស្រុកទី​រួមខេត្ដ ខេត្ដ​បាត់ដំបង។ ថៃណា​បានបញ្ចប់​បាក់ឌុប​កាលពីឆ្នាំ​២០០៧នា​វិទ្យាល័យ​បឹងត្របែក។ នៅដើម​ឆ្នាំ២០០៤ ថៃណា​បាន​ចាប់ផ្ដើម​សាងកេរ្ដិ៍​ឈ្មោះ​ជាមួយ​ក្រុម​ហាយរ៉ក បន្ទាប់​មក ថៃណា​ក៏បានចូល​ច្រៀងឱ្យ​ផលិតកម្ម ប្លូដាយមិន ហើយ​បន្ទាប់មក​ទៀតក៏​បានផ្លាស់​ទ្រនំ​ចូលក្នុង​ផលិតកម្ម​អែម​តែម្ដង។ រយៈពេល ដែល​កញ្ញា​បានចូល​ច្រៀង​នៅក្នុង​ផលិតកម្ម​អែម​បានធ្វើ​ឱ្យកេរ្ដិ៍ឈ្មោះ​របស់នាង​ឡើងកូដ​ជាលំដាប់ ជាជាង​ពេលដែល​នាង​សាងកេរ្ដិ៍ ឈ្មោះ​ជាមួយ​ក្រុមហាយរ៉ក​ទៅទៀត។ បើរាប់​ចាប់ពី​ដើមឆ្នាំ​២០០៤មក ថៃណា​បានចូល​ប្រឡូក​ក្នុង​វិស័យសិល្បៈ​ជិត៦ឆ្នាំ​មកហើយ ហើយ​រូបនាង​ក៏ត្រូវ​បានមហាជន​មួយចំនួន​ចាប់អារម្មណ៍​ពី​សម្លេង ពិសេស​គឺរូប​សម្ផស្ស​របស់នាង​តាំងពី​ពេលដែល​នាង​ចាប់ផ្ដើមបង្ហាញ​មុខជូន​ទស្សនិកជន​បានស្គាល់​មក​ម្ល៉េះ។

អាថ៌កំបាំង​ក្នុងការ​ថែរក្សា​សម្រស់

មកដល់​សព្វថ្ងៃនេះ​ថៃណា​បានចូល​ច្រៀងឱ្យ​ផលិតកម្ម​អែមបាន​រយៈពេល​មួយឆ្នាំ​មកហើយ។ បទចម្រៀង​ដែល​កញ្ញា​បាន ការទទួល​ស្គាល់ពី​សំណាក់​មហាជន​ទូទៅ​ពិសេស​ពីសំំណាក់​មិត្ដយុវវ័យ​នោះ គឺបទ​បេះដូងឆ្កួត និងបទ​នឹកអ្នកចាស់​ជាដើម។ សព្វថ្ងៃ ថៃណា​មានការ​មមាញឹក​នឹង​ការងារ​ច្រើន តែទោះបី​ជាយ៉ាងណា​ក៏នាង​មិនភ្លេច​ការ​តុបតែង និងការ​ថែរក្សា​សម្រស់​របស់នាង​ដែរ។ ដូចដែល​បានជ្រាប​ហើយ​ថាថៃណា​ត្រូវបាន​មហាជន​ចាប់ចិត្ដ​ទៅលើ​ទេពកោសល្យ​ខាងសិល្បៈ​គួបផ្សំ​នឹងរូប​សម្រស់​ដ៏ស្រស់ស្អាត​របស់ នាង​ផងដែរ។ ថៃណា​ពិតជាមាន​អាថ៌កំបាំង​ក្នុងការ​ថែសម្រស់​របស់នាង ដែល​ឥឡូវនេះ​មើលទៅ​នាងមាន​ភាពស្រស់​ស្អាត​ជាងមុន ទៅទៀត។ ខាងក្រោម​នេះគឺ​ជាវិធី​សាស្ដ្រ​ក្នុងការ​ថែរក្សា​សម្រស់​របស់​កញ្ញា ស៊ឹម ថៃណា។

  • ការ​ថែរក្សាសក់ ៖ ជាអ្នក​សិល្បៈ ការធ្វើ​សក់​តែងតែ​មាន​ជាញឹកញាប់ ដូចនេះ​ថៃណា​តែងតែ​កក់សក់​ជា​ញឹកញាប់​ដែរ។ ទោះបីជា​មានការ​រវល់​យ៉ាងណា​ក៏ដោយ ថៃណា​ក៏តែង​ចំណាយ​ពេលក្នុង​ការ​ថែទាំ​សក់​ផងដែរ ទាំងការ​កក់សក់ និង​អប់សក់ ដើម្បី​ចៀសវាង​នូវបញ្ហា​ផ្សេងៗ​ដែលមាន​ចំពោះ​សក់​របស់​នាង ជាពិសេស​គឺបញ្ហា​ខូច​សរសៃ​សក់។
  • ការ​ថែរក្សា​ស្បែកមុខ ៖ ទោះបីជា​ហត់នឿយ​នឹង​ការងារ​យ៉ាងណា​ក៏ដោយ ថៃណា​ក៏ឆ្លៀតពេល​ថែរក្សា​ស្បែកមុខ​ជានិច្ច។ ជារៀង​រាល់ពេល​ទំនេរ នាង​តែងតែ​ទៅស្ទីម​មុខ ម៉ាស្សា​មុខ និង​ប្រើប្រាស់​ផលិតផល​ដែលមាន​គុណភាព​ល្អ។ ថៃណា​ក៏មាន​វិធី សាស្ដ្រ​បែប​ធម្មជាតិ​ក្នុងការ​ថែរក្សា​ផ្ទៃមុខ​ផងដែរ ដោយ​យកប៉ិ​គក់​ច្របាច់​យកទឹក ហើយ​យកសម្លី​ជ្រលក់​មកបិត​ពេញ​ផ្ទៃមុខ។ ការធ្វើ​បែបនេះ​គឺធ្វើ​ឱ្យផ្ទៃមុខ​កញ្ញា​មានភាព​សំណើម និងជួយ​បំបាត់​ស្នាម​ផងដែរ។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ ចំពោះ​ការ​ថែរក្សា​ស្បែក​ដងខ្លួន ថៃណា​មានការ​យកចិត្ដ​ទុកដាក់​ខ្លាំងជាង​ស្បែកមុខ​ទៅទៀត ព្រោះ​រាល់ពេល​សម្ដែង​ថតឈុត​ខារ៉ាអូខេ នាងតែង​ស្លៀកឈុត​ខ្លីឬ​អាវវាលៗ​ជាដើម ដូចនេះ​កញ្ញាតែង​ប្រើប្រាស់​ឡេ​ការពារ​កម្ដៅថ្ងៃ ជាប់​ជានិច្ច។ ការប្រើ​ប្រភេទ​ឡេនេះ​គឺថៃណា​មិន​ជ្រើសរើស​ប្រភេទ​ឡេណា​ដែលជួយ​ឱ្យស្បែក​សអ្វី​នោះទេ គឺ​គ្រាន់តែ​ប្រើប្រភេទ​ឡេ ការពារ​កម្ដៅថ្ងៃ​ជួយឱ្យ​ស្បែក​មាន​សំណើម​តែ​ប៉ុណ្ណោះ ដើម្បី​ការពារ​នឹង​បញ្ហា​ផ្សេងៗ ដូចជា​ស្បែកមាន​ប្រតិកម្ម​ជាដើម។
  • ការ​ថែរក្សា​ធ្មេញ ៖ ចំពោះ​សុខភាព​មាត់ធ្មេញ​វិញ ថៃណា​ដុស​សម្អាត​ធ្មេញ​ទៀងពេល​ណាស់ ដោយ​ក្នុងមួយ​ថ្ងៃដុស បីដង។ ហើយជា​រៀងរាល់​ពេលមួយ​ខែម្ដង នាង​តែងតែ​ទៅ​ពិនិត្យ និង​សម្អាត​ធ្មេញ​ជាមួយ​ទន្ដពេទ្យ​ផងដែរ។
  • ការ​ថែរក្សា​ភ្នែក ៖ រៀងរាល់​ពេលដែល​ថៃណា​ទៅណា​មកណា នាង​តែងយក​ចិត្ដទុក​ដាក់​ចំពោះ​បញ្ហា​ភ្នែក​បំផុត។ នាងតែង​ការពារ​ភ្នែក​របស់នាង​ពីកម្ដៅ​ថ្ងៃ ដោយ​ការពាក់​វ៉ែនតា​ជាប្រចាំ​រាល់ពេល​ទៅ​សមុទ្រ ឬពេល​ចេញទៅ​ថតម្ដងៗ។
  • ការ​ថែរក្សា​រោមភ្នែក ចិញ្ចើម បបូរមាត់ ៖ ថៃណា​ជ្រើសរើស​ផលិតផល​ដែលល្អ​ក្នុងការ​ប្រើប្រាស់​មកលើ​រោមភ្នែក ព្រោះនាង​គិតថា​ដើម្បី​ចៀសវាង​នូវ​បញ្ហាផ្សេងៗ​ដែល​បណ្ដាល​មកពី​គុណភាព​នៃ​ផលិតផល។ ប៉ុន្ដែ​ថៃណា​ក៏ចៀសវាង​ក្នុងការ​ប្រើប្រាស់ ផលិតផល​តុបតែង​រោមភ្នែក​ច្រើនពេក​ដែរ ព្រោះនាង​ចង់ឱ្យ​មាន​លក្ខណៈ​ស្អាតពី​ធម្មជាតិ។ ចំពោះ​បញ្ហា​ចិញ្ចើម ថៃណា​តែង​ឧស្សាហ៍ កោរ​តម្រឹម​ដើម្បី​ឱ្យរោម​ចិញ្ចើម​ឆាប់ដុះ​កាន់តែ​ក្រាស់។ ចំណែក​ឯការ​ថែរក្សា​បបូរ​មាត់វិញ​នោះគឺ​ថៃណា​ធ្វើយ៉ាង​ណាឱ្យ​បបូរមាត់​នៅតែ​មានភាព​ទាក់ទាញ​ជានិច្ច ហើយ​ថៃណា​តែង​ជ្រើសរើស​នូវ​ផលិតផល​ក្រែម​ដែល​ល្អៗ។ ព្រោះ​បើប្រើ​ខុសអាច​ធ្វើឱ្យ​បបូរមាត់​ជាំខ្មៅ មើលទៅ​មិនស្អាត​នោះទេ ដូចនេះ​នាងតែង​យកចិត្ដ​ទុកដាក់​បំផុត​ចំពោះ​ការ​តុបតែង​សម្អិត​សម្អាង​នៅលើ​ផ្ទៃមុខ។
  • ការ​ថែរក្សា​ក្រចក​ជើង ក្រចក​ដៃ ៖ ថៃណា​តែងកាត់​តម្រឹម​ក្រចក ហើយ​កាត់សាច់​ដុះក្រិនៗ​ចេញ គឺធ្វើ​យ៉ាងណា​ឱ្យ ក្រចក​ដៃជើង​មើលទៅ​ស្អាត និងមាន​អនាម័យ​តែ​ប៉ុណ្ណោះ។ មួយ​សប្ដាហ៍​ថៃណា​លាង​ក្រចក​នឹង​ក្រូចឆ្មារ​យ៉ាង​ហោចណាស់​បានបួនទៅ ប្រាំដង​ដែរ ដើម្បី​ឱ្យក្រចក​កាន់តែ​រឹងមាំ និង​គ្មាន​មេរោគ។

សុខភាព​រាងកាយ​ជារឿង​សំខាន់

ថៃណា​មិនសូវ​បាន​ទទួលទាន​ដំណេក​គ្រប់គ្រាន់​នោះទេ ដោយសារ​តែនាង​ត្រូវធ្វើ​ការដល់​យប់ជ្រៅ។ ប៉ុន្ដែ​នៅពេល​ដែល ថៃណា​គេងមិន​បាន​គ្រប់បែប​នេះ នាងក៏​យកចិត្ដ​ទុកដាក់​បំផុត​ក្នុងការ​ទទួលទាន​អាហារ​ឱ្យបាន​គ្រប់គ្រាន់​ផងដែរ ហើយ​ទទួល​ទាន អាហារ​ដែលមាន​វីតាមីន និង​ជីវជាតិ​បំប៉ន​ឱ្យបាន​ច្រើន និងធ្វើ​ការហាត់​ប្រាណ​ជាទៀង​ទាត់ពេល​វេលា។

បំណង​ទៅ​អនាគត

ក្រៅពី​អាជីព​ជាអ្នក​សិល្បៈ​ថៃណា​ក៏មាន​ក្ដីស្រមើ​ស្រមៃ​ទៅថ្ងៃមុខ​ផងដែរ តែនាង​មិនទាន់​ជាមាន​បំណង​ប្រាថ្នា​ដ៏វែង​ឆ្ងាយ ពេក​នោះទេ។ នាង​គ្រាន់តែ​គិតថា​ធ្វើយ៉ាងណា​ឱ្យតែ​ទទួលបាន​ភាព​ជោគជ័យ​សម្រាប់​ការងារ​នាពេល​បច្ចុប្បន្ន ដើម្បី​ឈានទៅ​រក អនាគត​តែ​ប៉ុណ្ណោះ។

បណ្ដាំ​ផ្ញើ​របស់ ស៊ឹម ថៃណា

សម្រាប់​សុភាព​នារី សម្រស់​ជាការ​ចាំបាច់​ណាស់ ទន្ទឹមនឹង​ចង់បាន​នូវ​សម្រស់​ដ៏ស្រស់​ផូរផង់​ហើយ​នោះ ក៏​គប្បី​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ​ផងដែរ។ មាន​សុខភាព​ល្អទើប​សម្រស់​មាន​គុណភាព​ទៅតាម​នោះដែរ សុភាព​នារី​ក៏ដូចជា​សុភាព​បុរស​ដែល ចង់​បាននូវ​សម្រស់​ស្អាត គឺ​ត្រូវគិត​គូរឱ្យ​បានល្អ​ទាំងពីរ ទាំងការ​ថែរក្សា​សម្រស់ និងការ​ថែទាំ​សុខភាព។ ត្រូវធ្វើ​យ៉ាងណា​ទទួល​ទាន​ដំណេក​ឱ្យបាន​គ្រប់គ្រាន់ ទទួល​ទានអាហារ​ឱ្យមាន​វីតាមីន​ផ្ដល់​ប្រយោជន៍​ចំពោះ​រាងកាយ និង​គប្បី​ធ្វើ​លំហាត់​ប្រាណ​ផងដែរ។

ការ​រៀបរាប់​ជូន​ខាងលើ​នេះគឺ​ជាការ​យល់ឃើញ​និងជា​ការ​អនុវត្ដន៍​ផ្ទាល់​របស់​កញ្ញា ស៊ឹម ថៃណា តែ​ប៉ុណ្ណោះ។ សូម​លោកស្រី​អ្នកនាង​កញ្ញា​ជ្រើសរើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ត្រឹមត្រូវ​សម្រាប់​អនុវត្ដន៍​បាន​ហើយ។

ប្រវត្ដិ​រូប​សង្ខេប

  • ឈ្មោះ ៖ ស៊ឹម ថៃណា
  • អាយុ ៖ ២៥ឆ្នាំ
  • ថ្ងៃខែ​ឆ្នាំ​កំណើត ៖ ១១ វិច្ឆិកា ១៩៨៥
  • កម្ពស់ ៖ ១,៦០​ម៉ែត្រ
  • ទំហំ​ទាំងបី ៖ ៣៦ ២៧ ៣៥
  • បងប្អូន ៖ ៨នាក់​(ស្រី៦ ប្រុស២ ជាកូនពៅ)
  • ទីកន្លែង​កំណើត ៖ ខេត្ដ​បាត់ដំបង
  • អាជីព​នាពេល​បច្ចុប្បន្ន ៖ តារា​ចម្រៀង
  • ស្ថានភាព​គ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *