សម្រាប់ស្ដ្រីគ្រប់រូប សុដន់គឺជាផ្នែកមួយយ៉ាងសំខាន់មានការពាក់ព័ន្ធច្រើនចំណុចក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដូចជាផ្នែក មួយនៃសម្រស់ទាក់ទាញ អាចជួយបង្កើនសេចក្ដីសុខជាមួយដៃគូរួមភេទ និងមុខងារផ្ដល់ទឹកដោះចិញ្ចឹមកូន។ ការរក្សាសម្រស់ដើម ទ្រូងគឺជាកង្វល់ដ៏ធំមួយរបស់ស្ដ្រីគ្រប់រូប។
លោកស្រី ហូវ ដាណេ នាយិកាមជ្ឈមណ្ឌលកែសម្ផស្សប្រ៊ីតធីសាឡន នឹងជម្រាបជូនមិត្ដនារីទាំងអស់ពីវិធីថែរក្សាស្បែក និងសម្រស់សុដន់ តាមរយៈទស្សនាវដ្ដី សុខភាពយើង។
លក្ខណៈទូទៅនៃសុដន់
សុដន់ម្ខាងមានក្រពេញផលិតទឹកដោះប្រមាណ១៥។ ក្រពេញទាំងនេះភ្ជាប់ខ្លួនទៅនឹងសាច់ដុំដើមទ្រូង តាមរយៈសរសៃពួរមួយចំនួនដែលប្រៀបបាននឹងការចងក្រៀកវាកុំឱ្យរបូតចេញពីដើមទ្រូង។ លើសពីនេះក្រពេញទាំងឡាយត្រូវរុំស្រោបពីក្រៅដោយជាលិកាខ្លាញ់ និងជាលិកាទន់។ គឺបរិមាណច្រើន ឬតិចរបស់ជាលិកាទាំង២នេះហើយដែលបង្កើតឱ្យមានភាពខុសគ្នាពីកំណើតនូវទំហំដើមទ្រូង។ ទម្ងន់នៃគ្រប់ផ្នែករបស់សុដន់ត្រូវធ្លាក់ស្ទើរទាំងស្រុងទៅលើស្បែកដែលពាក់ព័ន្ធពីក្រៅ។ ស្បែករបស់សុដន់មិនគ្រាន់តែផ្ដល់ទិដ្ឋភាពស្រស់ខ្ចីដល់សុដន់ប៉ុណ្ណោះទេ តែវានៅមាននាទីជាអ្នកទ្រទម្ងន់មួយផ្នែកធំរបស់សុដន់ទៀតផង ពោលវាមាននាទីប្រៀបបាននឹងអាវទ្រនាប់ធម្មជាតិ។ សរុបសេចក្ដីមកសម្រស់របស់សុដន់គឺទាក់ទងនឹងគុណភាពរបស់ស្បែកដែលរុំស្រោបតួសុដន់ គឺមានន័យថា ត្រូវថែរក្សាស្បែករបស់វាឱ្យនៅស្រស់ក្មេងជារៀងរហូត ទន្ទឹមនឹងការហាត់ប្រាណពង្រឹងកម្លាំងសាច់ដុំដើមទ្រូង។
សុដន់ដ៏ព្រហើនបានមកពីការយកចិត្ដទុកដាក់
ដើម្បីឱ្យបានដើមទ្រូងដ៏ស្រស់ស្អាតដែលមិនមានពីកំណើត ឬមានស្រាប់នោះ សុភាពនារីទាំងអស់ត្រូវតែយកចិត្ដទុកដាក់ទៅលើប្រការមួយចំនួនដូចជា ៖
1. ការថែរក្សាសុខភាពទូទៅ ៖ ការថែរក្សាស្បែករបស់សុដន់មិនអាចដាច់ចេញពីការថែទាំសុខភាពរាងកាយទូទៅឡើយ។ ទាក់ទងករណីនេះគឺចាំបាច់ត្រូវទទួលទានអាហារឱ្យមានតុល្យភាពជាមួយសេចក្ដីត្រូវការរបស់រាងកាយ ព្រមទាំងទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ និងមិនត្រូវភ្លេចរៀបចំការលំហែខួរក្បាលតាមវិធីផ្សេងៗឡើយ។
2. ការធ្វើអនាម័យ ៖ ត្រូវមានពេលគ្រប់គ្រាន់សម្រាប់ធ្វើអនាម័យតំបន់ដើមទ្រូងជាមួយសាប៊ូដែលមិនធ្វើឱ្យស្ងួតស្បែក ។ រាល់ពេលងូតទឹកនៅពេលព្រឹកគួរប្រើផ្កាឈូកបាញ់ទឹកត្រជាក់ជុំវិញតួសុដន់ឱ្យបានយូរដើម្បីភ្ញោចសាច់ដុំនិងស្បែកមុននឹងបញ្ចប់នៃការងូតទឹក។
3. ការថែទាំសុដន់ ៖ ត្រូវម៉ាស្សាជាប្រចាំលើសុដន់ទាំងទ្វេជាមួយនឹងក្រែមផ្ដល់សំណើមស្បែក ដើម្បីការពារស្បែកស្ងួត និងរក្សាភាពរស់របស់ស្បែក ព្រមទាំងជួយសម្រួលចលនាឈាមរត់និងចលនាទឹករងៃក្នុងសុដន់។ ក្នុងករណីនេះប្រសិនមានលទ្ធភាពគួរ ប្រើបន្ថែមក្រែមដែលមានអំពើរឹតបន្ដឹងស្បែកឱ្យបានទៀងទាត់ អមដោយការប្រើហ្សែល១អាទិត្យម្ដង។ ក្នុងពេលមានផ្ទៃពោះ បងប្អូនស្ដ្រីគួរប្រយ័ត្នចំពោះការចេញសង្វារដោយត្រូវប្រើក្រែមការពារសង្វារជាជំនួយថែមទៀត។ ត្រូវឧស្សាហ៍ច្របាច់ពិនិត្យដោយ ខ្លួនឯងរៀងរាល់ថ្ងៃ ប្រសិនមានប៉ះអ្វីប្លែក ត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យភ្លាម។ (សូមបន្ដអាននៅលេខក្រោយ)
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩
Leave a Reply