ស្ដ្រីគ្រប់រូបតែងតែមានបំណងប្រាថ្នាយ៉ាងណាចង់ឱ្យកូនរបស់ខ្លួនកើតមកមានប្រាជ្ញាឈ្លាសវៃ ឆ្លាត ចេះដឹង ដើម្បីក្លាយខ្លួនជាមនុស្សម្នាក់ដែលមានតម្លៃក្នុងសង្គមក្នុងការរស់នៅ។ ជាពិសេសចង់ឱ្យកូនរបស់ខ្លួនទទួលបានការកោតសរសើរ និងលើកតម្កើងពីអ្នកដទៃ។ ប៉ុន្ដែស្ដ្រីជាម្ដាយហាក់បីដូចជាមិនដឹងពីការថែទាំកូនរបស់ខ្លួនឱ្យមានភាពឆ្លាតវៃនោះទេ។
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយនឹងលោកស្រីវេជ្ជបណ្ឌិត វង្ស វណ្ណៈ អនុប្រធានគាំពារមាតា និងទារក នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានធ្វើការបកស្រាយអំពីវិធីថែទាំកុមារឱ្យឆ្លាត។
របៀបថែទាំកុមារឱ្យឆ្លាត
ដើម្បីឱ្យកូនរបស់លោកអ្នកមកមានប្រាជ្ញាឈ្លាសវៃ និងទទួលបាននូវរាងកាយមាំមួន កើតមកមានអវយវៈគ្រប់លក្ខណៈ ស្ដ្រីគ្រប់រូបគួរប្រតិបត្ដិដូចតទៅ ៖
1 . កំឡុងពេលមានផ្ទៃពោះ ៖ ត្រូវទៅកាន់មណ្ឌលសុខភាពទទួលការប្រឹក្សាពីគ្រូពេទ្យជំនាញដើម្បីទទួលយកថ្នាំជាតិ ដែក និងថ្នាំអាស៊ីដហ្វូអ៊ីត មកទទួលទានជារៀងរាល់ថ្ងៃ។ ថ្នាំជាតិដែកជួយបង្កើតគ្រាប់ឈាមក្រហម ការពារភាពស្លេកស្លាំងរបស់ម្ដាយ។ ចំណែកអាស៊ីដហ្វូអ៊ីតជួយដល់ការលូតលាស់នៃប្រព័ន្ធសរសៃប្រសាទរបស់ទារក។ ស្ដ្រីត្រូវទៅពិនិត្យផ្ទៃពោះយ៉ាងហោចណាស់ឱ្យបាន៤ដងក្នុងកំឡុងពពោះ។ ស្ដ្រីមានផ្ទៃពោះត្រូវការអាហារូបត្ថម្ភ៣យ៉ាង ដូចជាអាហារសាងសង់ អាហារថាមពល និងអាហារការពារ។ ជាពិសេសអាហារដែលមានសារជាតិអា វីតាមីនសេ ជាតិដែក ជាតិអ៊ីយ៉ូត ជាតិកាល់ស្យូម ជាតិប្រូតេអ៊ីន និងឧស្សាហ៍ទទួលទានទឹកឱ្យបានច្រើន។ ពេលមានផ្ទៃពោះ ម្ដាយត្រូវមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ដ ព្រោះបញ្ហានេះក៏ជាការ សំខាន់សម្រាប់សុខភាពទារកក្នុងផ្ទៃផងដែរ។
2 . ក្រោយពេលសម្រាល ៖ ត្រូវបំបៅកូនភ្លាមព្រោះទឹកដោះដំបូងអាចជួយការពារទប់ទល់ប្រឆាំងជម្ងឺផ្សេងៗ ហើយក៏ត្រូវផ្ដល់ថ្នាំដល់ទារកផងដែរ ដើម្បីបង្ការជម្ងឺ។ មិនតែប៉ុណ្ណោះត្រូវបំបៅកូនដោយទឹកដោះម្ដាយតែមួយគត់ ចាប់ពីកើតរហូតដល់ អាយុ៦ខែ ព្រោះទឹកដោះម្ដាយមានសារជាតិគ្រប់បែបយ៉ាងដែលងាយស្រួលក្នុងការរំលាយ ហើយផ្ទុកទៅដោយជាតិប្រូតេអ៊ីន និង ខ្លាញ់ជាច្រើនសម្រាប់ទារក ក្នុងចំនួនដែលសមស្រប និងត្រឹមត្រូវ។ ចាប់ពីអាយុ៦ខែឡើងទៅ ត្រូវផ្ដល់អាហារបន្ថែមឱ្យបានចម្រុះមុខ ដល់កុមារ ដូចជាសាច់ត្រី ស៊ុត បន្លែ និងផ្លែឈើជាដើម។ ក្រោយពេលកុមារមានអាយុ១ឆ្នាំឡើងទៅ ម្ដាយត្រូវតែផ្ដល់អាហារូបត្ថម្ភ បន្ថែមទៀត ដែលមានសារជាតិវីតាមីនផ្សេងៗឱ្យបានត្រឹមត្រូវ។
3 . កុមារចាប់ផ្ដើមចូលសាលារៀន ៖ កុមារចូលសាលានៅពេលអាយុ៦ឆ្នាំ។ តួនាទីជាម្ដាយឪពុកត្រូវតែរកគ្រូល្អៗ មកបង្រៀនកូន រកសាលាល្អៗ តាមដានការសិក្សារបស់កូនជារៀងរាល់ខែ។ សូមយកចិត្ដទុកដាក់ថែរក្សាកូនទាំងនៅក្នុងផ្ទះ ទាំងខាងក្រៅផ្ទះ ផ្ដល់ដំបូន្មានល្អសម្រាប់កូន និងណែនាំកូនឱ្យកាន់ចរិតស្មោះត្រង់ ចេះគោរពមនុស្សដែលនៅជុំវិញខ្លួន។ លុះពេលកូនធំឡើង ប្រាកដជាឆ្លាតវៃក្នុងផ្លូវល្អដែលសង្គមទទួលស្គាល់ជាមិនខានឡើយ។
ដំបូន្មានអ្នកជំនាញ
ស្ដ្រីគ្រប់រូបដែលមានបំណងចង់ឱ្យកូនមានចំណេះដឹងឈ្លាសវៃ ត្រូវធ្វើការយកចិត្ដទុកបង្ហាត់បង្រៀនកូនឱ្យចេះយល់ខុស ត្រូវ មានសុជីវធម៌ និងជ្រើសរើសវិធីល្អៗដើម្បីណែនាំឱ្យកូនយកគំរូតាម ជ្រើសរើសសាលារៀនល្អៗ និងគ្រូបង្រៀនដែលមានបទពិសោធន៍ខ្ពស់ និងត្រូវរៀបចំយុទ្ធសាស្ដ្របង្ហាត់បង្រៀនចំណេះដឹងផ្សេងៗនៅផ្ទះផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply