តើមនុស្សជំពូកណាខ្លះដែលរងកង្វះជាតិវីតាមីន? មនុស្សគ្រប់រូបត្រូវការវីតាមីន ទៅតាមវ័យ ភេទ និងស្ថានភាពសុខភាពនានា។ ខាងក្រោមនេះជាការរៀបរាប់អំពីជំពូក មនុស្សដែលមានតម្រូវការវីតាមីន។
1. ទារកទើបនឹងកើត និងកូនកើតមិនគ្រប់ខែ ៖ ពួកគាត់រងនូវការខ្វះជាតិវីតាមីនយ៉ាងខ្លាំងក្លា ជាពិសេសវីតាមីនអា(A) វីតាមីនដេ(D) វីតាមីនអឺ(E) និងវីតាមីនកា(K)។ ទាំងនេះជាជំពូកវីតាមីនរលាយក្នុងខ្លាញ់ ដែលមិនបានឆ្លងកាត់បានល្អទៅទារក តាមរយៈសុក និងទងសុក។
2. អ្នកលេងកីឡា និងកីឡាករ ៖ ព្រោះថាការធ្វើឬតម្លើងសកម្មភាពផ្លូវកាយ នាំឱ្យស៊ីត្របាក់លេបជាតិវីតាមីន។
3. ស្ដ្រីមានផ្ទៃពោះ ៖ ជាពិសេសចំពោះស្ដ្រីដែលចាញ់កូន និងមានអាការក្អួតចង្អោរញឹកញាប់ពេក។
4. អ្នកដែលមានជម្ងឺរ៉ាំរ៉ៃ ៖ ឃើញមានកង្វះវីតាមីនច្រើនតែកើតលើអ្នកដែលមានជម្ងឺរ៉ាំរ៉ៃ ដូចជាអ្នកជម្ងឺទឹកនោមផ្អែម អ្នករស់នៅជាមួយមេរោគអេដស៍ អ្នកមានជម្ងឺខ្សោយតម្រងនោមជាដើម។
5. អ្នកមានជម្ងឺផ្លូវរំលាយអាហារ ៖ ជាពិសេសអ្នកដែលមានជម្ងឺពោះវៀនធំ ពោះវៀនតូច ជម្ងឺពោះវៀនក្រោនជាដើម។
6. អ្នកដែលសម្រកទម្ងន់ ឬអ្នកដែលមានរបបអាហារសម្រកទម្ងន់ ៖ ជាពិសេសអ្នកដែលប្រើប្រាស់របបអាហារសម្រក ទម្ងន់ ដែលធ្វើឱ្យរាកខ្លាំង ស្រកទម្ងន់លឿនពេក ឬរបបអាហារចម្លែកៗពេក។ ផ្ទុញទៅវិញ របបអាហារ បន្លែ ឬរបបអាហារបួស ដែលអនុវត្ដបានត្រឹមត្រូវ មិនបង្កជាការប៉ះពាល់ធ្វើឱ្យមានកង្វះជាតិវីតាមីននោះទេ។
7. អ្នកជក់បារី និងអ្នកញៀនសុរា ៖ ពួកគាត់ក៏ទទួលរងនូវកង្វះជាតិវីតាមីនដែរ។
8. អ្នកដែលរងប្រតិកម្មជាមួយការបំពុលបរិយាកាស ឬអ្នកដែលទទួលរងនូវអាការស្ដ្រេស្សជាប្រចាំ ៖ ពួកគាត់ប្រាកដជា ទទួលរងនូវកង្វះវីតាមីនមិនអាចចៀសផុតនោះទេ។
9. អ្នកទើបនឹងជាពីជម្ងឺតម្កាត់
10. អ្នកទទួលការព្យាបាលជម្ងឺ ៖ ពួកគាត់ទទួលរងនូវឥទ្ធិពលអាក្រក់របស់ឱសថព្យាបាលជម្ងឺទាំងនោះ រហូតឈានទៅ នាំឱ្យមានកង្វះជាតិវីតាមីនមួយចំនួន ជាពិសេសអ្នកដែលព្យាបាលដោយក័រទីកូអ៊ីដ ឱសថសម្រួលអារម្មណ៍ ថ្នាំប្រឆាំងនឹងជាតិអាស៊ីដ ក្រពះ ថ្នាំផ្លូវចិត្ដ ថ្នាំផ្សះ ឬថ្នាំអង់ទីប៊ីយ៉ូទិក ថ្នាំប្រឆាំងជម្ងឺមហារីក ថ្នាំប្រឆាំងការរលាក និងថ្នាំដទៃទៀតជាច្រើនជាដើម។
11. មនុស្សវ័យចាស់ជរា ៖ ពួកគាត់មិនត្រឹមតែទទួលទានបានតិចជាងកាលពីនៅក្មេងប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំង សមត្ថភាពក្នុងការស្រូបជាតិវីតាមីនរបស់ពួកគាត់មានកម្រិតស្រូបជាតិវីតាមីនថមថយទៀតផង។
មូលហេតុដែលស្ដ្រីមានផ្ទៃពោះរងកង្វះជាតិវីតាមីន
ស្ដ្រីមានផ្ទៃពោះ ឬស្ដ្រីពពោះ មិនប្រាកដថាជាអ្នកជម្ងឺនោះទេ ប៉ុន្ដែពួកគាត់មានតម្រូវការជាតិវីតាមីនកើនឡើង។ ពីព្រោះ ថា ទារកដែលនៅក្នុងផ្ទៃកំពុងលូតលាស់ស្រូបយកសារធាតុចិញ្ចឹម និងវីតាមីនមួយភាគនៃតម្រូវការរបស់ស្ដ្រីពពោះដែលជាម្ដាយ។ ហេតុនេះ អាហារូបត្ថម្ភរបស់ទារកក្នុងផ្ទៃ អាចជាប្រធានបទមួយក្នុងចំណោមប្រធានបទធំៗជាច្រើនរបស់វេជ្ជសាស្ដ្រ នាពេល អនាគត។
សុខភាពរបស់ទារកអាស្រ័យទាក់ទងយ៉ាងខ្លាំងទៅនឹងអ្វីដែលជាការទទួលរបស់ម្ដាយ មិនត្រឹមតែពេលគាត់ពពោះប៉ុណ្ណោះ ទេ ប៉ុន្ដែថែមទាំងមុនពេលគាត់ពពោះទៀតផង។ ហើយអ្វីដែលសំខាន់បំផុតនោះ គឺការថែទាំសុខភាពរបស់ស្ដ្រីជាម្ដាយពេលពពោះ សំខាន់ខ្លាំងណាស់ ពីព្រោះថា មិនអាចត្រូវសងទូទាត់នៅពេលក្រោយវិញនោះទេ។
នៅក្នុងសង្គមខ្មែរ មានជំនឿ និងទំនៀមទម្លាប់ជាច្រើនទាក់ទងនឹងស្ដ្រីមានផ្ទៃពោះ ជាពិសេសការទទួលទានសុរាពេលមាន ផ្ទៃពោះ និងក្រោយពេលសម្រាល ទោះបីជាមានការហាមឃាត់ពីក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិតយ៉ាងណាក្ដី។ សព្វថ្ងៃនេះ យើងស្ទើរតែ គ្រប់គ្នាដឹងហើយថា ស្ដ្រីជាអនាគតមាតាត្រូវហាមមិនឱ្យជក់បារី និងហាមទទួលទានសុរា ឬស្រា ព្រោះប្រយ័ត្នចំពោះការប៉ះពាល់ សុខភាពទារក។ នាពេលអនាគត បម្រាមទាំងនេះនឹងត្រូវបានបញ្ជាក់ច្បាស់ជាងនេះ និងតឹងរ៉ឹងជាងនេះ។
(សូមបន្ដអាននៅលេខក្រោយ)
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩
Leave a Reply