ផ្ដើមចេញពីការយកចិត្ដទុកដាក់ក្នុងការហ្វឹកហាត់ឧបករណ៍តូរ្យតន្ដ្រីគ្រប់ប្រភេទ ហើយបានក្លាយទៅជាតន្ដ្រីករដ៏ឆ្នើមម្នាក់ ជាមួយនឹងស្នាដៃនិពន្ធបទភ្លេង ទីបំផុតសាពូន មីដាដាបានក្លាយទៅតារាចម្រៀងល្បីល្បាញមួយរូបប្រចាំផលិតកម្មហង្សមាស។ បទ ដែលជាស្នាដៃដំបូងរបស់អ្នកចម្រៀងសម័យសាពូន មីដាដា គឺបទ ធ្វើគ្រប់យ៉ាងដើម្បីអូន និងបទដើម្បីអ្វីទៅអូន? ចម្រៀងពីរ បទនេះបានប្រសូតចេញពីបេះដូងខ្លួនឯងសុទ្ធសាធ ដោយមិនធ្វើការចម្លងពីបទបរទេស ឬអ្នកដទៃ ហើយក៏បានអង្រួនដល់បេះដូង យុវវ័យគ្រប់រូប។
ទោះបីជាមានភាពមមាញឹកចំពោះសិល្បៈយ៉ាងណាក៏ដោយ សាពូន មីដាដា និយាយថា សុខភាពគឺជាការចាំបាច់ ផងដែរសម្រាប់លោក ព្រោះមានសុខភាពល្អទើបការងាររលូនទៅមុខ។ ជាមួយគ្នានេះផងដែរ តារាចម្រៀងសាពូន មីដាដា ក៏បានចែករំលែកអំពីការថែទាំសុខភាពដល់អ្នកអានទៀតផង។
ប្រវត្ដិមុនចូលសិល្បៈ
ដោយសារតែមានចិត្ដស្រឡាញ់វិស័យសិល្បៈ សាពូន មីដាដា បានចូលហាត់រៀននៅសាលាបណ្ដុះបណ្ដាលឧបករណ៍ សិល្បៈរបស់លោកគ្រូ ងិន ស័ក្រវ៉ា នៅមុខវត្ដចិនដំដែក។ ក្រោយពេលហាត់រៀនដោយទទួលបានចំណេះដឹងគួរសម ដែលអាចចូលរួមលេងភ្លេងជាវង់ជាមួយក្រុមតន្ដ្រីករដទៃបានហើយ សាពូន មីដាដា បានឈានជើងចូលលេងតន្ដ្រីតាមភោជនីយដ្ឋាន បា ឬរង្គសាលផ្សេងៗ។ បន្ទាប់មកតារាចម្រៀងរូបនេះបានក្លាយជាអ្នកលេងហ្គីតាអមតារាចម្រៀងប្រចាំផលិតកម្មហង្សមាស។ រហូតដល់ឆ្នាំ២០០៤ សាពូន មីដាដា មានការរីកចម្រើនផ្នែកគំនិតនិពន្ធបទចម្រៀងខ្លួនឯង ទាំងនិពន្ធបទភ្លេង និងបទចម្រៀង ហើយត្រូវបានក្រុមហ៊ុនរស្មីហង្សមាសផ្ដល់ឱកាសឱ្យចូលច្រៀងសាកល្បង។ ក្រោយពីលទ្ធផលនៃការចេញនូវបទចម្រៀងរបស់ សាពូន មីដាដា ចំនួនពីរបទដំបូងទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ក្រុមហ៊ុនរស្មីហង្សមាសក៏បានជំរុញទឹកចិត្ដដល់តារាចម្រៀងរូបនេះ ថែមទៀត ធ្វើឱ្យមានការគាំទ្រជាហូរហែរហូតមកដល់សព្វថ្ងៃនេះ។
ការថែរក្សាសម្រស់
ចំពោះសាពូន មីដាដា សម្រស់មិនសូវសំខាន់ប៉ុន្មាននោះទេ ព្រោះលោកគិតថា សម្រស់របស់លោកប៉ុណ្ណឹងវាសក្ដិសម ទៅនឹងរូបរាងទៅហើយ ហើយការថែទាំនេះធ្វើឡើងតាមបែបធម្មជាតិតែប៉ុណ្ណោះ។
- ការថែរក្សាសក់ ៖ នៅក្នុងមួយថ្ងៃ សាពូន មីដាដា កក់សក់ចំនួន១ដង ប៉ុន្ដែលោកមិនបានយកចិត្ដទុកដាក់ឡើយ ចំពោះសាប៊ូដែលលោកប្រើប្រាស់សម្រាប់កក់សក់នោះឡើយ ភាគច្រើនម្ដាយរបស់លោកជាអ្នកទិញមកឱ្យប្រើ។
- ការថែរក្សាស្បែកមុខ ៖ ភាគច្រើនសាពូន មីដាដា មិនសូវជ្រើសរើសយកប្រភេទសាប៊ូណាមួយឱ្យពិតប្រាកដនោះទេឱ្យតែមានដុសទាំងអស់ ព្រោះលោកគិតថា សាប៊ូភាគច្រើនមានជាតិអាស៊ីតសម្អាតមុខបានដូចគ្នា។ ចំពោះការសម្ដែងម្ដងៗ លោក មិនបានចំណាយពេលដើម្បីតុបតែងមុខមាត់ដូចតារាចម្រៀងដទៃឡើយ។ ម្យ៉ាងទៀតលោកមិនដែលប្រើប្រាស់ឡេការពារកម្ដៅថ្ងៃ ឬការពារស្បែកផ្សេងៗនោះទេ។
- ការថែរក្សាស្បែកដងខ្លួន ៖ ខ្លួនមីដាដាមិនប្រើប្រាស់ឡេ ឬសាប៊ូសម្រកជាតិខ្លាញ់នៅលើរាងកាយឡើយ មិនថានៅផ្ទះ ឬពេលចេញទៅសម្ដែងនោះទេ។
- ការថែរក្សាសុខភាពមាត់ធ្មេញ ៖ ដោយឡែកសុខភាពមាត់ធ្មេញ ត្រូវតែថែរក្សាជាប្រចាំ ដោយមួយថ្ងៃសម្អាតពីរដង ក្រោយពេលគេង និងមុនចូលគេង។ ចំណែកឯការទៅពិនិត្យឬព្យាបាលធ្មេញនោះ សាពូន មីដាដា មិនដែលត្រួតពិនិត្យសោះតែម្ដង ព្រោះលោកមិនដែលឈឺថ្កាត់អ្វីឡើយ។
- ការថែរក្សាភ្នែក ៖ វិធីថែរក្សាភ្នែករបស់តារាចម្រៀងរូបនេះ គឺការថែទាំតាមរយៈការប្រើប្រាស់វ៉ែនតាពណ៌ខ្មៅ ទោះបីជិះម៉ូតូ ឬជិះរថយន្ដក៏ដោយ។ វ៉ែនតាប្រភេទនេះអាចការពារកុំឱ្យភ្នែកស្រវាំង ព្រោះពេលធ្វើការនៅស្ទូឌីយោម្លប់ពេកបណ្ដាល ឱ្យភ្នែកត្រជាក់ នៅពេលចេញមកក្រៅមិនអាចឱ្យភ្នែករបស់លោកទប់ទល់នឹងកម្ដៅថ្ងៃបាន។ តារាចម្រៀងរូបនេះមិនដែលទៅពិនិត្យ ឬព្យាបាលម្ដងណាឡើយ ទោះបីជាមានផលប៉ះពាល់ចំណាំងផ្លាតពីការថតសម្ដែងបទចម្រៀងយ៉ាងណាក្ដី។
ការថែរក្សាសុខភាពរាងកាយ
- ការហាត់ប្រាណ ៖ ដើម្បីឱ្យរាងកាយមានភាពមាំមួន មីដាដា តែងតែហាត់កីឡាទូទៅ ដូចជាលេងបាល់ទះ បាល់ទាត់ រត់កីឡាលើកអាល់ទែរ ឬហែលទឹក។ ព្រោះកីឡាទាំងនេះហើយអាចព្យាបាលជម្ងឺបាន១០០មុខ ហើយក៏មិនងាយចាស់មុនអាយុផងដែរ ។
- ការទទួលទានអាហារ ៖ ការទទួលទានអាហារ សាពូន មីដាដា មិនដែលតមឬរើសឡើយ អ្វីក៏អាចញ៉ាំបានដែរ ជាពិសេសរាងកាយរបស់មនុស្សម្នាក់ៗ នៅពេលខ្វះនូវសារជាតិអ្វីធ្វើឱ្យមនុស្សនោះឃ្លាន ដូច្នេះមិនបាច់តមនោះទេ បើឃ្លានអ្វី យើងទទួលទានហ្នឹងទៅ។ ទោះបីជាអ្នកចម្រៀងល្បីត្រូវការប្រើសម្លេងជាដើមទុនក៏ដោយ ក៏មីដាដាមិនបានជ្រើសរើសអាហារ ណាដែលធ្វើឱ្យសម្លេងរបស់ខ្លួនពីរោះ និយាយដោយខ្លីគឺមិនតម។ ប៉ុន្ដែចំពោះអ្នកចម្រៀង គួរតែចៀសវាងស្រា និងបារី បានរឹតតែប្រសើរ។
- ការទទួលទានដំណេក ៖ មីដាដាចាត់ទុកការទទួលទានដំណេកជាការសំខាន់ណាស់សម្រាប់សុខភាព ព្រោះបើទទួលទានដំណេកមិនបានគ្រប់គ្រាន់ទេនោះ ធ្វើឱ្យរាងកាយចុះខ្សោយ ស្លេកស្លាំង មិនអាចប្រកបរបរចិញ្ចឹមជីវិតបាននោះទេ មិនតែប៉ុណ្ណោះធ្វើឱ្យមានអារម្មណ៍តប់ប្រមល់ ធុញថប់ថែមទៀតផង។
បំណងទៅថ្ងៃអនាគត
ក្នុងផ្នត់គំនិតមីដាដា លោកស្រឡាញ់សិល្បៈ និងជាជនជាតិខ្មែរ ទោះបីជាលោកទៅថ្ងៃអនាគតច្រៀងមិនកើត ឬធ្វើអ្វីមិនកើតក្នុងវិស័យសិល្បៈ ក៏ទឹកចិត្ដរបស់លោកស្រឡាញ់តែសិល្បៈជានិច្ច កើតមកជាអ្នកសិល្បៈស្លាប់ទៅវិញក៏ក្នុងនាមសិល្បៈដែរ។ ថ្ងៃអនាគតប្រសិនបើទស្សនិកជនលែងត្រូវការលោកក្នុងនាមជាអ្នកចម្រៀងអាជីព លោកអាចក្លាយជាអ្នកនិពន្ធបទចម្រៀង និពន្ធ រឿង ឬក្លាយជាអ្នកដឹកនាំរឿង សម្រាប់ឱ្យកូនចៅជំនាន់ក្រោយ។
បណ្ដាំផ្ញើរបស់សាពូន មីដាដា
មនុស្សយើងគ្រប់រូបត្រូវតែយកចិត្ដទុកដាក់ហាត់កីឡាជាចាំបាច់ ព្រោះកីឡាធ្វើឱ្យសុខភាពមាំមួន កាត់បន្ថយបាននូវរាល់ជម្ងឺឈឺថ្កាត់ផ្សេងៗ និងកាត់បន្ថយភាពចាស់មុនអាយុ។ ជាពិសេសយុវវ័យទាំងអស់ត្រូវចៀសឱ្យផុតពីគ្រឿងញៀន មិនត្រូវធ្វើអ្វីដែលប្រាសចាកពីសង្គម ត្រូវយកពេលវេលាមករៀនសូត្រ ឬលេងកីឡា ព្រោះអាចបង្កើនការឈ្លាសវៃ និងខួរក្បាលរៀនសូត្រឆាប់ចាំ អាយុវែង សុខភាពល្អផងដែរ។
ទាំងនេះជាការយល់ឃើញដោយឡែករបស់លោក សាពូន មីដាដា សូមលោកអ្នកធ្វើតាមអ្វី ដែលលោកអ្នកយល់ថាត្រឹមត្រូវ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ សាពូន មីដាដា
- អាយុ ៣១ឆ្នាំ
- កម្ពស់ ១,៧៥ម៉ែត្រ
- ស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្ដកណ្ដាល
- មានបងប្អូន៣នាក់ ប្រុសទាំងបី
- អាជីពបច្ចុប្បន្ន ជាអ្នកចម្រៀងប្រចាំផលិតកម្មហង្សមាស
- កម្រិតវប្បធម៌ បញ្ចប់បរិញ្ញាបត្រសកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកភាសា
- ស្ថានភាពគ្រួសារ នៅលីវ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply