ជម្ងឺក្អក​ធ្លាក់​ឈាម

ក្អកធ្លាក់​ឈាម​ជារោគ​សញ្ញា​មួយ​ដែល​កើតមាន​ចំពោះ​លោកអ្នក​មួយចំនួន​ដែល​កំពុង​មានការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ សួត និង​ជម្ងឺ​ផ្សេងៗ។ ពេលខ្លះ​លោកអ្នក​មួយ​ចំនួន​គ្រាំក្នុង​ដោយសារ​តែធ្វើ​ការងារ​ធ្ងន់ៗ ឬ​មាន​បញ្ហា​គ្រោះថ្នាក់​អ្វីមួយ​ដែល​បង្កឱ្យមាន​កំណក​ឈាម​ក្នុង​ទ្រូង ហើយ​ឈាម​ត្រូវចេញ​តាម​បំពង់ក​មកក្រៅ​ពេលអ្នក​ជម្ងឺក្អក​ខ្លាំង ហើយ​ឈាម​ធ្លាក់ចុះ​មាន​ពណ៌ក្រហម​ឆ្អិន ឬ​អាចខ្មៅ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យ​ជ្រាប​កាន់តែ​ច្បាស់​អំពី​ជម្ងឺក្អក​ធ្លាក់​ឈាម​នេះ ទស្សនាវដ្ដី សុខភាព​យើង បាន​ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត វ៉ាន់ ម៉ិច ឯកទេស​ជម្ងឺ​សួត និង​ហឺត នៅ​មន្ទីរ​ពេទ្យ​មិត្ដភាព​ខ្មែរ-សូវៀត។

ក្អក​ធ្លាក់​ឈាម​គឺជា​អ្វី?

ក្អក​ធ្លាក់ឈាម​គឺជា​រោគ​សញ្ញា​មួយដែល​បណ្ដាល​មកពី​ការ​ប្រឈម​ទៅនឹង​ជម្ងឺ​សួត​ធ្ងន់ធ្ងរ ហើយ​វាស្ដែង​ចេញ​ឡើង​ដោយសារ​ឈាម​ហូរ​ចេញ​តាមមាត់​ឬ​អាចតាម​ច្រមុះ។ ឈាម​ដែលហូរ​ចេញមាន​ប្រភព​ដើម​នៅផ្លូវ​ដង្ហើម​ផ្នែក​ខាងក្រោម​មាន​មូលដ្ឋាន ចាប់ពី​ក្រោម​ក្រឡើត​រហូត​ដល់​សួត។ ជាទូទៅ​ការ​ធ្លាក់​ឈាម​កើតមាន​ចំពោះ​អ្នក​ជម្ងឺ​មួយចំនួន​ដែល​ក្អក​ញឹកញាប់។

មូលហេតុ​ក្អក​ធ្លាក់​ឈាម

អ្នក​ជម្ងឺ​ក្អកធ្លាក់​ឈាម គឺមាន​មូលហេតុ​ច្រើន​យ៉ាង​ពាក់ព័ន្ធ​ទៅនឹង​ជម្ងឺ​ផ្សេងៗ​ទៀត។ ប៉ុន្ដែ​មានការ​ពាក់ព័ន្ធ​សំខាន់​៣យ៉ាង​គឺ ៖

១ . ក្អកធ្លាក់​ឈាម​ដោយសារ​អ្នកជម្ងឺ​មាន​ជម្ងឺ​របេង

២ . ក្អក​ធ្លាក់​ឈាម​ដោយសារ​ជម្ងឺ​មហារីក​ទងសួត

៣ . ក្អក​ធ្លាក់ឈាម​ដោយសារ​ជម្ងឺ​រីក​ទងសួត​រ៉ាំរ៉ៃ។

មាន​មូលហេតុ​ទាក់ទង​បន្ទាប់​បន្សំ​ទៀត ចំពោះ​លោកអ្នក​មួយចំនួន​ដែលមាន​ជម្ងឺ​សរសៃ​ឈាម ដូចជា​សរសៃ​ឈាម​បេះដូង ខ្សោយ​បេះដូង​ឆ្វេង ជម្ងឺ​ស្ទះ​សរសៃ​ឈាម​ក្នុងសួត ជម្ងឺ​ដុំផ្សិត​ក្នុង​សួត ជម្ងឺ​រលាក​ទងសួត​ស្រួចស្រាវ ជម្ងឺ​ទាំងនេះ​គឺជា​កត្ដា​បន្ទាប់​បន្សំ ដែល​បណ្ដាល​ឱ្យក្អក​ធ្លាក់​ឈាម​ដែរ។

រោគ​សញ្ញា​ជម្ងឺ​ក្អក​ធ្លាក់ឈាម

រោគ​សញ្ញា​មុនដំបូង​បាន​បង្ហាញ​ឱ្យអ្នក​ជម្ងឺ​ដឹងថា មាន​អាការ​រមាស់ ក្ដៅ​ក្រហាយ​ចំណុច​បំពង់ក។ បើអ្នក​ជម្ងឺ​ក្អក នឹង ធ្លាក់​ឈាម​តែម្ដង។ ឈាម​នោះទៀត​សោត​មាន​ពណ៌​ក្រហម​ស្រស់​មាន​ពពុះៗ ដោយ​មិនមាន​លាយ​ជាមួយ​អាហារ​នោះទេ ពេល​នោះ អ្នក​ជម្ងឺ​ត្រូវ​ប្រញាប់មកកាន់​មន្ទីរ​ពេទ្យ​ដើម្បី​ជួប​គ្រូពេទ្យ​ជំនាញ ព្រោះ​រោគសញ្ញា​បែបនេះ​អាចធ្វើ​ឱ្យអ្នក​ជម្ងឺ​មាន​ជម្ងឺ​ធ្ងន់ធ្ងរ​បន្ដទៀត ដោយ​សារ​ការយក​ចិត្ដទុក​ដាក់​ព្យាបាល​ពីមុន​មក ជាពិសេស​ជម្ងឺ​ពាក់ព័ន្ធទៅ​នឹងជម្ងឺ​រីក​ទងសួត​រ៉ាំរ៉ៃ។ បន្ទាប់​ពីធ្វើ​ការ​ពិនិត្យ​ទៅលើ​រោគ​សញ្ញា​ហើយ គ្រូពេទ្យ​ចាប់ផ្ដើម​វិនិច្ឆ័យ​បន្ថែម​ទៀត និង​ស្រាវជ្រាវ​ចំពោះ​ប្រវត្ដិ​របស់​អ្នកជម្ងឺ ដោយ​មានពេល​ខ្លះការ​ក្អក​ធ្លាក់ឈាម​នេះអាច​បណ្ដាល​មកពី​អ្នកជម្ងឺ​ដាច់​សរសៃ​ឈាម​ត្រង់​ចំណុច​ណាមួយ ដោយសារ​ការធ្វើ​ការងារ​ធ្ងន់ធ្ងរ ឬ​បណ្ដាល​មកពី​គ្រោះថ្នាក់​ផ្សេងៗ ដូចជា​គ្រោះថ្នាក់​ចរាចរណ៍ ឬ​បណ្ដាល​មកពី​ការវាយ​តប់គ្នា បញ្ហា​ទាំងនេះ​ក៏អាច​បង្ហាញ​រោគសញ្ញា​ឱ្យអ្នក​ជម្ងឺ​ក្អក ធ្លាក់​ឈាម​បានដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​ជម្ងឺ​ក្អក​ធ្លាក់​ឈាម

ដើម្បី​ព្យាបាល​ជម្ងឺក្អក​ធ្លាក់​ឈាម មុន​ដំបូង​ត្រូវតែ​ស្វែងយល់​សិនថា តើក្អក​ធ្លាក់​ឈាម​បណ្ដាល​មកពី​ជម្ងឺ​អ្វីពិត​ប្រាកដ ព្រោះ​ការក្អក​ធ្លាក់ឈាម​នេះអាច​ជា​ដំណាក់​កាលនៃ​ជម្ងឺផ្សេងៗ​ដែល​ឈានដល់​ការក្អក​ធ្លាក់​ឈាម​ផងដែរ។ ដូច្នេះ​គ្រូពេទ្យ​ត្រូវធ្វើ​រោគ វិនិច្ឆ័យ​ឱ្យបាន​ច្បាស់​លាស់។ តើជម្ងឺ​ក្អក​ឈាម​កើតឡើង​មកពី​ប្រដាប់​រំលាយ​អាហារ​ដែរឬ​អត់? តើជម្ងឺ​ក្អក​ធ្លាក់ឈាម​នេះអាច​បណ្ដាល​មកពី​ឈាម​រលាក​ច្រមុះ​ឬរលាក​ធ្មេញ? បើសិន​មាន​លក្ខណៈ​បែបនេះគ្រូពេទ្យ​នឹងដឹង​ភ្លាម មិនអាច​យកមក​ធ្វើ​រោគ​វិនិច្ឆ័យ បាន​ទៀតទេ ព្រោះ​អាការ​នេះកើត​ឡើង​ដោយសារ​ការខ្វះ​អនាម័យ​របស់​អ្នក​ជម្ងឺ។ បន្ទាប់​មក​ទៀត​គ្រូពេទ្យ​បន្ដការ​ធ្វើ​កោសល្យ​វិច័យ ថា ជម្ងឺ​ក្អកធ្លាក់​ឈាម​នេះមក​ពី​មូលហេតុ​អ្វីឱ្យ​ពិតប្រាកដ ឬអ្នក​ជម្ងឺ​ត្រូវការ​សង្គ្រោះ​បន្ទាន់​ដែរ​ឬ​យ៉ាងណា ហើយ​ត្រូវ​ពិនិត្យ​ទៅលើ បរិមាណ​ឈាម​ដែល​ធ្លាក់ចុះ​ទៀតផង។ បើ​ពិនិត្យ​ឃើញ​ឈាមធ្លាក់​ចុះនោះ​តិចតួច មធ្យម ឬ​ធ្ងន់ធ្ងរ គ្រូពេទ្យ​នឹង​ព្យាបាល​តាម​វិធី​ផ្សេងៗ​គ្នា។ ប្រសិន​បើអ្នក​ជម្ងឺ​ក្អកធ្លាក់​ឈាម​ចាប់ផ្ដើម​ពី២០០​មីលីលីត្រ អ្នក​ជម្ងឺ​នេះចូល​ករណី​សង្គ្រោះ​បន្ទាន់ អ្នក​ជម្ងឺ​ត្រូវ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ងាយស្រួល​ក្នុងការ​តាមដាន​អ្នក​ជម្ងឺ ព្រោះ​អាចមាន​ការពាក់ព័ន្ធ​ធ្ងន់ធ្ងរ​ទៅនឹង​សួត។ អ្នក​ជម្ងឺ​ត្រូវ​ទទួល​ទាន​ដំណេក​តាមការ​ចង្អុល​បង្ហាញ​របស់​គ្រូពេទ្យ ដើមី្ប​កុំឱ្យ​ជម្ងឺនេះ​រីករាល​ដាល​ទៅលើ​សរីរាង្គ​ផ្សេងៗ​ដែល​មិនទាន់​មាន​ផល​ប៉ះពាល់ បើ​មិនដូច្នេះ​ទេអ្នក​ជម្ងឺ​អាចថប់​ដង្ហើម​ស្លាប់​មួយ​រំពេច។

វិធី​ការពារ​ជម្ងឺ​ក្អកធ្លាក់​ឈាម

លោកអ្នក​មួយ​ចំនួន​ដែលមាន​ជម្ងឺក្អក​ធ្លាក់ឈាម​នេះ ត្រូវតែ​អនុវត្ដ​ទៅតាម​វេជ្ជបញ្ជារបស់​វេជ្ជបណ្ឌិត ព្រោះ​អាច​កាត់បន្ថយ​ការក្អក​ធ្លាក់ឈាម​បានមួយ​កម្រិត។ ប៉ុន្ដែ​ប្រសិន​បើអ្នក​ជម្ងឺក្អក​ធ្លាក់ឈាម​បណ្ដាល​មកពី​រោគ​របេង​វិញ អ្នក​ជម្ងឺ​អាច​ព្យាបាល ជា​សះស្បើយ​បានយ៉ាង​ឆាប់​រហ័ស។ ដោយ​ឡែក​បើ​លោកអ្នក​មានជម្ងឺ​ក្អក​ធ្លាក់ឈាម​ក្រៅពី​ជម្ងឺ​របេង ដូចជា​បណ្ដាល​មកពី​ជម្ងឺ មហារីក​សួត ឬ​ជម្ងឺ​រីក​ទងសួត នោះ​មិនអាច​ព្យាបាល​ឱ្យជា​សះស្បើយ​នោះឡើយ ព្រោះ​ជម្ងឺ​ប្រភេទនេះ​ព្យាបាល​រួចអាច​រើឡើង​វិញ។ ប៉ុន្ដែ​វិធី​ព្យាបាល​ជម្ងឺនេះ​ត្រូវទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​យកថ្នាំ​មក​លេប តែបាន​ត្រឹម​កាត់បន្ថយ​ប៉ុណ្ណោះ។

ផល​ប៉ះពាល់​ចំពោះ​ជម្ងឺ​ក្អក​ធ្លាក់ឈាម

បើមិន​រួសរាន់​ទៅកាន់​មន្ទីរពេទ្យ​ទេនោះ អ្នកជម្ងឺ​អាច​ស្លាប់​ភ្លាម​ផងដែរ ដោយ​សារ​សភាព​នៃជម្ងឺ​ក្អក​ធ្លាក់ឈាម​ធ្ងន់ធ្ងរ ឬ​បរិមាណ​ឈាម​ច្រើន​ហួសហេតុ ហើយ​ឈាម​នោះអាច​ច្រាល​ចូលថង់​សួត​និងអាច​ធ្វើឱ្យ​អ្នកជម្ងឺ​នោះច្រាល​ឈាម​ស្លាប់​ទៀតផង។ ម្យ៉ាងទៀត​ប្រសិន​បើអ្នក​ជម្ងឺ​ក្អក​ធ្លាក់ឈាម​រ៉ាំរ៉ៃ​ក៏អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ឈាម បណ្ដាល​ឱ្យខ្វះ​គ្រាប់​ឈាម និង​នាំឱ្យ​អ្នកជម្ងឺ ខ្សោយ​ទៅៗ អាចមាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​បានដែរ។

ដំបូន្មាន​អ្នក​ជំនាញ

ប្រសិនបើ​លោកអ្នក​មួយចំនួន​មាន​អាការ​ក្អកធ្លាក់​ឈាម​ត្រូវ​ប្រញាប់​រួសរាន់​ទៅ​កាន់មន្ទីរពេទ្យ​ភ្លាម ដើម្បី​ទៅជួប​នឹង គ្រូពេទ្យ​ជំនាញ​ផ្ដល់​ប្រឹក្សា​រកវិធី​ព្យាបាល ព្រោះ​អាការ​បែបនេះ​ជារោគ​សញ្ញា​បញ្ជាក់​លោកអ្នក​ដែល​កំពុងតែ​ប្រឈម​មុខនឹង​ជម្ងឺ​ផ្សេងៗ ដូចជា​ជម្ងឺ​មហារីក​ទងសួត និង​ជម្ងឺផ្សេងៗ​ទៀត​ដែលអាច​ឆក់យក​ជីវិត​លោកអ្នក​បាន។ មិនតែ​ប៉ុណ្ណោះ​ជម្ងឺ​ក៏អាច​រីក​រាលដាល ទៅលើ​សរីរាង្គ​ផ្សេងៗ​បានយ៉ាង​ងាយ ប្រសិនបើ​មិនធ្វើ​ការ​ព្យាបាល​ទាន់ពេល​វេលានោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *