មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ទទួល​បាន​ជំនួយ​ជា​បន្ត​បន្ទាប់​

កាល​ពី​ពេល​កន្លង​មក មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​បាន​ប្រកាស​ឲ្យ​គ្រប់​បណ្តាញ​សារព័ត៌​មាន​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​មួយ​ចំនួន​ដឹង​អំពី​ភាព​ប្រឈម​ដោយ​ការ​បិទ​ទ្វារ​មន្ទី​រពេទ្យ ប្រសិន​បើ​មន្ទីរ​ពេទ្យ​មួយ​នេះ​ ខ្វះ​ខាត​ជំនួយ​ជា​ច្រើន​ពី​សប្បុ​រស​ជន​បន្ថែម​ទៀត​នោះ​។ ក្តី​កង្វល់​នេះ បាន​កំពុង​តែ​រសាត់​បន្តិច​ម្តងៗ​ បន្ទាប់​ពី​មាន​ការ​ជួយ​ជា​បន្ត​បន្ទាប់​ពី​សំណាក់​សប្បុ​រស​ជន​ទាំង​ក្នុង​ស្រុក និង​ក្រៅស្រុក​ អង្គ​ការ​ជាតិ-អន្តរ​ជាតិ​ ព្រម​ទាំង​ការ​រ៉ៃ​អង្គាស​ពី​សំណាក់​សិល្បៈ​ករ​ សិល្បៈ​ការនីខ្មែរ​មួយ​ចំនួន​ផង​ដែរ។​

មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ទទួល​បាន​ជំនួយ​ជា​បន្ត​បន្ទាប់​

នៅ​ថ្ងៃ​ចន្ទ ទី​១៦​ខែ​កក្កដា ឆ្នាំ​២០១២នេះ​ សមាគម​កាកបាទ​ក្រហម បាន​ប្រគល់​ថវិកា​មួយ​លាន​ដុល្លារ​អាមេរិក​ ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផាដែល​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​កុមារ ក្រោយ​ពី​មន្ទីរ​ពេទ្យ​នេះ​ ប្រកូក​ប្រកាស​ស្វែង​រក​មូល​និធិ​គាំ​ទ្រ​ដល់​ដំណើរ​ការ​របស់​ខ្លួន​នោះ។ ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​ថវិកា​រ​នាស្នាក់​ការ​កណ្តាល​រ​បស់​ខ្លួន​ លោក​ជំទាវ ប៊ុន​ រ៉ានី បាន​មាន​ប្រសាសន៍​ថា ថវិការ​ដែល​ផ្តល់​នៅ​គ្រា​នេះ គឺ​ជា​ការ​ចែក​រំលែក​ និង​បន្ធូរ​បន្ថយ​ស្ថាន​ភាព​លំបាក​ខាង​ហិរញ្ញវត្ថុ​របស់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា។​

ជាមួយ​គ្នា​នេះ លោក​វេជ្ជ​បណ្ឌិត Bea​t Richner ប្រធាន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ​ក៏​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ផង​ដែរ​ដល់​កាក​បាទ​ក្រហម​កម្ពុជា ដែល​បាន​ចែក​រំលែក​ថវិការរ​​បស់​​ខ្លួន​ដល់​មន្ទីរ​ពេទ្យ​របស់​លោក។​ លោក​បន្ត​ថា មន្ទីរ​ពេទ្យ​គន្ធ​បុបា្ផ​នេះ គឺ​ផ្តល់​សេវា​ពិនិត្យ​ សម្រាក​ និង​ព្យាបាល​កុមារ​ប្រកប​ដោយ​ប្រសិទិ្ធ​ភាពនិង​ដោយ​ឥត​គិត​ថ្លៃ។​ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហ​ទំព័រ​សារ​ព័ត៌​មាន​អូស្ត្រាលី។​

ចំណែ​កកាល​ពី​ថ្ងៃ​ទី១៤​ ខែ​កក្កដា ឆ្នាំ​២០១២​កន្លង​ទៅ​ថ្មីៗ​នេះ មូល​និធិ​បាយ័ន​ក៏​បាន​ផ្តល់​ការ​ឧបត្ថម្ភ​នូវ​ទឹក​ប្រាក់​ចំនួន​៣០​ម៉ឺន​ ដុល្លារ​អាមេរិក​ ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ដើម្បី​ចូ​​ល​រួម​ក្នុង​ការ​ជួយ​សង្រ្គោះ​កុមារ​ដែល​មក​សំរាក​ព្យាបាល​ជម្ងឺ។ ថវិកា​៣០​ម៉ឺន​ដុល្លារ នេះ​ ត្រូវ​បាន​លោក​ជំទាវ ហ៊ុន​ ម៉ាណា អគ្គ​នាយិកា​នៃ​អគ្គ​នាយក​ដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន និង​ជា​ប្រធាន​មូល​និធិ​បាយ័ន​ នាំ​យក​ទៅ​ផ្តល់​ជូន​ដល់​លោក​វេជ្ជ​បណ្ឌិត​ ដេ​នីស​ ឡូរ៉ង់ អនុ​ប្រធាន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា។ នេះ ​គឺ​ជា​ការ​ឧបត្ថម្ភ​បន្ទាន់​មួយ​ ប​ន្ទាប់​ពី​លោក​ជំទាវ បាន​ជ្រាប​ពី​តម្រូវ​ការ និង​បញ្ហា​ប្រឈម​នានា​របស់​មន្ទីរ​ពេទ្យ​ក្នុង​ការ​ចំណាយ​លើសេវា​ព្យាបាល​ជូន​កុមារ​កម្ពុជា​ ខណៈ​ដែល​បច្ចុប្បន្ន​មាន​កុមារ​ជា​ច្រើន​នាក់​កំពុង​ជួប​ប្រទះ​នូវ​ជម្ងឺ​ទូទៅ ជា​ពិសេស​ជម្ងឺ​គ្រុន​ឈាម​ ហើយ​បាន​មក​សំរាក​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរ​ពេទ្យ​នេះ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហ​ទំព័រ​កម្ពុជា​ថ្មី។​

លោក វេជ្ជ​បណ្ឌិត ដេនីស ឡូរ៉ង់ បាន​អោយ​ដឹង​ថា មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​មាន​សាខា​ចំនួន​៥ ក្នុង​នោះ នៅ​រាជធានី​ភ្នំពេញ​ មាន​៤​កន្លែង និង​១​កន្លែង​នៅ​ក្នុង​ខេត្ត​សៀម​រាប។ ដោយ​សារ​តែ​ការ​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា មាន​ប្រសិទ្ធ​ភាព​ ទើប​បាន​ជា​មន្ទីរ​ពេទ្យ ទទួល​អ្នក​ជម្ងឺ​កុមារ​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ពី​១ឆ្នាំ​ទៅ​១ឆ្នាំ​។ លោក​ វេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់​ បាន​បញ្ជាក់​អោយ​ដឹង​ថា ក្នុង​១​ឆ្នាំៗ​ មន្ទីរ​ពេទ្យ​ត្រូវ​ចំណាយ​ថវិការ​ហូត​ដល់​ប្រមាណ​៣៥​លាន​ដុល្លារ។​

នៅ​ក្នុង​ឱកាស​នោះ លោក ជំទាវ ហ៊ុន ម៉ាណា ក៏​បាន​កោត​សរសើរ​ពី​ទឹក​ចិត្ត​ដ៏​សប្បុរស និង​ការ​លះ​បង់​ខ្ពស់​របស់​លោក​ សាស្រ្តា​ចារ្យ ប៊ែរ​ រីជ​ន័រ នាយក​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​នេះ​ផង​ដែរ។ លោក​ ជំទាវ បាន​បញ្ជាក់​ថា នេះ​ជា​លើក​ដំបូង​បំផុត​របស់​ មូល​និធិ​បាយ័ន​ ដែល​បរិច្ចាគ​ថវិកា​សម្រាប់​ការ​ចូល​រួម​ជួយ​សង្រ្គោះកុ​មារ​កម្ពុជា​ទាំង​ឡាយ​ ហើយ​មូល​និធិ​បាយ័ន​នឹង​ខិត​ខំ​បន្ត​ទៀតដើម្បី​ស្វែង​រក​លទ្ធ​ភាព​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា។​

ក្នុង​នាម​មូល​និធិ​គន្ធ​បុប្ផា និង​ជំនួស​មុខ​អោយលោក​នាយក​មន្ទីរ​ពេទ្យ លោក ដេ​នីស ឡូ​រ៉ង់ បាន​ ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅបំ​ផុត​ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​នូ​វទឹក​ប្រាក់​ដ៏​ធំ​ធេង​របស់​មូល​និធិបាយ័ន​នា​ពេល​នេះ​ ហើយ​តាម​រយៈ​ជំនួយ​សប្បុរសធម៌​៣០​ម៉ឺន​ដុល្លា​នេះ នឹង​រួម​ចំណែក​ជួយ​ដល់​កុមារ​កម្ពុជា​ ដែល​ទទួល​សេវា​មិន​យក​ប្រាក់​ពី​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា។​

ក្នុង​ឱកាស​នេះ​ដែរ លោក សុខ ពុទ្ធិ​វុធ និង​លោក​ស្រី ហ៊ុន​ ម៉ាលី​ ក៏​បាន​ផ្តល់​នូវ​ទឹក​ប្រាក់​ចំនួន​១​ម៉ឺន​ដុល្លា​បន្ថែម​ទៀត​ផង​ដែរ។ ចំណែកឯ​ លោក សៀង ឡេង និង​លោក​ស្រី សោម លីដា​ ក៏​បាន​ចូល​រួម​នូវថ​វិកា​ចំនួន​១លាន​រៀល​ផង​ដែរ។ ថវិការ​សរុ​ប ដែល​ឧបត្ថម្ភ​ដល់​មន្ទីរ​ពេទ្យគន្ធ​បុប្ផា​នានា​ឱកាស​នោះ​រួម​មាន​ចំនួន​៣១​ម៉ឺន​ដុល្លា និង​១លាន​រៀល។​

គួរ​បញ្ជាក់​ថា ចាប់​តាំង​ពី​ការ​បង្កើត​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នា​​ឆ្នាំ​១៩៩២​មក ថវិកា​សម្រាប់​ទ្រទ្រង់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ទាំង​គ្រប់​សាខា ​គឺ​បាន​មក​ពី​ការ​សម្តែង​តូរ្យ​​តន្រ្តី​របស់​លោក​វេជ្ជ​បណ្ឌិត Richner តាម​រយៈ​ការ​លក់​សំបុត្រ​ទស្សនា​ការ​សម្តែង​របស់​លោក​ និង​សប្បុរស​ជន​នានា។​ រីឯ​កុមារ​កម្ពុជា​រាប់​លាន​នាក់ ដែល​មាន​ជម្ងឺ បាន​មក​ទទួល​សេវា​ពី​មន្ទីរ​ពេទ្យ​នេះ ដោយ​សារ​តែ​សេវា​ឥត​គិត​ថ្លៃ ​និង​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​។

អត្ថ​បទ​ដោយ ៖ ​សៀង ​វិរៈ​
ចេញផ្សាយ ៖ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *