បុរសមួយចំនួនមានអវយវៈភេទធ្លាក់យារមួយចំហៀងតាំងពីកុមារភាពមកម្ល៉េះ ដែលគេនិយមហៅថាពងទក ព្រោះទម្រង់ពងទាំងពីរមិនដូចគ្នា មិនស្មើគ្នា ធំម្ខាងតូចម្ខាង។ បញ្ហានេះធ្វើឱ្យបុរសមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារអវយវៈភេទ សំខាន់សម្រាប់ផ្លូវភេទ និងបន្ដពូជ និងដើរតួនាទីសំខាន់សម្រាប់ផលិតអ័រម៉ូន និងកោសិកាបន្ដពូជដែលគេហៅឈ្មោះថា ស្ពែម៉ាតូសូអ៊ីតនៅក្នុងពងស្វាសទៀតផង កំពុងចោទជាបញ្ហា។
ដើម្បីឱ្យជ្រាបកាន់តែច្បាស់ជុំវិញបញ្ហាពងទកនេះ ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយនឹងលោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា គ្រូពេទ្យឯកទេសជម្ងឺតម្រងនោម និងជាប្រធានផ្នែកលាងឈាមនៃមជ្ឈមណ្ឌល ជា ស៊ីម កាល់ម៉ែត។
ពងទកជាអ្វី?
ពងទកគឺជាអាការម្យ៉ាងដែលបណ្ដាលមកពីការធ្លាក់ពោះវៀនចូលទៅក្នុងប្លោកនោម ហើយភាគច្រើនគេហៅថាពងកោបដែលមានរូបរាងតូចមួយចំហៀងធំមួយចំហៀងខុសប្លែកពីធម្មតា។ តាមវិទ្យាសាស្ដ្របានបញ្ជាក់ថា ពងស្វាសបុរសមានស្រោមពីរ ស្រោមខាងក្រៅមួយ និងខាងក្នុងមួយ។ ពងទកបណ្ដាលមកពីវត្ថុរាវថ្លាដែលនៅចន្លោះស្រោមទី១ និងស្រោមទី២ បានជ្រៀត ចូលទៅក្នុងពងស្វាស បង្កឱ្យប្រដាប់ភេទបុរសឡើងធំមួយចំហៀង។
រោគសញ្ញាពងទក
រោគសញ្ញាដែលគួរឱ្យកត់សម្គាល់នោះគឺ ពងស្វាសម្ខាងរីកធំឡើងៗជាលំដាប់ គ្មានការឈឺចាប់អ្វីទាំងអស់។ ប៉ុន្ដែកាលណា រីកកាន់តែធំធ្វើឱ្យលំបាកក្នុងការធ្វើដំណើរ និងឈឺចាប់បន្ដិចបន្ដួច។ ចំពោះពងទកដែលមានចំពោះកុមារវិញ ក៏មានរូបរាងដូចមនុស្ស ចាស់ដែរ ដោយពងប្លោកមួយចំហៀងធំម្ខាង នៅពេលដែលវាស្រែកយំវា ពងនោះអាចឡើងធំជាលំដាប់ ការប្រឹងរបស់កុមារក៏ បណ្ដាលឱ្យពងទកឡើងខៀវថ្លាធំរលោង ហើយក៏អាចស្រកតូចទៅវិញខ្លះដែរ ប្រសិនបើឈប់ស្រែកយំ។
មូលហេតុបណ្ដាលឱ្យពងទក
ពងទកបណ្ដាលមកពីបុរសមួយចំនួនមានរន្ធចូលទៅក្នុងប្លោក ហើយច្រើនកើតទៅលើបុរសដែលមានសាច់ដុំខ្សោយ ពេលមានចលនាកន្ដ្រាក់ពោះវៀនក៏ធ្លាក់ចូល ស្របពេលដែលបញ្ចេញកម្លាំងខ្លាំង ឬធ្វើការងារធ្ងន់។ ចំពោះបុរសមួយចំនួនពោះវៀន អាចត្រឡប់រកសភាពធម្មតាវិញ មួយចំនួនទៀតនៅកកក្នុងស្រោមប្លោកនេះតែម្ដង។ ពងទកត្រូវបានចែកចេញជាពីរសណ្ឋានផ្សេងគ្នា គឺកើតឡើងតាំងពីកំណើត ឬកើតឡើងលើមនុស្សវ័យចាស់។
- ពងទកតាំងពីកំណើត ៖ កើតឡើងដោយសារវត្ថុរាវក្នុងពោះវៀនធ្លាក់តាមដំណើររបស់ស្រោមពងស្វាស តាមរន្ធ ចូលទៅក្នុងប្លោកកាលនៅជាទារកនៅក្នុងផ្ទៃម្ដាយ។ រន្ធនេះនឹងបិទជិតបន្ដិចម្ដងៗ ជិតដល់ពេលកើតចេញពីផ្ទៃម្ដាយ ឬក្រោយពេលកើតបានចំនួន១០ថ្ងៃ និងយ៉ាងយូរបំផុតពីមួយឆ្នាំកន្លះទៅពីរឆ្នាំ។
- ពងទកកើតទៅលើមនុស្សពេញវ័យ ៖ ចំពោះមនុស្សពេញវ័យ ជម្ងឺពងទកនេះកម្រកើតមានណាស់ ហើយក្រោយពេលកើតគេមិនអាចសង្កេតឱ្យឃើញអំពីមូលហេតុឱ្យបានច្បាស់លាស់ណាស់។ ក្រៅពីកើតដោយសារការប៉ះទង្គិចចំពងស្វាស ការឆ្លងជម្ងឺផ្សេងៗ និងក្រោយពេលព្យាបាលជម្ងឺក្លនលូនជាដើម។
វិធីព្យាបាលពងទក
ក្នុងករណីពោះវៀនរលួយនៅក្នុងស្រោមប្លោកហើយនោះ ភាគច្រើនគ្រូពេទ្យបានជ្រើសរើសយកវិធីវះកាត់ព្យាបាល ដើម្បីលុបបំបាត់នូវអាការឈឺចាប់របស់អ្នកជម្ងឺ។ ក្រោយពេលវះកាត់ប្រសិនបើពោះវៀនរបស់អ្នកជម្ងឺមិនទាន់ឈានដល់កម្រិតមួយ ដែលមានការខូចខាតទេនោះ គ្រូពេទ្យមិនធ្វើការកាត់ពោះវៀននោះទេ គ្រាន់តែរុញពោះវៀនឡើងលើវិញឱ្យចូលទៅកន្លែងចាស់របស់វា ហើយគ្រូពេទ្យបានដេររន្ធនោះភ្ជិតតែម្ដង អ្នកជម្ងឺត្រូវលេបថ្នាំផ្សះបន្ដិចបន្ដួច អ្នកជម្ងឺអាចមានទម្រង់ពងស្វាសដូចធម្មតា ហើយសមត្ថភាពផ្លូវភេទប្រើប្រាស់បានដូចធម្មតាផងដែរ។
ផលប៉ះពាល់ចំពោះពងទក
ប្រសិនបើបុរសដែលមានពងទកឬពងកោបមិនប្រញាប់ព្យាបាលនោះ អាចធ្វើឱ្យពោះវៀនដែលធ្លាក់ចូលក្នុងស្រោមប្លោក នោះរលួយ នាំឱ្យមានចុកចាប់។ ពេលខ្លះការធ្លាក់ពោះវៀនអាចធ្វើឱ្យកកស្ទះនូវដំណើរការឈាមរត់ទៅចិញ្ចឹមពោះវៀន ព្រោះបង្កឱ្យឈាមកកត្រឹមរន្ធស្រោមប្លោកនាំឱ្យស្លាក់ខ្យល់ ហើយបង្កឱ្យពោះវៀនរលួយយូរៗទៅមានអាការចុកចាប់កាន់តែខ្លាំង។ ម្យ៉ាងទៀត ប្រសិនបើពេលពងទកឡើងកាន់តែធំ ហើយអ្នកជម្ងឺខ្វះការប្រុងប្រយ័ត្ន មានការប៉ះទង្គិច អាចមានជម្ងឺរលាកដំបៅ ផ្លែសាច់ ពងស្វាសរួញ ឬស្វិតរហូតដល់បាត់បង់សមត្ថភាពផ្លូវភេទ និងបន្ដពូជ។ ចំពោះពងស្វាសដែលខូចអាចប៉ះពាល់ដល់សរសៃឈាម ដែលនាំឈាមយកមកចិញ្ចឹមពងស្វាស ហើយក៏បង្កឱ្យមានជម្ងឺផ្សេងៗទៀត ដូចជាក្លនលូន ជម្ងឺពងទករួមគ្នា ហើយមានជម្ងឺ គីសនៅទងពងស្វាសទៀតផង។
វិធីការពារចំពោះបុរសពងទក
ដើម្បីការពារឱ្យមានប្រសិទ្ធភាពចំពោះបុរសដែលមានពងទក គប្បីត្រូវចៀសវាងការលើកធ្ងន់ ឬកុំឧស្សាហ៍អង្គុយចោង ហោង ព្រោះនៅពេលបញ្ចេញនូវកម្លាំងពលកម្មខ្លាំង ពោះវៀនដែលស្ថិតក្នុងស្រោមប្លោកស្រាប់អាចឡើងប៉ោងកាន់តែធំ ហើយឆាប់ ទទួលរងនូវជម្ងឺផ្សេងៗទៀតផង ជាពិសេសពោះវៀននោះឆាប់រលួយយ៉ាងលឿនបំផុត ខណៈពេលឈាមសម្រាប់ចិញ្ចឹមពោះវៀន នោះរត់មកកកស្ទះនៅចំណុចមុខរន្ធប្លោក។
ដំបូន្មានអ្នកជំនាញ
បញ្ហាពងទក គួរតែរកវិធីសាស្ដ្រណាមួយដើម្បីទៅជួបគ្រូពេទ្យធ្វើការពិភាក្សារកដំណោះស្រាយដើម្បីធ្វើការទប់ស្កាត់ការរីកធំធាត់នូវអាការនេះ ព្រោះបើទុកយូរនោះអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព។ ប្រការមួយផ្សេងទៀតនោះ គួរចៀសវាងយ៉ាងដាច់ខាត មិនត្រូវបញ្ចេញនូវកម្លាំងពលកម្មខ្លាំង ឬលើករបស់មានទម្ងន់ធ្ងន់នោះឡើយ វាអាចបង្កឱ្យបញ្ហាពងទកនេះកាន់តែធ្លាក់យារ ហើយប៉ោង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply