ក្តី​បារម្ភ​រួម​គ្នា​របស់​សង្គម​ស៊ី​វិល​ទាក់​ទិន​ទៅ​នឹង​បញ្ហា​កំណើន​នៃ​អត្រា​ស្លាប់​មាតា​និង​ទារក​នៅ​កម្ពុជា​

ប្រទេស​កម្ពុជា​ត្រូវ​​បាន​គេ​មើល​ឃើញ​ថា ជា​ប្រទេស​មួយ​ដែល​មាន​ការ​ផ្តល់​សេវា​សុខ​ភាព​ជូន​ដល់​ប្រជា​ពល​រដ្ឋ​នៅ​មាន​កម្រិត​នៅ​ឡើយ​ បើ​ធៀប​ទៅ​នឹង​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​មួយ​ចំនួន។ បើ​តាម​របាយ​ការណ៍ ក៏​ដូច​ជា​ការ​អង្កេត​រប​ស់​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ បាន​បង្ហាញ​ឲ្យ​ដឹង​ថា ការ​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​មាតា​ និង​ទារក​នៅ​កម្ពុជា​នៅ​តែ​មាន​កំណើន​ខ្ពស់​នៅ​ឡើយ​ បើ​ទោះ​បី​ជា​ស្ថិតិ​របស់​ក្រសួង​ផែន​ការ​កាល​ពី​ឆ្នាំ​២០១​០​ប្រកាស​ថា​ ស្ថាន​ភាព​មរណ​ភាព​របស់​មាតា​ត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​ច្រើន​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ​ក៏​ដោយ។​

រូបភាពគេហទំព័រសុខភាពកម្ពុជា

បើ​យោង​តាម​របាយ​ការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​សកម្ម​ភាព​ដើម្បី​សុខ​ភាព និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ កាល​ពី​ពេល​ថ្មីៗ​នេះ​ឲ្យ​ដឹង​ថា ប្រជាព​លរដ្ឋ​ក្នុង​ចំណោម​២៤​ខេត្ត រាជ​ធានី និង​ក្រុង ដែល​ក្នុង​នោះ​មាន​ខេត្ត​ចំនួន​៤​ ដែល​មិន​បាន​ទទួល​សេវា​ថែទាំ​សុខ​ភាព​ និង​ការ​សម្រាល​កូន​គ្រប់​គ្រាន់​នៅ​ឡើយ។ លោក​ អាន​ទ្រូ ម៉ា​ទីន (Andrew Martin)​ នាយក​ប្រចាំ​ប្រទេស​កម្ពុជា​របស់​អង្គការ​សកម្ម​ភាព​ដើម្បី​សុខ​ភាព និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ បាន​ថ្លែង​ពី​អត្រា​ស្លាប់​របស់​មាតា​ និង​ទារក​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ព្រោះ​តែ​នៅ​តាម​បណ្ដា​ខេត្ត​ទាំង​នេះ ស្ថិត​នៅ​ឆ្ងាយ​ពី​ប្រជុំ​ជន ពេទ្យ​ពុំ​មាន​ជំនាញ​វិជ្ជា​ជីវៈ​ និង​ខ្វះស​ម្ភារៈ​ប្រើ​ប្រាស់។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហ​ទំព័រ​វិទ្យុ​អាស៊ី​សេរី។​

របាយ​ការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​ខេត្ត​ព្រះ​វិហារ និង​ខេត្ត​ស្ទឹង​ត្រែង​ អត្រា​ស្លាប់​របស់​មាតា និង​ទារក​ បើ​គិត​ជា​ភាគ​រយ​មាន​ចំនួន​ ២១​,២%។ ចំណែក​ខេត្ត​មណ្ឌល​គិរី និង​ខេត្ត​រតន​គិរី វិញ​មាន​តែ ៣០​,១% ប៉ុណ្ណោះ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​តំបន់​មួយ​ចំនួន​ទៀត ដូច​ជា​ទី​ប្រជុំ​ជន រាជ​ធានី​ភ្នំពេញ និង​ជន​បទ ដែល​អត្រា​នេះ​មាន​កំណើន​រហូត​ដល់​ជាង​ ៨០%​។ លោក ​កែម ឡី អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៃ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ឯក​រាជ្យ បាន​ឲ្យ​ដឹង​ថា អ្វី​ដែល​ជា​ការ​ប្រឈម​ថែម​ទៀត​នោះ ​​គឺ​អត្រា​នៃ​ការ​ស្លាប់​របស់​ស្ត្រី​ដែល​មាន​អាយុ​ចន្លោះ​ពី​១៥ ដល់​៤៩​ឆ្នាំ ក្រោយ​ពេល​សម្រាល​រយៈ​ពេល​៤១​ថ្ងៃ ប្រមាណ​២៦%​ កើត​ចេញ​ពី​កង្វះ​ការ​ថែ​ទាំ ស្លេក​ស្លាំង និង​អាហារ​មិន​គ្រប់​គ្រាន់។​

រីឯ​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ដែល​ធ្វើ​ការ​ផ្នែក​សុខ​ភាព​បាន​រក​ឃើញ​ថា អ្វី​ដែល​នៅ​តែ​បន្ត​កើត​មាន​នោះ​ គឺ​ដោយ​សារ​តែ​ការ​ជួយ​សង្គ្រោះ​យឺត​យ៉ាវ​របស់​ពេទ្យ​ជំនាញ ស្ថាន​ភាព​ផ្លូវ​នៅ​ពុំ​ទាន់​ធានា​ និង​ការ​គិត​យឺត​ចំពោះ​ប្រជា​ពល​រដ្ឋ​នៅ​ពេល​សម្រាល​កូន​ជា​ដើម។​

នាយក​ប្រចាំ​ប្រទេស​របស់​អង្គ​ការ​សកម្ម​ភាព​ដើម្បី​សុខ​ភាព និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ លោក អាន​ទ្រូ ម៉ា​ទីន​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បញ្ហា​ប្រឈម​នៃ​អត្រា​ស្លាប់​មាតា​ និង​ទារក​ ក្នុង​ពេល​សម្រាល​កូន​របស់​ពល​រដ្ឋ​នៅ​ខេត្ត​ចំនួន​៤​ មាន​ខេត្ត​ព្រះ​វិហារ​ ស្ទឹង​ត្រែង​ មណ្ឌល​គិរី និង​ខេត្ត​រតន​គិរី នៅ​តែ​មាន​កំណើន​ខ្ពស់​នៅ​ឡើយ​។ លោក​បន្ត​ថា​ នោះ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ខេត្ត​ក្រុង​មួយ​ចំនួន​ទៀត អាច​និយាយ​បាន​ថា អត្រា​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​ប្រកាស​អាសន្ន​។ លោក​បាន​បន្ថែម​ថា៖ «យើង​ឃើញ​ហើយ​ថា នៅ​ខេត្ត​ព្រះវិហារ​ អត្រា​ស្លាប់​រប​ស់​ទារក​ក្នុង​ពេល​សម្រាល​ មាន​ចំនួន​៩៥​នាក់​ ក្នុង​ចំណោម​អ្នក​ផ្ដល់​កំណើត​១ពាន់​នាក់ នោះ​បើ​គេ​ប្រៀប​ធៀប​ទៅនឹ​ង​ទីក្រុង​ភ្នំពេញ អត្រា​ស្លាប់​ក្នុង​ពេល​សម្រាល​មាន​តែ​១៣​នាក់​ ក្នុង​ចំណោម​អ្នក​ផ្តល់​កំណើត​១​ពាន់​នាក់។ ចំណែក​ខេត្ត​មណ្ឌល​គិរី​ និង​រតន​គិរី អត្រា​ស្លាប់​របស់​មាតា និង​ទារក មាន​ចំនួន​៨២​នាក់​ ក្នុង​ចំណោម​អ្នក​ផ្តល់​កំណើត​១ពាន់​នាក់។ ជា​ពិសេស​ខេត្ត​មណ្ឌល​គិរី រតន​គិរី គឺ​ជា​ខេត្ត​ជាប់​លេខ​២ ដែល​មាន​អត្រា​ស្លាប់​ខ្ពស់​ ខណៈ​ខេត្ត​ព្រះ​វិហារ​ និង​ស្ទឹង​ត្រែង មាន​កម្រិត​ខ្ពស់​បំផុត ដែល​មាន​អ្នក​ស្លាប់​ចំនួន​១៨០​នាក់ ក្នុង​ចំណោម​អ្នក​ផ្ដល់​កំណើត​១ពាន់​នាក់»។​

លោក​ កែម ឡី​ អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៃ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ឯក​រាជ្យ​ចាត់​ទុក​ថា អ្វី​ដែល​បាន​បង្ហាញ​នៅ​ក្នុង​របាយ​ការណ៍​របស់​រដ្ឋា​ភិបាល​ ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​ផែន​ការ​នេះ ​នៅ​មិន​ទាន់​អាច​ឆ្លើយ​តប​ឲ្យ​បាន​ពេញ​លេញ​ពី​តម្រូវ​ការ​ដែល​ពល​រដ្ឋ​កំពុង​ប្រឈម​នៅ​តាម​សហគមន៍​នៅ​ឡើយ​ទេ។ អត្រា​ស្លាប់​មាតា​ និង​ទារក​ក្នុង​ពេលស​ម្រាលកូ​ន​របស់​ខេត្ត​៤ មាន​ដូច​ជា​ខេត្ត​កែប និង​ខេត្ត​កោះ​កុង​ជា​ដើម​ដែល​មាន​អត្រា​ស្លាប់​ខ្ពស់​ជាង​គេ​ រហូត​ដល់​៤៣៧​នាក់ ក្នុង​ចំណោម​ការ​ផ្តល់​កំណើត​១​ម៉ឺន​នាក់​កាល​ពីឆ្នាំ​២០០០។​ ចំនួន​នេះ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ២០៦​នាក់​ ក្នុង​ចំណោម​អត្រា​ផ្ដល់​កំណើត​១០​ម៉ឺន​នាក់​កាល​ពីឆ្នាំ​២០១០។ បើ​ទោះ​ជា​បែប​នេះ​ក្តី ស្ថិតិ​ជំរឿន​ប្រជាសាស្ត្រ​ក្នុងឆ្នាំ​២០០៨ រក​ឃើញ​ថា​ អត្រា​នៃ​ការ​ស្លាប់​ក្នុង​ពេល​សម្រាល​កូន​នៅ​តែ​មាន​កំណើន​ខ្ពស់ ពោល​គឺ​អត្រា​នេះ​មាន​ចំនួ​ន​៤៦០​នាក់ ក្នុង​ចំណោម​១០​ម៉ឺន​នាក់។​ ក្នុង​ន័យ​នេះ​លោក​ថា តួ​លេខ​នេះ​នៅ​តែ​ជា​ការ​ប្រឈម​ខ្ពស់​នៅ​ឡើយ ដែល​ជា​ការ​ព្រួយ​បារម្ភ​សម្រាប់​ប្រទេស​កម្ពុជា។​ លោក​បាន​បន្ត​ថ្លែង​ឲ្យ​ដឹ​ង​ថា៖ «ពី​ព្រោះ​ថា អត្រា​ស្លាប់​រប​ស់​មាតា​មិន​ទាក់​ទង​តែ​មួយ​គត់​ទៅ​លើ​វិស័យ​សុខា​ភិបាល​ទេ​ សំខាន់​ទាក់​ទង​ទៅ​លើ​វិស័យ​សេដ្ឋ​កិច្ច​គ្រួសារ​របស់​ប្រជា​ជន​ បើ​ប្រជាជន​មិន​អាច​ចាក​ផុត​ពី​ភាព​អត់​ឃ្លាន ពី​ភាព​ក្រី​ក្រ​ មិន​អាច​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​មាតា​ហ្នឹង​លឿន​ទេ»។​

អត្រា​នៃ​ការ​ស្លាប់​នៅ​តែ​មាន​កម្រិត​ខ្ពស់​បែប​នេះ​ ទើ​ប​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្នែក​សុខ​ភាព​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ផែន​ការ​អភិវឌ្ឍ​សហស្សវត្ស​ (MDG)​ របស់​រដ្ឋា​ភិបាល​ដែល​ជា​គោល​ដៅទី​៥ ក្នុង​ចំណោម​គោល​ដៅចំ​នួន​៩ នឹង​មិន​អាច​សម្រេច​ជោគ​ជ័យ​តាម​ការ​កំណត់​បាន​ទេ។ លោក​ អាន​ទ្រូ ម៉ា​ទីន នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​សកម្មភាព​ដើម្បី​សុខ​ភាព បាន​យល់​ឃើញ​ថា ដើម្បី​កាត់​បន្ថយ​បញ្ហា​លើ​ផ្នែក​នេះ​ ដរាប​ណារ​ដ្ឋាភិបាល​បង្កើន​ប្រព័ន្ធ​សេវា​ថែ​ទាំ​សុខ​ភាព​ប្រកប​ដោយ​គុណ​ភាព បង្កើន​ការ​អប់​រំ​នៅ​តាម​មណ្ឌល​សុខ​ភាព​ លើក​ទឹក​ចិត្ត​ពល​រដ្ឋ​ក្នុង​សហ​គមន៍​ជន​បទ ក្នុង​ការ​ទទួល​យក​សេវា​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់ និ​ងជា​​ពិសេស​ ត្រូវ​ធានា​ថា​ សេវា​ដែល​ផ្ដល់​ជូន​ពល​រដ្ឋ​ គឺ​ជា​កាតព្វ​កិច្ច​ដែល​រដ្ឋ​ត្រូវ​បំពេញ​ដោយ​មិន​គិត​កម្រៃ​ជា​ដើម​។ លោក​បាន​បន្ត​ឲ្យ​ដឹង​ថា៖​ «រដ្ឋាភិបាលគួរបង្កើនការវិនិយោគបន្ថែមទៀត​ទៅលើ​អ្នកផ្ដល់​សេវា​សុខភាព​របស់​រដ្ឋ និងគួរ​បង្កើន​គុណភាព​ទៅលើអ្នកផ្ដល់​សេវាផ្នែកសុខភាពឲ្យបាន​ពេញ​លេញ ហើយ​និង​បង្កើន​គុណភាព​ថែទាំ​សុខភាព​ដល់​ប្រជាជន និង​ទាមទារ​ជាចាំបាច់​នៅពេល​ដែល​បម្រើការ​ជាមួយ​សហគមន៍ត្រូវជម្រុញ​ពួកគេឲ្យយកចិត្ត​ទុកដាក់ ដើម្បីឲ្យ​ទៅពិនិត្យ​សុខភាព​នៅមណ្ឌល​សុខភាព​មុនពេល​សម្រាល និង​ត្រូ​​វបង្កើន​គុណ​ភា​ព​ដល់​បុគ្គលិក​បម្រើ​សេវា​សុខ​ភាព​ឲ្យ​មាន​កម្រិត​យល់​ដឹង​ខ្ពស់។ តែ​ជា​អកុសល​ នៅ​តាម​មណ្ឌល​សុខ​ភាព​មិន​ទាន់​មាន​សម្ភារៈ​គ្រប់​គ្រាន់​ក្នុង​ការ​បម្រើ​សេវា​នេះ​នៅ​ឡើយ»។​

គួរ​បញ្ជា​ក់ថា​ កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ អង្គ​ការ​មូល​និធិ​សហ​ប្រជា​ជាតិ​សម្រាប់​ប្រជា​ជន​ (UNFPA) ប្រចាំ​កម្ពុជា​ បាន​បើកយុ​ទ្ធនា​ការ​គាំ​ទ្រ​កម្ម​វិធី​កំណែទ​ម្រង់​ និង​ពន្លឿន​គោល​នយោ​បាយ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា។ ការ​ចូល​រួម​របស់​ UNFPA នេះ​ គឺ​ជា​ផ្នែក​មួយ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ សម្រាប់​សេវា​ថែ​ទាំ​សុខ​ភាព និង​ជា​មធ្យោបាយ​កាត់​បន្ថយ​អត្រា​ការ​ស្លាប់​របស់​មាតា​ និង​ទារក​ក្នុង​ពេល​សម្រាល​កូន។ បើ​តាម​របាយ​ការណ៍​របស់​អង្គការ​សកម្មភាព​ដើម្បីសុ​ខភាព​ និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​តាម​រយៈ​ការ​អង្កេត​ប្រជា​សាស្ត្រ​ឆ្នាំ​២០១០ របស់​រដ្ឋា​ភិបាល និង​អង្គការ​សុខ​ភាព​ពិភព​លោក (WHO)​ បាន​ឲ្យ​ដឹង​ថា ភាគ​រ​យនៃ​ការ​សម្រាល​កូន​តាមបែ​ប​វិទ្យា​សាស្ត្រ ដោយវេ​ជ្ជ​បណ្ឌិត គិ​លា​នុ​បដ្ឋា​យិកា ​ឬពេ​ទ្យ​ឆ្មប​សម្រាប់​ខេត្ត​មណ្ឌល​គិរី​ រតនគិរី​ ព្រះវិ​ហារ និង​ខេត្ត​ស្ទឹង​ត្រែង អត្រា​ដែល​ទទួល​បាន​សេវា​លើ​ផ្នែក​នេះ​ពី​អ្នក​ជំនាញ នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​ ពោល​គឺចន្លោះ​ប្រមាណ​ពី​​២០​ទៅ​៣០%​។ អត្រា​នេះ ​បើ​ប្រៀប​ធៀប​ដូច​គ្នាទៅ​នឹង​ទី​ប្រជុំ​ជន រាជ​ធានី​ភ្នំពេញ និង​ជន​បទ​ មាន​ការ​វិវត្ត​កើន​ឡើង​ចន្លោះ​ជាង​៦០​ទៅ​ជាង​៩០%។​

របាយ​ការណ៍​នោះ​រក​ឃើញ​ទៀត​ថា ចំពោះ​ខេត្ត​មណ្ឌល​គិរី​ និង​ខេត្ត​រតន​គិរី​ អត្រា​នៃ​ការ​ស្លាប់​ក្នុង​ពេល​សម្រាល​កូន​ខ្ពស់​ជាង​គេ​ទី​២ ក្នុង​ចំណោម​២៤​ខេត្ត-ក្រុង​ ដែល​ក្នុង​នោះ​អ្នក​ស្លាប់​ចំនួន​៨២​នាក់​ ក្នុង​ចំណោម​នៃ​ការ​ផ្ដល់​កំណើត​ដំណាល​គ្នា​១​ពាន់​នាក់។ អត្រា​នៃ​កំណើន​នេះ​កើន​ឡើង​ពី​រ​ដង​គិត​ជា​មធ្យម​ភាគ​ បើ​ប្រៀប​ធៀប​នៅ​ទូទាំង​ប្រទេស​ដែល​មាន​អត្រា​នៃ​ការ​ស្លាប់​៤៥​នាក់ ក្នុង​ចំណោម​ការ​ផ្ដល់​កំណើត​១​ពាន់​នាក់​ និង​មាន​កំណើន​ច្រើន​ជាង​៦​ដង​ ខ្ពស់​ជាង​គេ​នៅ​រាជ​ធានី​ភ្នំពេញ ​ដែល​អត្រា​នៃ​ការ​ស្លាប់​ក្នុង​ពេល​សម្រាល​កូន​មាន​តែ​១៣​នាក់​ ក្នុង​ចំណោម​កូ​ន​កើត​រស់​១ពាន់​នាក់។ ចំណែក​ខេត្ត​ស្ទឹង​ត្រែង និងខេ​ត្ត​ព្រះវិហារ​ អត្រា​នៃ​ការ​ស្លាប់​ក្នុង​ពេល​សម្រាល​កូន​ខ្ពស់​ជាង​គេបំ​ផុត​នៅ​ទូ​ទាំង​ប្រទេស ដែល​មាន​អ្នក​ស្លាប់​ចំនួន​៩៥​នាក់​ ក្នុង​ចំណោម​ការ​ផ្ដល់​កំណើត​១​ពាន់​នាក់។

​អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៃ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ឯក​រាជ្យ លោក កែម​ ឡី បាន​​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ​ប្រទេស​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​២ បន្ទាប់​ពី​ប្រទេស​ឡាវ ក្នុង​ចំណោម​បណ្ដាប្រ​ទេស​ជា​សមា​ជិក​អាស៊ាន​ទាំង​១០ ដែល​រក​ឃើញ​ថា ​អត្រា​នៃ​ការ​ស្លាប់​របស់​មាតា និង​ទារក​ខ្ពស់​ជាង​គេ​នៅ​ឡើយ។ បើ​យោង​តាម​លទ្ធ​ផល​នៃ​ការ​អង្កេត​ប្រជា​សាស្ត្រ និង​សុខ​ភាព​ ឆ្នាំ​២០១០​​ របស់​ក្រសួង​ផែន​ការ​ដែល​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​នា​ពេល​កន្លង​ទៅ​នេះ បាន​បង្ហាញ​ថា​ មរណ​ភាព​មាតា​ត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​ច្រើន​ក្នុង​ដំណាក់​កាល​ចុង​ក្រោយនេះ។ ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​៩​នាក់ ក្នុង​ចំណោម​១០​នាក់​ ទទួល​បាន​ការ​ថែ​ទាំ​ផ្ទៃ​ពោះមុ​ន​ពេល​សម្រាល​កូន​ពី​អ្នក​ផ្ដល់​សេវា​ជំនាញ​ នៅ​គ្រា​សម្រាល​កូន​៧​នាក់ ក្នុង​ចំណោម​១០​នាក់​ ត្រូវ​បាន​ជួយ​ពី​អ្នក​ផ្ដល់​សេវា​ជំនាញ​ ហើយ​ការ​សម្រាល​កូន​នៅ​មណ្ឌល​សុខ​ភាព​របស់​រដ្ឋ បាន​កើន​ឡើង​ នោះ​បើ​ប្រៀប​ធៀប​ទៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មុន។​

បើ​ទោះ​ជា​បែប​នេះក្តី​ លោក កែម ​ឡី ចាត់​ទុក​ថា កម្មវិ​ធី​អភិវឌ្ឍ​សហស្ស​វត្ស​របស់​រដ្ឋាភិ​បាល​នឹង​មិន​អាច​សម្រេច​ក្នុង​ ឆ្នាំ​២០១៥ បាន​ទេ។ លោក​គិត​ថា ព្រោះ​នៅ​មាន​តំបន់​មួយ​ចំនួន​ទៀត ដូច​ជា​ខេត្ត​ព្រៃ​វែង កំពត​ ក្រុង​ព្រះ​សី​ហនុ និង​ក្រុង​ប៉ៃ​លិន​ ជាដើ​ម ដែល​មាន​អត្រាអ្ន​ក​ស្លាប់​ក្នុង​ពេលស​ម្រាល​កូន​ខ្ពស់​នៅឡើ​យ។ អត្រា​នៃ​ការ​ស្លាប់រ​បស់​មាតា និង​ទារ​ក​ ស្ថិត​នៅ​ចន្លោះ​ពី​៤០០​ទៅ​៩០០​នាក់ ក្នុង​ចំណោម​អ្នក​ផ្ដល់​កំណើត​១០​ម៉ឺន​នាក់៕

អត្ថ​បទ​ដោយ ៖ សៀង ​វិរៈ​
ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *