តែមួយពព្រិចភ្នែកប៉ុណ្ណោះតារាចម្រៀងវ័យក្មេងមួយរូបក៏មានឈ្មោះបោះសម្លេងយ៉ាងខ្លាំងនៅក្នុងដួងចិត្ដមិត្ដៗយុវវ័យ បានសាងភាពល្បីល្បាញលឿនបំផុត មិនចាញ់តារាចម្រៀងជើងចាស់ប៉ុន្មានទេ នោះគឺ អាន គុណកូឡា។ កូឡាជាតារាចម្រៀងថ្មី ស្រឡាង ដែលកំពុងតែមានភាពមមាញឹកច្រើនក្នុងការចេញបទចម្រៀងថ្មីៗរបស់ផលិតកម្មសម្រាប់កំដរអារម្មណ៍មិត្ដយុវវ័យជាបន្ដ បន្ទាប់។ ទោះបីជាកូឡាត្រូវរវល់យ៉ាងណាក្ដី ក៏តារាយុវវ័យ២០ឆ្នាំរូបនេះយកចិត្ដទុកដាក់ចំពោះការថែទាំសុខភាពផងដែរ ព្រោះ គេយល់ថា សុខភាពសំខាន់ណាស់សម្រាប់គេ។
ពេលនេះ អាន គុណកូឡា បានចូលខ្លួនមកបកស្រាយពីការថែរក្សាសុខភាពរបស់គេផ្ទាល់ជូនដល់ប្រិយមិត្ដអ្នកអានទាំង អស់ ពិសេសអ្នកដែលមានការគាំទ្រចំពោះរូបលោកទទួលជ្រាប តាមរយៈកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាពយើង។
ប្រវត្ដិមុនឈានចូលសិល្បៈ
កូឡាបានបោះជំហានឈានចូលសិល្បៈនៅក្នុងឆ្នាំ២០០៨ ជាតារាចម្រៀងប្រចាំផលិតកម្ម M។ ដំបូងឡើយ កូឡាជានិស្សិត នៃសកលវិទ្យាល័យន័រតុនមួយរូប ដោយសារតែមានទេពកោសល្យខាងសិល្បៈ និងការស្វះស្វែងតស៊ូរបស់កូឡា ត្រូវបានផលិតកម្មM អនុញ្ញាតឱ្យធ្វើតេស្ដសម្លេង ដោយមានការទទួលស្គាល់ពីសមត្ថភាពរបស់កូឡា រូបគេក៏បានចូលច្រៀងប្រចាំផលិតកម្មM។ បទចម្រៀងជាង១០បទមកហើយ សុទ្ធសឹងតែជាបទដែលមានការទទួលស្គាល់ពីមហាជន ពិសេសគឺយុវវ័យ ដែលបទទាំងនោះរួមមាន លាមុនស្អប់ សុំទោសដែលធ្វើឱ្យអូនយំ ឈឺចាប់មិនចេះចប់ បារម្ភសង្សារចាស់ គ្មានសិទ្ធជាម្ចាស់បេះដូងអូន និងបទស្មានមិនដល់ជាដើម។
ការថែរក្សាសម្រស់
សុខភាពសំខាន់ទាំងអស់ ទាំងសុខភាពរាងកាយ និងសម្រស់ ជាតារាចម្រៀងមួយរូបគួរតែមានរូបរាងស្រស់សង្ហា និងរាង កាយមាំមួនល្អ។ ខាងក្រោមនេះគឺជាវិធីដែលកូឡាបានអនុវត្ដផ្ទាល់ជាប្រចាំសម្រាប់ការថែទាំសម្រស់របស់ខ្លួន ៖
- ការថែរក្សាស្បែកមុខ ៖ ស្បែកមុខជាផ្នែកដែលជួយលើកសម្រស់របស់មនុស្សម្នាក់ៗ។ កូឡាមានវិធីងាយៗ ដោយមិនចាំបាច់ថែទាំខ្លាំងពេកនោះទេ ព្រោះជាមនុស្សប្រុស ដោយគ្រាន់តែយកចិត្ដទុកដាក់ក្នុងការលាងសម្អាតផ្ទៃមុខកាត់បន្ថយជាតិខ្លាញ់ជារៀងរាល់ពេលដែលទើបត្រឡប់មកពីក្រៅ ដើម្បីកុំឱ្យមុខជាប់ធូលីដី ដែលបណ្ដាលឱ្យស្ទះរន្ធញើសបង្កឱ្យមានកើតមុន។
- ការថែរក្សាស្បែកដងខ្លួន ៖ ចំពោះស្បែកខ្លួនវិញកូឡាមិនសូវជាយកចិត្ដទុកដាក់ក្នុងការថែទាំប៉ុន្មាននោះទេ គឺគ្រាន់តែ លាងសម្អាតខ្លួនជាប្រចាំជាមួយសាប៊ូដែលត្រូវនឹងប្រភេទស្បែករាល់ពេលងូតទឹកតែប៉ុណ្ណោះ។
- ការថែរក្សាសក់ ៖ កូឡាជាតារាចម្រៀងនិយមម៉ូតសក់ ដូចនេះត្រូវការប្ដូរពណ៌ និងម៉ូតសក់ទៅតាមភាពទាន់សម័យ របស់យុវវ័យ។ ប៉ុន្ដែជារៀងរាល់ពេលទំនេរកូឡាក៏ឧស្សាហ៍ទៅកក់ និងអប់សក់ផងដែរ ដើម្បីកុំឱ្យសក់កាន់តែងាយមានបញ្ហា។
- ការថែរក្សាភ្នែក ៖ កូឡាមិនសូវមើលអ្វីពេលយប់នោះទេ ដូចជាទូរទស្សន៍ ឬកុំព្យូទ័រជាដើម។ ពេលធ្វើដំណើរចេញ ទៅណាម្ដងៗតែងតែពាក់វ៉ែនតាការពារជាប់ជានិច្ច។ ចំពោះការសម្ដែងគឺចៀសមិនផុតពីផលប៉ះពាល់ចំពោះភ្លើងហ្វារ ឬភ្លើងចាំងពីកាមេរ៉ានោះទេ ដូចនេះដើម្បីបង្ការកូឡាប្រុងប្រយ័ត្នមិនឱ្យភ្នែកប៉ះនឹងពន្លឺទាំងអស់នោះខ្លាំងពេកទេ។
- ការថែរក្សាធ្មេញ ៖ កូឡាក៏បានទទួលការចាប់អារម្មណ៍ពីមហាជនចំពោះបទចម្រៀងផលិតផលថ្នាំដុសធ្មេញផងដែរ ដូចនេះចំពោះការសម្អាត និងការថែទាំធ្មេញមានការដិតដល់ណាស់ ដើម្បីឱ្យសក្ដិសមទៅនឹងការសម្ដែងដែលបង្ហាញពីធ្មេញសស្អាត របស់គេ។ កូឡាដុសធ្មេញបីដងក្នុងមួយថ្ងៃជាប្រចាំ មិនត្រឹមតែប៉ុណ្ណោះកូឡាក៏ឧស្សាហ៍ទៅខាត់ធ្មេញឱ្យសផងដែរ។
ការថែទាំសុខភាពរាងកាយ
- ការទទួលទានដំណេក ៖ កូឡាមានការយកចិត្ដទុកដាក់ខ្លាំងបំផុតចំពោះការទទួលទានដំណេក គឺត្រូវគេងឱ្យបានគ្រប់ គ្រាន់ បើមិនគេងគ្រប់គ្រាន់នោះអាចធ្វើឱ្យមានផលប៉ះពាល់ទៅដល់សម្លេងផងដែរ ដូចជាផ្ដាសាយ ឬស្អកជាដើម។
- ការទទួលទានអាហារ ៖ ជាតារាចម្រៀងបើទទួលទានអាហារមិនត្រឹមត្រូវក៏មានផលប៉ះពាល់ទៅដល់បំពង់ក និងសម្លេងដែរ។ តែចំពោះកូឡាវិញគឺមិនតមអាហារខ្លាំងពេកទេ ព្រោះសុខភាពបំពង់កកូឡាមិនប្រឆាំងទៅនឹងអាហារប៉ុន្មានទេ។ កូឡាត្រូវការទទួលទានប្រភេទអាហារណាដែលផ្ដល់នូវសារជាតិបំប៉នដល់រាងកាយ ដើម្បីឱ្យមានសុខភាពល្អ និងរឹងមាំ។
- លំហាត់ប្រាណ ៖ ចំពោះការហាត់ប្រាណវិញគឺកាន់តែសំខាន់ទៅទៀតចំពោះកូឡា។ ជារៀងរាល់ព្រឹកក្រោកពីគេង កូឡា ធ្វើការហាត់ប្រាណជាសកម្មភាពផ្សេងៗ និងការហាត់រាំឱ្យចេញញើសជាប្រចាំ ដោយហាត់ម្ដងកូឡាត្រូវការប្រើរយៈពេលពីមួយម៉ោង ទៅពីរម៉ោង។
បំណងទៅថ្ងៃអនាគត
ក្រៅពីអាជីពជាអ្នកសិល្បៈកូឡាក៏មានបំណងប្រាថ្នាទៅថ្ងៃអនាគតផងដែរ គឺជាអ្នកជំនួញមួយរូប។ កូឡាចង់បើកជាហាង អ្វីមួយដែលជារបស់ខ្លួនឯងផ្ទាល់ តែមិនទាន់ចង់បង្ហើបថាហាងអ្វីនោះទេ។
បណ្ដាំផ្ញើរបស់ អាន គុណកូឡា
សុខភាពគឺជារឿងដ៏សំខាន់ដែលយើងម្នាក់ៗចាំបាច់ត្រូវតែគិតគូរឱ្យបានល្អ ពិសេសមិត្ដៗយុវវ័យទាំងអស់ សូមចៀសឱ្យឆ្ងាយពីការសេពគ្រឿងស្រវឹង គ្រឿងញៀន ហើយកុំប្រព្រឹត្ដអំពើអបាយមុខទាំងឡាយដែលសង្គមមិនទទួលស្គាល់។ អ្វីដែលលោកអ្នក និងយុវវ័យទាំងឡាយត្រូវគិតគូរគឺការថែទាំចំពោះសុខភាពឱ្យបានល្អ។ ការតស៊ូព្យាយាម និងការប្រឹងប្រែងទទួលឱ្យបានភាពជោគជ័យក្នុងឆាកជីវិតក៏ពឹងផ្អែកទៅលើសុខភាពផងដែរ។
- ឈ្មោះ ៖ អាន គុណកូឡា
- អាយុ ៖ ២០ឆ្នាំ
- ថ្ងៃខែឆ្នាំកំណើត ៖ ២០ ឧសភា ១៩៨៩
- កម្ពស់ ៖ ១,៦៨ម៉ែត្រ
- បងប្អូន ៖ ៣នាក់(ប្រុស២ ស្រី១ ជាកូនទី២)
- កម្រិតវប្បធម៌ ៖ ជានិស្សិតនៅសកលវិទ្យាល័យន័រតុនឆ្នាំទី២ផ្នែកវិស្វករ
- ទីកន្លែងកំណើត ៖ ភ្នំពេញ
- អាជីពនាពេលបច្ចុប្បន្ន ៖ អ្នកសិល្បៈ
- ស្ថានភាពគ្រួសារ ៖ នៅលីវ
ប្រវត្ដិរូបសង្ខេប
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩
Leave a Reply