ពេលនេះវីតាមីនអាសត្វដល់វេនត្រូវចូលខ្លួនមកបង្ហាញដល់មិត្ដអ្នកអានទស្សនាវដ្ដី សុខភាពយើង នៅលើទំព័ររបស់ខ្លួនលេខនេះ។ លោកអ្នកបានជ្រាបរួចមកហើយអំពីវីតាមីនអារុក្ខជាតិកាលពីលេខមុន។ ជាកិច្ចបន្ដ សូមបន្ដជ្រាបអំពីវីតាមីនអាសត្វជាបន្ដទៅទៀត។
តួនាទីវីតាមីនអាសត្វ
វីតាមីនអាសត្វ ឬហៅជាភាសាជីវគីមីសាស្ដ្រថា រ៉េទីណុល អាចហៅជាភាសាប្រជាជនាថា ជាវីតាមីនកាពារ។ វីតាមីនអាសត្វមានតួនាទីពិសេសៗដូចតទៅ។
- ជួយភ្នែក ៖ ដោយសារវីតាមីនអានេះទើបភ្នែករបស់យើងអាចសម្របតម្រូវទៅនឹងស្ថានភាពងងឹតសូន្យសុង និងមើលឃើញពណ៌មួយចំនួន។ ម្យ៉ាងទៀតវាមានតួនាទីពិសេសទៅលើរ៉េទីន ដូចដែលមានឈ្មោះស្រាប់ថា រ៉េទីណុល។
- ជួយសុខភាពទារក និងកុមារ ៖ ប៉ុន្ដែវីតាមីនអាសត្វនេះ អាចមានតួនាទីទូលំទូលាយជាងនេះ គឺជួយឱ្យទារកក្នុងផ្ទៃលូតលាស់បានល្អ ព្រមទាំងជួយឱ្យទារកទើបនឹងកើត និងកុមារមានសុខភាពលូតលាស់ល្អទៀតផង តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធការពាររាងកាយ។ ហេតុនេះហើយទើបវីតាមីនអានេះត្រូវបានយកទៅប្រើប្រាស់នៅក្នុងការព្យាបាលជម្ងឺកញ្ជ្រឹល។
- ជួយស្បែក ៖ តួនាទីចុងក្រោយ វីតាមីនអាសត្វនេះជួយដល់ការជាសះស្បើយយ៉ាងឆាប់រហ័សនៃស្លាកស្នាមរបស់ស្បែក ធ្វើឱ្យមានប្រក្រតីភាពនៃការបញ្ចេញក្រពេញខ្លាញ់ និងញើសនៅលើស្បែក។
របបអាហាររូបត្ថម្ភប្រចាំថ្ងៃរបស់វីតាមីនអាសត្វ
មនុស្សត្រូវទទួលទានចូលជាប្រចាំថ្ងៃទៅក្នុងខ្លួននូវវីតាមីនអាសត្វក្នុងបរិមាណចំនួន៨០០ឯកតារ៉េទីណុល(សម្រាប់បុរស) ៧០០ឯកតារ៉េទីណុល(សម្រាប់ស្ដ្រី) ពី៧០០ទៅ៨០០ឯកតារ៉េទីណុល(សម្រាប់យុវជន) និងចំនួន៦០០ឯកតារ៉េទីណុល(សម្រាប់យុវនារី)។
កង្វះជាតិវីតាមីនអាសត្វនាំឱ្យប៉ះពាល់ដល់សុខភាព
បើសិនជាខ្លួនប្រាណយើងទទួលទានជាតិវីតាមីនអាសត្វនេះមិនគ្រប់គ្រាន់ អាចនាំឱ្យប៉ះពាល់ដល់សុខភាពគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងករណីដែលមនុស្សមិនបានទទួលទានចំណីអាហារដែលមានសារធាតុខ្លាញ់គ្រប់គ្រាន់ ឬតិចតួចពេក។ ផលប៉ះពាល់ទាំងនេះមានដូចជាងងឹតភ្នែក (គំហើញថយចុះ ឬអាចខ្វាក់ភ្នែក) ការរីកលូតលាស់នៃរាងកាយយឺតយ៉ាវ ស្ងួតស្បែក ឆាប់ខឹង មួម៉ៅច្រើន ស្បែកឡើងគគ្រើមពណ៌ប្រផេះ និងស្រអាប់ ជម្ងឺស្លេកស្លាំង ភ្នែកក្រហម និងរលាក ភ្នែកចាញ់ពន្លឺ ងាយកើតរោគបង្កដោយមេរោគដដែលៗ និងកើតជម្ងឺក្រួសតម្រង់នោម។
ចំណីអាហារដែលមានវីតាមីនអាសត្វ
វីតាមីនអាសត្វមាននៅលើចំណីអាហារមួយចំនួនដូចតទៅ ៖
- សារធាតុ និងអាហារជាតិប័រ និងជាតិទឹកដោះគោ
- នៅក្នុងស៊ុត ឬពងពណ៌លឿង
- ថ្លើមសត្វ ជាពិសេសប្រេងថ្លើមត្រី។
ពេលដែលត្រូវប្រើប្រាស់វីតាមីនអាសត្វ
ក្រុមមនុស្សដែលគួរតែប្រើប្រាស់វីតាមីនអាសត្វជាជំនួយបន្ថែមមានដូចតទៅ ៖
- ស្ត្រីដែលកំពុងប្រើប្រាស់ថ្នាំពន្យារកំណើត(ជាពិសេសថ្នាំគ្រាប់)
- អ្នកដែលមានជម្ងឺឆ្លងពីមេរោគ
- អ្នកដែលពិសាសុរា ឬប្រមឹកស្រា និងអ្នកជក់បារី
- អ្នកដែលតមជាតិខ្លាញ់ជាដើម។
តម្រូវការវីតាមីនអាសត្វជាប្រចាំថ្ងៃ
ជាប្រចាំថ្ងៃមនុស្សត្រូវទទួលទានវីតាមីនប្រមាណពី៣០០០ទៅ៧៥០០ឯកតារ៉េទីណុល។ ការទទួលទានលើសកម្រិតជាករណីកម្រ ប៉ុន្ដែអាចកើតមាន ហើយអាចបង្កជាវិបត្ដិផ្សេងៗដែលមានកម្រិតធ្ងន់ធ្ងរខុសគ្នា ដូចជាអស់កម្លាំង វិលមុខ ចង្អោរ ក្អួត ឈឺ ក្បាល ស្បែកបែកស្រកា (របកស្បែក ទម្រង់ដូចរលាកស្បែកពេលត្រូវកម្ដៅថ្ងៃ) ជួនអាចបង្កជាជម្ងឺរលាកថ្លើម និងក្រិនថ្លើមបានទៀតផង។ ចំពោះស្ដ្រីដែលពពោះ ប្រសើរបំផុតត្រូវទទួលទានបន្ថែមនូវសារធាតុបែតតាការ៉ូទីន ជាជាងវីតាមីនអានេះ។ ហើយប្រសើរបើទទួលទានក៏មិនត្រូវលើសពី១០០០ឯកតារ៉េទីណុលដែរ។ សូមចងចាំថា បើសិនជាទារកទទួលយកវីតាមីនអាសត្វដល់ទៅ៣០០០ឯកតារ៉េទីណុល នោះទារកក្នុងផ្ទៃស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ (សូមអានបន្ដនៅលេខក្រោយ)
ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply