ដើមទ្រូងនារីមានសុដន់មួយគូមូលហើយស្អាតល្អ។ សុដន់ជាសរីរៈមួយតំណាងឱ្យភាពសិចស៊ីរបស់ស្ដ្រី ប៉ុន្ដែក៏ជាសរីរៈមួយ ដែលងាយទទួលការខូចទ្រង់ទ្រាយជាងសរីរៈនានាដែរ ម្ល៉ោះហើយស្ដ្រីគ្រប់រូបត្រូវយល់ដឹងឱ្យបានច្រើនពីវិធីនានាដើម្បីបំប៉ន និង ថែទាំសុដន់ឱ្យស្ថិតក្នុងភាពស្រស់ស្អាតជានិច្ច។ ដើម្បីបំពេញបំណងនេះ ទស្សនាវដ្ដី សុខភាពយើង បានសហការណ៍ជាមួយលោកស្រី ហូវ ដាណេ នាយិកាមជ្ឈមណ្ឌល កែសម្ផស្សប្រ៊ីតធីសាឡន នឹងបង្ហាញជូនលោកស្រីអ្នកនាងកញ្ញាអំពីវិធីសាស្ដ្រនៃការហាត់ប្រាណដើម្បីឱ្យដើមទ្រូងធំ។
សុដន់ស្រស់ស្អាតពីធម្មជាតិ
ដើម្បីឱ្យសុដន់រីកក្រពុំពេញណែនបានល្អ ចាប់តាំងពីពេលពេញវ័យមក ចាំបាច់សុភាពនារីទាំងឡាយត្រូវតែយកចិត្ដទុក ដាក់បរិភោគឱ្យបានគ្រប់ប្រភេទអាហារូបត្ថម្ភ។ មិនគួរបរិភោគអាហារតែមួយប្រភេទទេ ប៉ុន្ដែគួរតែបរិភោគអាហារគ្រប់ប្រភេទ ដូច ជាសាច់គោ ជ្រូក មាន់ ទាជាដើម គ្រឿងក្នុងសត្វពាហនៈ មានដូចជាបេះដូង ថ្លើម ក្រលៀនជាដើម ព្រមទាំងស៊ុត សាច់ត្រី និងទឹក ដោះគោ។ ចំពោះផ្លែឈើ និងបន្លែ ដូចជាសណ្ដែកសៀង សណ្ដែកដី ប្រេងរុក្ខជាតិ ផ្លែឈើស្រស់ ក្រូចពោធិ៍សាត់ ក្រូចឃ្វិច ចេក ល្ហុង ស្វាយ ម្នាស់ជាដើម សូមទទួលទានឱ្យបានគ្រប់គ្រាន់ ព្រមជាមួយនេះដែរសូមពិសាទឹកឱ្យបានច្រើន ជាពិសេសទឹកផ្លែឈើស្រស់ និង ទឹកបរិសុទ្ធដែលមានជាតិរ៉ែ។
ការហាត់ប្រាណពង្រីកសាច់ដុំដើមទ្រូង
សុដន់កាន់តែធំ ទម្ងន់កាន់តែធ្ងន់ ការវិវឌ្ឍន៍ទៅរកភាពយារធ្លាក់កាន់តែឆាប់រហ័ស។ ដើម្បីចៀសវាងបញ្ហានេះ សុភាពនារី គួររៀបចំឱ្យមានពេលហាត់ប្រាណដើម្បីពង្រឹងសាច់ដុំដើមទ្រូងផងដែរ។ ការពង្រឹងសាច់ដុំដើមទ្រូងមានសារៈសំខាន់ ជួយទប់ទម្ងន់ ក្រពេញទឹកដោះកុំឱ្យធ្លាក់មកលើតួសុដន់។ មានវិធីច្រើនយ៉ាងដែលគេអាចជ្រើសរើសបាន។ ពេលនេះទស្សនាវដ្ដី សុខភាពយើង នាំមកនូវវិធី២យ៉ាង ដើម្បីហាត់ប្រាណឱ្យដើមទ្រូងធំមកបង្ហាញជូនលោកស្រីអ្នកនាងកញ្ញា ៖
វិធីទី១ ៖ ឈរ ឬអង្គុយនៅមុខកញ្ចក់ សន្ធឹងដៃទាំង២ទៅខាង បត់កំភួនដៃចូលមកក្នុង យកកម្ពស់ស្មើភ្នែក លាបាតដៃ ទាំង២ច្របាច់ចូលគ្នា ឬប្រើកូនបាល់សម្លីបញ្ចេញកម្លាំងឱ្យខ្លាំងប្រៀបបាននឹងចង់កម្ទេចរបស់អ្វីមួយ ឬចង់បំបែកកូនបាល់ឱ្យបាន៥ វិនាទី និងធ្វើឱ្យបានច្រើនបន្ដបន្ទាប់គ្នាពី៥ទៅ១០ដង។
វិធីទី២ ៖ ពូតកន្សែង ប្រើដៃទាំង២កាន់ចុងសងខាងកន្សែងពោះគោ មូរវារហូតបានជាដុំរមូរមួយ រួចបន្ថែមកម្លាំងមូរ វាឱ្យខ្លាំង និងលាមកវិញឱ្យបាន២០ទៅ៤០ដង។
ក្រៅពីការហាត់ប្រាណតាមវិធីខាងលើ កីឡាកម្សាន្ដមួយចំនួនក៏ជួយពង្រីកសាច់ដុំដើមទ្រូងដែរ ដូចជាហែលទឹក វាយសី លើកដុំដែកជាដើម។ ពេលហាត់ប្រាណ ត្រូវពាក់អាវទ្រនាប់ជានិច្ចជាកាល ដើម្បីកុំឱ្យសុដន់គ្រវី និងយារធ្លាក់។ ការហាត់ប្រាណ តាមបែបផ្សេងៗទៀត ដូចជាវាយសី លើកដុំដែកជាដើម សុទ្ធតែជួយឱ្យស្ដ្រីមានសុខភាពសុដន់មាំមួន និងរីកធំបានល្អ។ ក្រោយ ពេលងូតទឹក ឬហែលទឹក មិត្ដនារីគួរតែច្បូត ឬស្ទាបបន្ថើរលើសុដន់ ចាត់ទុកថាជាការហាត់ប្រាណមួយដែរ។ ការហាត់ប្រាណគប្បីធ្វើ នៅពេលព្រឹក និងពេលល្ងាច។ នៅពេលហាត់ ត្រូវគួបផ្សំនឹងការហាត់ដកដង្ហើមវែងៗ ទើបប្រសើរ។
ដំបូន្មានអ្នកជំនាញ
ការធ្វើម៉ាស្សាលើសុដន់ទៀងទាត់រាល់ថ្ងៃតាមក្បួនខ្នាតត្រឹមត្រូវ រួមទាំងការហាត់ប្រាណ និងការធ្វើកីឡាពង្រីកសាច់ដុំដើម ទ្រូងមានអត្ថប្រយោជន៍ព្រមគ្នា ជួយឱ្យសុដន់ធំណែនតាមធម្មជាតិ និងមិនយារធ្លាក់ឆាប់រហ័ស។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកម្ភៈ ឆ្នាំ២០១០
Leave a Reply