ការកាត់​ប្រជ្រុយ​ធ្វើឱ្យ​ស្បែក​មានស្នាម

ប្រជ្រុយ​ជាស្នាម​អុជខ្មៅៗ​ដែលមាន​នៅលើ​ផ្ទៃមុខ ក៏​ដូចជា​នៅលើ​ដងខ្លួន​ផងដែរ។ លោកអ្នក​មួយចំនួន​យល់ថា ប្រជ្រុយ ធំៗខ្លះ​អាចផ្ដល់​ហុងស៊ុយ​ដល់​អាជីព​ទៀតផង។ តែ​ផ្ទុយទៅវិញ​ក៏មាន​លោកអ្នក​មួយចំនួន​មិន​ចូលចិត្ដ​ទុក​ប្រជ្រុយ​ដែលមាន​ទ្រង់ទ្រាយធំពេក​នោះទេ អាច​សម្រេច​ចចិត្ដ​កាត់​ចោល ឬអាច​បំបាត់​ដោយ​វិធី​ផ្សេងៗ​ទៀត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត ស្រេង រាសី អ្នក​ជំនាញ​សើស្បែក​នៅ​មជ្ឈ​មណ្ឌល​ព្យាបាល​អាមេរិកកាំង បាន​សហការណ៍​ជាមួយ ទស្សនាវដ្ដី សុខភាព​យើង ដើម្បី​ជម្រាប​ជូន​លោកអ្នក​អាន​ទាំងអស់​ស្វែងយល់​ពីការ​កាត់​ប្រជ្រុយ​នេះ។

កាត់​ប្រជ្រុយ​ដើម្បី​សម្រស់

មាន​លោកអ្នក​មួយចំនួន​ពិសេស​ចំពោះ​សុភាពនារី​ទាំងឡាយ​ដែល​តែង​គិតគូរ​ពី​បញ្ហាសម្ផស្ស​របស់ខ្លួន​យល់ឃើញ​ថា បើលើ​រាងកាយ​មាន​ប្រជ្រុយ​គឺពិត​ជាខ្មាស​គេ​ណាស់។ ប្រជ្រុយ​គឺមាន​ច្រើន​លក្ខណៈ ខ្លះ​តូច ធំ រាប​ស្មើ ឬ​ប៉ោង​ជាដើម ហើយ​អាចមាន​ប្រជ្រុយ​ខ្លះជា​ប្រជ្រុយ​អាចបង្ក​ឱ្យមាន​បញ្ហា​ផងដែរ ដែលអាច​ដឹងបាន​តាមការ​ពិនិត្យ​របស់​អ្នក​ជំនាញ។ ស្នាម​ប្រជ្រុយ​ទាំងអស់​ខ្លះ មើលទៅ​ធម្មតា ស្អាត អាក្រក់ និងជា​ប្រជ្រុយ​មាន​បញ្ហា ទើប​លោកអ្នក​មួយចំនួន​បាន​សម្រេច​ចិត្ដ​ទៅកាត់​ប្រជ្រុយ​ដែលមាន​បញ្ហា និង​អាក្រក់​មើល​ទាំងនោះ​ចោល។ ទន្ទឹម​នឹងនេះ​ក៏នៅ​មានក្ដី​បារម្ភ​ខ្វល់ខ្វាយ បន្ទាប់​ពីកាត់​ប្រជ្រុយ​ចេញ។

ផល​ប៉ះពាល់​នៃការ​កាត់​ប្រជ្រុយ

សូម​លោកអ្នក​កុំមាន​ការព្រួយ​បារម្ភ​ចំពោះការ​កាត់​ប្រជ្រុយ គឺ​មិនមាន​ផល​ប៉ះពាល់​អ្វីធ្ងន់ធ្ងរ​នោះទេ គ្រាន់តែ​វាបាន​បន្សល់ ជា​ស្លាកស្នាម​តិចតួច​នៅលើ​ស្បែក និង​កន្លែង​កាត់ចោល​តែ​ប៉ុណ្ណោះ។ ជាមួយ​គ្នានេះ​ផងដែរ គ្រូពេទ្យ​ជំនាញ​នឹង​ពិនិត្យ​មើលថា ប្រជ្រុយ​នោះ គួរ​កាត់ឬ​ទេ បើសិន​ជាពិនិត្យ​មើល​ឃើញថា​ប្រជ្រុយ​នោះអាច​នឹងបង្ក​ទៅជា​មហារីក​គឺតម្រូវ​ឱ្យកាត់ចេញ​តែម្ដង។ ប៉ុន្ដែ​ទោះបីជា​ពិនិត្យ​ដឹងថា​មិនបង្ក​ឱ្យមាន​បញ្ហាអ្វី​ក៏ដោយ​ក៏​លោកអ្នក​មួយ​ចំនួន​សម្រេច​ចិត្ដកាត់​ចេញដែរ ព្រោះ​ចង់បំបាត់​ប្រជ្រុយ​នោះ ចេញ​តែម្ដង។ ការកាត់​ប្រជ្រុយ​គ្រប់ប្រភេទ​នៅលើ​ស្បែក​មិនបង្ក​ឱ្យមាន​ផល​ប៉ះពាល់​ចំពោះ​បញ្ហា​សុខភាព​នោះទេ គឺ​គ្រាន់តែ​ធ្វើឱ្យស្បែក​លោកអ្នក​មាន​ស្លាកស្នាម​តែ​ប៉ុណ្ណោះ។

ដំបូន្មាន​អ្នក​ជំនាញ

បើសិន​លោកអ្នក​ទើបតែ​កាត់​ប្រជ្រុយ​ចេញ​ហើយ​មានការ​ប្រែប្រួល​ទៅជា​រមាស់ ហូរ​ឈាម ដុះចេញ​ធំ​ជាងមុន និង​មាន​អាការ​មិនធម្មតា​ក្រោយ​ពេល​ព្យាបាល លោកអ្នក​ត្រូវជួប​ពិគ្រោះជាមួយ​គ្រូពេទ្យ​ជំនាញ​ឱ្យបាន​ទាន់ពេល​វេលា ចៀសវាង​នូវផល​វិបាក​ផ្សេងៗ។ ចំពោះ​ការវះកាត់​កែសម្ផស្ស​ទាំងអស់ លោកអ្នក​គប្បី​ជួប​ជាមួយ​គ្រូពេទ្យ​ដែលមាន​ជំនាញ​ច្បាស់លាស់ ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​ដែលកើត​មកពី​ការ​ព្យាបាល​ដែលគ្មាន​ឯកទេស​ច្បាស់​លាស់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *