ដំណោះ​ស្រាយ​ចំពោះ​សំណង់​ផ្ទះ​ដែលគ្មាន​ចរន្ដ​ខ្យល់

នៅក្នុង​សំណង់​អគារ​ឬផ្ទះ ចរន្ដ​ខ្យល់​មាន​នាទី​សំខាន់​ក្នុងការ​ញំ​នាំខ្យល់​អាកាស​ចូល​ទៅក្នុង​ផ្ទះ​ឬអគារ ដើម្បី​ឱ្យមាន​ខ្យល់ពី​ធម្មជាតិ។ នៅពេល​ដែល​ក្នុងផ្ទះ​គ្មានខ្យល់​អាកាស​ពីធម្មជាតិ​គ្រប់គ្រាន់​នោះ​លោកអ្នក​ពិតជា​ត្រូវការ​ដំណោះ​ស្រាយ​ដ៏ល្អ​ចំពោះ​បញ្ហានេះ។ ការ​កែច្នៃ​ជួសជុល​សំណង់​ក្នុងផ្ទះ​តែបន្ដិច​គឺជា​ដំណោះ​ស្រាយ​មួយដ៏​ល្អក្នុង​ការបង្កើត​ឱ្យមាន​ចរន្ដ​ខ្យល់​នៅក្នុង​ផ្ទះ​របស់​លោកអ្នក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បាន​ទទួល​បទសម្ភាសន៍​ជាមួយ​លោក ជា សារិន នាយក​ក្រុមហ៊ុន​គ្រីនហ្គោល ដើម្បី​ធ្វើការ​បកស្រាយ​ពីបញ្ហា​ចរន្ដខ្យល់​នៅក្នុង​ផ្ទះ​របស់​លោកអ្នក។

ចរន្ដខ្យល់​ក្នុងផ្ទះ​ជាបញ្ហា​សំខាន់

ការមាន​ចរន្ដខ្យល់​នៅក្នុង​ផ្ទះ ឬ​អគារ ក្រៅពី​បង្កើត​ឱ្យមាន​ផល​ប្រយោជន៍​ហើយ​នោះ វាក៏​ជាកត្ដា​មិនល្អ​មួយ​ដ៏តូច​ផងដែរ។ ការដែល​សំណង់​ផ្ទះ​មាន​ចរន្ដខ្យល់​រត់ល្អ​បានផ្ដល់​ផល​ប្រយោជន៍ ដូចជា​ជួយកាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ច្រើន និង​ទទួល​បានខ្យល់​ធម្មជាតិ​គ្រប់គ្រាន់។ រីឯ​កត្ដា​ដែល​មិនល្អនោះ​គឺ​គ្រាន់តែ​ខ្យល់​ញំនាំ​ធូលីដី​ដែលបក់​មក​ជាមួយ​ខ្យល់ បណ្ដាល​ឱ្យមាន​សភាព កខ្វក់​នៅក្នុង​ផ្ទះ​ប៉ុណ្ណោះ។ សម្រាប់​ផ្ទះ​ដែល​នៅជាន់​ក្រោម និងជាន់​ទីមួយ គឺ​ចៀស​មិនផុត​ពីការ​មាន​ធូលីដី​នោះទេ តែ​សម្រាប់​នៅជាន់​ទីពីរ និង​ទីបី​គឺមិន​ចោទជា​បញ្ហា​ចំពោះ​ធូលីដី​នោះទេ ដោយសារ​តែក្នុង​បរិយាកាស​កាន់តែ​ខ្ពស់​ធូលីដី​កាត់បន្ថយ​កាន់តែ​តិចទៅៗ។ ដូចនេះ​ការ​ប្រើប្រាស់​ចរន្ដខ្យល់​ក្នុងផ្ទះ​ឬអគារ​ជាការ​ប្រសើរ​ដែលអាច​ធ្វើទៅ​បាន ទោះបីជា​បង្កឱ្យ​មានផល​ប៉ះពាល់​សម្រាប់​ជាន់ក្រោម និង​ទីមួយ​របស់ផ្ទះ​លោកអ្នក​ក៏ដោយ។ ប៉ុន្ដែ​ក៏មាន​ដំណោះ​ស្រាយ​មួយ​ចំពោះ​លោកអ្នក​ដែល​មិនសូវ​មាន​ពេលវេលា​ទំនេរ​គ្រប់គ្រាន់ ក្នុងការ​សម្អាតនោះ​គឺការ​ដាក់កញ្ចក់​ជិត​បំពាក់​ម៉ាស៊ីន​ត្រជាក់ ឬកង្ហារ​ជាការ​ស្រេច។

ការ​គ្រប់គ្រង​ល្បឿន​ខ្យល់

សំណង់​ផ្ទះ​អាច​សាងសង់​ដោយការ​គ្រប់គ្រង​ទៅលើ​ល្បឿន​ខ្យល់ បើសិន​ជាកម្លាំង​ខ្យល់​នៅខាងក្រៅ​អគារ​ខ្លាំង ហើយ​ចង់ឱ្យ​កម្លាំង​ខ្យល់​កាត់បន្ថយ​តិចចូល​ទៅក្នុង​ផ្ទះបាន​ន័យថា​ល្បឿនខ្យល់​នៅខាង​ក្រៅខ្លាំង​ចូលទៅ​ដល់ក្នុង​ផ្ទះមាន​ល្បឿន​យឺត គឺត្រូវ​សាងសង់​ឱ្យមាន​បង្អួច​ឬទ្វារ​ដែលនៅ​ចំទិស​ខ្យល់ចូល​ឱ្យមាន​ក្រឡាផ្ទៃ​ធំជាង​ច្រកដែល​នៅទិស​តម្រូវឱ្យ​ខ្យល់​ចេញ។ ដូចនេះ​ខ្យល់នឹង​មានល្បឿន​សមល្មម​នៅក្នុង​គេហដ្ឋាន​របស់​លោកអ្នក នេះដោយ​សារតែ​មូលហេតុ​កម្លាំង​ខ្យល់ចាល់។ បើសិន​ជាកម្លាំង​ខ្យល់​ខាងក្រៅ​មានល្បឿន​តិចហើយ​ចង់ឱ្យ​នៅក្នុងផ្ទះ​មានខ្យល់​ខ្លាំង គឺត្រូវ​ផ្លាស់ប្ដូរ​ច្រកខ្យល់​គឺឱ្យ​ទំហំ​ច្រកខ្យល់​ចូលតូច ហើយ​ច្រកដែល​ខ្យល់​តម្រូវ​ចេញ គឺត្រូវ​ឱ្យធំ។ ដូចនេះ​នៅពេល​ដែល​ច្រកខ្យល់​ត្រូវចេញ​មាន​ទំហំធំ​គឺធ្វើ​ឱ្យមាន​កម្លាំង​ទាញ​យកខ្យល់​ពី​ខាងក្រៅ​ឱ្យចូល​មកក្នុង​ផ្ទះមាន​កម្លាំងខ្លាំង​តែម្ដង។ បើសិនជា​លោកអ្នក​ចង់ឱ្យ​ល្បឿនខ្យល់​ខាងក្រៅ និងក្នុង​ផ្ទះមាន​កម្លាំង​ស្មើគ្នា គឺត្រូវ​ធ្វើច្រក​ខ្យល់ចេញ​ចូលឱ្យ​មាន​ក្រឡាផ្ទៃ​ស្មើ។

ដំណោះ​ស្រាយ​នៅពេល​ដែលគ្មាន​ខ្យល់

បើសិនជា​នៅក្នុង​តំបន់​ដែលគ្មាន​ខ្យល់​ហើយ​លោកអ្នក​ចង់ឱ្យ​មានខ្យល់​នៅក្នុង​គេហដ្ឋាន​របស់​លោកអ្នក​នោះ គឺត្រូវ​ធ្វើតាម​បច្ចេកទេស​មួយ​របស់​ស្ថាបត្យករ។ វិធីនេះ​ត្រូវធ្វើ​សម្រាប់ផ្នែកខាង​លើ​អគារ ឬ​ផ្ទះ នៅផ្នែក​ខាងលើ​ត្រូវមាន​កម្ពស់​យ៉ាងតិច​៤ទៅ​៦ម៉ែត្រ​ពីកន្លែង​ដែលយើង​រស់នៅ យើងបង្កើត​ឱ្យមាន​បរិយាកាស​មួយ​ដែលមាន​ខ្យល់ក្ដៅ​នៅផ្នែក​ខាងលើ​នោះ។ នៅពេល​ណាដែល​មានខ្យល់​ក្ដៅ ខ្យល់នោះ​វានឹង​រីកមាឌ​ធ្វើឱ្យ​ខ្យល់ហើរ​ឡើង​ទៅផ្នែក​ខាងលើ ហើយ​នៅ​តំបន់​នោះ​វាបង្កើត​បរិយាកាស​គ្មាន​ខ្យល់ ពេលនោះ​វានឹង​ទាញខ្យល់​ពីខាងក្រោម​ធ្វើឱ្យ​មាន​ចរន្ដខ្យល់​រត់បាន។ ពេលនោះ​នៅផ្នែក​ខាងក្រោម​នឹង​ត្រជាក់ ដោយសារ​តែខ្យល់​រត់​ឆ្លងកាត់​ហើរ​ទៅផ្នែក​ខាងលើ។

ដំបូន្មាន​អ្នក​ជំនាញ

ការមាន​ចរន្ដខ្យល់​នៅក្នុង​ផ្ទះមិន​ត្រឹមតែ​ផ្ដល់ផល​ប្រយោជន៍​មានខ្យល់​ធម្មជាតិ​បង្កភាព​ងាយស្រួល​ក្នុងការ​រស់នៅ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​កាត់បន្ថយ​ការ​ចំណាយ​ទៅលើ​សេវាកម្មប្រើប្រាស់​ថាមពល​អគ្គិសនី​បាន​ទៀតផង។ នេះក៏ជា​ផ្នែកមួយ​ដែលជួយ​ក្នុងការ​សន្សំ​សំចៃ​ថវិកា​ក្នុងក្រុម​គ្រួសារ​របស់​លោកអ្នក​បានមួយ​ចំណែក​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥១ ខែមេសា ឆ្នាំ២០១០

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *