ជម្ងឺ​មហារីក​មាត់ស្បូន​កំពុង​ក្លាយជា​បញ្ហា​ធ្ងន់ធ្ងរ​មកលើ​ស្ដ្រីទូទៅ

ជម្ងឺ​មហារីក​មាត់ស្បូន​បាន​ក្លាយជា​ប្រធានបទ​យ៉ាង​ក្ដៅគគុក ដែល​ធ្វើឱ្យ​ស្ដ្រី​គ្រប់រូប​ខ្លាច​រអា។ ជម្ងឺ​មហារីក​មាត់ស្បូន ប្រសិន​បើ​មិនបាន​ព្យាបាល​ទាន់ពេល​វេលា នោះ​ស្ដ្រីនឹង​បាត់បង់​ជីវិត​ជាមិន​ខានឡើយ។ ស្ដ្រី​គួរតែ​តាមដាន​សុខភាព​ជាប្រចាំ ជាពិសេស​ទាក់ទង​នឹង​ប្រភេទ​ជម្ងឺ​មហារីក​ដែល​កំពុងតែ​មាន​កំណើន​ខ្ពស់​គួរឱ្យ​កត់​សម្គាល់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

អត្រា​ភាគរយ​នៅតែ​កើនឡើង​ទៅលើ​ស្ដ្រី​ដែលមាន​ជម្ងឺ​មហារីក​មាត់ស្បូន

លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជម្ងឺ​មហារីក​ទូទៅ និងជា​ប្រធាន​ផ្នែក​ជម្ងឺ​មហារីក​នៃ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ-សូវៀត បានមាន​ប្រសាសន៍​ប្រាប់​ទស្សនាវដ្ដី សុខភាពយើង​ថា បច្ចុប្បន្ននេះ​ជម្ងឺ​មហារីក​មាត់ស្បូន​កើត​ចំពោះ​ស្ដ្រីមាន​អត្រា​ដល់ទៅ​២៥ភាគរយ​នៃជម្ងឺ​មហារីក​ទាំងអស់ ហើយ​ជម្ងឺនេះ​ភាគច្រើន​កើតមាន​ទៅលើ​ស្ដ្រីមាន​អាយុ​ពី៤៥​ដល់៥០ឆ្នាំ​ច្រើនជាង​គេ ហើយ​មាន​អត្រាខ្ពស់​បំផុត។ មិនតែ​ប៉ុណ្ណោះ​ស្ដ្រី​ក្រោម​អាយុ​៣៥ឆ្នាំ​ក៏អាច​កើតមាន​ជម្ងឺ​មហារីកមាត់​ស្បូន​បានដែរ តែវា​មាន​ត្រឹមតែ​១៧ភាគរយ​ប៉ុណ្ណោះ​នៃជម្ងឺ​មហារីក​ទាំងអស់ ហើយ​ក៏អាច​ប្រឈម​មុខនឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​បានយ៉ាង​លឿន​ជាងគេ​ផងដែរ។ ចំពោះ​ស្ដ្រី​ដែល​មានវ័យ​ចាប់ពី​៦០ឆ្នាំ​ឡើង​គឺមាន​ភាគរយ​តិចតួច​បំផុត ហើយ​អ្នក​ជម្ងឺ​អាច​រស់បាន​យូរជាង​ស្ដ្រីដែល​កើតមាន​ជម្ងឺ​មហារីក​មាត់ស្បូន​ដែលមាន​អាយុ​ក្រោម​៣៥ឆ្នាំ ឬ​ស្ដ្រីមាន​ពីអាយុ​៤៥ដល់​៥០ឆ្នាំ។ បច្ចុប្បន្ននេះ​អត្រា​ភាគរយ​កើនឡើង​ហាក់ដូច​ខ្ពស់ជា​លំដាប់ ដោយ​សារតែ​ស្ដ្រីមួយ​ចំនួន​មានយល់​ដឹងអំពី​ការ​ថែរក្សា​សុខភាព​ផ្លូវភេទ​នៅមាន​កម្រិត​ទាប ដូចជា​បាន​ត្រឹមតែ​ចាប់​អារម្មណ៍​តែ​ប៉ុណ្ណោះ តែការ​អនុវត្ដន៍​ហាក់​នៅមិន​ទាន់​ជ្រាប​ច្បាស់​នៅឡើយ។

មូលហេតុ​ដែល​បណ្ដាល​ឱ្យមាន​ជម្ងឺ​មហារីក​មាត់ស្បូន

ជម្ងឺ​មហារីក​ស្បូននេះ​ត្រូវបាន​គេរក​ឃើញ​មូលហេតុ​នៅឆ្នាំ​២០០៨ គឺ​បណ្ដាល​មកពី​ស្ដ្រីទាំង​នោះខ្វះ​ការ​អនាម័យ​ផ្លូវភេទ រួមភេទ​មិនបាន​ត្រឹមត្រូវ មាន​មេរោគ​ឆ្លងតាម​ការ​រួមភេទ​ចូលទៅ​កោសិកា​មាត់ស្បូន ហើយ​បញ្ជូន​ហ្សែន​របស់​មេរោគ​ឈ្មោះ HPV។ បន្ទាប់​ពីមាន​មេរោគ​HPV​ឆ្លងចូល​ហើយ បណ្ដាល​ឱ្យការ​ប្រែប្រួល​កោសិការ​បស់​ស្ដ្រី​បន្ដិចម្ដងៗ​ក្នុង​រយៈពេល​ពី១៥-២០ឆ្នាំ ទើប​ស្ដ្រីនោះ​អាចកើត​ជម្ងឺ​មហារីក​ស្បូន។ មហារីក​មាត់ស្បូន​ជាជម្ងឺ​កាច​សហាវ​បំផុត​ដែល​ស្ដ្រី​ទូទៅ​ងាយនឹង​ជួប​ប្រទះ ហើយ​គេបាន​រកឃើញ វ៉ាក់សាំង​ចាក់​ការពារ​មហារីក​មាត់​ស្បូន​ចំពោះ​ស្ដ្រី​ពីអាយុ​១០-៤០ឆ្នាំ ដែល​វ៉ាក់សាំង​នោះអាច​ការពារ​ស្ដ្រី​ទាំងនោះ​ចៀសផុត​ពីការ​ប្រឈម​មុខនឹង​ជម្ងឺ​មហារីក​មាត់ស្បូន​បាន​រហូត​ដល់​ទៅ៨០​ភាគរយ​ឯណោះ។

វិធី​ប្រុងប្រយ័ត្ន​ចំពោះ​ជម្ងឺ​មហារីក​មាត់ស្បូន

ដើម្បី​ការពារ និង​កាត់​បន្ថយ​ពីជម្ងឺ​មហារីក​មាត់​ស្បូន ស្ដ្រី​ទាំងឡាយ​ត្រូវតែ​ធ្វើការ​សម្អាត​ទ្វារមាស​ឱ្យបាន​ស្អាត​ជាប្រចាំ ជាពិសេស​ក្រោយពេល​រួមភេទ​ជាមួយ​ដៃគូ ហើយ​ត្រូវ​ជ្រើសរើស​វិធី​រួមភេទ​ឱ្យបាន​ត្រឹមត្រូវ និង​ត្រូវយក​ចិត្ដទុក​ដាក់​ថែរក្សា សុខភាព​ផ្លូវភេទ​ឱ្យបាន​ល្អ ព្រោះ​បញ្ហានេះ​អាច​កាត់បន្ថយ​ជម្ងឺ​មហារីក​មាត់ស្បូន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *