បទពិសោធន៍​​​អ្នកជម្ងឺ​​​រាក់​​​ស៊ីធ្មេញ

ភាពខ្វះអនាម័យមាត់ធ្មេញអាចបង្កឱ្យកើតជម្ងឺ​ជាច្រើន​នៅក្នុង​មាត់ ជាពិសេស​ជម្ងឺរាក់​ស៊ីធ្មេញ ក៏កកើត​ដោយសារ​តែការ​កង្វះ​អនាម័យ​នេះដែរ។ រាក់ស៊ីធ្មេញ​ជាប្រភេទ​ជម្ងឺដែល​កើតងាយ​បំផុត​នៅលើ​ធ្មេញ និងអញ្ចាញ​ធ្មេញ។ ជម្ងឺរាក់​ស៊ីធ្មេញ​នេះ បានបង្ក​ឱ្យមាន​ផលប៉ះ​ពាល់​ជាច្រើន ដូចជា​ធ្វើឱ្យ​បាត់បង់​សោភ័ណភាព និងកើត​មានបញ្ហា​ក្លិនមាត់​ជាដើម។​

រូបភាពទស្សនាវដ្តីសុខភាពយើង

កាលពីលេខមុនៗ លោកអ្នកនាងកញ្ញា​បានជ្រាប​អំពី​បទពិសោធន៍​របស់អ្នក​ជម្ងឺ​ជាច្រើន​បន្ដបន្ទាប់​រួចមកហើយ។ ជាមួយ​ គ្នានេះ​ទស្សនាវដ្ដី ​សុខភាពយើង បានជួប​ជាមួយលោក ចំរើន រស់នៅ​ខេត្ដកំពង់ចាម ​អាយុ៣៨ឆ្នាំ។ លោកបាន​រៀបរាប់​អំពីផល​ លំបាក​នៃជម្ងឺ​រាក់ស៊ីធ្មេញ​នេះ។

លោក ចំរើន បានរៀបរាប់ឱ្យដឹងថា សព្វថ្ងៃនេះ​លោកមាន​កូន៤នាក់ ហើយការ​ចំណាយ​ក៏វា​ច្រើនដែរ។ ពីមួយ​ថ្ងៃទៅមួយ​ ថ្ងៃលោក​មានការ​មមាញឹក​នឹង​ការងារ​ច្រើនណាស់ ដោយលោក​ទៅធ្វើ​ជាជាង​សំណង់ និងពេល​ទំនេរលោក​បានឆ្លៀត​ទៅរត់​ម៉ូតូឌុប​ ដើម្បីរក​ប្រាក់ចិញ្ចឹម​គ្រួសារ។ ដូចនេះ​លោកមិន​សូវជា​យកចិត្ដ​ទុកដាក់​នៅក្នុង​កាថែរក្សា​សុខភាព​មាត់ធ្មេញ​ឱ្យបាន​ល្អនោះទេ​ ​ដោយ នៅក្នុង​មួយថ្ងៃ​លោក​ធ្វើការ​សម្អាតធ្មេញ​តែមួយ​ដងឬ​ពីរដង ​ជួនកាល​ថ្ងៃខ្លះ​មិនបាន​សម្អាតនោះទេ ដោយគ្រាន់​តែខ្ពុរមាត់​ជាមួយ​ នឹងទឹក​ធម្មតា​តែប៉ុណ្ណោះ ជាហេតុ​ធ្វើឱ្យ​ធ្មេញរបស់​លោកមាន​កំបោរ​ជាច្រើន តែលោក​នៅតែ​មិនរវល់​ដដែល។​

មានថ្ងៃមួយអញ្ចោញធ្មេញរបស់លោក ចំរើន ស្រាប់តែ​ហើមឡើង រំលង​បានជា​ពីរបីថ្ងៃ​ក្រោយមក​ស្រាប់តែ​មាន​ឈាមហូរ​ ​ចេញតាម​អញ្ចាញធ្មេញ​តែលោក​នៅតែ​មិន​រវល់​ដដែល។ ការហូរ​ឈាមចេញ​តាមអញ្ចាញ​ធ្មេញនេះ​នៅតែមាន ហើយវា​កើតឡើង​ជា​ញឹកញាប់​ទៀតផង។ នៅពេល​ដែលឃើញ​មាន​ឈាមហូរ​មក​ញឹកញាប់​បែបនេះ លោកនឹក​ស្រមៃ​ថាលោក​អាចកើត​ជម្ងឺ​មហារីក​ ​មាត់ធ្មេញ​ធ្វើឱ្យ​លោក​ភ័យណាស់ ហើយលោក​ក៏ប្រញាប់​មក​ពិនិត្យធ្មេញ​នៅ​មន្ទីរពេទ្យ​មិត្ដភាពខ្មែរ-សូវៀត​តែម្ដង។ លទ្ធផល​ចេញ មក​គឺលោក​កើតមាន​ជម្ងឺ​រាក់ស៊ីធ្មេញ។ នៅពេល​នេះលោក​ក៏បាន​ធ្វើការ​ព្យាបាល​ជា​សះស្បើយ​ហើយ។ លោកមិន​ដែលធ្វេស​ប្រហែស​ ​នៅក្នុង​ការ​ថែរក្សា​សុខភាព​មាត់ធ្មេញ​នោះទេ។ មិនត្រឹមតែ​ប៉ុណ្ណោះ​លោកបាន​ធ្វើការ​ណែនាំ​ដល់​គ្រួសារ​របស់លោក​ឱ្យចេះ​ថែទាំ​សុខភាព​មាត់​ធ្មេញ​ថែមទៀត​ផង។

ដំបូន្មានអ្នកជំនាញ

លោកទន្ដបណ្ឌិត ញាណ ភិរម្យ ​ប្រធាន​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​ព្យាបាល​ធ្មេញបស្ចិម​មានប្រសាសន៍​ប្រាប់​ទស្សនាវដ្ដី​ សុខភាពយើង ថាជម្ងឺ​រាក់ស៊ីធ្មេញ​នេះវា​កើតឡើង​ដោយសារ​តែលោក​អ្នកមិន​បានធ្វើ​ការ​សម្អាត​សុខភាព​មាត់ធ្មេញ​ឱ្យបាន​ស្អាតល្អ​ ដែល​អាច​បង្កឱ្យ​កើតទៅ​ជា​កំបោរ​ជាប់​នឹងធ្មេញ។ កាលណា​ដែលមាន​កំបោរ​នៅជាប់​នឹងធ្មេញ​ហើយ អាចធ្វើ​ឱ្យអញ្ចាញ​នៃធ្មេញ​មាន ការ​ហូរឈាម​ចេញមក ហើយបើ​ដំណាក់កាល​ធ្ងន់ធ្ងរ​ធ្មេញអាច​រង្គើឬ​ក៏ជ្រុះដោយ​ឯងថែម​ទៀតផង។ ការ​ដាក់ធ្មេញ​នៅលើ​អញ្ចាញ​ក៏ ជា​ចំណុច​មួយដែល​អាចធ្វើ​ឱ្យកើត​មានជម្ងឺ​រាក់ស៊ីធ្មេញ​ផងដែរ។ ដូចនេះ​ដើម្បី​​​​​​​​ការពារ​កុំឱ្យ​កើតមាន​ជម្ងឺរាក់ស៊ីធ្មេញ​ លោក​អ្នកនាង​ កញ្ញា​គួរតែ​ធ្វើការ​សម្អាត​ធ្មេញ​នៅក្នុង​មួយថ្ងៃ​ឱ្យបាន​បីដង ជាពិសេស​ត្រូវតែ​ប្រើប្រាស់​ទឹកថ្នាំ​ខ្ពុរមាត់​ឱ្យបានស្អាត បន្ទាប់​ពីទទួល​ ទានអា​ហារ​ហើយ។ ​លើសពី​នេះបើ​សិនជា​លោកអ្នក​កើតមាន​រោគរាក់​ស៊ីធ្មេញ លោកអ្នក​ត្រូវតែ​ស្វែងរក​សេវា​ថែទាំ​សុខភាព​មាត់ ធ្មេញ​ដែលមាន​ជំនាញ និងមាន​សុវត្ថិភាព​ល្អទើប​ជាការ​ប្រសើរ។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៣ ខែមេសា ឆ្នាំ២០១១
Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *