កន្សោមកូនមានតួនាទីសំខាន់ណាស់ សម្រាប់ផលិតមេជីវិតរបស់ស្ដ្រីរៀងរាល់ខែ ដោយមេជីវិតនោះរួមផ្សំជាមួយមេជីវិត បុរសនៅពេលរួមភេទបានបង្កកំណើតបានជាកូន។ ផ្ទុយទៅវិញបើកន្សោមកូននោះមានបញ្ហាអ្វីមួយហើយ ស្ដ្រីទាំងឡាយគួរប្រុងប្រយ័ត្ន ព្រោះថាកន្សោមកូនមានតួនាទីថែរក្សា និងបំប៉នកូនដែលបានបង្កកំណើតជារៀងរាល់ខែ ដើម្បីឱ្យទារកនោះមានកម្លាំងធំ ធាត់ និងបណ្ដុះអវយវៈគ្រប់គ្រាន់រហូតដល់គ្រប់ខែថ្ងៃ ដើម្បីប្រសូតចេញក្រៅ ដោយសុខភាពរឹងមាំ។
ដើម្បីឱ្យជ្រាបច្បាស់ ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត មិត្ដ ផេង ឯកទេសរោគស្ដ្រី និងសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត និងគ្លីនិកវិសាល។
កន្សោមកូនជាអ្វី?
កន្សោមកូនឬអូវែរមានសារៈប្រយោជន៍ និងជាអ្នកដើរតួដ៏សំខាន់ក្នុងការផលិតមេជីវិតរបស់ស្ដ្រីជារៀងរាល់ខែម្ដង ហើយវាបញ្ចេញមកខាងក្រៅដើម្បីឱ្យដៃស្បូនមានតួនាទីចាប់យកមេជីវិតនោះយកទៅរក្សាទុកនៅក្នុងស្បូនបង្កកំណើតបានជាកូន ប្រសិនបើស្ដ្រីពេញវ័យនោះបានរួមភេទមានន័យថាបានជួបជាមួយនឹងមេជីវិតឈ្មោល ហើយកន្សោមកូនក៏ជាឧបសម្ព័ន្ធអមរបស់សរីរៈស្បូន និងដៃស្បូន។
មូលហេតុខូចកន្សោមកូន
មូលហេតុដែលបណ្ដាលឱ្យកន្សោមកូនខូច គឺដោយសារតែការខ្វះនូវអនាម័យ កើតឡើងដោយសារមេរោគគ្រប់ប្រភេទរបស់ស្ដ្រី ដែលជ្រាបចូលតាមទ្វារមាស និងធ្វើដំណើរតាមដៃស្បូនឬស្បូន បង្កឱ្យមានខ្ទុះក្នុងស្បូន។ ដោយពុំមានការព្យាបាលឱ្យទាន់ពេលវេលា វានឹងរាលដាលដល់កន្សោមកូន។ កន្សោមកូននៅពេលដែលរងនូវឥទ្ធិពលចង្រៃពីមេរោគនានាដែលជ្រាបចេញពីស្បូននោះហើយ វានឹងធ្វើឱ្យចលនារបស់កន្សោមកូនចុះខ្សោយ មិនអាចរក្សាទុកនូវមេជីវិតឬបន្សាំនូវការបង្កកំណើតកូនឱ្យបានស្ថិតស្ថេរបានឡើយ។ ប្រសិនបើមានករណីធ្ងន់ធ្ងរធ្វើឱ្យរលាកកន្សោមកូនតែម្ដងនោះ វានឹងបំផ្លាញនូវមេជីវិតទាំងស្រុងមិនអាចឱ្យស្ដ្រីមានកូន អស់មួយជីវិត ហើយអាចប៉ះពាល់ទៅលើសុខភាពនិងឈានដល់ការបាត់បង់ជីវិតផងដែរ។ ម្យ៉ាងទៀតមូលហេតុដែលបណ្ដាលឱ្យខូចកន្សោមកូននេះ ក៏អាចបណ្ដាលមកពីខ្ទុះក្នុងស្បូន និងរលាកដៃស្បូនធ្ងន់ធ្ងរផងដែរ។
រោគសញ្ញានៃការខូចកន្សោមកូន
ស្ដ្រីដែលមានបញ្ហាខូចកន្សោមកូនបានបង្ហាញជារោគសញ្ញាថាមានអាការឈឺចុកចាប់ពេញផ្ទៃពោះ ក្ដៅខ្លួនខ្លាំង ធ្លាក់សច្រើន ជួនអាចធ្លាក់ឈាមច្រើនតាមទ្វារមាស ដោយសារការរលាកកន្សោមកូននេះប៉ះពាល់ដល់ដៃស្បូន និងបែកហូរឈាមតែម្ដង។ រោគសញ្ញាបន្ទាប់បន្សំ មានដូចជាឈឺចុកចាប់ផ្នែកខាងក្រោមពេលស្ទាប ឈឺចាប់ពេលរួមភេទ អាចហូរខ្ទុះតាមទ្វារមាស ឬនោមឈឺ។ រោគសញ្ញាទាំងនេះអាចបណ្ដាលឱ្យស្ដ្រីឈានដល់ការរលាកទ្វារមាស និងរលាកមាត់ស្បូនផងដែរ។
វិធីព្យាបាលការខូចកន្សោមកូន
ក្រោយពេលយករោគសញ្ញាមកធ្វើការវិនិច្ឆ័យឃើញថា មានជម្ងឺរលាកកន្សោមកូនហើយគឺត្រូវធ្វើការព្យាបាលឱ្យទាន់ពេលវេលា ព្រោះជម្ងឺនេះអាចព្យាបាលឱ្យជាសះស្បើយបាន។ ប្រសិនបើដល់ដំណាក់កាលចុងក្រោយរហូតមានខ្ទុះក្នុងស្បូន ឬរលាកកន្សោមកូនធ្ងន់ធ្ងរ ហើយគ្រូពេទ្យមិនអាចព្យាបាលឱ្យជាសះស្បើយបានឡើយ។ ព្រោះវាបានបង្កឱ្យរាលដាលធ្ងន់ធ្ងរដល់អាងត្រគាកឬមានជម្ងឺស្អិតពោះវៀន អ្នកជម្ងឺអាចប្រឈមមុខនឹងការបាត់បង់ជីវិត ទោះបីមានការប្រឹងប្រែងយកចិត្ដទុកដាក់ព្យាបាលពីសំណាក់គ្រូពេទ្យយ៉ាងណាក៏ដោយ។
វិធីបង្ការការខូចកន្សោមកូន
ដើម្បីការពារកុំឱ្យជម្ងឺរលាកកន្សោមកូន ស្ដ្រីគ្រប់រូបត្រូវចេះអនាម័យប្រដាប់ភេទឱ្យបានត្រឹមត្រូវ និងទៀងទាត់ ព្រោះជម្ងឺនេះបានរីកសាយភាយពីមេរោគដែលជ្រាបឡើងតាមទ្វារមាស និងធ្វើដំណើរតាមដៃស្បូន ហើយក៏ជំរុញឱ្យមានការរលាកកន្សោម កូនរហូតដល់ខូចខាតតែម្ដង។ ម្យ៉ាងទៀតបើសិនស្ដ្រីគ្រប់រូបពិនិត្យឃើញថា ការខូចកន្សោមកូននេះបណ្ដាលមកពីបញ្ហា រលាកស្បូន និងរលាកដៃស្បូន មិនត្រូវធ្វើការរួមភេទញឹកញាប់ពេកនោះទេ ហើយការរួមភេទត្រូវជ្រើសរើសវិធីត្រឹមត្រូវ ដែលមានការការពារ ដោយមានការប្រុងប្រយ័ត្នខ្ពស់ទៀតផង។ ព្រោះថាការរួមភេទដោយពុំមានសុវត្ថិភាពអាចធ្វើឱ្យស្ដ្រីដែលមានអាការរលាកនេះទទួលរងកាន់តែធ្ងន់ធ្ងរថែមទៀត។ ដោយសារពេលខ្លះ មេរោគសង្គមមួយចំនួនបានឆ្លៀតឱកាសជ្រៀតចូលតាមរយៈការរួមភេទនេះតែម្ដង។ ដូច្នេះស្ដ្រីគ្រប់រូបត្រូវការពារឱ្យបានត្រឹមត្រូវចំពោះជម្ងឺនេះ ព្រោះវាអាចកាត់ផ្ដាច់ជីវិតបានផងដែរ។
ផលប៉ះពាល់នៃការរលាកកន្សោមកូន
ចំពោះផលប៉ះពាល់ដែលបណ្ដាលឡើងដោយជម្ងឺរលាកកន្សោមកូននេះអាចបណ្ដាលឱ្យស្ដ្រីមួយចំនួនរងគ្រោះធ្ងន់ធ្ងរបាន ប្រសិនមិនធ្វើការព្យាបាលដំណាក់កាលដំបូងឱ្យបានជាសះស្បើយនោះទេ។ មិនតែប៉ុណ្ណោះអាចបង្កឱ្យមានជម្ងឺស្អិតពោះវៀន មានជម្ងឺរលាកផ្លូវទឹកនោម និងរលាកផ្លូវបញ្ចេញលាមក ហើយអាប់សែទៀតផង។ លើសពីនេះធ្វើឱ្យកម្លាំងថាមពលមានការចុះខ្សោយ ស្គមស្គាំង មិនមានលទ្ធភាពផលិតមេជីវិតបានទៀតផង។ មិនតែប៉ុណ្ណោះអាចអត់កូនអស់មួយជីវិត ប្រសិនបើជម្ងឺរលាកកន្សោមកូននេះរ៉ាំរ៉ៃ។ នៅពេលដែលមានការរាលដាលដល់ដៃស្បូនហើយ បើមិនធ្វើការព្យាបាលទាន់ពេល វាអាចបែកដៃស្បូនហូរឈាម ច្រាលពេញពោះឬអាចធ្លាក់ឈាមតាមទ្វារមាស បង្កគ្រោះថ្នាក់ដល់អាយុជីវិតតែម្ដង។ លើសពីនេះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ ដូចជារលូតកូន កើតកូនមកស្លាប់ កូនក្រៅស្បូន ឬអាចមហារីកស្បូន។
ដំបូន្មានអ្នកជំនាញ
ដើម្បីចៀសវាងកុំឱ្យមានអាការរលាកកន្សោមកូនរហូតដល់ខូចនោះ ស្ដ្រីគ្រប់រូបត្រូវធ្វើការអនាម័យប្រដាប់ភេទឱ្យបានល្អ និងឧស្សាហ៍ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យអាការរោគរបស់ខ្លួនឱ្យបានទៀងទាត់។ ម្យ៉ាងទៀតបើស្ដ្រីទាំងឡាយមានអាការ ដែលបង្ហាញជារោគសញ្ញាធ្លាក់សខុសប្រក្រតី និងធ្លាក់ឈាមច្រើនឬឧស្សាហ៍ក្ដៅខ្លួន ត្រូវរួសរាន់ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាលទាន់ពេលវេលា ដើម្បីកុំឱ្យជម្ងឺនេះរីករាលដាលទៅរកសភាពធ្ងន់ធ្ងរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០
Leave a Reply