ដើម្បីភាពស្រស់ស្អាត និងទាន់សម័យ សុភាពនារីមួយចំនួនតែងតែស្វែងរកនូវអ្វីថ្មី ហើយប្លែកនៅក្នុងការតុបតែងខ្លួនក៏ដូចជាផ្ទៃមុខ។ ការតុបតែងមុខបែបថៃជាវិធីសាស្ដ្រមួយដែលមិត្ដនារីអាចជ្រើសរើសធ្វើតាមដើម្បីធ្វើឱ្យផ្ទៃមុខមានភាពស្រស់ស្អាត ស៊ីវិល័យបានថែមមួយកម្រិត។ ការតុបតែងមុខបែបថៃគ្មានអ្វីលំបាកនោះទេ បើសិនជាសុភាពនារីអនុវត្ដទៅតាមការណែនាំរបស់អ្នកជំនាញនោះ។
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយកញ្ញា បេ អង មេជាងប្រចាំហាងស៊ីនឌី ដើម្បីពន្យល់អំពីវិធីនៅក្នុងការតុបតែងមុខបែបថៃ។
ប្រការល្អគួរយល់ដឹងនៅពេលតុបតែងមុខ
កាលពីលេខមុន សុភាពនារីបានជ្រាបរួចមកហើយអំពីវិធីនៅក្នុងការតុបតែងមុខតាមបែបផ្សេងៗ។ នៅលេខនេះ ទស្សនាវដ្ដី សុខភាពយើង នឹងលើកយកវិធីនៅក្នុងការតុបតែងមុខបែបថៃបន្ថែមទៀត ដើម្បីឱ្យមិត្ដនារីបានជ្រាបហើយអនុវត្ដ ដែលធ្វើឱ្យផ្ទៃមុខមានភាពស្រស់ស្អាត ហើយប្លែក។ សម្រាប់មិត្ដនារីគ្រប់រូបដែលនិយមតុបតែងមុខបែបថៃ ដើម្បីភាពស្រស់ស្អាត ចាំបាច់ត្រូវតែយកចិត្ដទុកដាក់ រួមផ្សំនឹងការច្នៃប្រឌិតទើបទទួលបានផលល្អ។ មុនពេលចាប់ផ្ដើមតុបតែងមុខ គួរតែរៀបចំឧបករណ៍ សម្រាប់តុបតែងឱ្យបានសព្វគ្រប់ទាំងអស់ ជាពិសេសត្រូវលុបលាងមុខឱ្យបានស្អាតជាមុនសិន។ ការតុបតែងមុខក៏តម្រូវទៅលើពន្លឺផងដែរ ដូច្នេះស្ដ្រីទាំងឡាយគួរជ្រើសរើសកន្លែងតុបតែងណាដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ មិនងងឹតពេក ដើម្បីងាយស្រួលក្នុងការតុបតែង ចៀសវាងលាបទៅមើលឃើញស ឬក្រាស់ពេក។
វិធីតុបតែងមុខបែបថៃ
ជាដំបូងត្រូវចាប់ផ្ដើមប្រើម្សៅទ្រនាប់លាបផ្ទៃមុខ មិនក្រាស់ពេកមិនស្ដើងពេក បន្ទាប់មកទៀតត្រូវផាត់ម្សៅហុយ ដើម្បីធ្វើឱ្យជាប់បានយូរហើយធ្វើឱ្យផ្ទៃមុខម៉ដ្ឋរលោង។ ចំពោះចិញ្ចើមអាចប្រើម៉ាស្ការ៉ាលាបលើរោមចិញ្ចើម ឬក៏ប្រើខ្មៅដៃគូសចិញ្ចើមពណ៌សូកូឡា ដោយគូសឱ្យធំគល់ដើម្បីឱ្យឃើញច្បាស់ ពីទ្រង់ទ្រាយរបស់ចិញ្ចើម។ បន្ទាប់មកត្រូវប្រើម្សៅពណ៌ផាត់ភ្នែក ពណ៌ស ឬក៏ពណ៌ប្រាក់ សម្រាប់សុភាពនារីដែលចង់បានភាពសិចស៊ី។ ចំណែកឯត្របកភ្នែកវិញត្រូវតែប្រើពណ៌ខ្មៅ ឬពណ៌សូកូឡា។ ខ្មៅដៃគូសខ្សែត្របកភ្នែកត្រូវគូសពណ៌ខ្មៅ អាចជួយឱ្យភ្នែកមើលទៅធំជាងមុន និងភ្លឺមុត ដោយគូសអូសឱ្យវែងហួសកន្ទុយភ្នែកបន្ដិច។ រីឯម្សៅពណ៌ដែលត្រូវផាត់ថ្ពាល់វិញសុភាពនារីគួរតែប្រើពណ៌ផ្កាឈូក ដើម្បីឱ្យមើលទៅមានភាពស្រស់ថ្លា។ ជាបន្ទាប់មកទៀតសូមប្រើក្រែមរលោងពណ៌ស្រាលស្ដើង ដូចជាពណ៌ផ្កាឈូកខ្ចី បន្ទាប់មកត្រូវប្រើទឹករលោងនៅលើបបូរមាត់។ ជាចុងក្រោយ សុភាពនារីត្រូវប្រើម៉ាស្ការ៉ាលាបនៅលើរោមភ្នែក ដើម្បីជួយបន្ថែមសោភ័ណភាពរោមភ្នែក ឱ្យមើលទៅឃើញក្រាស់ ឬក៏បិតរោមភ្នែកពីលើដើម្បីឱ្យឃើញកាន់តែស្រស់ស្អាត។ ចំពោះវិធីតុបតែងមុខបែបនេះ អាចប្រើបានសម្រាប់យុវវ័យ និងអាចចូលរួមបានគ្រប់កម្មវិធី ដូចជាពិធីរៀបមង្គលការ ពិធីជប់លៀង ជាពិសេសពិធីរាត្រីស្រមោលស។
ដំបូន្មានអ្នកជំនាញ
នៅពេលផាត់មុខរួចមិត្ដនារីគួរតែត្រួតពិនិត្យឱ្យបានម៉ត់ចត់។ ប្រសិនបើមើលទៅមិនបានល្អគ្រប់កន្លែង ទោះតិចតួចក្ដីគួរតែកែលម្អឱ្យបានប្រសើរឡើងវិញ។ ប៉ុន្ដែបើសិនជាខុសច្រើនពេក ហើយលំបាកនៅក្នុងការកែលម្អគួរតែលុបចោលទាំងអស់រួចចាប់ផ្ដើមតុបតែងសាជាថ្មី។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០
Leave a Reply