សុដន់ដែលមានសភាពហើម ក្រហម និងមានការឈឺចុកចាប់ ជារោគសញ្ញាដែលអាចបញ្ជាក់ថាមិត្ដនារីអាចកើតមានជម្ងឺបូសដោះបានដែរ។ ជម្ងឺបូសដោះនេះបានបង្កឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់ស្ដ្រីដែលជាអ្នកជម្ងឺ ដូចជាធ្វើឱ្យខូចក្រពេញទឹកដោះជាដើម។ ដូចនេះហើយសម្រាប់ស្ដ្រីដែលជាអ្នកជម្ងឺតែងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខភាពរបស់ខ្លួន ហើយបានរិះរកគ្រប់វិធីដើម្បីព្យាបាលជម្ងឺនេះ។
ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ផ្ទាល់ជាមួយលោកវេជ្ជបណ្ឌិត អ៊ូច ឌីណា ឯកទេសផ្នែកសម្ពព និងរោគស្ដ្រីនៅមន្ទីរពេទ្យកាល់ម៉ែត លោកនឹងធ្វើការពន្យល់អំពីជម្ងឺបូសដោះស្ដ្រី រួមទាំងផលប៉ះពាល់ដើម្បីឱ្យស្ដ្រីគ្រប់រូបបានយល់ និងជ្រាប ឱ្យកាន់តែច្បាស់អំពីជម្ងឺនេះ។
អ្វីទៅជាជម្ងឺបូសដោះស្ដ្រី?
ជម្ងឺបូសដោះស្ដ្រីគឺជាជម្ងឺមួយប្រភេទដែលមានការគុំខ្ទុះនៅក្នុងសុដន់ ដែលបណ្ដាលមកពីការឆ្លងរោគផ្សេងៗ ឬបណ្ដាលមកពីការមានរបួសស្នាមនៅនឹងសុដន់ ដែលកើតឡើងដោយប្រការណាមួយ។
មូលហេតុដែលបង្កឱ្យកើតជម្ងឺបូសដោះ
ជម្ងឺបូសដោះស្ដ្រីនេះ អាចបណ្ដាលមកពីកត្ដាជាច្រើនយ៉ាងដូចជា ៖
- ក្បាលសុដន់មានស្លាកស្នាម ឬរបួសដោយសារមូលហេតុផ្សេងៗជាច្រើន ដែលប៉ះទង្គិចជាមួយសុដន់
- បណ្ដាលមកពីការឆ្លងចូលនូវពពួកបាក់តេរី
- ការស្ទះរន្ធសុដន់ ដែលធ្វើឱ្យកកស្ទះទឹកដោះ
- ការរលាកកន្សោមសុដន់រ៉ាំរ៉ៃ
- បណ្ដាលមកពីអ្នកដែលធ្លាប់កើតជម្ងឺរបេងដោះ
- អ្នកជម្ងឺស្វាយក្រាបលើដោះក៏អាចបណ្ដាលឱ្យកើតជម្ងឺបូសដោះបានដែរ
- ចំណែកឯអ្នកជម្ងឺមហារីកសុដន់ក៏អាចបណ្ដាលឱ្យកើតជម្ងឺបូសដោះបានដូចគ្នាដែរ។
រោគសញ្ញាជម្ងឺបូសដោះ
ជាការពិតណាស់ជម្ងឺបូសដោះស្ដ្រីបានបញ្ចេញអាការមួយចំនួនទាំងខាងក្នុងសុដន់ និងក្រៅសុដន់ដូចជា ៖
- រលាកក្រពេញសុដន់ស្រួចស្រាវ
- មានការឈឺចុកចាប់នៅខាងក្នុងសុដន់
- សុដន់មានសភាពហើមប៉ោង ហើយឡើងក្រហមនេះជាដំណាក់កាលនៃការគុំខ្ទុះ
- បើសិនជាអ្នកជម្ងឺចុច ឬសង្កត់លើកន្លែងគុំខ្ទុះមានការឈឺចុកចាប់ខ្លាំងហើយព្រួកៗ។
វិធីព្យាបាលជម្ងឺបូសដោះស្ដ្រី
ជម្ងឺបូសដោះស្ដ្រីមិនអាចធ្វើការព្យាបាលនៅផ្ទះដោយខ្លួនឯងបាននោះទេ គឺត្រូវមកជួបជាមួយគ្រូពេទ្យដែលមានជំនាញ ដើម្បីឱ្យអ្នកជំនាញធ្វើការព្យាបាល។ ហើយចំពោះវិធីព្យាបាលនេះ មានដូចជាធ្វើការវះកាត់រន្ធតូចនៅកន្លែងដែលកើតជម្ងឺ ដើម្បីបង្ហូរខ្ទុះចេញមកខាងក្រៅ ឬក៏ប្រើថ្នាំផ្សះទៅតាមមូលហេតុ ដែលបង្កឱ្យកើតមានជម្ងឺនេះ។
វិធីការពារដើម្បីកុំឱ្យកើតមានជម្ងឺបូសដោះ
ដើម្បីការពារកុំឱ្យកើតមានជម្ងឺនេះ ស្ដ្រីគ្រប់រូបត្រូវតែធ្វើការសម្អាតសុដន់ឱ្យបានស្អាតល្អ ជាពិសេសចំពោះសម្លៀកបំពាក់ ខាងក្នុងត្រូវតែឧស្សាហ៍ផ្លាស់ប្ដូរ ហើយនៅពេលដែលធ្វើការបោកសម្អាតត្រូវតែហាលឱ្យត្រូវពន្លឺថ្ងៃជានិច្ច ដើម្បីការពារកុំឱ្យឆ្លង មេរោគផ្សេងៗ ជាហេតុដែលបង្កឱ្យកើតមានជម្ងឺនេះ។ បើសិនជាមានអាការមិនស្រួលចំពោះសុដន់ ស្ដ្រីគ្រប់រូបត្រូវតែប្រញាប់ មកជួបជាមួយអ្នកជំនាញ ដើម្បីឱ្យអ្នកជំនាញពិនិត្យ និងស្វែងរកជម្ងឺផ្សេងៗ ចៀសវាងកើតមានដំណាក់កាលធ្ងន់ធ្ងរ។
ផលប៉ះពាល់នៃជម្ងឺបូសដោះស្ដ្រី
ជម្ងឺបូសដោះបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរសម្រាប់ស្ដ្រីដែលជាអ្នកជម្ងឺ ដែលអាចធ្វើឱ្យខូចក្រពេញទឹកដោះ ដែលបណ្ដាលឱ្យមានភាពមិនប្រក្រតីនៅក្នុងការផលិតទឹកដោះ។ នៅពេលបំបៅកូននឹងអាចធ្វើឱ្យខូចសោភ័ណភាព និងទ្រង់ទ្រាយ របស់សុដន់ជាដើម។
ដំបូន្មានអ្នកជំនាញ
សម្រាប់ស្ដ្រីគ្រប់រូបបើសិនជាមានអាការមិនស្រួលដូចដែលបានរៀបរាប់ខាងលើ ត្រូវតែប្រញាប់មកជួបជាមួយអ្នកជំនាញ ដើម្បីឱ្យអ្នកជំនាញពិនិត្យ និងធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា ចៀសវាងកើតមានដំណាក់កាលធ្ងន់ធ្ងរដែលពិបាកនៅក្នុងការព្យាបាល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០
Leave a Reply