ភ្នែកគឺជាសរីរៈសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូបដែលធម្មជាតិបានបង្កើតឡើងឱ្យមានដល់មនុស្សសត្វ ដើម្បីជាផ្នែកមួយសម្រាប់សម្លឹងមើលគ្រប់ទិសទីដែលមាននៅជុំវិញខ្លួនទាំងអស់ ដើម្បីបញ្ជាក់និងដឹងថានោះគឺជាអ្វី ហើយព្រឹត្ដិការណ៍អ្វីកើតឡើង ផងដែរ។ ប៉ុន្ដែបើភ្នែកលោកអ្នកមានបញ្ហាអ្វីមួយ ដូចជាព្រឹល មើលអ្វីមិនច្បាស់ និងងងឹត ឬមានជម្ងឺអ្វីមួយហើយនោះ លោកអ្នក កំពុងតែជួបបញ្ហាប្រឈមមុខយ៉ាងច្រើនបាត់បង់នូវឱកាសគ្រប់បែបយ៉ាងក្នុងឆាកជីវិត។
ជាមួយគ្នានេះដែរ ទស្សនាវដ្ដី សុខភាពយើង បានលើកយកបញ្ហាជម្ងឺមហារីកភ្នែកយកមកបកស្រាយ ដោយមានការផ្ដល់ ប្រឹក្សាយោបល់ដោយលោកវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជម្ងឺមហារីក នៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ធ្វើការបកស្រាយដូច តទៅ។
ជម្ងឺមហារីកគ្រាប់ភ្នែកជាអ្វី?
ជម្ងឺមហារីកភ្នែកគឺជាជម្ងឺធ្ងន់ធ្ងរមួយដែលភាគច្រើនកើតមាននៅលើមនុស្សវ័យក្មេងច្រើនជាងទៅលើមនុស្សចាស់។ ជម្ងឺ នេះច្រើនកើតមានដោយសារមានការបម្រែបម្រួលហ្សែនខុសធម្មតា តាំងពីកុមារចាប់កំណើតនៅក្នុងពោះមាតាដែលមិនទាន់ក្លាយ ទៅជាមនុស្សមិនទាន់ពេញលក្ខណៈមកម្ល៉េះ។ ហើយភាសាវេជ្ជសាស្ដ្រគេហៅថា រ៉េហ្ស៊ីណូប្លាសស្ដូម មានន័យថាជម្ងឺមហារីកគ្រាប់ភ្នែក កើតនៅលើស្រទាប់រ៉េទីន ហើយរ៉េទីនគឺជាកន្លែងកោសិកាវិភាគរូបភាពដែលឱ្យភ្នែកយើងមើលឃើញ។
មូលហេតុដែលបណ្ដាលឱ្យមានជម្ងឺមហារីកគ្រាប់ភ្នែក
រហូតមកទល់ពេលនេះខាងវេជ្ជសាស្ដ្រមិនទាន់ដឹងថា ជម្ងឺមហារីកភ្នែកនេះកើតឡើងដោយសារអ្វីឱ្យពិតប្រាកដនោះទេ ប៉ុន្ដែគេអាចដឹងបានថា គឺកើតឡើងដោយសារមានការបម្រែបម្រួលហ្សែននៅពេលទារកចាប់ផ្ដើមបង្កកំណើតនៅក្នុងផ្ទៃម្ដាយ ហើយ ការប្រែប្រួលហ្សែនឈានដល់ចុងក្រោយបំផុត គឺអាចធ្វើឱ្យក្មេងដែលកើតមកនោះ អាចកើតជម្ងឺមហារីកគ្រាប់ភ្នែក ព្រោះដល់ពេលជម្ងឺនេះចាប់ផ្ដើមកើតមានហើយដុំនៅក្នុងបាតភ្នែករីកធំឡើងៗ គ្រាប់ភ្នែកលៀនចេញក្រៅ។ រោគសញ្ញាបែបនេះហើយគេកត់សម្គាល់ថាជាជម្ងឺមហារីកគ្រាប់ភ្នែក។
រោគសញ្ញាជម្ងឺមហារីកគ្រាប់ភ្នែក
មុនដំបូងជម្ងឺមហារីកភ្នែកនៅពេលកើតតិចៗ វាមិនបានបង្ហាញនូវអាការៈឬរោគសញ្ញាអ្វីផ្សេងឡើយ។ លុះត្រាតែវាកើត ឡើងធំ ហើយអ្នកជម្ងឺលៀនគ្រាប់ភ្នែកចេញមកក្រៅ។ បន្ទាប់មកអ្នកជម្ងឺចាប់ផ្ដើមចុះថមថយមិនអាចសម្លឹងមើលឱ្យកាន់តែ ច្បាស់នោះឡើយ។ អ្នកជម្ងឺចាប់ផ្ដើមមានការឈឺចាប់កើតមានជាបន្ដបន្ទាប់ខ្លាំងឡើងៗ ហើយចេញរោគសញ្ញាលៀនគ្រាប់ភ្នែកចេញ មកក្រៅ។
វិធីព្យាបាលជម្ងឺមហារីកគ្រាប់ភ្នែក
ដើម្បីព្យាបាលជម្ងឺនេះ មុនដំបូងគ្រូពេទ្យបានចាប់ផ្ដើមច្រឹបយកសាច់បាតភ្នែកយកទៅពិសោធន៍មើល បន្ទាប់ពីដឹងថាជា ជម្ងឺមហារីកភ្នែកហើយ គ្រូពេទ្យចាប់ផ្ដើមព្យាបាលដោយចាក់ថ្នាំគីមី និងលេបថ្នាំមួយចំនួន ក្រោយមកអាការៈលៀនគ្រាប់ភ្នែកចេញ មកក្រៅនេះក៏ស្រកអស់ ក្រោយពីរលាយដុំមហារីកនៅក្នុងបាតភ្នែក។ ជម្ងឺនេះភាគច្រើនព្យាបាលទទួលបានលទ្ធផលល្អជាងគេ។ មានន័យថា ការព្យាបាលមានកម្រិតភាគរយខ្ពស់ក្នុងការជាសះស្បើយ។ តែជម្ងឺនេះបើព្យាបាលមិនទាន់ទេ ក៏អាចមានគ្រោះថ្នាក់ដល់ អាយុជីវិតផងដែរ។ ព្រោះថា ប្រសិនបើមេរោគមហារីកនេះស៊ីដល់ក្នុង ឬបាតខួរក្បាលវាធ្វើឱ្យអ្នកជម្ងឺមានគ្រោះថ្នាក់តែម្ដង មិនអាច ស្រោចស្រង់បានឡើយ បើទោះបីប្រឹងព្យាបាលចាក់ថ្នាំរំលាយដុំមហារីកឱ្យរលាយក៏ដោយ។
វិធីការពារជម្ងឺមហារីកគ្រាប់ភ្នែក
មកទល់ពេលនេះមិនទាន់រកឃើញមធ្យោបាយការពារជម្ងឺមហារីកគ្រាប់ភ្នែកបាននៅឡើយទេ។ ព្រោះគេមិនអាចស្វែងរក ការចាក់វ៉ាក់សាំងការពារ ឬរកឃើញមធ្យោបាយការពារដំណាក់កាលដំបូងៗបាននោះទេ ដោយតែជម្ងឺនេះកើតឡើងនៅក្នុងបាត គ្រាប់ភ្នែកគឺមិនអាចរកឃើញថាវានឹងកើតជម្ងឺមហារីកនេះនៅពេលណាឡើយ។ ម្យ៉ាងទៀតជម្ងឺនេះកើតនៅដំណាក់កាលតិចៗវាមិន បង្ហាញនូវរោគសញ្ញាអ្វីគួរឱ្យកត់សម្គាល់នោះទេ ដូច្នេះការកំណត់រោគសញ្ញាមហារីកភ្នែកនេះគឺជារឿងមួយពិបាកបំផុត។ លុះត្រាតែ ដល់់កម្រិតលៀនគ្រាប់ភ្នែកទើបដឹងថា វាជាជម្ងឺមហារីកគ្រាប់ភ្នែកតែម្ដង។
ផលប៉ះពាល់ចំពោះជម្ងឺមហារីកគ្រាប់ភ្នែក
នៅពេលដែលលោកអ្នកកើតជម្ងឺមហារីកគ្រាប់ភ្នែកហើយ ផលប៉ះពាល់មុនដំបូងនោះគឺភ្នែក វាអាចធ្វើឱ្យខ្វាក់ភ្នែក ព្រោះ វាកើតនៅលើស្រទាប់វិភាគរូបភាពរបស់ភ្នែក បន្ទាប់មកវាបាននាំពន្លឺភ្នែកចូលទៅបាតភ្នែកដល់ចំណុចដុំមហារីកនេះ ធ្វើឱ្យភ្នែកងងឹត មើលមិនច្បាស់ ឬអាចខ្វាក់ភ្នែកតែម្ដង។ ជម្ងឺមហារីកគ្រាប់ភ្នែកនេះ ៨០ភាគរយគឺវាស៊ីហើយលៀនចេញមកខាងមុខ។ ប៉ុន្ដែរោគ សញ្ញាបង្ហាញមកបែបនេះគឺងាយស្រួលក្នុងការព្យាបាល ភាគច្រើនអ្នកជម្ងឺអាចព្យាបាលជាសះស្បើយ។ ដោយឡែកប្រសិនបើវាស៊ី ចូលទៅខាងក្នុងវិញ វាពិបាកព្យាបាលជាទីបំផុត ហើយអ្នកជម្ងឺអាចប្រឈមមុខនឹងការបាត់បង់ជីវិតផងដែរ។ ព្រោះថាដុំសាច់ មហារីកបានកាត់ផ្ដាច់ប្រព័ន្ធចលនាធ្វើដំណើររបស់សរសៃឈាម ដែលមានទំនាក់ទំនងគ្នាក្នុងការចិញ្ចឹមខួរក្បាលនោះ ធ្វើឱ្យរាំងស្ទះ និងចាប់ផ្ដើមធ្វើឱ្យអាការៈជម្ងឺកាន់តែធ្ងន់ទៅៗតែម្ដង រហូតដល់មិនអាចព្យាបាលជាសះស្បើយ។
ដំបូន្មានអ្នកជំនាញ
ឪពុកម្ដាយទាំងឡាយ ប្រសិនបើឃើញកូនខ្លួនឯងមានភ្នែកមួយចំហៀងខុសប្លែកពីធម្មតា ទោះបីកូនមិនទាន់ឈឺ មិនទាន់ ខ្វាក់ភ្នែកក៏ដោយ គឺត្រូវប្រញាប់យកកូនទៅមន្ទីរពេទ្យឱ្យលឿន ឬទៅរកពេទ្យភ្នែកតែម្ដង ដើម្បីឱ្យគ្រូពេទ្យឆ្លុះមើលបាតភ្នែក។ ពេល នោះគេអាចរកឃើញដំណាក់កាលដំបូងៗ ហើយធ្វើការព្យាបាលឆាប់ជាសះស្បើយ មិនអាចបង្កឱ្យមានជម្ងឺធ្ងន់ធ្ងររហូតដល់ថ្នាក់មាន ជម្ងឺមហារីកឡើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply