វីតាមីន (ត) ៖ វីតាមីន​បេ៨

វីតាមីន​បេ៨​ជាវីតាមីន​មាន​កេរ្ដិ៍ឈ្មោះ​សម្រាប់​សក់ និង​ស្បែក។ លោកអ្នក​បាន​ជ្រាប​ហើយ​អំពី​តួនាទី និង​លក្ខណៈ​ពិសេស ដោយឡែក​ពីគ្នា​នៃវីតាមីន​ទាំងឡាយ​នៅលើ​ទំព័រ​ទស្សនាវដ្ដី សុខភាពយើង លេខមុនៗ។ នៅលេខ​នេះ ទស្សនាវដ្ដី សុខភាពយើង បន្ដ​បើក​កកាយ និងផ្ដល់​ព័ត៌មាន​លម្អិត​អំពី​វីតាមីន​បេ៨​ជាបន្ដ​ទៅទៀត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

តួនាទី​វីតាមីន​បេ៨

វីតាមីន​បេ៨ ឬ​ហៅ​ជាភាសា​គីមីសាស្ដ្រ​ថា ប៊ីយ៉ូទីន ឬជា​វីតាមីន​ហាស់(H) ឬ​វីតាមីន​សក់ មាន​តួនាទី​ពិសេសៗ​ដូច​តទៅ។

  • សំខាន់​នៅក្នុង​មេតា​បូលីស ៖ វីតាមីន​បេ៨​មាន​តួនាទី​សំខាន់​មិនអាច​ខ្វះបាន​សម្រាប់​ប្រតិកម្មសរីរាង្គកាយ​(មេតាប៉ូលីស) របស់​សារជាតិស្ករ​ក្លុយ​ស៊ីដ ជាតិសាច់​ប្រូទីដ និង​ជាតិខ្លាញ់​លីពីដ។ ហើយ​វីតាមីន​បេ៨​នេះក៏​ដើរតួនាទី​សំខាន់​ផងដែរ​នៅក្នុង​ដំណើរ​ការ​សំយោគ​វីតាមីន​បេ៩ និង​វីតាមីន​បេ១២។
  • ជួយ​សុខភាព​សក់ ៖ វីតាមីន​បេ៨​ជួយទប់​ស្កាត់​ឬកាត់​បន្ថយ​ការ​ជ្រុះសក់ ព្រមទាំង​ទប់ស្កាត់ការ​ឆាប់ស្កូវ​សក់ ឬការ​ប្រែពណ៌​សក់​មិនខ្មៅ​ក្រិប​ទៅជា​ពណ៌​ប្រផេះ​ឬសព​​​​​​​​​​​​​​​​​​​ព្រុស​ជាដើម។
  • ជួយ​សុខភាព​ស្បែក ៖ ម្យ៉ាងទៀត​វីតាមីន​បេ៨​ក៏ដើរ​តួនាទី​សំខាន់​ជួយ​ដល់ការ​ជាសះស្បើយ​នៃ​ស្បែក ជាពិសេស​ពេលស្បែក​មាន​បញ្ហា និង​ស្បែក​កើត​ត្រអក។

របប​អាហា​រូបត្ថម្ភ​ប្រចាំថ្ងៃ​របស់​វីតាមីន​បេ៨

ខ្លួនប្រាណ​មនុស្ស​ត្រូវការ​ទទួលទាន​ចូល​ជាប្រចាំ​នូវ​វីតាមីន​បេ៨ ក្នុង​បរិមាណ​ចំនួន​៥០មីក្រូក្រាម​ជាមធ្យម។ តួលេខ​នេះ អាច​កើតឡើង​ឬថយចុះ​ទៅតាម​តម្រូវការ​ជាក់​ស្ដែង និង​ដោយ​ឡែក​ផ្សេងទៀត។

កង្វះ​វីតាមីន​បេ៨​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព

ប្រសិនបើ​មនុស្ស​យើង​ទទួលទាន​វីតាមីន​បេ៨​មិនបាន​គ្រប់គ្រាន់​ទេ អាច​នាំឱ្យ​ប៉ះពាល់ដល់​សុខភាព​គួរឱ្យ​កត់​សម្គាល់។ ផល​ប៉ះពាល់​ទាំងនោះ រួមមាន​ដូចជា​អស់​កម្លាំង វិបត្ដិ​ប្រព័ន្ធប្រសាទ ចង្អោរ សុខភាព​ស្បែក​មិនល្អ សក់​មិនល្អ មិនឃ្លាន​ចំណី​អាហារ ស្រក​ទម្ងន់ ចុះស្គម​ជាដើម។

ចំណី​អាហារ​ដែលមាន​ជាតិវីតាមីន​បេ៨

វីតាមីន​បេ៨​មាន​នៅលើ​ចំណី​អាហារ​មួយចំនួន​ដូចតទៅ ៖

  • ស៊ុតពណ៌​លឿង
  • គ្រាប់​ធញ្ញជាតិ
  • មេស្រាបៀរ
  • គ្រាប់អង្ករ​ឬបាយ​ពណ៌​លឿង​(បាយអង្ករ​សម្រូប)
  • ផ្លែឈើ
  • វីតាមីន​បេ៨​នេះកើត​ចេញ​មកពី​ពោះវៀនតូច​ដែលមាន​សុខភាព​ល្អ និង​ផ្លរល្អ។

ពេលដែល​គួរ​ប្រើប្រាស់​ថ្នាំ​វីតាមីន​បេ៨

ជំពូក​មនុស្ស​ដែល​គួរតែ​ប្រើប្រាស់​ថ្នាំវីតាមីន​បេ៨​បន្ថែម​មាន​ដូចតទៅ ៖

  • អ្នក​ដែល​ជ្រុះសក់
  • អ្នក​ដែលមាន​ក្រចក​ផុយស្រួយ​មិនល្អ
  • អ្នក​ដែលមាន​បញ្ហា​ស្បែក ដូចជា​ត្រអក រោគមុន ឬ​រលាក​ស្បែក
  • អ្នកដែល​ឧស្សាហ៍​ឈឺចាប់​តាម​សាច់ដុំ។

តម្រូវការ​ថ្នាំ​វីតាមីន​បេ៨​ជាប្រចាំថ្ងៃ

លោកអ្នក​អាច​ប្រើប្រាស់​វីតាមីន​បេ៨​នេះ​ប្រមាណ​ជា៥០មីក្រូក្រាម ក្នុង​ករណី​ធម្មតា។ កម្រិត​ប្រើប្រាស់​អាច​កំណត់​ទៅតាម​ករណី​នីមួយៗ។

អត្ថបទ​ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *