វិធី​ថែរក្សា​សម្រស់​របស់​ស្ដ្រី​មេផ្ទះ

សម្រាប់​ស្ដ្រី សម្រស់​ប្រៀប​ដូចជា​វត្ថុទិឰ​ប្រចាំ​កាយ។ បើសិន​ជា​បាត់បង់​វត្ថុនេះ លោកស្រី​អ្នកនាង​កញ្ញា​នឹងក្លាយ​ទៅជា​មនុស្ស​ស្រី​ដែល​មិនមាន​ការ​ចាប់​អារម្មណ៍ និង​មិនគួរ​ជាទី​គយគន់ចំពោះ​អ្នកដទៃ​នោះទេ។ ជាការ​ព្រួយបារម្ភ​បំផុត​នៅពេល​ដែល​ស្ដ្រី បាត់បង់​រូប​សម្ផស្ស។ ដូចនេះ​ទោះបី​ជា​លោកស្រី​អ្នកនាង​កញ្ញា​ក្លាយ​ទៅជា​ភរិយា​មួយរូប​ក៏​ចាំបាច់​ត្រូវ​គិតគូរ​ពី​បញ្ហាសម្រស់​ជាសំខាន់ ក្រៅពីការ​បំពេញ​តួនាទី​ជាស្ដ្រី​មេផ្ទះ ទុកដាក់​កូនចៅ រៀបចំ​ផ្ទះ​សម្បែង យកចិត្ដ​និង​ថែទាំ​ស្វាមី។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកស្រី សាពណ៌ នាយិកា​សាលា​បង្រៀន​កែសម្ផស្ស និង​ជំនាញ​ក្នុងការ​រៀបចំ​គេហដ្ឋាន បាន​បកស្រាយ​តាមរយៈ ទស្សនាវដ្ដី សុខភាពយើង ពីវិធី​ថែរក្សា​សម្រស់​របស់​ស្ដ្រី​មេផ្ទះ។

តួនាទី​ជាស្ដ្រី​មេផ្ទះ

ជាទូទៅ​ស្ដ្រី​មេផ្ទះ​មិនមាន​កិច្ច​ការងារ​អ្វីក្រៅ​ពីរឿង​ផ្ទះសម្បែង​នោះទេ។ កិច្ចការ​របស់​ស្ដ្រីមេផ្ទះ​គឺជា​ភារកិច្ច​ដែល​គប្បី​បំពេញ​តួនាទី​ឱ្យ​គួរជាទី​ពេញចិត្ដ​សម្រាប់​គ្រួសារ។ ការងារ​ជាស្ដ្រី​មេផ្ទះ​មានច្រើន ដូចជា​ការ​សម្អាត រៀបចំ​គេហដ្ឋាន ដើរផ្សារ ធ្វើម្ហូប អប់រំ​កូនៗ ផ្គាប់ចិត្ដ​លោកប្ដី និង​មាន​កិច្ច​ការងារ​ជាច្រើន​ទៀត ប៉ុន្ដែក៏​នៅមាន​ពេល​ឆ្លៀត​សម្រាក​ផងដែរ។ ក្រៅពីការ​ផ្គាប់ផ្គន់​ចិត្ដ​ស្វាមី និង​មើលថែ​អប់រំ​កូនៗ ស្ដ្រី​មេផ្ទះ​គួរត្រូវ​ឆ្លៀតពេល​វេលា​ដើម្បី​ថែរក្សា​សុខភាព និង​សម្រស់​របស់​ខ្លួនឯង​ផងដែរ។

ឆ្លៀតពេល​គិតគូរ​ពីបញ្ហា​សម្រស់

កិច្ចការ​របស់​ស្ដ្រី​មេផ្ទះ​នៅពេល​ព្រឹក​គឺជា​កិច្ចការ​ធ្វើម្ហូប​ពេលព្រឹក​ជូន​ស្វាមី និង​កូនៗ រួច​ត្រូវ​ដើរផ្សារ​ទិញម្ហូប​ដើម្បី​ត្រៀម​អាហារ​ពេល​ថ្ងៃត្រង់។ បន្ទាប់​មក​គឺអាច​មានពេល​សម្រាក​រហូត​ជិតដល់​ការ​រៀបចំ​ម្ហូបអាហារ​ថ្ងៃត្រង់។ ដូចនេះ​ស្ដ្រី​មេផ្ទះ​គប្បី​ឆ្លៀតយក​វេលា​នេះមក​ធ្វើការ​ថែទាំ​សម្រស់​របស់​ខ្លួន ដោយ​វិធី​បិទម៉ាស​លើ​ផ្ទៃមុខ វិធី​ថែរក្សា​មុខ​ដោយ​ធម្មជាតិ​ដោយ​យក​បន្លែ ឬ​ផ្លែឈើ មក​ចិតបិទ​លើ​ផ្ទៃមុខ ខាត់ស្បែក​ដោយ​សាប៊ូ​ខាត់ស្បែក​ដោយ​ខ្លួនឯង ឬក៏​ទៅហាង​ដើម្បី​ម៉ាស្សា​មុខ​ឬ​ដងខ្លួន​ក៏បាន​ដែរ។ បើសិន​ជាគិតថា​ពេលព្រឹក​មិនសូវ​ជាអាច​ឆ្លៀតពេល​វេលា​បាន​នោះទេ គឺអាច​ជ្រើសរើស​យកពេល​ថ្ងៃ​បន្ទាប់​ពីបាយ​ថ្ងៃត្រង់​ក៏បាន​ដែរ។ ការ​ឆ្លៀត ចំណាយ​ពេល​វេលា​សម្រាប់​ស្ដ្រី​មេផ្ទះ ដើម្បី​ថែទាំ​សម្រស់​ខ្លួនឯង​នោះគឺ​អាស្រ័យ​ទៅលើពេលវេលា​អំណោយ​ផល។

កុំគិត​ថាជា​រឿង​ចំណាយ​ពេលច្រើន

ជាទូទៅ​ស្ដ្រី​មេផ្ទះ​មានការ​រវល់ច្រើន​ដែល​ស្ទើរតែ​គ្មានពេល​គិតគូរ​ពីបញ្ហា​សម្រស់​នោះទេ។ ប៉ុន្ដែ​ជាមនុស្ស​ស្រី សម្រស់​ជាភាព​ចាំបាច់​ណាស់​ដែលត្រូវ​យកចិត្ដ​ទុកដាក់ ទោះបីជា​លោកស្រីអ្នកនាង​ស្ថិត​ក្នុងវ័យ​ណាក៏​ដោយ។ ដើម្បី​ឱ្យខ្លួន​ក្លាយ​ទៅជា​មនុស្ស ដែលគួរ​ឱ្យចាប់​អារម្មណ៍ និង​គួរជាទី​គយគន់​សម្រាប់​ស្វាមី​នោះ ការ​ឆ្លៀតពេល​វេលា​ដើម្បី​គិតគូរ​ពីសម្រស់ មិនមែន​ជារឿង​ដែល​ចោទឱ្យ​មានបញ្ហា​នោះទេ។

ដំបូន្មាន​អ្នក​ជំនាញ

ទោះបីជា​យ៉ាងណា​ស្ដ្រី​មេផ្ទះ​ត្រូវឱ្យ​មាន​ពេលវេលា​សម្រាប់​ខ្លួនឯង​ក្នុងការ​ថែទាំ​សម្រស់។ សូម​កុំគិត​ថានេះ​ជារឿង​ឥត​ប្រយោជន៍ ព្រោះ​សម្រាប់​ស្ដ្រី​សម្រស់​គឺជា​របស់​ដែលល្អ​ផូរផង់​នៅជាប់​ខ្លួន​ជានិច្ច។ ស្ដ្រី​មេផ្ទះ​មិនត្រូវ​ឱ្យខ្លួន​នៅតែ​ក្នុងផ្ទះ​នោះទេ គប្បី​ដើរចេញ​មកសង្គម​ខាងក្រៅ ដើម្បី​សិក្សា​ស្វែងយល់​ពី​ខ្លួនឯង និង​បង្កើន​សមត្ថភាព​ចំណេះ​ដឹង​របស់​ខ្លួនឯង​ក្នុង​នាម​ជាម្ដាយ និង​ប្រពន្ធ ឈ្លាស​វៃ​មួយរូប។ ស្ដ្រី​ក៏មាន​សិទ្ធ​បញ្ចេញ​សមត្ថភាព ព្រមទាំង​មានសិទ្ធ​ផ្ដល់​ឱកាស និង​ពេលវេលា​ឱ្យ​ខ្លួនឯង​មានភាព​សប្បាយ​រីករាយ​ទៀតផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *