ថែរក្សា​សុដន់ មុន និង​ក្រោយពេល​សម្រាល

ការ​ថែរក្សា​សុដន់​ជារឿង​មួយដែល​សំខាន់​សម្រាប់​ស្ដ្រី​គ្រប់រូប ជាពិសេស​ការ​ថែរក្សា​សុដន់​មុន និង​ក្រោយពេល​សម្រាល។ ចំពោះស្ដ្រី​ដែល​មិនបាន​ថែរក្សា ឬ​អនាម័យ​សុដន់​ឱ្យបាន​ល្អ អាច​បណ្ដាល​ឱ្យកើត​មាន​បញ្ហា​ផ្សេងៗ​មិនចេះ​ចប់​មិនចេះ​ហើយ។ អ្វីដែល​សំខាន់​នោះគឺ​អាចបង្កឱ្យ​មានបញ្ហា​ចំពោះ​ទារក​នៅពេល​ដែល​បំបៅ​ដោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយ​លោកស្រី អ៊ូ សារឿន ឆ្មប​រដ្ឋបម្រើ​នៅមជ្ឈ​មណ្ឌល​ជាតិគាំពារ​មាតា និង​ទារក ដើម្បី​អញ្ជើញ​ពន្យល់​អំពី​របៀប​នៅក្នុង​ការ​ថែរក្សា​សុដន់ មុន និង​ក្រោយពេល​សម្រាល​បុត្រ។

កាយ​វិភាគ​សុដន់

សុដន់​ឬដោះ​ជាសរីរាង្គ​សម្រាប់​បញ្ចេញ​ទឹកដោះ​ដើម្បី​ចិញ្ចឹម​កូន។ សុដន់​មាន​គ្រប់រូបរាង និង​ទំហំ ហើយ​វាចាប់​ផ្ដើម​រីកធំ នៅពេល​ក្មេងស្រី​មាន​អាយុ​ចាប់ពី​១០ទៅ​១៥ឆ្នាំ គឺជា​ពេលឈាន​ចូល​ពេញវ័យ។ សុដន់​ត្រូវបាន​គេ​ចែកចេញ​ជារចនា​សម្ព័ន្ធ​៥យ៉ាង​ដូចតទៅ។

  • ក្រពេញ​សម្រាប់​ផលិត​ទឹកដោះ ៖ នៅពេល​ដែលស្ដ្រី​ចាប់ផ្ដើម​មាន​ផ្ទៃពោះ​ដោយ​រាប់ចាប់​ពី៥ទៅ​៦ខែ ក្រពេញ​ទឹកដោះ ចាប់ផ្ដើម​ផលិត​ទឹកដោះ។
  • បំពង់​សម្រាប់​បង្ហូរ​ទឹកដោះ ៖ ជាក្រពេញ​សម្រាប់​បង្ហូរ​ទឹកដោះ​ខាងក្នុង។
  • ថ្លុក ឬ​ឃ្លាំង​សម្រាប់​ផ្ទុក​ទឹកដោះ ៖ នៅពេល​ដែល​កូនបៅ ឃ្លាំង​ទឹកដោះ​គឺជា​កន្លែង​សម្រាប់​បញ្ចេញ​ទឹកដោះ។
  • ក្បាល​សុដន់ ៖ ជាកន្លែង​សម្រាប់​បង្ហូរ​ទឹកដោះ​មក​ខាងក្រៅ។
  • ក្បាល​សុដន់​(អារេអូល) ៖ ជាស្បែក​ដែលមាន​ពណ៌​ស្រអាប់​ខ្មៅ ឬក៏​ត្នោត ហើយ​គ្រាប់សតូចៗ​ដែល​នៅចុង​សុដន់ (ក្បាល​សុដន់​)គឺសម្រាប់​ផលិត​ជាតិខ្លាញ់ ដើម្បី​ឱ្យក្បាល​សុដន់ទន់​ស្អាត។

ការ​ថែរក្សា​សុដន់​មុនពេល​សម្រាល

ការ​ថែរក្ស​សុដន់​នៅមុន​ពេល​សម្រាល​ជារឿង​មួយដែល​សំខាន់​ណាស់​សម្រាប់​ស្ដ្រី​គ្រប់រូប។ ស្ដ្រីមាន​ផ្ទៃពោះ​គប្បី​លាងសម្អាត​សុដន់​ជាប្រចាំ ដើម្បី​ជួយឱ្យ​ទឹកដោះ​ចេញ​បានល្អ​ក្រោយពេល​សម្រាល និង​មិនមាន​ឆ្លង​មេរោគ។ នៅពេល​ជិត​គ្រប់ខែ សុដន់​ស្ដ្រី​មានចេញ​ទឹកពណ៌ស​ពីរន្ធ​នៃក្បាល​សុដន់ ដែល​ហៅថា​ទឹកដោះ​ដំបូង​របស់​ម្ដាយ។ ដោយ​សារតែ​មានការ​បម្រែ​បម្រួល​ក្រពេញ​អ័រម៉ូន​មួយចំនួន​បាន​បំពេញ​តួនាទី និង​ជំរុញ​សុដន់​ឱ្យបញ្ចេញ​ទឹកដោះ។ ដូចនេះស្ដ្រី​គ្រប់រូប​គួរតែ​ឧស្សាហ៍​សម្អាត​ចុងសុដន់​ឱ្យបាន​ស្អាត ដើម្បី​ការពារ​ការឆ្លង​នូវមេរោគ​ផ្សេងៗ ជាពិសេស​គឺចុង និង​រន្ធ​សុដន់​ត្រូវតែ​សម្អាត​ឱ្យស្អាត​ជាប្រចាំ។ វិធី​លាង​សម្អាត​ចុងសុដន់ឱ្យបាន​ស្អាតល្អ គឺ​ដុសលាង​ដោយ​ថ្នមៗ ដើម្បី​កុំឱ្យ​មានដី​នៅក្នុង​រន្ធ​សុដន់ ឬ​មេរោគ​ផ្សេងៗ​ដែល​នៅតោង​ជាមួយ​ចុងសុដន់។ ប៉ុន្ដែ​មិនត្រូវ​ទាញចុង​សុដន់​ឱ្យវែង​នោះទេ ព្រោះការ​ទាញ​ចុងសុដន់​ឱ្យវែង​មិនមាន​ប្រសិទ្ធភាព​ដូចការ​ទាញ​ក្រោយពេល​សម្រាល​នោះទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ថែរក្សា​សុដន់​ក្រោយពេល​សម្រាល

នៅពេល​សម្រាល​កូន​ហើយ ស្ដ្រី​ត្រូវប្ដូរ​ឥរិយាបថ រៀងរាល់​មុនពេល​ដែល​បំបៅ​ដោះកូន ត្រូវលាង​សម្អាត​សុដន់​ដោយ​ប្រើ កន្សែង​ជ្រលក់​ទឹកក្ដៅ​ឧណ្ហៗ​មកកជូត​សម្អាត​នៅលើ​សុដន់ និង​ចុងសុដន់​ឱ្យបាន​ស្អាត។ ត្រូវ​សម្អាតដៃ​ឱ្យបាន​ស្អាតល្អ​ផងដែរ។ ហើយ​ត្រូវទុក​ឱ្យសុដន់​ស្ងួតបន្ដិច​ទើប​ឱ្យកូន​បៅ។ បើសិន​ជាក្បាល​សុដន់​របស់ស្ដ្រី​ដែល​ជាម្ដាយ​ខ្លី ឬ​ក្បាលសុដន់​លឹប ដែលគេ​ហៅថា​ក្បាល​សុដន់​ខ្វាក់ ពេល​សម្អាត​ស្ដ្រី​ត្រូវទាញ​ចុងសុដន់​ដោយ​ប្រើដៃ​ថ្នមៗ​ជាប្រចាំ ដើម្បី​ឱ្យសុដន់​មានក្បាល​វែង​ងាយស្រួល​ឱ្យ​បំបៅកូន។ នៅក្រោយ​ពេល​បំបៅ​រួច មិន​ចាំបាច់​លាងសម្អាត​សុដន់​ភ្លាមៗ​នោះទេ ការធ្វើ​បែបនេះ​ដើម្បី​ឱ្យកូន​ស្គាល់​ក្លិន និង​កន្លែង​នៅពេល​ដែល​ទារកបៅ។

សារៈ​ប្រយោជន៍​នៃការ​ថែរក្សា​សុដន់

ការមាន​អនាម័យ​ចំពោះ​សុដន់បាន​ស្អាតល្អ សុខភាព​ក៏ល្អ ហើយ​អាចចៀស​ផុតពី​ជម្ងឺផ្សេងៗ។ ប៉ុន្ដែ​បើសិន​ស្ដ្រី​ដែលជា​ម្ដាយ​មិនមាន​អនាម័យ​សុដន់​ឱ្យបាន​ស្អាតល្អ​នោះទេ អាចធ្វើ​ឱ្យទារក​រាករូស ឬក៏​អាចបង្ក​ឱ្យមាន​ជ្រាំង​ក្នុងមាត់​របស់​ទារក ឬក៏​អាចបង្ក​ឱ្យទារក​ក្ដៅខ្លួន និង​អាច​កើតមាន​ជម្ងឺ​រលាក​ផ្លូវដង្ហើម​ថែមទៀត​ផង។

ប្រការ​គួរចៀស​វាង​ក្រោយពេល​សម្រាល

ស្ដ្រី​ទាំងឡាយ​បន្ទាប់ពី​សម្រាល​បុត្រ​ហើយ គប្បី​លាងសម្អាត​ក្បាល​សុដន់​ឱ្យបាន​ស្អាតល្អ និង​មាន​អនាម័យ។ ប៉ុន្ដែ​មិនត្រូវ​ប្រើប្រាស់​សាប៊ូដុស​នៅលើ​ក្បាលសុដន់​ឬក៏​ប្រើទឹកអប់​លាប​នៅលើ​ចុងសុដន់​នោះទេ ព្រោះ​អាចធ្វើ​ឱ្យប្រេះ​ចុងសុដន់ ហើយ​អាចបង្ក​ឱ្យមាន​ដំបៅ​ជាដើម។ ជាពិសេស​អាចបង្ក​ឱ្យមាន​ការ​ប៉ះពាល់​ចំពោះ​ទារក ដូចជា​រលាក​ផ្លូវដង្ហើម និង​ជម្ងឺ​ផ្សេងៗទៀត​ដែល​មិនអាច​ស្មានដល់។

ដំបូន្មាន​អ្នក​ជំនាញ

ការមាន​អនាម័យ​ធ្វើឱ្យ​សុដន់​មាន​សុខភាព​ល្អ អាចធ្វើ​ឱ្យស្ដ្រី​ចៀសផុត​ពីជម្ងឺ​ផ្សេងៗ។ ជាពិសេស​សម្រាប់​ស្ដ្រី​ដែលជា​ម្ដាយ មុនធ្វើ​ការ​បំបៅដោះ​ឱ្យកូន ត្រូវ​សម្អាត​សុដន់ និង​ដៃឱ្យបាន​ស្អាតល្អ​ជាមុន​សិន ដើម្បី​កុំឱ្យ​កើតមាន​បញ្ហាផ្សេងៗ​ចំពោះ​ទារក​រួមទាំង​សុខភាព​របស់ស្ដ្រី​ដែលជា​ម្ដាយ​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *