រយៈពេលត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះយើងឃើញថា បញ្ហាសុខភាពរបស់ប្រជាជនយើងមានការផ្លាស់ប្ដូរក្នុងកំឡុងពេល និងក្រោយចប់សង្គ្រាមថ្មីៗ បញ្ហាសុខភាពចម្បងរបស់ប្រជាជនយើងគឺកង្វះអាហារូបត្ថម្ភ។ ប៉ុន្ដែសព្វថ្ងៃនេះដោយសារការអភិវឌ្ឍន៍ កម្រិតជីវភាពរបស់ប្រជាជនយើងមានការកើនឡើង បញ្ហាសុខភាពសព្វថ្ងៃនេះគឺលែងមានទំនាក់ទំនងទៅនឹងបញ្ហាកង្វះខាត អាហារូបត្ថម្ភទៀតហើយ។ គេតែងតែឮប្រជាពលរដ្ឋម្នាក់ៗត្អូញត្អែរពីជម្ងឺលើសឈាមលើសជាតិខ្លាញ់ លើសជាតិស្ករ លើសជាតិអាស៊ីតជាដើម។
ដើម្បីប្រយោជន៍ និងលើកកម្ពស់កម្រិតយល់ដឹងសុខភាពរបស់អ្នកអាន ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសជាមួយ នឹងលោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជម្ងឺទឹកនោមផ្អែម ក្រពេញ ជម្ងឺទូទៅ នៃមន្ទីរពេទ្យកាល់ម៉ែត និងមជ្ឈមណ្ឌលវេជ្ជសាស្ដ្រ អ៊ិល ស៊ី ស៊ី ធ្វើការបកស្រាយជម្ងឺរលាកសន្លាក់ដោយលើសជាតិអាស៊ីតដូចខាងក្រោមនេះ។
ជម្ងឺរលាកសន្លាក់ដោយលើសជាតិអាស៊ីតឬប្រគ្រីវជាអ្វី?
រលាកសន្លាក់ដោយលើសជាតិអាស៊ីត ឬអ្នកខ្លះហៅថាប្រគ្រីវ ជាជម្ងឺដែលទាក់ទងទៅនឹងការរលាកសន្លាក់មេជើង(ម្ខាង ឬទាំងសងខាង) ហើយករណីខ្លះអាចមានរលាកសន្លាក់នៅកន្លែងផ្សេងទៀតដែរ ដូចជាកជើងម្រាមជើង កដៃ។ល។ សូមបញ្ជាក់ថា ពាក្យថារលាកសន្លាក់មានន័យថា សន្លាក់ឡើងឈឺ(ចុកពឺតៗ ឬចុកដូចអុតធ្មុងត្រី) ក្រហម ហើម ហើយស្ទាបទៅក្ដៅៗត្រង់កន្លែងឈឺនោះ។ បើឈឺសន្លាក់ហើយមិនមានអាការដូចខាងលើទេ មិនមែនជាការឈឺសន្លាក់ ឬមិនទាក់ទងទៅនឹងការរលាកសន្លាក់ទេ។
មូលហេតុបង្កជម្ងឺរលាកសន្លាក់ដោយលើសជាតិអាស៊ីត
មានកត្ដាច្រើនដែលអាចបណ្ដាលឱ្យរលាកសន្លាក់ដោយលើសជាតិអាស៊ីត។
- តំណគ្រួសារ(ខ្វះអង់ហ្សីម)
- ផលប៉ះពាល់នៃការប្រើថ្នាំប្រភេទខ្លះ(ថ្នាំគីមីសម្រាប់មហារីក ថ្នាំបញ្ចុះទឹកនោម)
- ផលវិបាកនៃជម្ងឺខ្លះ ដូចជាខ្សោយតម្រងនោមជាដើម។
រោគសញ្ញាជម្ងឺលើសសន្លាក់ដោយលើសជាតិអាស៊ីត
រោគសញ្ញាចម្បង គឺឈឺសន្លាក់។ កន្លែងដែលកើតញឹកញាប់នោះគឺមេជើង ពេលខ្លះគឺអាចឈឺកន្លែងផ្សេងទៀតដែរ ដូចជា កជើង ម្រាមជើង កដៃ ឬក្បាលជង្គង់ជាដើម។ ពេលខ្លះអ្នកជម្ងឺអាចក្ដៅខ្លួន៣៨-៣៩អង្សាសេ ព្រមទាំងជួនកាលក៏ហើម ហើយមានទឹកនៅក្នុងសន្លាក់ ពិសេសជង្គង់។
ធ្វើដូចម្ដេចទើបដឹងថាឈឺជម្ងឺប្រគ្រីវនេះ?
- ពិនិត្យឈាម(ពិនិត្យជាតិអាស៊ីត និងសញ្ញារលាកក្នុងឈាម)
- ករណីមានហើម ហើយមានទឹកក្នុងជង្គង់ គេអាចបូមយកទៅពិនិត្យ។
អ្នកណាខ្លះប្រឈមមុខនឹងជម្ងឺនេះ?
- អ្នកធ្លាប់មានប្រវត្ដិគ្រួសារកើតជម្ងឺនេះ
- អ្នកធាត់ ឬលើសទម្ងន់
- អ្នកដែលប្រើថ្នាំ(បញ្ចុះទឹកនោម អាស្ពីរីន ប្រើថ្នាំគីមី។ល។)
- អ្នកខ្សោយតម្រងនោម
កត្ដាអ្វីខ្លះដែលអាចជំរុញឱ្យកើតជម្ងឺនេះ?
- ចូលចិត្ដហូបសាច់ គ្រឿងក្នុង(ថ្លើម ពោះវៀន កោះ។ល។)
- ស្រាទំញំងបាយជូរ ស្រាបៀរ
- ទំញំងបារាំង ផ្ទី ទំញំង។
វិធីបង្ការជម្ងឺរលាកសន្លាក់ដោយលើសជាតិអាស៊ីត
ដើម្បីការពារ និងបង្ការកុំឱ្យមានជម្ងឺរលាកសន្លាក់ដោយបញ្ហាលើសជាតិអាស៊ីត លោកអ្នកត្រូវបរិភោគអាហារដែលត្រឹមត្រូវ កាត់បន្ថយសារជាតិខ្លាញ់ និងសាច់ជាដើម។
ប្រការត្រូវចៀសវាង
- ចៀសវាង ឬបន្ថយអាហារភេសជ្ជៈខ្លះ(ស្រាទំញំងបាយជូរ សាច់ គ្រឿងក្នុង។ល។)
- ហាត់ប្រាណ និងបន្ថយទម្ងន់។
វិធីព្យាបាលជម្ងឺរលាកសន្លាក់ដោយលើសជាតិអាស៊ីត
ក្រៅពីវិធីបង្ការរៀបរាប់ខាងលើ គ្រូពេទ្យអាចធ្វើការព្យាបាលដោយប្រើថ្នាំបំបាត់ការឈឺចាប់ ហើយករណីចាំបាច់ប្រើថ្នាំបញ្ចុះជាតិអាស៊ីតក្នុងឈាម។ កែការប្រើថ្នាំបញ្ចុះជាតិអាស៊ីតនេះ គួរត្រូវពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន ចៀសវាងប្រើថ្នាំតាមចិត្ដខ្លួនឯង។ ព្រោះថ្នាំនេះអាចពេលខ្លះបណ្ដាលឱ្យមានប្រតិកម្មបាន។
ផលវិបាកចំពោះជម្ងឺរលាកសន្លាក់ដោយលើសជាតិអាស៊ីត
បើព្យាបាលមិនបានត្រឹមត្រូវ អាចឱ្យមានជាផលវិបាកមួយចំនួន ៖
- វិវឌ្ឍន៍ទៅរកការរលាកសន្លាក់រ៉ាំរ៉ៃ
- សន្លាក់ទៅជាកំពីកកំពក
- ពេលខ្លះការលើសជាតិអាស៊ីតអាចបណ្ដាលឱ្យមានជាក្រួសក្នុងតម្រងនោម ហើយខ្សោយតម្រងនោមផងដែរ។
ដំបូន្មានអ្នកជំនាញ
- ហាត់ប្រាណជាប្រចាំបន្ថយទម្ងន់
- ចៀសវាងអាហារដែលអាចបណ្ដាលឱ្យលើសអាស៊ីត
- ប្រឹក្សាជាមួយគ្រូពេទ្យមុនប្រើថ្នាំ ជាពិសេសថ្នាំបញ្ចុះជាតិអាស៊ីត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០
Leave a Reply