វិធី​ចិញ្ចឹម​កូន​ឱ្យមាន​សុខភាព​ល្អ និង​សុវត្ថិភាព

ការ​ចិញ្ចឹមកូន​ឱ្យមាន​សុខភាព​ល្អ និងមាន​សុវត្ថិភាព វា​មិនមែន​ជារឿង​ដែល​ងាយស្រួល​ប៉ុន្មាន​នោះទេ។ សម្រាប់​មាតាបិតា គ្រប់រូប​ត្រូវតែ​មាន​វិធានការ​នៅក្នុង​ការ​ចិញ្ចឹម ការ​ថែរក្សា​ដើម្បី​ឱ្យកូន​មាន​សុខភាព​ល្អ ការ​បណ្ដុះ​បណ្ដាល​ខាងបញ្ញា​ស្មារតី ការ​បង្ហាត់​បង្រៀន​កូន​ឱ្យចេះ​ស្ដាប់ ចេះនិយាយ ចេះ​ដុសធ្មេញ ចេះ​ទទួលទាន​អាហារ និង​ស្គាល់​របស់​ផ្សេងៗ​ជាច្រើន​ទៀត ទាំងនេះ​គឺជា​ការ​ទទួល​ខុសត្រូវ​របស់​មាតាបិតា​គ្រប់រូប។ បើសិនជា​លោកអ្នក​ដែល​ជាមាតាបិតា​មានការ​ធ្វេសប្រហែស​ចំពោះ​បុត្រាបុត្រី នៅក្នុង​ការ​មើល​ថែរក្សា​នោះ អាចធ្វើ​ឱ្យកូនៗ​របស់​លោកអ្នក​ជួបនឹង​ផល​លំបាក​ជាក់​ជាមិនខាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ហុង សុខឃាង ឯកទេស​ជម្ងឺ​កុមារ​នៃមន្ទីរពេទ្យ​កុមារជាតិ ដើម្បី​យល់​អំពី​វិធី​ចិញ្ចឹមកូន​ឱ្យមាន​សុខភាព​ល្អ និង​សុវត្ថិភាព។

វិធី​ចិញ្ចឹម​កូនឱ្យ​មាន​សុខភាព​ល្អ និង​សុវត្ថិភាព

វិធី​ចិញ្ចឹម​កូនឱ្យ​មាន​សុខភាពល្អ​និង​សុវត្ថិភាព គឺ​អាស្រ័យ​ទៅលើ​ការ​យកចិត្ដ​ទុកដាក់ ការ​មើល​ថែរក្សា ដោយគិត​តាំងកូន​នៅក្នុង​ផ្ទៃ​រហូត​ដល់កូន​ប្រសូត​ចេញមក និង​រហូតដល់​កូន​ធំពេញ​វ័យ នេះគឺ​ជា​កាតព្វកិច្ច​របស់​អាណាព្យាបាល​គ្រប់រូប​ដែល​ត្រូវតែ​មាន​ទំនួល​ខុសត្រូវ។ តែបើសិនជា​លោកអ្នក​មិនបាន​បំពេញ​តួនាទី​ឱ្យបាន​ល្អ​នៅក្នុង​ការ​ចិញ្ចឹម​ថែរក្សា​កូនៗ​ឱ្យបាន​ល្អនោះ វា​នឹងអាច​បង្កឱ្យ​លោកអ្នក​មាន​បញ្ហា​ផ្សេងៗ​ដែល​ធ្វើឱ្យ​លោកអ្នក​ពិបាក​ទៅថ្ងៃ​ក្រោយ​ជាមិនខាន។ ខាងក្រោម​នេះគឺជា​វិធី​សាស្ដ្រ​មួយចំនួន​ដែល​អាចជួយ​លោកអ្នក​បាន​នៅក្នុង​ការ​ចិញ្ចឹម​កូនឱ្យ​មាន​សុខភាព​ល្អ និង​សុវត្ថិភាព​ល្អ។

1 . ត្រូវមាន​គំរោង​មាន​ផ្ទៃពោះ​ដែលមាន​សុខភាព​ល្អ

  • ស្ដ្រី​គ្រប់រូប​ត្រូវតែ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​បុគ្គលិក​សុខាភិបាល​បន្ទាប់​ពីបាត់​រដូវ
  • ត្រូវ​ពិនិត្យ​ផ្ទៃពោះ​ឱ្យបាន​ទៀងទាត់​ទៅតាម​ការ​ណែនាំ​របស់​គ្រូពេទ្យ
  • ត្រូវ​លេបថ្នាំ​ជាតិដែក និង​ជាតិហ្វូលិក ដែល​ជួយឱ្យ​មាតា​និង​ទារក​មាន​សុខភាព​ល្អ
  • ស្ដ្រី​គ្រប់រូប​ដែលមាន​ផ្ទៃពោះ​ត្រូវ​ចៀសវាង​ការ​ទទួលទាន​ស្រា ដើម្បី​ការពារ​ភាព​ពិការ​ឬមិន​ប្រក្រតី​ពីកំណើត​របស់​ទារក
  • ត្រូវ​យល់ដឹង​អំពី​ប្រវត្ដិ​សុខភាព​គ្រូសារ ដើម្បី​ប៉ាន់ស្មាន​អំពី​គ្រោះថ្នាក់​របស់​មាតា​និង​ទារក​ទៅនឹង​ជម្ងឺ​មួយចំនួន
  • បើ​ស្ដ្រីមាន​ជម្ងឺ​ប្រចាំ​ខ្លួន ត្រូវធ្វើ​ឱ្យជម្ងឺ​នោះ​ឋិតនៅ​ក្រោម​ការ​គ្រប់គ្រង
  • ត្រូវ​ចាក់ថ្នាំ​បង្ការ​ជម្ងឺ​ឱ្យបាន​គ្រប់​ចំនួន។

2 . ត្រូវ​យល់ដឹង​អំពី​សញ្ញា​នៃការ​លូតលាស់​របស់​កូន

នៅក្នុង​ការ​លូតលាស់​ធំធាត់​របស់​កុមារ កុមារ​គួរ​មានកាយ​វិការ និងការ​វិវត្ដន៍​តាម​អាយុកាល ដូចជា​របៀប​នៃការ​លេង ការ​រៀនសូត្រ ការ​និយាយ​ស្ដី និងការ​ប្រព្រឹត្ដិ​ផ្សេងៗ​ទៀត​របស់កុមារ។ បើសិនជា​មានការ​លូតលាស់​យឺតយ៉ាវ​ក្នុងផ្នែក​ណាមួយ​អាចជា​សញ្ញា​នៃការ​លូតលាស់​មិន​ធម្មតា។ កាលណា​លោកអ្នក​រកឃើញ​ការ​លូតលាស់​យឺតយ៉ាវ​នោះ​កាន់តែ​ឆាប់ លោកអ្នក​អាចជួយ​កូន​របស់​លោកអ្នក​បាន​កាន់តែ​ច្រើន ដើម្បី​ឱ្យ​ពួកគេ​លូតលាស់​ទៅដល់​លទ្ធភាព​របស់​ពួកគេ។

3 . ត្រូវនាំ​កូន​ទៅពិនិត្យ​សុខភាព និង​ទទួល​ការចាក់​ថ្នាំបង្ការ​ជម្ងឺ

ការ​ពិនិត្យ​សុខភាព​ជាប្រចាំ​អាចជួយ​ឱ្យ​រកឃើញ​វិធី​ធ្វើឱ្យ​មាន​សុខភាព​ល្អ និង​រកឃើញ​បញ្ហា​សុខភាព​ខ្លះបាន​ទាន់ពេលវេលា ដែល​ធ្វើឱ្យ​ឱកាស​នៃការ​ព្យាបាល​កាន់តែ​ប្រសើរ​ឡើង។ ឯការ​ចាក់ថ្នាំ​បង្ការ​ជម្ងឺ​អាចជួយ​ការពារ​ជម្ងឺ​ជាច្រើន និង​ជួយ​សង្គ្រោះជី​វិត​កុមារ​បាន​យ៉ាងល្អ។

4 . ការពារ​កូន​របស់​លោកអ្នក

លោកអ្នក​ត្រូវចាត់​វិធានការ​ដើម្បី​ឱ្យផ្ទះ រថយន្ដ សាលារៀន និង​កន្លែង​ផ្សេងៗ​ទៀត​មាន​សុវត្ថិភាព។ ផ្ទះខ្ពស់​ត្រូវតែ​មានរបា​ដើម្បី​បង្ខាំង​កុំឱ្យកូន​ធ្លាក់។ អាងទឹក​ឬ​ស្រះទឹក​ត្រូវតែ​មានរបង​ការពារ​កុំឱ្យ​ក្មេង​ចូលបាន។ រថយន្ដ​ត្រូវតែ​មាន​កៅអី និង​ខ្សែក្រវាត់ សម្រាប់​ក្មេង ឬ​ត្រូវមាន​មនុស្ស​បីនៅពេល​ធ្វើ​ដំណើរ។ ត្រូវ​រក្សាទុក​ជាតិពុល និង​ឧបករណ៍​គ្រោះថ្នាក់​ផ្សេងៗ ដើម្បី​កុំឱ្យ​ក្មេងយក​បាន ត្រូវយក​ចិត្ដទុក​ដាក់លើ​សញ្ញា​នៃការ​ប្រព្រឹត្ដ​មិនល្អ​លើកូន​របស់​លោកអ្នក រួមទាំង​ការ​រំលោភ​ផ្លូវភេទ រាងកាយ និង​ផ្លូវចិត្ដ។

5 . ផ្ដល់នូវ​អាហារ​ល្អ​សម្រាប់​សុខភាព

ការ​បរិភោគ​អាហារ​បាន​ត្រឹមត្រូវ​និង​ទៀងទាត់​ពេលវេលា នឹង​ផ្ដល់នូវ​សារធាតុ​ចិញ្ចឹម​ដែល​ចាំបាច់ ដើម្បី​ឱ្យកុមារ​មាន​ថាមពល ធ្វើឱ្យ​ឆ្អឹង​រឹងមាំ និងអាច​ទប់ទល់​ជាមួយ​នឹងជម្ងឺ​មួយ​ចំនួន។ សម្រាប់​ទារក ការ​បំបៅ​ដោះ​គឺជា​ជម្រើសល្អ​បំផុត។ នៅពេល​ក្មេង​ធំឡើង លោកអ្នក​ត្រូវជួយ​ឱ្យក្មេង​ជ្រើសរើស​អាហារ​ដែលល្អ​សម្រាប់​សុខភាព។ ត្រូវ​យកចិត្ដ​ទុកដាក់​លើ​ប្រភេទ​អាហារ និង បរិមាណ​អាហារ​ដែលកុមារ​ទទួលទាន។

6 . ត្រូវធ្វើ​ឱ្យក្មេង​មាន​សកម្មភាព

ជាការពិត​ណាស់​ចំពោះក្មេង​កំពុង​ធំធាត់ លោកអ្នក​ត្រូវតែ​បង្រៀន​ក្មេង ដូចជាការ​ធ្វើអនាម័យ​នៅជុំវិញ​ផ្ទះ ការ​ថែរក្សា​សួន ការ​លេងកីឡា​ស្របតាម​អាយុ នេះគឺជា​សកម្មភាព​ដែលអាច​ជួយឱ្យ​កុមារ​មាន​សុខភាព​ល្អ។ ប៉ុន្ដែ​មិនត្រូវ​ឱ្យកុមារ​ធ្វើលើស​ពីកម្លាំង​នោះទេ ព្រោះ​អាច​ធ្វើឱ្យ​មានផល​ប៉ះពាល់​ដល់​សុខភាព​ដែរ។ ត្រូវរក​សកម្មភាព​ដែលមាន​សុវត្ថិភាព និង​នាំមក​នូវការ​សប្បាយ​ដែលអាច​ធ្វើបាន​ជាមួយ​កូន​របស់​លោកអ្នក​ដើម្បី​ឱ្យគ្រួសារ​ទាំងមូល​មាន​សុខភាព​ល្អ។

7 . ត្រូវ​រស់នៅ​ដោយគ្មាន​ផ្សែង​បារី

ការហិត​ផ្សែង​បារី​ពីអ្នកដទៃ​អាចធ្វើ​ឱ្យ​ប្រឈម​មុខនឹង​គ្រោះថ្នាក់​ដូចជា​ជក់បារី​ផ្ទាល់​ដែរ។ ស្ដ្រី​គ្រប់រូប​មិនត្រូវ​ប៉ះពាល់​ជាមួយ​នឹងផ្សែង​បារី​នៅក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​នោះទេ ដើម្បី​ការពារ​ការឆ្លង​ទន្លេ​មិនគ្រប់​ខែ និង​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត។ មិនត្រូវ​ឱ្យកុមារ​ហិត​ផ្សែង​បារី​នោះទេ ព្រោះ​ផ្សែង​បារី​អាចធ្វើ​ឱ្យកុមារ​កើតជម្ងឺ​រលាក​ផ្លូវ​ដង្ហើម និង​ជម្ងឺ​ហឺត ព្រមទាំង​ជម្ងឺរលាក​សួត ថែមទៀត​ផង។

8 . តាមដាន​សកម្មភាព​របស់​កូន

ការ​តាមដាន​សកម្មភាព​របស់កូន​លោកអ្នក​ទាក់ទង​ទៅនឹង​ការ​សិក្សា​រៀនសូត្រ សកម្មភាព​ផ្សេងៗ​ពីគ្រួសារ ពី​មិត្ដភក្ដិ ពី​បណ្ដា​ផ្សព្វផ្សាយ​(កាសែត ទស្សនាវដ្ដី វិទ្យុ ទូរទស្សន៍ ឬអ៊ីនធីណេត) និងពី​សាលារៀន ព្រមទាំង​ពីប្រភព​ផ្សេងៗទៀត​ជាច្រើន។ ដោយ​ត្រូវតាម​មើលថា តើ​កូនរបស់​លោកអ្នក​ចំណាយ​ពេល​ជាមួយ​អ្នកណា​ខ្លះ គេកំពុង​ធ្វើអ្វី ហើយ​ថាតើ​សកម្មភាព​ទាំងនោះ​សមស្រប​តាមអាយុ​របស់​ក្មេង​ដែរ​ឬអត់។ បើសិន​ជាមិន​សមស្រប លោកអ្នក​ត្រូវតែធ្វើ​ការហាម​ឃាត់។

9 . បង្រៀន​កូន​របស់​លោកអ្នក​ឱ្យចេះ​នូវទម្លាប់​ល្អ​ដែលនាំ​មកនូវ​សុខភាព​ល្អ

ត្រូវ​បង្រៀនកូន​របស់​លោកអ្នក​ឱ្យចេះ​រើសយក​សម្មភាព​ដែលមាន​សុវត្ថិភាព និង​មាន​ផលល្អ​សម្រាប់​សុខភាព ដូចជា លាងដៃ ដុស​ធ្មេញ ពាក់មួក​សុវត្ថិភាព ដាក់ខ្សែ​ក្រវាត់​ពេលជិះរថយន្ដ លាបក្រេម​ការពារ​កម្ដៅ​ថ្ងៃ បង្កើត​ទំនាក់ទំនង​ល្អ​ជាដើម។ ត្រូវ​បង្កើតការ​ទំនាក់ទំនង​ល្អ​ទាំងនោះ​ជារៀង​រាល់ថ្ងៃ និង​បង្ហាញ​របៀប​ធ្វើ​ផងដែរ។

10 . ផ្ដល់​នូវការ​ស្រឡាញ់ និងការ​គាំទ្រ

កុមារ​គ្រប់រូប​រមែង​ត្រូវការ​នូវ​សេចក្ដី​ស្រឡាញ់ ការ​គាំទ្រ​ពីក្រុម​គ្រូសារ និងពី​មិត្ដភក្ដិ។ ចូរ​និយាយ​ជាមួយ​កូនៗ​របស់​លោកអ្នក​ដើម្បី​ជួយឱ្យ​ពួកគេ​យល់ថា តើត្រូវ​ធ្វើ​ដូចម្ដេច ដើម្បី​មាន​សុខភាព​ល្អ មាន​សុវត្ថិភាព និងមាន​សុភមង្គល។ ចូរ​ស្វែងយល់ តើមាន​រឿងអ្វី​កើតឡើង​ចំពោះ​កូន​លោកអ្នក ហើយ​ក៏ត្រូវ​ស្វែងយល់​ពី​របៀប​ដែលកូន​លោកអ្នក​ធ្វើការ​សម្រេច​ចិត្ដ និងការ​ដោះ ស្រាយ​បញ្ហា​មាតាបិតា​អាណា​ព្យាបាល​គ្រប់រូប។ ត្រូវផ្ដល់​នូវការ​ឆ្លើយតប​ចំពោះ​ការ​ត្រូវការ​ផ្នែក​អារម្មណ៍ និង​រាងកាយ​របស់​ក្មេង។

ដំបូន្មាន​អ្នក​ជំនាញ

វិធី​ចិញ្ចឹមកូន​ឱ្យមាន​សុខភាព​ល្អនិង​សុវត្ថិភាព វាមាន​សារៈ​សំខាន់​ណាស់ លោក​អ្នក​ដែលជាអាណា​ព្យាបាល​ត្រូវតែ​យកចិត្ដ​ទុកដាក់​ចំពោះ​រឿងនេះ។ បើសិនជា​កូន​របស់​លោកអ្នក​មានការ​លូតលាស់​មិន​ប្រក្រត្រី លោកអ្នក​ត្រូវនាំ​កូន​មកកាន់​មន្ទីរពេទ្យ​ដើម្បី​ពិគ្រោះ​យោបល់​រក​ចំណុច​ណាមួយ​ដែល​សមហេតុ​ផល​សម្រាប់​កូន​របស់​លោកអ្នក។ លោកអ្នក​ត្រូវតែ​ចងចាំ​ថា វាជាការ​សំខាន់ ណាស់​ដែល​ក្មេងៗ​ត្រូវការ​លូតលាស់​ធំធាត់​ក្នុង​បរិស្ថាន​ជុំវិញ​ដែលមាន​សុវត្ថិភាព មាន​សេចក្ដី​ស្រឡាញ់ និងមាន​សន្ដិសុខ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *