មហារីក​ក្រពេញ​ទឹកដោះ

ក្រពេញ​ទឹកដោះ​គឺជា​ប្រភព​នៃការ​ផលិត​ទឹកដោះ​ដែលបាន​បង្ហូរ​ចេញពី​ទុយោ​បង្ហូរទឹកដោះ​មកស្ដុក​ទុក​នៅក្រោម​ក្បាលដោះ​សម្រាប់​ទារក​បឺតធ្វើ​ជាចំណី​អាហារ។ នៅក្រោម​ក្រពេញ​ទឹកដោះ​គឺជា​ស្រទាប់​ខ្លាញ់​សម្រាប់​ជាសារធាតុ​ចិញ្ចឹម​ក្រពេញ​ទឹកដោះ​នេះតែ​ម្ដង ហើយ​នៅពីក្រោម​ស្រទាប់​ខ្លាញ់​គឺជា​សារជាតិ​សាច់ដុំ​គ្រប​នៅលើ​ឆ្អឺងជំនីរ​ដែលទ្រ​ឱ្យទ្រូង​ស្ដ្រី​ឡើងធំ។ ផ្ទុយ​ទៅវិញ​ប្រសិន បើ​ស្ដ្រី​គ្រប់រូប​មានបញ្ហា​ត្រង់​ចំណុច​ក្រពេញ​ទឹកដោះ ជាផល​លំបាកមួយ​សម្រាប់​ផលិត​ទឹកដោះ និង​កាត់ផ្ដាច់​នូវ​សារជាតិ​មួយចំនួន​ផ្សេងៗ​ទៀត ដែលមាន​តួនាទី​ក្នុងការ​ចិញ្ចឹម​ក្រពេញ​ទឹកដោះ​នេះតែ​ម្ដង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជ្រាបនូវ​ផល​ប៉ះពាល់ និងជម្ងឺ​មហារីក​ក្រពេញ​ទឹកដោះ​នោះ ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោក វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជម្ងឺ​មហារីក និង​ជាប្រធាន​ផ្នែកជម្ងឺ​មហារីក​នៃមន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ-សូវៀត។

ជម្ងឺ​មហារីក​ក្រពេញ​ទឹកដោះ​ជាអ្វី?

មហារីក​ក្រពេញ​ទឹកដោះ​គឺជា​ជម្ងឺ​មហារីក​ដែល​ដុះចេញ​ពីកោសិកា​នៅក្នុង​ក្រពេញ​ទឹកដោះ ហើយ​មានការ​វិវឌ្ឍន៍​មិន​ធម្មតា មាន​ដុំសាច់​ក្នុង​ដោះ​ប្រភព​ចេញមក​ពីក្រពេញ​ទឹកដោះ។

មូលហេតុ​បណ្ដាល​ឱ្យមាន​ជម្ងឺ​មហារីក​ក្រពេញ​ទឹកដោះ

ប្រភពដែល​បង្កឱ្យ​កើតចេញ​នូវជម្ងឺ​មហារីក​ក្រពេញ​ទឹកដោះ​នេះ មិនទាន់​រកមូល​ហេតុឃើញ​ឱ្យ​ពិតប្រាកដ​នោះទេ។ ប៉ុន្ដែ​តាមការ​សង្កេត​របស់​អ្នក​វេជ្ជសាស្ដ្រ​បានកត់​សម្គាល់​ថា អាច​បណ្ដាល​មកពី​ស្ដ្រី​ឆាប់មក​រដូវ​ពេក។ ជាទូទៅ​ក្មេងស្រី​មួយចំនួន​មាន​រដូវ​ចាប់ផ្ដើម​ពីអាយុ​១១ឬ​១២ឆ្នាំ ដែលជា​បញ្ហា​ខុស​គោលការណ៍​វេជ្ជសាស្ដ្រ ព្រោះ​តាមធម្មតា​ក្មេងស្រី​ចន្លោះ​ពីអាយុពី​១៤ឬ១៥​ឆ្នាំឡើងទៅ​ទើបមាន​ឈាម​រដូវ។ ក្មេងស្រី​ដែលឆាប់​មករដូវ​ងាយ​ប្រឈម​មុខនឹង​មានជម្ងឺ​មហារីក​ក្រពេញ​ទឹកដោះ ដោយសារ​តែឈាម​រដូវ​ក្រអស់ ជាទូទៅ​ស្ដ្រី​ស្ថិតចន្លោះ​អាយុ​៤៨ឬ​៥០ឆ្នាំ​គឺជា​កាលមួយ​ដែល​វដ្ដរដូវ​ត្រូវ​បញ្ចប់។ ផ្ទុយ​ទៅវិញ​ក្មេង​ស្រី​ដែល​ឆាប់មក​រដូវនៅ ចន្លោះ​អាយុ​១១ឬ​១២ឆ្នាំ អាយុ​៥២ឬ​៥៣​មិនទាន់​អស់​រដូវ​ផង។ ដូច្នេះ​ស្ដ្រីដែល​ឆាប់មក​ឬក្រអស់​រដូវ​បណ្ដាល​ឱ្យក្រពេញ​ទឹកដោះ ទទួលនូវ​ឥទ្ធិពល​ពីអ័រម៉ូន​ភេទ​ច្រើន ហើយ​បង្ក​ឱ្យមាន​ជម្ងឺ​មហារីក​ក្រពេញ​ទឹកដោះ​តែម្ដង។

រោគ​សញ្ញា​ជម្ងឺ​មហារីក​ក្រពេញ​ទឹកដោះ

ស្ដ្រី​មិនបាន​ដឹងមុន​ឡើយ នៅពេល​ជម្ងឺ​មហារីក​ក្រពេញ​ទឹកដោះ​បង្ករោគ​ដំបូង។ លុះត្រា​តែជម្ងឺ​មហារីក​នេះវិវឌ្ឍន៍​ទៅមុខ រហូត​ដល់​ដំណាក់​កាល​ទីមួយ​ឬទីពីរ​ទើបដឹង​រោគ​សញ្ញា តាមរយៈ​ការស្ទាប​ទៅលើ​សុដន់​ហើយ​ប៉ះ​ដុំសាច់។ ខណៈ​នោះពេល​ដែល​គ្រូពេទ្យ​ជំនាញ​ថតមើល​ឃើញថា​នោះជា​ដុំសាច់​មួយមិន​ធម្មតា អាចបង្ក​ឱ្យមាន​ជម្ងឺ​មហារីក។ គ្រូពេទ្យ​បូមយក​ដុំសាច់​នោះទៅ​ពិនិត្យ រកនូវ​ជាលិកា​មហារីក។ ម្យ៉ាងទៀត​ប្រសិន​បើរោគ​សញ្ញា​បង្ហាញ​ថាមាន​អាការ​ឈឺ​នៅលើ​ផ្ទៃ​សុដន់ បាន​ន័យថា​ដុំមហារីក​នោះ​វិវឌ្ឍន៍​រហូត​ដល់​៥ឬ៦​សង់ទីម៉ែត្រ​ទៅហើយ ហើយ​អ្នកជម្ងឺ​ទទួល​រងនូវ​ជម្ងឺ​មហារីក​ក្រពេញ​ទឹកដោះ​ធ្ងន់ធ្ងរ ហួសពេល​ក្នុង​ទប់ស្កាត់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​ជម្ងឺ​មហារីក​សុដន់

ចំពោះ​វិធី​ព្យាបាល​គឺធ្វើ​ទៅតាម​ដំណាក់​កាល និង​ប្រភេទ​របស់​ជម្ងឺ ហើយ​លទ្ធផល​ដែល​ទទួលបាន​គឺតាម​នោះដែរ។ មាន​ន័យថា ប្រសិន​បើជម្ងឺ​មហារីក​នេះចូល​ដល់​ដំណាក់​កាល​ទី១ឬ​ទី២ គ្រូពេទ្យ​ព្យាបាល​ដោយ​វិធី​វះកាត់ ដោយ​ស្ថិតលើ​ទំហំ​ដោះ​ស្ដ្រី ស្ដ្រីខ្លះ​មាន​សុដន់​តូច និង​មិនអាច​ទុក​សុដន់ ត្រូវ​កាត់ដោះ​ទាំងមូល។ ប៉ុន្ដែ​បើសុដ​ន់ស្ដ្រីនោះ​ធំ គ្រូពេទ្យ​អាចធ្វើ​ការវះកាត់​យក​ដុំសាច់ មហារីក​នោះចេញ ហើយ​អាចទុក​ដោះ​បាន។ ក្រោយពេល​វះកាត់ អ្នកជម្ងឺ​ត្រូវ​ព្យាបាល​ដោយ​ថ្នាំ​គីមី កាំរស្មី និង​លេបថ្នាំ​អ័រម៉ូន ដើម្បី​ទប់ស្កាត់​ជម្ងឺ​មហារីក​កុំ​រាលដាល​ទៅលើ​ដោះមួយ​ចំហៀង​ទៀត ដែលអាច​ផលិត​ទឹកដោះ​បាន។ និយាយ​ដោយឡែក​ស្ដ្រី​ដែល​ប្រឈម​មុខនឹង​ជម្ងឺ​មហារីក​ក្រពេញ​ទឹកដោះ ភាគច្រើន​កើតឡើង​ចំពោះ​ស្ដ្រី​ដែលមាន​វ័យ​ពី៤៨ឆ្នាំ​ដល់៥០ឆ្នាំ​ឡើងទៅ​នៅ​តំបន់​អាស៊ី​នេះ។ ចំណែក​ឯនៅ​អឺរ៉ុប ស្ដ្រី​ដែលអាច​ប្រឈម​មុខនឹង​ជម្ងឺ​មហារីក​ក្រពេញ​ទឹកដោះ គឺ​ចាប់ផ្ដើម​ពីអាយុ​៥៨ទៅ​៦០ឆ្នាំ។

វិធី​ការពារ​ជម្ងឺ​មហារីក​ក្រពេញ​ទឹកដោះ

រហូត​មកទល់​នឹងពេល​នេះ វ៉ាក់សាំង​ការពារ​ជម្ងឺ​ក្រពេញ​ទឹកដោះ​មិនត្រូវ​បាន​រកឃើញ​នោះទេ។ ប៉ុន្ដែ​ស្ដ្រី​គ្រប់រូប​អាច ការពារ​បានដោយ​ស្វែងយល់​ដោយ​ខ្លួនឯង​ថា ត្រូវ​ឧស្សាហ៍ស្ទាប ឬ​ច្របាច់​ដោះ​ខ្លួនឯង ជាពិសេស​ក្រោយពេល​មាន​រដូវ​មួយ​សប្ដាហ៍ រកដុំ​ក្នុងដោះ​ដែលអាច​ឈានដល់​មានជម្ងឺ​មហារីក​នូវ​ដំណាក់​កាល​ដំបូងៗ។ ប្រសិនបើ​ស្ទាប​ឃើញ​មានដុំ​ត្រូវប្រញាប់​មក​ពិគ្រោះ ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិនិត្យ​ដុំសាច់​ជាមហារីក​ឬក៏​ជាដុំ​សាច់ធម្មតា។ គ្រូពេទ្យ​នឹងថត​មើលថា ដុំនោះ​ជាដុំ​មហារីក ហើយ​គ្រូពេទ្យ​គ្រាន់តែ​វះកាត់​យកដុំ​តូចនោះ​ចេញ អ្នកជម្ងឺ​អាចជា​សះស្បើយ​មួយ​រយភាគរយ​តែម្ដង ពេលដែល​ដុំមហារីក​នោះ​មិន ទាន់​មានការ​វិវឌ្ឍន៍​ធ្ងន់ធ្ងរ។

ផល​ប៉ះពាល់​របស់​ជម្ងឺ​មហារីក​ក្រពេញ​ទឹកដោះ

នៅពេល​មានជម្ងឺ​មហារីក​ក្រពេញ​ទឹកដោះ អាចបង្ក​ឱ្យមាន​ផល​ប៉ះពាល់​ដល់​ក្រពេញ​ទឹកដោះ​ជិតៗ​នេះ និង​រាលដាល​ទៅសាច់​សុដន់​ផ្សេង​ទៀត។ បន្ទាប់មក​ទៀត​រាលដល់​កូនកណ្ដុរ​នៅត្រង់​ក្លៀក ត្រង់ក តាម​ប្រព័ន្ធ​ទឹករងៃ។ ជាបន្ដ​បន្ទាប់​ទៀតនោះ វា​រាលដាល​តាមចរន្ដ​ឈាម​ទៅស៊ីសួត ទៅឆ្អឹង ថ្លើម ខួរក្បាល ធ្វើ​ឱ្យអ្នក​ជម្ងឺ​ឆាប់ស្លាប់។

ដំបូន្មាន​អ្នក​ជំនាញ

ស្ដ្រី​ត្រូវយក​ចិត្ដទុក​ដាក់ខ្ពស់ ក្នុងការ​ថែរក្សា​សុដន់​ឱ្យបាន​ត្រឹមត្រូវ ឧស្សាហ៍​ត្រួតពិនិត្យ និង​ស្ទាប​ដោះ​ខ្លួនឯង​ឱ្យបាន​ញឹក ញាប់ ស្វែងរក​ដុំសាច់​ដុះក្នុង​សុដន់។ បើ​មាន​ដុំសាច់​ដុះតូចៗ​ក្នុងដោះ ត្រូវតែ​ប្រញាប់​រួសរាន់​មកកាន់​មន្ទីរពេទ្យ ដើម្បី​ឱ្យ​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ ឬ​បូមយក​ដុំសាច់​នោះមក​ពិសោធន៍​រកជម្ងឺ​មហារីក។ បើពិនិត្យ​ឃើញថា​ជាដុំ​មហារីក​គ្រូពេទ្យ​នឹង​ធ្វើការ​វះកាត់​ភ្លាមៗ ហើយ​អ្នកជម្ងឺ​គេច​ផុតពី​ជម្ងឺ​មហារីក និង​ជាសះស្បើយ​តែម្ដង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *