ជម្ងឺ​ជ្រូក​ត្រចៀកខៀវ​ជាក្ដី​បារម្ភ​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ

បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ហាក់​កំពុង​តែបណ្ដែត​ខ្លួន​ផ្សងព្រេង​គ្រប់បែប​គ្រប់យ៉ាង​ទៅលើ​ការ​ប្រឈម​មុខ ចំពោះ​ជម្ងឺ​ផ្សេងៗ ដែលបាន​រីក​សាយភាយ​ចេញពី​បរទេស​ឬក៏​កើតមាន​ក្នុង​ប្រទេស​ខ្លួនឯង​ផ្ទាល់ មេរោគ​ទាំងនោះ​ភាគច្រើន​អាច​និយាយ​បានថា​ឆ្លងតាម​រយៈ​មនុស្ស​ឬក៏​សត្វ​តែម្ដង។ ប្រទេសកម្ពុជា​ក្រៅពី​មន្ដ្រី​ជំនាញ​យកចិត្ដ​ទុកដាក់​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី​AH1N1 មិនទាន់​ការពារ​បាន​គ្រប់គ្រាន់​ផង ក៏ស្រាប់​តែផ្ទុះ​នូវ​ជម្ងឺថ្មីមួយ​ទៀត ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ទទួល​រងនូវ​ក្ដី​បារម្ភ​ទ្វេឡើង គឺជម្ងឺ​ផ្លូវដង្ហើម ឬ​ជម្ងឺ​ផ្លូវភេទ ដែលគេ​ហៅតៗ​គ្នាថា ជាជម្ងឺ​ជ្រូក​ត្រចៀក​ខៀវ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

បន្ទាប់ពី​ការផ្ទុះ​នូវជម្ងឺ​ជ្រូក​ត្រចៀក​ខៀវ​ដែល​បណ្ដាល​ឱ្យជ្រូក​នៅក្នុង​ប្រទេស​កម្ពុជា​ងាប់​ជាបន្ដ​បន្ទាប់​រួចមក សម្ដេច អគ្គសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​កម្ពុជាបាន​ប្រកាស​អាសន្ន​ហាម​មិនឱ្យ​នាំចូល​ជ្រូក​ពី​ក្រៅ​ប្រទេស​ចូលមក​ស្រុកខ្មែរ​ឡើយ ជាពិសេស​ជ្រូក​ដែល​នាំចូល​ពីប្រទេស​វៀតណាម។ ព្រោះថា​ជ្រូក​ទាំងនោះ​គឺជា​មេរោគ​នាំជម្ងឺ​មកឆ្លង​ដល់សត្វ​ជ្រូក​ដទៃទៀត​នៅក្នុង​ស្រុក​បណ្ដាល​ឱ្យមាន​ជម្ងឺ​ផ្លូវ​ដង្ហើម ឬ​ជម្ងឺផ្លូវ​ភេទ ដែលគេ​ហៅថាជម្ងឺ​ត្រចៀក​ខៀវ។ ការ​ប្រកាស​អាសន្ន​របស់​រាជរដ្ឋាភិបាល​នេះគឺ​ធ្វើឡើង​តាម​សេចក្ដី​រាយការណ៍​មួយចំនួន ដែលបាន​និយាយ​ថាសត្វ​ជ្រូកក្នុង​ប្រទេស​កម្ពុជា​នៅតាម​ទីជនបទ​ស្រុកស្រែ ចម្ការ​មួយ​ចំនួន​កំពុងតែ​ស្លាប់​ឬមាន​ជម្ងឺ​ជាបន្ដ​បន្ទាប់ ដែលកើត​ចេញពី​បញ្ហា​ជម្ងឺ​ត្រចៀក​ខៀវនេះ​តែម្ដង។ ជម្ងឺ​ត្រចៀក​ខៀវនេះ ទើបតែ​ផ្ទុះឡើង​នាចុង​ខែកក្កដា​នេះតែ​ប៉ុណ្ណោះ ប៉ុន្ដែ​គេមិន​ទាន់ឃើញ​ឆ្លង​ទៅមនុស្ស​នៅឡើយ​ទេ ខណៈពេល​ពលរដ្ឋ​មួយចំនួន​បង្កើន​ការ​ប្រុងប្រយ័ត្ន​មិន​ទទួលទាន​សាច់ជ្រូក​ដូចកាល​គ្រាមុន​នោះ។ សម្ដេច ហ៊ុន សែន ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​អាជីវករ​លក់សាច់​ជ្រូក​ទាំងអស់​ផងដែរ មិនត្រូវ​យកសត្វ​ជ្រូក​ដែលមាន​ជម្ងឺ ឬ​ជ្រូក​ដែល​ងាប់យក​កាប់សាច់​លក់​ឱ្យ​អតិថិជន​ឡើយ ព្រោះថា​ជ្រូក​ទាំងនោះ​អាចស្លាប់​ដោយសារ​ការផ្ទុក​នូវជម្ងឺ​ផ្លូវដង្ហើម ឬ​ជម្ងឺផ្លូវ​ភេទក៏​ថាបាន។ ដូច្នេះ​ហើយ​អាជីវករ​ទាំងអស់​ក៏ត្រូវ​ជួយ​បង្កើនការ​ប្រុង​ប្រយ័ត្ន នេះផង​ដែរ ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​ជម្ងឺ​ជ្រូកត្រ​ចៀក​ខៀវនេះ​ឱ្យខាង​តែបាន។

លោក លី សូវ៉ាន់ អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹងជម្ងឺ​ឆ្លងមាន​ប្រសាសន៍​ថា ក្រោយពេល​ដែល​មន្ដ្រី​រដ្ឋាភិបាល​បាន​ប្រកាស​អាសន្ន​អំពី​ជម្ងឺ​ជ្រូកត្រចៀក​ខៀវនេះ​កន្លងមក លោក​មិនទាន់​មាន​សេចក្ដី​រាយការណ៍ ឬ​របាយការណ៍​ណាមួយ​ដែល​មន្ដ្រី​ជំនាញ​ក្រោម​ឱវាទ​បានបញ្ជាក់​ថាមាន​ការឆ្លង​ពីសត្វ​ជ្រូក​ទៅមនុស្ស​អំពី​ជម្ងឺនេះ​នៅឡើយ​ទេ។ លោក​បញ្ជាក់​ថា ជម្ងឺជ្រូក​ត្រចៀក​ខៀវ​នេះ​ពិតជា​មានមែន ហើយ​មន្ដ្រី​ជំនាញ​ក៏កំពុង​តែ​មមាញឹក ដើម្បី​ស្វែងរក​មុខសញ្ញា​នៃជម្ងឺ​នេះ​ផងដែរ។ លោក លី សូវ៉ាន់ បានបន្ដ​ថាកន្លង​មក​លោក​ធ្លាប់​ទទួល​ព័ត៌មាន​តាម​មន្ដ្រីពេទ្យ​សត្វ​នៅ​ទូទាំង​ប្រទេស​ថា មានសត្វ​ជ្រូក​ជាច្រើន​បានស្លាប់​ជាបន្ដ​បន្ទាប់ ដែល​សត្វ ជ្រូក​ដែលស្លាប់​នោះគេ​បញ្ជាក់​ថា ជាជ្រូក​ដែលមាន​ជម្ងឺ​ផ្លូវដង្ហើម ឬ​ជម្ងឺផ្លូវ​ភេទ​តែម្ដង។

ខណៈពេល​ដែលមាន​ការ​ប្រកាស​អាសន្ន​ជម្ងឺ​ត្រចៀក​ខៀវ អាជីវករ​លក់សាច់​ជ្រូក​ជាច្រើន​បានបាត់​អតិថិជន និង​សម្ដែង​ការ​ព្រួយបារម្ភ​ជាទី​បំផុត​ចំពោះ​មុខរបរ​នេះ។ ចំណែក​ប្រជាពលរដ្ឋ​ទូទៅ​ក៏ជួប​ប្រទះនូវ​បញ្ហា​ជីវភាព​ផងដែរ បន្ទាប់​ពីមាន​ការផ្ទុះ​ឡើង​នូវជម្ងឺ​ជ្រូក​ត្រចៀកខៀវ​នេះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *