វិបត្ដិ​មុខងារ​លិង្គ​មិនឡើង​រឹង និង​ការចង់​បានកូន

សូម​ជម្រាប​សួរ​លោក​វេជ្ជបណ្ឌិត!

បញ្ហា​របស់ខ្ញុំ​គឺថា ខ្ញុំបាន​រៀបការ​ជាមួយ​ប្រពន្ធ​របស់ខ្ញុំ​បានប៉ុន្មាន​សប្ដាហ៍​ទៅហើយ តែ​ពុំទាន់បាន​ប៉ះពាល់​គ្នាឱ្យ​ស៊ីជម្រៅ​នៅឡើយ​ទេ ព្រោះ​លិង្គ​របស់ខ្ញុំ​ពុំព្រម​ឡើងរឹង​សោះ យ៉ាង​ច្រើន​បាន​ត្រឹមតែ​រីកធំ​ជាងមុន​តែមិន​រឹងឡើយ។

នៅពេល​ព្រឹក​ព្រលឹម លិង្គ​របស់ខ្ញុំ​ក៏ងើប​ឡើងរឹង ធ្វើ​ឱ្យខ្ញុំ​នឹកចង់​រួមភេទ ប៉ុន្ដែ​បាន​ត្រឹមតែ​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ គ្រាន់តែ​ចំណាយ​ពេល​បបោស​អង្អែល​ភរិយា​មួយភ្លែត​សោះ លិង្គ​របស់ខ្ញុំ​ក៏ទន់​វិញភ្លាម​តែម្ដង ហើយ​ក៏លែង​ឡើង។ ខ្ញុំ​មិនដឹង​ថានេះ​មកពី​មូលហេតុ​អ្វីទេ? តើ​ខ្ញុំអាច​ដូចអ្វី​ដែល​លោក​វេជ្ជបណ្ឌិត​បាន​សរសេរ​អំពី​វិបត្ដិ​លិង្គមិន​ឡើងរឹង​នោះដែរ​ឫទេ? តើ​ខ្ញុំត្រូវ​ប្រឈម​មុខនឹង​ដោះស្រាយ​បញ្ហានេះ​យ៉ាង​ម៉េចទៅ? ខ្ញុំ​មិនហ៊ាន​ទៅជួប​ពេទ្យទេ ខ្ញុំ​ខ្មាសគេ​ណាស់ ហើយ​ក៏មិន​ហ៊ាន​ប្រើ​ឱសថ​ជំនួយ​ផ្លូវភេទ​ផ្ដេសផ្ដាស​ដែរ។ ខ្ញុំ​ឮគេ​ថា លិង្គ​របស់​បុរស​នៅពេល​ដែលវា​ឡើងរឹង​ហើយ​នោះ គឺ​មិនងាយ​ទន់វិញ​នោះទេ លុះត្រា​តែបាន​ដល់​គោលដៅ តើ​ពិតមែន​ទេ? ហេតុអ្វី​លិង្គ​របស់ខ្ញុំ​ឡើង​ហើយ​ទន់ទៅ​វិញភ្លាម​(នៅពេល​ព្រឹក)។

ប្រពន្ធ​របស់ខ្ញុំ​បានទៅ​បំពេញ​បេសកកម្ម​នៅ​បរទេស​រយៈពេល​២ខែ​មកហើយ ហើយ​នៅសល់តែ​២ខែ​ទៀត​ប៉ុណ្ណោះ នាង​នឹង​ត្រឡប់​មកវិញ។ នាង​ធ្លាប់សួរ​ខ្ញុំថា “តើបង​ទៅរក​គ្រូពេទ្យ​ហើយឬ​នៅ?” ខ្ញុំ​មិនទាន់​ប្រាប់នាង​នៅឡើយ​នោះទេ។ នាង​សង្ឃឹម​ថា នៅពេល​ដែលនាង​ត្រឡប់មក​វិញ ខ្ញុំអាច​ផ្ដល់កូន​ឱ្យនាង​បាន ព្រោះ​នាងចង់​បានកូន​ខ្លាំង​ណាស់។ តើ​ខ្ញុំគួរ​ធ្វើ​ដូចម្ដេច​ទៅ បើខ្ញុំ​មិន​កើត​ដូច្នេះ?

តើ​លោក​វេជ្ជបណ្ឌិត អាចជួយ​ខ្ញុំបាទ​ផងបាន​ទេ? តើ​ខ្ញុំត្រូវ​ទៅ​ពិគ្រោះ និង​ព្យាបាល​នៅ​ទីកន្លែង​ណា​ទើបមាន​ប្រសិទ្ធ​ភាព? តើ​ខ្ញុំបាទ​ត្រូវ​ទំនាក់ទំនង​ជាមួយ​លោក​វេជ្ជបណ្ឌិត​ដោយ​របៀប​ណា ដើម្បី​ដោះស្រាយ​បញ្ហានេះ?

ខ្ញុំ​ធ្លាប់ឃើញ​មានការ​ចុះផ្សាយ​នៅក្នុង​ទស្សនាវដ្ដី សុខភាពយើង ស្ដីអំពី​ឱសថ​ម្យ៉ាង​ដែល​ផ្សំឡើង​ដោយ​រុក្ខជាតិ​ធម្មជាតិ​សុទ្ធសាធ​របស់​ប្រទេស​កូរ៉េ​មានឈ្មោះ​ថា “YANGCHUN CAPSULE” មាន​ប្រសិទ្ធភាព​ខ្ពស់ និង​មិនមាន​ផល​ប៉ះពាល់។ តើ​ខ្ញុំអាច​ប្រើវា​បានទេ? តើឱសថ​នេះ​ពិតជា​មាន​ប្រសិទ្ធភាព​ខ្ពស់​ដូចអ្វី​ដែលបាន​សរសេរ​ឫ? តើ​ខ្ញុំអាច​ទិញវា​នៅកន្លែង​ណាបាន?

តើការ​ពិសា​ស៊ុតមាន់​អាចធ្វើ​ឱ្យបុរស​គ្មានកូន​ដែរឬ​ទេ? ព្រោះ​ពីមុន​ខ្ញុំ​ចូលចិត្ដ​ទទួលទាន​ស៊ុតមាន់ ស៊ុតទា ជាពិសេស​គឺ​សម្រាប់​អាហារ​ពេលព្រឹក តែ​មួយរយៈ​នេះក៏​ឈប់ញ៉ាំ​តែម្ដង​ទៅ។

សូម​លោក​វេជ្ជបណ្ឌិត មេត្ដា​ជួយខ្ញុំ​បាទ​ដោយក្ដី​អនុគ្រោះ​ផងចុះ។ ជូនពរ​ឆ្នាំថ្មី ឆ្នាំខាល សូមលោក​វេជ្ជបណ្ឌិត​ព្រមទាំង​ក្រុមគ្រួសារ​ប្រកបដោយ​សេចក្ដី​សុខ និង​សុភមង្គល។ សង្ឃឹម​ថានឹង​បាន​ទទួលការ​ឆ្លើយតប​របស់​លោក​វេជ្ជបណ្ឌិត​យ៉ាង​ឆាប់រហ័ស។ សូម​អរគុណ​លោក​វេជ្ជបណ្ឌិត​ទុកជា​មុន។

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ សូម​ជម្រាប​សួរ និង​សូម​អរគុណ​ដល់​លោក​ដែលបាន​សរសេរ​លិខិត​តាមរយៈ​អ៊ីម៉ែល​មកកាន់​ខ្ញុំបាទ​នេះ។ លោក​ពិតជា​បាន​រៀបរាប់​យ៉ាង​ក្បោះក្បាយ​អំពី​បញ្ហារបស់​លោក ទោះបីជា​លោក​មិនបាន​ប្រាប់​ពីអាយុថា​ប៉ុន្មាន​ក្ដី តែ​ព័ត៌មាន​ទាំងនេះ​អាច​ជាមូលដ្ឋាន​សម្រាប់​ខ្ញុំ​ជម្រាប​ជូនបាន​ហើយ។ សំណួរ​របស់​លោក​មាន​លក្ខណៈ​លម្អិត​ច្រើន តែផ្ដោត​ទៅលើ​អាការលិង្គ​មិនសូវ​ឡើងរឹង និង​ការ​ចង់បាន​បុត្រ។

សូម​បញ្ជាក់​ថា វិបត្ដិ​លិង្គ​មិនសូវ​ឡើងរឹង​នេះមាន​មូលហេតុ​ជាច្រើន ជាពិសេស​គឺ​កត្ដាផ្លូវចិត្ដ និង​កត្ដា​ផ្លូវកាយ ក្នុងនោះ​ចំណី​អាហារ​អាចដើរ​តួនាទី​តិចតួច​បំផុត។ ទស្សនៈ​របស់លោក​ទៅលើ​ការ​ទទួលទាន​ស៊ុតមាន់ និង​ស៊ុតទា ថា​ប៉ះពាល់​នេះពិត​ជាមិន​ត្រឹមត្រូវ​ទេ ផ្ទុយ​ទៅវិញ​វាជា​ប្រូតេអ៊ីន​អាចជួយ​ដល់​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ដពូជ​ទៅវិញទេ។ ចំពោះករណី​លោក វិបត្ដិលិង្គ​មិនសូវ​ឡើងរឹង​នេះ អាច​កើតមាន​ទៅតាម​វ័យ និង​មូលហេតុ​ណាមួយ។ តែខ្ញុំ​សូម​ទាត់ចោល​ករណី​វ័យ​ប្រហែល​ជាលោក​មាន​ហេតុផល​ណាផ្សេង​ហើយ​មើលទៅ ជាពិសេស​ករណី​ផ្លូវចិត្ដ ដោយសារ​លោក​ធ្វើ​ការងារ​ប្រើ​ខួរក្បាល​គិតច្រើន ឬ​ព្រួយបារម្ភ​ច្រើន។ លោកអ្នក​អាចជួប​ពិគ្រោះ​ជាមួយ​ខ្ញុំបាទ​វេជ្ជបណ្ឌិត លី ចេងហ៊ុយ តាម​ទូរស័ព្ទ និងជួប​ដោយ​ផ្ទាល់។ លោកអាច​ជួប​តាមរយៈ ទូរស័ព្ទលេខ ៨៨ ៩៩ ដោយ​ប្រើប្រាស់​លេខ​ទូរស័ព្ទSmart Mobile និង​លោក​អាចជួប​ពិគ្រោះ​ជាមួយ​ខ្ញុំបាទ​ផ្ទាល់​នៅ​មជ្ឈមណ្ឌល វេជ្ជសាស្ដ្រ LCC ​(គ្លីនិកអ៊ិល​ស៊ីស៊ី) អាសយដ្ឋាន និង​ទំនាក់ទំនង​ផ្សេងៗ​មាន​ផ្សាយ​នៅលើ​ទំព័រទស្សនាវដ្ដី សុខភាពយើង។

ការ​ប្រើប្រាស់​ឱសថ​ពិតជា​អាច​ប្រើ​បាន តែ​ទៅតាម​ករណី​នីមួយៗ​ដោយឡែក​ពីគ្នា។ បើ​និយាយ​ពីឱសថ​ប្រភេទ​នេះ មានច្រើន​បែប​ច្រើនយ៉ាង​ណាស់ តែខ្ញុំ​សូម​មិនធ្វើ​អត្ថាធិប្បាយ​លម្អិត​អំពី​ផលិតផល​Yang Chunដែល​លោក​លើកឡើង​នៅលើ​ទំព័រ នេះពេល​នេះទេ។ ខ្ញុំ​នឹងអាច​ជម្រាប​លោក​លម្អិត​នៅពេល​ជួប​លោក​ដោយ​ផ្ទាល់។

រីឯ​ការចង់​បានកូន ពិតជា​មិន​ពិបាកទេ​សម្រាប់​លោក​កុំអស់​សង្ឃឹម​អ្វី​ពីព្រោះ​លោក​ទើបតែ​រៀបការ​ថ្មីថ្មោង​ប៉ុណ្ណោះ ព្រោះ​ថាការ​រួមភេទ​អាចផ្ដល់​កំណើត​បុត្របាន ប៉ុន្ដែ​មិនមែន​សុទ្ធតែ​មានបុត្រ​រាល់ពេល​រួមភេទ​នោះទេ។ បញ្ហា​ចម្បង​គឺលោក​ត្រូវ​ដោះស្រាយ​វិបត្ដិលិង្គ​មិនសូវ​ឡើងរឹង​សិន។ ព្រោះថា​បើមិន​មានការ​រួមភេទ មិនអាច​មានកូន​បាន​នោះទេ ពេលណា​លោក​រួមភេទ​បាន ដែលអាច​ឈានដល់​ការ​បញ្ចេញ​ទឹកកាម​ចូល​ទៅក្នុង​ទ្វារមាស​របស់​ភរិយា​លោក​នោះ អាចមាន​កូនបាន​ហើយ។ ប៉ុន្ដែ​លោក និង​ភរិយា​ត្រូវមាន​ពេលវេលា​រួម​រស់នៅ​ជាមួយ​គ្នា(រួមភេទ) ដែលអាច​ឈានដល់​ការ​បញ្ចេញ​ទឹកកាម​ចូលទៅ​ទ្វារមាស​ព្រមទាំង​ចំថ្ងៃ ដែល​មាន​មេជីវិត​ធ្លាក់​នោះ ទើបអាច​មាន​កូនបាន។ ហេតុនេះ ទាក់ទង​នឹងការ​មានកូន ឬ​អត់កូន​នោះ សូមលោក​កុំអាល​បារម្ភអី ប្រហែល​ជាមិនមែន​ជាបញ្ហា​ធំដុំនោះ​ទេ។

សង្ឃឹម​ថាលោក​បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​ទាក់ទង​នឹងបញ្ហា​របស់​លោក​ហើយ។ បើ​លោក​នៅតែ​មាន​ចម្ងល់ សូម​សរសេរ សំបុត្រ​មក​កាន់ខ្ញុំ​បាទ ខ្ញុំបា​ទទទួល​ស្វាគមន៍​ដោយ​ក្ដីរីករាយ​ក្នុងការ​ឆ្លើយតប​ទៅវិញ។ បើចង់​ជួបខ្ញុំ​បាទ​ដោយ​ផ្ទាល់ លោកអាច​អញ្ជើញមក​ជួបខ្ញុំ​បាទ ទៅតាម​ពេលវេលា​មួយ​សមស្រប។

ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *