ជម្ងឺចង្វាក់​​​បេះដូងកុមារ

ចង្វាក់បេះដូងមានតួនាទីសំខាន់ណាស់​សម្រាប់​គ្រប់គ្រង​ចលនា​ចេញចូល​របស់ខ្យល់​អុកស៊ីសែន និងជា​សរីរាង្គ​មានសារៈ​ប្រយោជន៍​បំផុត​សម្រាប់​ធានាឱ្យ​បេះដូង​ច្របាច់​បញ្ជូន​ឈាម​​ទៅចិញ្ចឹម​សរីរាង្គកាយ​ទាំងអស់ ព្រោះថា​បេះដូង​បើមិន​មានចង្វាក់​កន្ដ្រាក់ទេ​នោះ មិនអាច​ឱ្យឈាមរត់​ធ្វើការ​បែងចែក​បានឡើយ។ តែប្រសិន​បើកុមារ​មានជម្ងឺ​ចង្វាក់បេះដូង​ហើយ អាចប្រឈម​មុខនឹង​គ្រោះថ្នាក់​ច្រើន ជាពិសេស​អាចឱ្យ​កុមារ​សន្លប់បាត់​ស្មារតី​ជាញឹកញាប់ និងបង្ក​គ្រោះថ្នាក់​ផ្សេងៗទៀត​ផងដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បីឱ្យ​មាតាបិតា​ជ្រាបច្បាស់ ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​នឹងលោក​វេជ្ជបណ្ឌិត ហុង សុខឃាង ឯកទេស​ ជម្ងឺកុមារ​ទូទៅ​នៃមន្ទីរពេទ្យ​កុមារជាតិ ដើម្បីបញ្ជាក់​អំពីជម្ងឺ​ចង្វាក់បេះដូង​កុមារនេះ។

ជម្ងឺចង្វាក់បេះដូងកុមារ

ជម្ងឺចង្វាក់បេះដូងកុមារគឺជាការ​ប្រែប្រួល​នៃចង្វាក់​បេះដូង​ដែលដើរ​ខុសពី​ធម្មតា ដោយ​លឿនពេក ឬ​យឺតពេក។ ជាធម្មតា​ ចង្វាក់​បេះដូង​កុមារ​លោត​ឬដើរ​មានពេល​វេលា​កំណត់ ហើយ​បេះដូង​លោត​រាល់ថ្ងៃ​នេះមាន​ចំណុចមួយ​ដែល​បញ្ចេញ​នូវ​ចរន្ដអគ្គិសនី​ ដើម្បី​ធ្វើឱ្យ​សាច់ដុំ​នោះកន្ដ្រាក់ ដោយមាន​ការកំណត់​មួយមាន​ឈ្មោះថា“ណឺស៊ីនីហ្សាល” ដែលមាន​កាដង់​ជាក់លាក់។ លើសពីនេះ​ ចង្វាក់​បេះដូង​កុមារ​ប្រែប្រួល​ទៅតាម​អាយុ។ ចំពោះ​កុមារទើប​នឹងកើត ចង្វាក់​បេះដូង​ដែល​ហៅថា​ណឺស៊ីនីហ្សាល​បញ្ចេញ​ចរន្ដ​ អគ្គិសនី​ដើម្បី​ធ្វើឱ្យ​បេះដូង ដើរពី​១១០ទៅ១៥០ដង​ក្នុង​មួយនាទី។ ចំពោះកុមារ​មានអាយុ​២ឆ្នាំ កាដង់​នៃចង្វាក់​បេះដូង​ដើរពី​៨៥ទៅ១២៥ក្នុង​មួយ​នាទី។ ចំពោះកុមារ​មានអាយុ​៤ឆ្នាំ​ប្រហែលពី​៧៥ទៅ១១៥ក្នុង​មួយនាទី។ ដល់ពេល​កុមារ​មានអាយុ​៦ឆ្នាំរហូត​ដល់មនុស្ស​ពេញវ័យ​ កាដង់​នៃចង្វាក់​បេះដូង​ដើរត្រឹម​៦០ទៅ១០០ក្នុង​មួយនាទី។ ក្រៅពីនេះ​ចរន្ដអគ្គិសនី​មាន​តួនាទី​ទៅភ្ញោច​នៅផ្នែកផ្សេងៗ​របស់​បេះដូង​ កាត់តាម​បេះដូង ឆ្លងតាម​ណឺស៊ីនីហ្សាល​មួយទៀត ដើម្បីទៅ​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​តំបន់​មួយ​ដែលគេ​ហៅថា​ ​ទីតាំងសម្រាប់​ចែកចាយ​ចរន្ដ។ ចរន្ដអគ្គិសនី​មានខ្សែពីរ បែងចែក​ជាពីរ​មែក ដើម្បីទៅ​ភ្ញោចផ្នែក​ផ្សេងៗទៀត​នៃបេះដូង។ នេះបើ​​តាមករណី​ចង្វាក់​បេះដូង​ធម្មតា។ ប៉ុន្ដែបើ​ករណី​ចង្វាក់​បេះដូង​មិនធម្មតា ឬចង្វាក់​បេះដូង​មានជម្ងឺ​ត្រូវបាន​គេចែកជា​៤ផ្នែក​ធំៗ​ដូចជា ៖

១ – ចង្វាក់បេះដូងមានបញ្ហានៃការ​ចម្លង​ចរន្ដអគ្គិសនី​ក្នុងបេះដូង។

២ – បញ្ហាចង្វាក់បេះដូងដើរញាប់ដោយសារ​តែមាន​ទីតាំង​នៃការ​បញ្ចេញ​ចរន្ដអគ្គិសនី​​​​​​​​​​​មិនប្រក្រតី។

៣ – ចង្វាក់បេះដូងមានបញ្ហានៃការចម្លងចរន្ដអគ្គសនី​ក្នុងបេះដូង​គឺជាការស្ទះ​នៃការ​ធ្វើ​ដំណើរ​របស់​ចរន្ដអគ្គិសនី មិនអាច​ ​ទៅជួយ​នៅតំបន់​មួយចំនួន​បាន ដើម្បី​ជួយ​សម្រួល​ដល់​ចង្វាក់​បេះដូង អាចបណ្ដាល​ឱ្យ​បេះដូង​ដើរយឺត។

៤ – បញ្ហាបេះដូងដើរញាប់ដោយសារមាន​ទីតាំង​នៃការ​បញ្ចេញ​ចរន្ដអគ្គិសនី​មិនប្រក្រតី គឺបណ្ដាល​មកពី​មានខ្សែ​មួយមិន ​ធម្មតា​ចម្លង​ពីផ្នែក​ខាងលើចុះ​មកខាង​ក្រោម​នៃបេះដូង ធ្វើឱ្យ​បេះដូង​ដើរញាប់។ ម្យ៉ាងទៀត​នៅមាន​ចំណុចផ្សេង​ទៀតក៏​បណ្ដាលឱ្យ ចង្វាក់​បេះដូង​ដើរញាប់ គេហៅថា ទីតាំង​នៃការ​បញ្ចេញ​ចរន្ដអគ្គិសនី​មិនធម្មតា។

មូលហេតុបណ្ដាលឱ្យមានជម្ងឺចង្វាក់បេះដូងកុមារ

មូលហេតុដែលបណ្ដាលឱ្យមានជម្ងឺ​ចង្វាក់​បេះដូង​កុមារនោះ មានកត្ដា​ច្រើនយ៉ាង​ខុសៗគ្នា​ទៅតាម​ជម្ងឺចង្វាក់​បេះដូង។ ប៉ុន្ដែ ហេតុផល​រួមនោះ​អាចបណ្ដាល​មកពី​ជម្ងឺបេះដូង ដូចជា​ជម្ងឺប្រើស​បេះដូង ព្រោះជម្ងឺ​នេះអាចធ្វើ​ឱ្យ​បេះដូង​រីក ហើយបង្ក​ឱ្យសាច់​បេះដូង​មានលក្ខណៈ​មិនប្រក្រតី បញ្ចេញ​សកម្មភាព​មិន​ធម្មតា។ កុមារ​មានជម្ងឺ​បេះដូង​ពីកំណើត​ដូចជា​ថតផ្សេងៗ​នៃបេះដូង​វាមិន​ស្ថិត នៅចំ​កន្លែង​ឆ្លាស់គ្នា មានន័យថា​ថតខាង​ឆ្វេងមក​នៅខាងស្ដាំ ថតខាងស្ដាំ​មកនៅ​ខាងឆ្វេង ឬក៏អាច​បង្កឡើង​ដោយសារ​ដុំនៅ​លើ បេះដូង​ បេះដូង​ដែលទើប​នឹង​វះកាត់ ជម្ងឺរលាក​សាច់ដុំ​បេះដូង និងការ​ពុលដោយ​សារថ្នាំ​សត្វល្អិត​ក៏អាច​ធ្វើឱ្យ​មានបញ្ហា​ចង្វាក់​បេះដូង​ដែរ។

រោគសញ្ញាជម្ងឺចង្វាក់បេះដូង

រោគសញ្ញាចំពោះកុមារដែល​កើតមាន​ជម្ងឺ​ចង្វាក់បេះដូង​កុមារ​មានពីរ គឺរោគ​សញ្ញា​បេះដូង​ដើរញាប់ និងរោគ​សញ្ញា​បេះដូង ដើរ​យឺត។

១ – រោគសញ្ញាបេះដូង​ដើរញាប់ ៖ ចំពោះ​កុមារ​ស្ថិតក្រោម​អាយុ២ឆ្នាំ គឺមាន​សញ្ញាខ្សោយ​បេះដូង បង្ហាញអាការៈ​ហត់បៅ​មិន​សូវបាន ពណ៌សម្បុរ​ឡើងប្រផេះ យំច្រើន ហើម មានការ​ប្រែប្រួល​ចរិតលក្ខណៈ​របស់កុមារ មានក្អួត ស្លេក មានដួល​សន្លប់ ឬប្រកាច់។ ចំពោះ​កុមារ​ធំអាច​និយាយបាន អាចប្រាប់​បានថា មានអាការៈ​ញ័រទ្រូង អាចដួល​បាត់មាត់​បាត់ក សន្លប់ដូច​ក្មេងតូច​ដែរ។

២ – រោគសញ្ញាចង្វាក់បេះដូងដើរយឺត ៖ គឺជា​ការកាត់​ផ្ដាច់នូវ​ការចម្លង​ចរន្ដអគ្គិសនី​ក្នុង​កម្រិត​ណាមួយ ប្រសិន​ជាកន្លែង បញ្ចេញ​ចរន្ដអគ្គិសនី​ខ្សោយ។ បន្ទាប់មក​ទៀតមាន​ការកាត់​ផ្ដាច់​ចរន្ដអគ្គិសនី​ផ្សេងៗ​មកទៀត នៅតាម​មែកណា​មួយ ធ្វើឱ្យ​បេះដូង ​ដើរយឺត​តែម្ដង។ ក្រោយមក​ទៀតបើ​បេះដូង​នោះដើរ​យឺតមែន​ទែន ធ្វើឱ្យ​កុមារ​នោះខ្យល់​គរ គាំងបេះដូង សន្លប់បាត់​មាត់​បាត់ក ហើយក៏​អាចបណ្ដាល​ឱ្យកុមារ​ស្លាប់​បានដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីព្យាបាលជម្ងឺចង្វាក់បេះដូងកុមារ

ប្រសិនបើការធ្វើរោគ​វិនិច្ឆ័យ​ឃើញថា កុមារនោះ​មានជម្ងឺ​ចង្វាក់​បេះដូង គេអាច​ព្យាបាល​ដោយ​ប្រើថ្នាំ​ឬព្យាបាល​ដោយ លូក​សរសៃចូល​ទៅក្នុង​ថង់បេះដូង ដើម្បី​កៀរយក​ចរន្ដអគ្គិសនី​ដែលបញ្ចេញ​ខុស​ទីកន្លែង ឬក៏ខ្សែ​ដែលនៅ​ខុសពី​កន្លែង​ធម្មតា និងមានវិធី​វះ​កាត់​។ ចំពោះ​ករណី​បេះដូង​ដើរយឺត​វិញ គេព្យាបាល​ដោយដាក់​ថ្មបេះដូង ប្រយោជន៍​ឱ្យថ្ម​នោះបញ្ចេញ​ចរន្ដអគ្គិសនី​ជំនួយ​ដើម្បី​ឱ្យ ត្រូវ​តាម​កាដង់​របស់វា។

វិធីការពារជម្ងឺចង្វាក់បេះដូងកុមារ

ប្រសិនបើជម្ងឺចង្វាក់បេះដូងនេះកើត​មកពី​កំណើត មិនអាច​ការពារ​បាននោះ​ទេ។ ប្រសិន​បើវា​កើតឡើង​ដោយសារ​ការប្រើ​ ប្រាស់ថ្នាំ​ខុស ឬដោយ​សារជម្ងឺ​បេះដូង​នានា​អាចការ​ពារបាន។ សូម​ប្រើប្រាស់​ថ្នាំសង្កូវ​ដោយទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជុំវិញ​ អាការៈ​រោគ ឬរោគសញ្ញា​ដែលកើត​ឡើងចំពោះ​កុមារ។

ផលប៉ះពាល់ចំពោះជម្ងឺចង្វាក់បេះដូងកុមារ

កុមារមានជម្ងឺចង្វាក់បេះដូងមានសុខភាពមិនល្អ និងថាមពល​គ្រប់គ្រាន់​នោះទេ ព្រោះបរិមាណ​ឈាមដែល​រត់ទៅ​ចិញ្ចឹមទៅ​លើ​សរីរាង្គកាយ​ផ្សេងៗ​របស់​កុមារ​នោះមិន​គ្រប់គ្រាន់ ធ្វើឱ្យ​កុមារដួល ឬប្រកាច់ អាចខ្យល់គរ ស្លាប់តែម្ដង។ លើសពី​នេះកុមារ ​នោះមិន​ធំធាត់ និងប្រាជ្ញា​ចុះខ្សោយ មិនចងចាំ​ព្រឹត្ដិការណ៍​មួយចំនួន​ទៀតផង។

ដំបូន្មានអ្នកជំនាញ

ប្រសិនបើលោកអ្នកឃើញអាការកូនរបស់​ខ្លួនឯង​បង្ហាញ​សកម្មភាព​ឬរោគសញ្ញា​ខុសពី​ប្រក្រតី​ហើយនោះ ត្រូវប្រញាប់​​រួស រាន់​មកកាន់​មន្ទីរពេទ្យ ឬយក​ទៅជួប​ពិគ្រោះ​ជាមួយ​នឹង​ពេទ្យជំនាញ ដើម្បីព្យាបាល​ឱ្យទាន់​ហេតុការណ៍។ បើទុក​យូរកុមារ​អាច ប្រឈម​មុខទៅនឹង​ជម្ងឺឈឺ​ថ្កាត់ផ្សេងៗ​ជាមិនខាន។ តួយ៉ាង​ប្រសិន​បើឃើញ​កុមារ​បង្ហាញ​រោគសញ្ញា​ដូចជា​បេះដូង​ដើរញាប់ ឬមាន អាការៈ​ដេកដួល​ សន្លប់ ប្រកាច់ គឺត្រូវ​ប្រញាប់​ទៅជួប​ពេទ្យជំនាញ ព្រោះកុមារ​អាចប្រឈម​នឹងជម្ងឺ​ចង្វាក់បេះដូង​តែម្ដង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *