លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីប្រចាំការនៅព្រឹកថ្ងៃព្រហស្បត៍ ទី៣០សីហាកន្លងមកនេះ បានចូលរួមប្រកាសទទួលស្គាល់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឈន៍ក្រសួងសុខាភិបាល។
ក្នុងការប្រកាសតែងតាំងនោះលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានទទួលធ្វើជាប្រធានកិត្តិយសសមាគមនេះ និងលោកស្រី តាន់ វួចឆេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឈន៍ប្រចាំក្រសួងសុខាភិបាល។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា អនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលស្គាល់និងចាត់ទុកថានារី គឺជាមូលធនដ៏សំខាន់មួយ ដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឈន៍ប្រទេស។ ដោយមើលឃើញនូវធនធានមនុស្សដ៏មានតំលៃនេះ ទើបក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ដល់ការងាររបស់នារី ដូចជា ទី១ បង្កើតឲ្យមានក្រុមការងាររបស់ក្រសួង ដើម្បីរៀបចំនូវផែនការយុទ្ឋសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យសុខាភិបាល។
ទី២ យកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពរបស់ស្រ្តី ជាពិសេសស្រ្តីក្នុងវ័យបន្តពូជ និងជាមាតា ដើម្បីកាត់បន្ថយមរណៈភាពរបស់មាតា ទី៣ ផ្តល់ឳកាសឲ្យនារីបានចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ ដើម្បីបង្កើននូវចំណេះដឹងនិងសមត្ថភាពរបស់ខ្លួន ជាពិសេសយកចិត្តទុកដាក់លើការងារបណ្តុះបណ្តាលឆ្មប និងទី៤ ផ្តល់តួនាទីសមស្របដល់នារីដែលមានសមត្ថភាព។
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីប្រចាំការបានមានប្រសាសន៍សម្តែងការកោតសរសើរការងាររបស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ដល់ស្រ្តី ដែលសកម្មភាពនេះបានរួមចំណែកឲ្យបងប្អូននារីបានចូលរួមកាន់តែសកម្មថែមទៀត ក្នុងការចូលរួមអនុវត្តន៍យុទ្ឋសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុកនារីគឺជាកំលាំងចលករដ៏មានសារៈសំខាន់ក្នុងគ្រប់សមាសភាពនៃសង្គម។
លោកស្រីបន្តថា “វត្តមាននិងការចូលរួមចំណែកទទួលខុសត្រូវរបស់ស្រ្តីនៅក្នុងវិស័យសុខាភិបាល គឺជាប្រការដែលមិនអាចខ្វះបាន ហើយកិច្ចការនេះគឺសមស្របទៅនឹងផែនការយុទ្ឋសាស្រ្តរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឈន៍ ”។
លោកស្រី ម៉ែន សំអន បានបន្តថា លើសពីនេះអ្វីដែលជាការចាប់អារម្មណ៍ គឺផែនការដ៏មានប្រសិទ្ឋិភាព នៃយុទ្ឋសាស្រ្តបញ្ជ្រាបយេនឌ័ររបស់ក្រសួង បានបញ្ជាក់ពីការចូលរួមចំណែកក្នុងការលើកកម្ពស់សមភាពយេនឌ័ររបស់ក្រសួង បានបញ្ជាក់ពីការចូលរួមចំណែកក្នុងការលើកកំពស់សមភាពយេនឌ័រ មិនត្រឹមតែសម្រាប់ក្រសួងសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងបានបំពេញតួនាទីបញ្ជ្រាបយេនឌ័រទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការធ្វើជាគ្រូពេទ្យល្អ និងប្រកបដោយក្រមសីលធ៌មវិជ្ជាជីវៈខ្ពស់ផងដែរ។
អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១២
Leave a Reply