សុខ សំណាង ជាពិធីកររូបរាងខ្ពស់សង្ហា និងមានប្រជាប្រិយភាពមួយរូបប្រចាំស្ថានីយទូរទស្សន៍បាយ័ន ហើយក៏បានទទួលការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនមួយចំនួនដែលធ្លាប់បានសម្ដែងជាតួឯកនៅក្នុងរឿងនាងសុនីតាផងដែរ។ នេះជាស្នាដៃទីមួយ ដែលកំលោះសង្ហារូបនេះបានចាប់ផ្ដើមបង្ហាញពីទេពកោសល្យរបស់ខ្លួន ធ្វើឱ្យមានការគាំទ្រច្រើនគួរកត់សម្គាល់រហូតមកដល់សព្វថ្ងៃនេះពីទស្សនិកជន។ បច្ចុប្បន្នលោកកំពុងតែរវល់នឹងការថតសម្ដែង និងធ្វើជាពិធីករនានាក្នុងកម្មវិធីទូរទស្សន៍បាយ័ន។ ទោះបីជាសព្វថ្ងៃសំណាងមានការងារមមាញឹកច្រើនក៏លោកចាត់ទុកអាជីពនេះជារឿងបន្ទាប់សុខភាពដែរ។
ពេលនេះ សុខ សំណាង បានចូលខ្លួនមកបកស្រាយពីការថែទាំសុខភាព និងសម្រស់របស់លោកផ្ទាល់ ដើម្បីឱ្យប្រិយមិត្ដអ្នកអានទាំងអស់ទទួលជ្រាបតាមរយៈកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាពយើង។
ប្រវត្ដិមុនចូលសិល្បៈ
សុខ សំណាង បានចូលធ្វើការប្រឡងស្រីស្រស់ប្រុសស្អាតនៅក្នុងឆ្នាំ២០០៥។ បន្ទាប់មកនៅចុងឆ្នាំ២០០៥ លោកក៏បានចូលបម្រើការងារនៅស្ថានីយទូរទស្សន៍បាយ័ន។ នៅពេលនោះលោកក៏បានចាប់ផ្ដើមធ្វើជាពិធីករនៅក្នុងកម្មវិធីសំណួរចម្លើយរហូតមកដល់សព្វថ្ងៃ ព្រមទាំងជាពិធីករសម្រាប់កម្មវិធីដទៃទៀតផងដែរ។ ក្រោយមកទៀតនៅក្នុងអំឡុងពាក់កណ្ដាលឆ្នាំ២០០៦ លោកក៏បានចាប់ផ្ដើមថតខ្សែភាពយន្ដសម្រាប់ស្ថានីយទូរទស្សន៍បាយ័នគឺរឿងនាងសុនីតា។ សព្វថ្ងៃនេះតួនាទីរបស់លោកគឺជាពិធីករផង និងជាអ្នករៀបចំកម្មវិធីផង ហើយក៏កំពុងបន្ដការសិក្សានៅសកលវិទ្យាល័យផងដែរ។ ថ្មីៗនេះលោកក៏បានទទួលធ្វើជាពិធីករក្នុងកម្មវិធីមរតកវប្បធម៌ខ្មែរ និងកម្មវិធីម្សិលម៉ិញថ្ងៃនេះ នៃស្ថានីយទូរទស្សន៍បាយ័នទៀតផង។
ការថែរក្សាសម្រស់
សុខភាព និងសម្រស់សម្រាប់អ្នកសិល្បៈគឺជារឿងសំខាន់ណាស់។ ខាងក្រោមនេះគឺជាវិធីនៃការថែទាំសុខភាព និងសម្រស់ របស់ពិធីកររូបរាងស្រស់សង្ហា សុខ សំណាង ដែលលោកបានអនុវត្ដជាប្រចាំ។
- ការថែរក្សាស្បែកមុខ ៖ បញ្ហាស្បែកមុខជារឿងដែលត្រូវយកចិត្ដទុកដាក់ចំពោះសំណាង ព្រោះវាក៏ជាផ្នែកមួយនៃការទាក់ទាញផងដែរ។ រាល់ពេលមានបញ្ហាម្ដងៗដូចជាកើតមុនជាដើម លោកតែងប្រើប្រាស់ផលិតផលដែលមានការណែនាំពីអ្នកឯកទេសនៅមជ្ឈមណ្ឌលថែរក្សាសម្រស់។ ជារៀងរាល់ពេលត្រឡប់មកពីធ្វើការ លោកតែងប្រើប្រាស់ផលិតផលលាងសម្អាតមុខ។
- ការថែរក្សាស្បែកដងខ្លួន ៖ សំណាងថែទាំស្បែកដងខ្លួនយ៉ាងយកទុកដាក់ផងដែរ។ ជារៀងរាល់ពេលដែលចេញក្រៅម្ដងៗ ដើម្បីការពារនឹងពន្លឺថ្ងៃខ្លាំង លោកតែងប្រើឡេការពារកម្ដៅថ្ងៃជាប្រចាំ។
- ការថែរក្សាសក់ ៖ តារាសម្ដែង សុខ សំណាង ត្រូវបានមហាជនមួយចំនួនបានចាប់អារម្មណ៍ទៅលើការលេងម៉ូតសក់របស់លោក។ រយៈពេលកន្លងមកលោកបានធ្វើម៉ូតសក់ជាលក្ខណៈរួញៗ ធ្វើឱ្យមានការច្រឡំថាជាសក់កំណើតរបស់លោក ផ្ទុយទៅវិញនេះ ជាការលេងម៉ូតសក់របស់តារារូបនេះទេ។ រយៈពេលដែលលោកធ្វើសក់រួញគឺមានការងាយស្រួលបំផុត គ្រាន់តែកក់សក់ឱ្យបានញឹកញាប់តែប៉ុណ្ណោះ ហើយពេលនេះលោកក៏បានប្ដូរម៉ូដសក់បែបថ្មីទៀតដែរ។
- ការថែរក្សាភ្នែក ៖ សុខភាពភ្នែកជារឿងចោទយ៉ាងសំខាន់បើសិនជាបង្កឱ្យមានបញ្ហា។ ចំពោះសំណាងមកដល់ពេលនេះសុខភាពភ្នែកមិនទាន់ជាមានបញ្ហានោះទេ ទោះបីជាសព្វថ្ងៃលោកធ្វើការនៅមុខអេក្រង់កុំព្យូទ័រស្ទើរតែគ្រប់ម៉ោងធ្វើការក៏ដោយ ។ ទោះបីមិនមានបញ្ហាអ្វីក៏ដោយក៏សំណាងមិនប្រហែសឱ្យកើតជាបញ្ហាធំនោះទេ។
- ការថែរក្សាធ្មេញ ៖ បញ្ហាមាត់ធ្មេញមិនដែលចោទជាបញ្ហាអ្វីនោះទេចំពោះសំណាង ដោយសារតែលោកមានសុខភាពមាត់ធ្មេញដ៏ល្អរួមជាមួយនឹងទម្លាប់ជាប្រចាំ គឺការដុសសម្អាតធ្មេញមួយថ្ងៃពីរដង។ ជាពិសេសរៀងរាល់ពេល៦ខែម្ដង លោកតែងទៅពិនិត្យ និងធ្វើការសម្អាតធ្មេញដោយទន្ដពេទ្យដែលមានឯកទេស។
ការថែទាំសុខភាពរាងកាយ
- ការទទួលទានដំណេក ៖ សំណាងគេងមិនសូវជាបានគ្រប់គ្រាន់នោះទេ ដោយសារតែមានភាពមមាញឹកនឹងការងារ ព្រមទាំងការសិក្សាផង។ ទោះជាយ៉ាងណាលោកនៅតែព្យាយាមរកពេលទំនេរសម្រាកថែទាំសុខភាពឱ្យបានល្អ ដើម្បីចៀសផុតពីបញ្ហាទាំងឡាយ។
- ការទទួលទានអាហារ ៖ សំណាងកំពុងជួបបញ្ហាធាត់ ដូចនេះលោកកំពុងតែធ្វើការគ្រប់គ្រងក្នុងការទទួលទានអាហារ គឺលោកកំណត់ការទទួលទានក្នុងកម្រិតមួយដែលសមស្របសម្រាប់ក្រពះលោកក្នុងមួយពេលតែប៉ុណ្ណោះ ដោយមិនឱ្យជ្រុលឆ្អែតលើសលប់នោះទេ។
លំហាត់ប្រាណ ៖ ទោះបីជាពេលខ្លះលោកមិនអាចទប់អារម្មណ៍ទទួលទានអាហារដ៏ឆ្ង្ងាញ់បាន លោកក៏មានវិធីមួយទៀត ដើម្បីកាត់បន្ថយភាពធាត់ដែរ គឺជារៀងរាល់ពេលល្ងាចលោកតែងឆ្លៀតពេលដើម្បីទៅលេងប៉េងប៉ុង ដែលចាត់ទុកជាការហាត់កីឡាផងដែរ។ នេះមិនត្រឹមតែអាចជួយកាត់បន្ថយធាត់ទេ ក៏អាចជួយឱ្យមានសុខភាពល្អទៀតផង។
បំណងទៅថ្ងៃអនាគត
សព្វថ្ងៃលោកក៏កំពុងធ្វើជាគ្រូបង្រៀន និងកំពុងសិក្សាផងដែរ។ ដូចនេះក្រៅពីអាជីពជាអ្នកសិល្បៈហើយនោះ គឺលោកមានគោលបំណងចង់បង្កើតអនាគតមួយដោយយកសមត្ថភាព និងបទពិសោធន៍ក្នុងការងារសិល្បៈបូកជាមួយសមត្ថភាពសិក្សា និងចំណង់ចំណូលចិត្ដរបស់លោក ដើម្បីបើកកន្លែងអប់រំមួយដ៏ធំ ដូចជាសកលវិទ្យាល័យ ឬក៏ជាវិទ្យាស្ថានមួយផ្ទាល់ខ្លួន។
បណ្ដាំផ្ញើរបស់ សុខ សំណាង
បើទោះបីជាមានការមមាញឹកនឹងការងារ ឬការសិក្សាច្រើនយ៉ាងណា សូមលោកអ្នកចំណាយពេលវេលាថែទាំសុខភាពឱ្យបានល្អ។ បើសិនជាមានសុខភាពមិនល្អនោះ គ្រប់កិច្ចការទាំងអស់ក៏មិនអាចសម្រេចដូចបំណងដែរ។ សុខភាពជារឿងដំបូងបង្អស់មុននឹងអាចសម្រេចកិច្ចការទាំងឡាយបានដោយភាពជោគជ័យ ទាំងការងារ និងការសិក្សា។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ សុខ សំណាង
- អាយុ ៖ ២៥ឆ្នាំ
- ថ្ងៃ.ខែ.ឆ្នាំកំណើត ៖ ៣០ វិច្ឆិកា ១៩៨៥
- ទីកន្លែងកំណើត ៖ ខេត្ដកណ្ដាល
- កម្ពស់ ៖ ១,៨០ម៉ែត្រ
- ទម្ងន់ ៖ ៧៨គីឡូក្រាម
- បងប្អូន ៖ ៤នាក់ ប្រុស៣នាក់ ស្រី១នាក់(ជាកូនទី៤)
- កម្រិតវប្បធម៌ ៖ អនុបណ្ឌិតភាសាអង់គ្លេសនៃសកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជា
- អាជីពនាពេលបច្ចុប្បន្ន ៖ អ្នកសិល្បៈ
- ស្ថានភាពគ្រួសារ ៖ នៅលីវ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០
Leave a Reply