នាងខ្ញុំរៀបការ៣ឆ្នាំមកហើយ តែប្ដីរបស់នាងខ្ញុំមិនទាន់ចង់បានកូននៅឡើយទេ គាត់បានឱ្យនាងខ្ញុំទទួលទានថ្នាំគ្រាប់ពន្យារកំណើត។ នាងខ្ញុំយល់ថា គ្រាប់ថ្នាំពន្យារកំណើតនេះ នាំឱ្យនាងខ្ញុំបាត់បង់ចំណង់ផ្លូវភេទ តើវាជាការធម្មតាដែរឬទេ?
លោកស្រី ក. ន. ស អាយុ២៦ឆ្នាំ ខេត្ដកំពង់ចាម
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ អត់ទេ ជាការមិនពិតទេ និងមិនធម្មតានោះទេ ព្រោះថាគ្រាប់ថ្នាំពន្យារកំណើតមិនបានកាត់បន្ថយ ឬធ្វើឱ្យបាត់បង់ចំណង់ផ្លូវភេទនោះទេ។ ផ្ទុយទៅវិញការប្រើប្រាស់ថ្នាំពន្យារកំណើតអាចជួយឱ្យស្ដ្រីបាត់បង់អារម្មណ៍ថាអាចមានផ្ទៃពោះ ដែលមិនចង់បាន ជួយឱ្យស្ដ្រីទទួលបានផ្លូវភេទគ្មានបារម្ភពេញចិត្ដនិងត្រេកត្រអាល រីឯចំណង់រឹតតែកើនឡើងទៅវិញទេ។ ខ្ញុំបាទគិតថា ករណីរបស់ប្អូនស្រីដែលចង់មានកូន តែប្ដីរបស់ប្អូនស្រីបដិសេធ ហេតុនេះប្អូនស្រីកំពុងដាក់ទោសពិន័យទៅលើប្ដីរបស់ប្អូនស្រីដែលបានបដិសេធនឹងសំណើរបស់ប្អូនស្រី។ នេះជាការគួរឱ្យសោកស្ដាយណាស់ ដែលអ្នកទាំងពីរប្រកាន់ខឹងនឹងគ្នាអំពីរឿងចង់បានកូននេះ ដោយមិនខិតខំប្រើប្រាស់ឱកាសសប្បាយខាងផ្លូវភេទ ដែលក៏អាចផ្ដល់ឱ្យប្ដីប្រពន្ធរបស់ប្អូនស្រីនូវសុភមង្គលគ្រួសារ និងការស្រឡាញ់គ្នាក្នុងរឿងលើគ្រែបានប្រសើរដែរ។ សូមនាំគ្នាគិតឡើងវិញ ហើយជជែកគ្នាអំពីការសប្បាយខាងផ្លូវភេទ និងការមានកូន ដើម្បីរៀបចំកាលវិភាគត្រឹមត្រូវណាមួយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៤១ ខែមិថុនា ឆ្នាំ២០០៩
Leave a Reply