បន្ទាប់ពីការតស៊ូមតិអស់រយៈពេលជាយូរ ទីបំផុតរដ្ឋាភិបាលស្វីសបានអនុម័តផ្តល់ប្រាក់៤លានស្វីសហ្រ្វង់ (ជាង៤លានដុល្លារអាមេរិក) ដល់មន្ទីរពេទ្យគន្ធបុប្ផាក្នុងមួយឆ្នាំ។
លោកសាស្រ្តាចារ្យ Beat Richner ប្រធានមូលនិធិគន្ធបុប្ផាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃអង្គារ ទី១១ កញ្ញា កន្លងមកថា រដ្ឋាភិបាលស្វីសកាលពីថ្ងៃទី១០ កញ្ញា បានជូនដំណឹងមកលោក ទាក់ទងនឹងការបង្កើនជំនួយពី៣លានស្វីសហ្រ្វង់ ដល់៤លានស្វីសហ្រ្វង់ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៦ខាងមុខនេះ។ លោកបន្តថា ការបង្កើនជំនួយនេះ ដោយសារលោកបានជជែកតវ៉ា និងធ្វើការតស៊ូមតិជាច្រើនឆ្នាំមកហើយ នៅពេលការចំណាយក្នុងមន្ទីរពេទ្យនេះ កើនដល់៤០លានដុល្លារនៅក្នុងឆ្នាំនេះ។
លោកបន្តថា “ខ្ញុំសប្បាយរីករាយណាស់ចំពោះដំណឹងនេះ ព្រោះមុនអនុម័តថវិការនេះ ដោយសាររដ្ឋាភិបាលស្វីសមើលឃើញសកម្មភាព២០ឆ្នាំ ដែលមន្ទីរពេទ្យនេះបានផ្តល់ការព្យាបាលដល់កុមារកម្ពុជាក្រីក្រដោយឥតគិតថ្លៃ និងគ្មានការរើសអើង”។ លោកបន្តថា “ខ្ញុំរីករាយណាស់ដែរ ដែលរាជរដ្ឋាភិបាលបានផ្តល់ប្រាក់២.៣លានដុល្លារដល់មន្ទីរពេទ្យក្នុងឆ្នាំនេះ ក្នុងនោះ១លានដុល្លារពីកាកបាទក្រហមកម្ពុជា ១លានដុល្លារពីសម្តេចតេជោ ហ៊ុន សែន តាមរយៈក្រសួងសុខាភិបាល និង៣០០០០០ដុល្លារពីលោកស្រី ហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន”។
លោកសាស្រ្តាចារ្យ Beat Richner ក៏បានឲ្យដឹងផងដែរថា ក្នុងឆ្នាំនេះក្រៅពីជំនួយខាងលើ មន្ទីរពេទ្យក៏បានទទួលជំនួយពីក្រុមហ៊ុនឯកជន សិស្ស និស្សិត ព្រះសង្ឃ សប្បុរសជន ប៉ូលីសខេត្តសៀមរាប ដែលបានបរិច្ចាកម្នាក់១ដុល្លារចំនួន២៥០០នាក់ ជួយដល់មន្ទីរពេទ្យនេះ។
អត្ថដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២
Leave a Reply