ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះមរមនាថនរោត្តមសីហមុនី នឹងយាងចូលរួមពិធីប្រារពខួបលើកទី២០ឆ្នាំ នៃការបង្កើតមន្ទីរពេទ្យគន្ឋបុប្ផា ដែលនឹងប្រារព្ធធ្វើនៅរាជធានីភ្នំពេញ។
លោកសាស្រ្តាចារ្យ ប៊ីត រីចនើរ (Beat Richner) នាយកមូលនិធិគន្ឋបុប្ផាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១១ កញ្ញាកន្លងមកថា នៅថ្ងៃទី២១ កញ្ញាវេលាម៉ោង៦ល្ងាច ព្រះមហាក្សត្រកម្ពុជានឹងយាងទតការបញ្ចាំងឈ្មោះ My Umbrella (ឆ័ត្ររបស់ខ្ញុំ) ជាខ្សែភាពយន្តដែលបរិយាយលំអិតពីសកម្មភាពរបស់មន្ទីរពេទ្យក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ។ លោកបន្តថា នៅព្រឹកថ្ងៃទី២២ កញ្ញា ព្រះមហាក្សត្រកម្ពុជានឹងយាងចូលរួមពិធី ព្រមទាំងថ្លែងសន្ទរកថា និងកាត់ខ្សែបូដាក់សម្ភោធម៉ាស៊ីនMRIនៅមន្ទីរពេទ្យគន្ឋបុប្ផាក្បែរវត្តភ្នំ។
មន្ទីរពេទ្យគន្ឋបុប្ផាទី១ បានបើកសម្ភោធនៅថ្ងៃទី២២កញ្ញាឆ្នាំ១៩៩២ទី២ បើកសម្ភោធនៅខែតុលាឆ្នាំ១៩៩៦ ទី៣ បើកសម្ភោធនៅខែឧសភាឆ្នាំ១៩៩៩ ដែលពេលនោះមានការយាងចូលរួមពីព្រះមហាវីរក្សត្រនរោត្តមសីហនុ និងប្រធានាធិបតីស្វីស ទី៤ សម្ភោធនៅខែធ្នូឆ្នាំ២០០៥ និងមន្ទីរពេទ្យគន្ឋបុប្ផាទី៥ បើកសម្ភោធនៅខែធ្នូឆ្នាំ២០០៧។
លោកសាស្រ្តាចារ្យ Beat Richner បានមានប្រសាសន៍ឲ្យដឹងថាចាប់តាំងពីឆ្នាំ១៩៩៩រហូតមកទល់ពេលនេះ មន្ទីរពេទ្យបានពង្រីកធំជាងមុនរហូតដល់៦ដង ដែលរហូតមកទល់ពេលនេះ មន្ទីរពេទ្យមានគ្រែសរុប២០០០គ្រែទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ អត្រាប្រើប្រាស់គ្រែមានពី៩០ភាគរយរហូតដល់១៥០ភាគរយ នៃចំនួនអ្នកជំងឺធៀបជាមួយចំនួនគ្រែ។ លោកបន្តថា នៅពេលបើកដំណើរការលើកតំបូងមន្ទីរពេទ្យនេះមានបុគ្គលិកបរទេសចំនួន១៦នាក់ និងបុគ្គលិកខ្មែរចំនួន៦៨នាក់ ប៉ុន្តែបច្ចុប្បន្នមានបុគ្គលិកបរទេសតែ២នាក់ និងបុគ្គលិកខ្មែរ២៤០០នាក់។
លោកបន្តថា “មន្ទីរពេទ្យនេះបានក្លាយជាមន្ទីរពេទ្យធំជាងគេបង្អស់ក្នុងពិភពលោក និងចំណាយប្រាក់តិចជាងគេ ប៉ុន្តែការព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ឋិភាពខ្ពស់ ”។ លោកបន្តថា “ខ្ញុំសប្បាយចិត្តណាស់ ព្រោះតាំងពីឃើញសម្តេច ហ៊ុន សែន និងលោកជំទាវគតិព្រឹទ្ឋបណ្ឌិតបរិច្ចាកប្រាក់ដល់មន្ទីរពេទ្យនេះរួចមក មានព្រះសង្ឃ ប្រជាជនខ្មែរសិស្ស និស្សិត ក្រុមហ៊ុនឯកជនបានបន្តជួយដល់មន្ទីរពេទ្យនេះ ខ្ញំសង្ឃឹមពួកគេនឹងបន្តជួយជាបន្តទៀតទោះតិចក្តីច្រើនក្តី ”។
លោកបន្តសម្តែងក្តីរំភើបថា “ខ្ញុំឃើញមានការជួយគាំទ្រ ខ្មែរចេះជួយខ្មែរ ខ្ញុំពិតជារឿងរំភើបនិងសប្បាយចិត្តណាស់ ហើយខ្ញុំស្ឃឹមថាពួកគេនឹងបន្តគាំទ្រសម្រាប់រយៈពេល២០ឆ្នាំទៀត ព្រោះប្រជាជនខ្មែរគ្មានលទ្ឋភាពបង់ថ្លៃនៅតាមសេវាឯកជននោះទេ”។
អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២
Leave a Reply