មន្រ្តីជំរុញ​ឲ្យ​ក្រុម​ឆ្លើយ​តប​បន្ទាន់និង​ប្រជាជន​ប្រុង​ប្រយ័ត្ន​ជំងឺផ្តាសាយ​បក្សី

នៅពេល​ជំងឺ​ផ្តាសាយ​បក្សី​ផ្ទុះនៅ​ប្រទេសចិន និង​កំពុងផ្ទុះ​នៅប្រ​ទេ​ស​វៀតណាម មន្រ្តី​ជំនាញ​កម្ពុជាបាន​ជំរុញ​ឲ្យក្រុម​ឆ្លើយតប​បន្ទាន់ និង​ប្រជាពល​រដ្ឋ​បង្កើនការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺនេះ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ឋ​នឹងជំងឺ​ឆ្លងបាន​មា​ន​​ប្រសាសន៍​ឲ្យដឹងតាម​ទូរស័ព្ទ កាលពីថ្ងៃ​ព្រហស្បត៍ ទី​២០​កញ្ញានេះ​ថាក្រុម​​មន្រ្តី​​ឆ្លើយតប​បន្ទាន់ ត្រូវបាន​ជូន​ដំណឹង​ឲ្យបង្កើន​ការ​ប្រុងប្រយ័ត្ន និង​យកចិត្ត​ទុក​ដាក់​ចំពោះការ​ផ្ទុះជំងឺ​ផ្តាសាយ​បក្សី បន្ទាប់​ពីជំងឺ​នេះបាន​ផ្ទុះនៅ​ប្រទេសចិន និង​ប្រទេ​ស​វៀតណាម។

លោកបន្ត​ថា “ជាមួយ​នេះខ្ញំ​សូម​អំពាវនាវ​ឲ្យ​ប្រជាជន​បង្កើ​នការ​ប្រុងប្រយ័​ត្ន​ កុំ​ប៉ះពាល់ និង​ទទួលទាន​បក្សីឈឺ ឬ​ងាប់ ព្រោះ​ជំងឺនេះ​អាច​ឆ្លង​មក​មនុស្ស​តាមរយៈ​សត្វបក្សី ”។

លោក សូវ៉ាន់ បាន​បន្តថា “រដូវផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សី​បានមក​ដល់ ការផ្ទុះ​ជំងឺនេះ​ចាប់ផ្តើម​ពីខែ​កញ្ញា​នេះ ដល់ខែ​មិថុនា​ខាងមុខ ហេតុនេះ​សូម​ប្រជាជន​បង្កើនការ​ប្រុងប្រ​យ័​ត្ន ហើយ​ប្រសិន​ជាមាន​អាការៈ​ក្តៅខ្លួន ក្អក ​និង​ពិបាក​ដកដង្ហើម​សូម​ទៅកាន់​​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ជិតផ្ទះ​បំផុត និង​រាយការណ៍​ពីប្រវត្តិ​ធ្លាប់​ប៉ះពាល់​​បក្សី​ឈឺ ឬ​ងាប់ ”។

មន្ទីរពេទ្យ​ថ្នាក់ជាតិ​ចំនួន២​គមន្ទីរពេទ្យ​កាល់ម៉ែត្រ និង​មន្ទីរពេទ្យ​មិត្តភាពខ្មែរ សូវៀត​បានត្រៀម​សម្រាប់​ព្យាបាល​ជំងឺនេះ។ មន្ទីរពេទ្យ​ថ្នាក់ខេត្ត​ដូចជា​មន្ទីរ ពេទ្យបង្អែក​ខេត្ត​កំពង់ចាម សៀមរាប កំពត និង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ត្រៀម​ឆ្លើយតប​ចំពោះ​ជំងឺនេះ​ផងដែរ។
លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្ត​ឲ្យដឹង​ថា បច្ចុប្បន្ន​យើងមាន​ឳសថ សម្ភារៈ​គ្រប់គ្រាន់​សម្រាប់​ឆ្លើយតប ចំពោះ​អ្នកកើត​ជំងឺនេះ​គ្រប់គ្រាន់។ ជារៀងរាល់​​សប្តាហ៍​មានមនុស្ស​ចាប់ពី​២ ទៅ៣នាក់​ត្រូវបាន​សង្ស័យ​កើតជំងឺ​នេះ ប៉ុន្តែ​លទ្ឋផ​ល​​នៃការ​ធ្វើតេស្ត​សុទ្ឋតែ​អវិជ្ជមាន រក​មិនឃើញ​ពួកគេ​ឆ្លងមេរោគ​H5N1​នោះទេ។ លោក​បន្តថា ប្រសិនជា​ប្រជាជន​ឃើញ​បក្សីឈឺ ឬ​ងាប់ សង្ស័យ​កើតជំងឺ​ផ្តា​សាយ​​បក្សី​សូម​រាយការណ៍​មកលេខ​ទូរស័ព្ទ ឆ្លើយតប​បន្ទាប់ឥត​គិតថ្លៃ​តាមរយៈ ​លេ​ខ​​១១៥។

លោក ច័ន្ទ សារុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ​កាលពីពេល​ថ្មីៗនេះ បានដាក់​បំរាម​មិនឲ្យ​មានការ​នាំចូល​បសុបក្សី និង​សុតបក្សី​ពីប្រទេស​ជិតខាង ដើម្បីបង្ការ និង​ការពារ​ការ​ចំលង​មេរោគ​ផ្តាសាយបក្សី​មក​បក្សី​ក្នុងស្រុក និង​ឆ្លងមក​ប្រជាពលរដ្ឋ។ កន្លងមកនេះ​គេហទំព័រ​សុខភាពកម្ពុជា​បាន​សរសេរ​អត្ថបទ​ជាច្រើន​ដែល​ទាក់ទង​ទៅនឹង​ជម្ងឺផ្ដាសាយ​បក្សី ដូចជា ជម្ងឺ​គ្រុនផ្ដាសាយ​បក្សី​ផ្ទុះឡើង​សាជាថ្មី ជម្ងឺគ្រុន​ផ្ដាសាយ​បក្សីអាច​ព្យាបាល​បាន កម្ពុជាទប់ទល់​នឹងជម្ងឺ​គ្រុនផ្ដាសាយ​បក្សី ពលរដ្ឋ​ប្រមាណ​៣០ភាគរយ​ក្នុងខេត្ដ​ចំនួន៣​នៅកម្ពុជា​មិនទាន់​ទទួលយក​ឥរិយាបថថ្មី​ស្ដី​ពីវិធានការ​បង្ការ ទប់ស្កាត់​ជម្ងឺ​គ្រុនផ្ដាសាយ​បក្សី H5N1ជាដើម។

អត្ថបទដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២

Categories: , , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *