លោកអ្នកប្រហែលជានៅចាំបានកញ្ញាឯកសាប៊ូលុច្សនៅក្នុងឆ្នាំ២០០៥ ដែលប្រកបទៅដោយរូបសម្រស់ស្រស់ស្អាត សម្លេងស្រទន់ពោរពេញទៅដោយមន្ដស្នេហ៍ទាក់ទាញអារម្មណ៍នោះ គឺកញ្ញា ឌួង ហ្សូរីដា។ ដោយសារតែភាពស្រស់ស្អាត ភាពទាក់ទាញ ជាពិសេសសមត្ថភាពបានធ្វើឱ្យកញ្ញារូបនេះរំកិលខ្លួនក្លាយជាពិធីការិនី ហើយនៅពេលនេះថែមទាំងជាតួឯកមួយរូបក្នុងលំដាប់ តារាដែលមានប្រជាប្រិយភាពនៅប្រទេសកម្ពុជាយើង។ ប្រជាប្រិយភាព និងរូបសម្រស់របស់នាងបានធ្វើឱ្យស្ដ្រីជាច្រើនច្រណែន ហើយចង់ដឹងពីអាថ៌កំបាំងដ៏ពិសេសនេះ។
ទស្សនាវដ្ដី សុខភាពយើង សូមបើកកកាយជីកគាស់មកជម្រាបជូនលោកអ្នក ជាពិសេសមិត្ដនារីទាំងអស់នៅពេលនេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយកញ្ញា ឌួង ហ្សូរីដា ផ្ទាល់តែម្ដង ជាពិសេសតើនាងឆ្លងកាត់អ្វីខ្លះទើបអាចមានថ្ងៃនេះ។
ប្រវត្ដិមុនឈានចូលដល់វិស័យសិល្បៈ
នៅគ្រាដំបូង កញ្ញាហ្សូរីដាមិនដែលគិតម្ដងណាថាខ្លួនអាចឈានជើងលើមាគ៌ាសិល្បៈឡើយ។ នៅពេលបញ្ចប់ការសិក្សា កញ្ញាបានបំពេញការងារជានារីអាកាសចរណ៍ដ៏គួរឱ្យស្រឡាញ់ម្នាក់។ លុះមកដល់ឆ្នាំ២០០៥ ដោយសារមានការជំរុញពីមិត្ដភក្ដិ រួមផ្សំនឹងខ្លួននាងផ្ទាល់មានគំនិតចង់សាកល្បងផងនោះ ទើបនាងសម្រេចចិត្ដដាក់ពាក្យចូលប្រឡងកញ្ញាឯកសាប៊ូលុច្ស ពេលនោះ កញ្ញាបានជាប់ចំណាត់ជាកញ្ញាឯកប្រជាប្រិយសាប៊ូលុច្ស។ ចាប់ផ្ដើមពីពេលនោះ ហ្សូរីដាបានបោះជំហានជាសន្សឹមៗលើវិថីសិល្បៈក្នុងនាមជាពិធីការិនី តារាសម្ដែងចំរៀងខារ៉ាអូខេជាដើម។ នៅពេលនេះដោយសារការតស៊ូព្យាយាម គួបផ្សំនឹងទេពកោសល្យសម្ដែងបានជំរុញឱ្យកញ្ញា ហ្សូរីដា ក្លាយជាតារាឯកមួយដួងដែលកំពុងរះ ដើម្បីដណ្ដើមភាពល្បីល្បាញពីសំណាក់ទស្សនិកជន។
ការថែរក្សាសម្ផស្ស
អាជីពជាតារាសម្ដែងពុំអនុញ្ញាតឱ្យហ្សូរីដាមានពេលសម្រាកច្រើនប៉ុន្មានទេ។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ ក៏ហ្សូរីដា មិនបណ្ដោយឱ្យពេលវេលានៃការថែរក្សារូបសម្រស់ និងសុខភាពចាកចេញទៅដោយមិនបានយកចិត្ដទុកដាក់នោះទេ។ មានចំណុចសំខាន់មួយចំនួន ដែលកញ្ញាហ្សូរីដាចាប់អារម្មណ៍ថែរក្សាខ្លាំងជាងគេ។
1 . ការថែរក្សាសក់ ៖ សរសៃសក់ហ្សូរីដាត្រូវប្រឈមជាមួយការតុបតែងសឹងតែរាល់ថ្ងៃ ម្ល៉ោះហើយសរសៃសក់របស់នាង មិនសូវមានសុខភាពល្អប៉ុន្មានទេ។ ដើម្បីទប់ទល់នឹងការខូចសរសៃសក់ ហ្សូរីដាបានជ្រើសរើសសាប៊ូកក់សក់ និងអប់សក់យ៉ាងពិសេស ដោយប្រើសម្រាប់កក់សក់ពីរថ្ងៃម្ដង និងអប់សក់មួយសបា្ដហ៍២ដង។ ប្រសិនបើពេលវេលាគ្រប់គ្រាន់ ហ្សូរីដាតែងតែទៅហាង ដើម្បីអប់សក់ ផ្ទុយមកវិញបើមានការរវល់ច្រើន នាងនឹងអប់សក់នៅផ្ទះដោយខ្លួនឯង។
2 . ការថែរក្សារោមចិញ្ចើម រោមភ្នែក បបូរមាត់ និងធ្មេញ ៖ ហ្សូរីដាស្រឡាញ់រោមចិញ្ចើមក្រាស់បែបធម្មជាតិ ដោយមិនមានការកោរតម្រឹមអ្វីទាំងអស់ ព្រោះនាងយល់ថាចិញ្ចើមដែលកោរមិនសក្ដិសមនឹងទម្រង់មុខរបស់នាង។ រីឯការលាបម៉ាស្ការ៉ាលើត្របកភ្នែកច្រើនធ្វើឱ្យរោមភ្នែកងាយនឹងជ្រុះ។ ដូច្នេះហ្សូរីដាជ្រើសរើសយកការពាក់ត្របកភ្នែកជំនួសឱ្យការពត់ត្របកភ្នែក ដើម្បីឱ្យរោមភ្នែកមើលទៅមានរាងងខ្ពស់ស្អាត នាំឱ្យភ្នែកមានសម្រស់គួរឱ្យទាក់ទាញ ហើយមិនប៉ះពាល់ដល់រោមភ្នែកទៀតផង។ បបូរមាត់ និងធ្មេញស្អាតជារឿងសំខាន់បំផុត ព្រោះវាបានផ្ដល់នូវស្នាមញញឹមជួយឱ្យសម្រស់ផ្ទៃមុខកាន់តែស្រស់ស្អាតមួយកម្រិត។ ហ្សូរីដា យល់ថាបបូរមាត់ស្រទន់ និងធ្មេញស្អាតញញឹមស្រស់ ជាចំណុចសំខាន់នៃការផ្ដោតអារម្មណ៍សម្លឹងមើលរបស់អ្នកនៅជុំវិញខ្លួន ហេតុនេះហើយទើបហ្សូរីដាមិនដែលប្រហែសក្នុងការថែរក្សាឡើយ។ ហ្សូរីដាមិនចូលចិត្ដលាបក្រែមដែលមានពណ៌ដិតខ្លាំងនោះទេ។
3 . ការថែរក្សាស្បែក ៖ ទាំងស្បែកមុខ និងស្បែកខ្លួន ហ្សូរីដាជ្រើសរើសប្រើផលិតផលតែមួយប្រភេទប៉ុណ្ណោះ ដោយមិនផ្លាស់ប្ដូរឡើយ។ ព្រោះកញ្ញាយល់ថាការផ្លាស់ប្ដូរផលិតផលប្រើប្រាស់ញឹកញាប់ ជាបច្ច័យមិនល្អសម្រាប់ស្បែកឡើយ។ ម្យ៉ាងទៀត ទោះបីនាងមានស្បែករាងស្រអែមបន្ដិចក៏ពិតមែន ក៏នាងមិនទាមទារធ្វើឱ្យស្បែកសដោយវិធីផ្សេងៗ ដូចជាការត្រាំទឹកដោះគោ ប្រើឡេលាយនោះទេ ព្រោះនាងយល់ថាការធ្វើបែបនេះគឺជាការបំផ្លាញស្បែករបស់ខ្លួនទៅវិញទេ។ ដោយឡែកសម្រាប់វិធីងាយៗ ដើម្បីថែរក្សាស្បែករបស់នាងគឺនៅពេលដែលចេញទៅក្រៅក្រោមពន្លឺថ្ងៃ ឬពេលសម្ដែង ហ្សូរីដាប្រើក្រែមការពារកម្ដៅ ហើយនៅពេល យប់នាងប្រើផលិតផលជំនួយ និងផ្ដល់សំណើមស្បែក ដើម្បីឱ្យស្បែកទន់រលោងគ្រប់ពេល ជាពិសេសគឺការពារភាពជ្រីវជ្រួញ។ មានវិធីបែបធម្មជាតិមួយចំនួនដែលហ្សូរីដាជ្រើសរើស គឺការស្ទីមស្បែកដោយប្រើក្រូចពោធិសាត់ ឬម្សៅពន្លៃជាដើម ដើម្បីឱ្យស្បែកលឿង និងទន់រលោង។
ការថែរក្សាសុខភាពរាងកាយ
ឌួង ហ្សូរីដា ជាមនុស្សមិនងាយឡើងទម្ងន់ ម្ល៉ោះហើយនាងមិនបានប្រុងប្រយ័ត្នចំពោះការបរិភោគទេ នាងទទួលទានអាហារគ្រប់ប្រភេទ។ ក្នុងករណីដែលកើនទម្ងន់ ហ្សូរីដាគ្រាន់តែបន្ថយការទទួលទានអាហារដែលមានជាតិផ្អែម និងហាត់ប្រាណបន្ដិចបន្ដួចជាការស្រេច។ ការហាត់ប្រាណដែលនាងជ្រើសរើស គឺការហែលទឹក បើមានពេលវេលាគ្រប់គ្រាន់។ បើមិនដូច្នោះទេគ្រាន់តែ ហាត់រាំតាមចង្វាក់ភ្លេងតែប៉ុណ្ណោះ។ នៅរៀលរាល់៦ខែម្ដង ហ្សូរីដាតែងតែទៅពិនិត្យសុខភាពរាងកាយមិនដែលខកខានឡើយ ព្រោះនាងបង្ការនូវបញ្ហារបស់សុខភាព ក្រែងមានភាពមិនប្រក្រតីដោយមិនមានរោគសញ្ញាឱ្យដឹងជាមុនកើតមានឡើង។
គោលបំណងទៅអនាគត
នៅពេលដ៏ខ្លីខាងមុខនេះ ហ្សូរីដានឹងបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ហេតុនេះបំណងប្រាថ្នារបស់ នាងគឺការមានក្រុមហ៊ុនមួយផ្ទាល់ខ្លួន ក្រៅពីអាជីពជាអ្នកសិល្បៈ។ ប៉ុន្ដែនាងបានបញ្ជាក់ថា សម្រាប់ការងារសិល្បៈនាងនៅតែបំពេញ ឱ្យតែមានអ្នកគាំទ្រ ព្រោះអាជីពនេះហើយដែលធ្វើឱ្យនាងមានឱកាសក្លាយជាតារាមួយដួងបាន។
បណ្ដាំផ្ញើរបស់ ឌួង ហ្សូរីដា
សូមមិត្ដនារីទាំងអស់ព្យាយាមស្រឡាញ់ និងពេញចិត្ដនូវអ្វីដែលខ្លួនកំពុងមាន ព្រោះបើមានការកែច្នៃកាន់តែច្រើន ឱកាសនៃការបាត់បង់កាន់តែមានច្រើនឡើងដូចគ្នា។ ចំណែកឯការហាត់ប្រាណសូមកុំធ្វេសប្រហែស ឬមើលរំលងឱ្យសោះ ព្រោះវាមិនត្រឹមតែធ្វើឱ្យសុភាពនារីមានសុខភាពល្អទេ ថែមទាំងមានសម្រស់ស្រស់ស្អាត និងក្មេងជាងវ័យទៀតផង។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ ឌួង ហ្សូរីដា
- អាយុ ៖ ២៥ឆ្នាំ
- ទំហំទាំងបី ៖ ៣២, ២៤, ៣៥
- ទម្ងន់ ៖ ៤៥គីឡូក្រាម
- កម្ពស់ ៖ ១,៦០ម៉ែត្រ
- មានបងប្អូន ៖ ៤នាក់ (ជាកូនទី២)
- ស្ថានភាពគ្រួសារ ៖ រស់នៅជាមួយឪពុកម្ដាយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហា ឆ្នាំ២០០៧
Leave a Reply