ជម្រាបសួរលាកវេជ្ជបណ្ឌិត លី ចេងហ៊ុយ។ ខ្ញុំបានអាសយដ្ឋានអ៊ីម៉ែលរបស់លោកវេជ្ជបណ្ឌិតតាមរយៈទស្សនាវដ្ដី សុខភាពយើង។ ពេលនេះ ខ្ញុំសរសេរសំបុត្រទៅកាន់លោកវេជ្ជបណ្ឌិត ដើម្បីសាកសួរអំពីរឿងសុខភាពផ្ទាល់ខ្លួន។ ខ្ញុំទើបតែមានអាយុ១៨ឆ្នាំតែប៉ុណ្ណោះ ខ្ញុំមានអារម្មណ៍ហាក់ដូចជាមានបញ្ហាការឡើងរឹងនៃលិង្គ នាពេលថ្មីៗនេះ។ លិង្គរបស់ខ្ញុំមិនឡើងរឹងវែង និងមាំមួនដូចមុនទេ។ ខ្ញុំចង់ដឹងថា តើអាចមានរឿងអ្វីមួយកើតឡើងដែរឬទេចំពោះសុខភាពរបស់ខ្ញុំ។ ហេតុនេះ តើលោកវេជ្ជបណ្ឌិតអាចជួយណែនាំវេជ្ជបណ្ឌិតណាមួយដល់ខ្ញុំបាទ ដើម្បីពិគ្រោះអំពីបញ្ហានេះបានឬទេ? សូមអរគុណដល់លោកវេជ្ជបណ្ឌិតជាមុន ដែលបានចំណាយពេលឆ្លើយសំណួរខ្ញុំបាទ។ សូមគោរពលា។
លោក យ. ស. ហ. វ អាយុ១៨ឆ្នាំ ភ្នំពេញ
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ អរគុណប្អូនប្រុសដែលបានសរសេរលិខិត និងសាកសួរសំណួរនេះដល់ខ្ញុំបាទ។ តាមច្បាប់ធម្មជាតិ គ្មានអ្វីដែលទៀងទាត់នោះទេ ដូចជាពាក្យខ្មែរមួយឃ្លាដែលបានលើកឡើងថា“កង់ត្រាច កង់ធ្នង់”។ ករណីប្អូនប្រុសអាចជាការមិនសូវឡើងរឹងនៃលិង្គមួយរយៈ ដោយសារប្រការណាមួយតែប៉ុណ្ណោះ។ តាមពិតអាយុប៉ុនប្អូនប្រុសមិនទាន់ត្រូវមានវិបត្ដិលិង្គមិនសូវឡើង រឹង ឬលិង្គងាប់នោះទេ។ ព្រោះថាករណីលិង្គមិនសូវឡើងរឹង ច្រើនតែកើតមាននៅលើមនុស្សប្រុសវ័យលើសពី៤០ឬ៥០ឆ្នាំប៉ុណ្ណោះ។ បើនិយាយពីមូលហេតុដែលនាំឱ្យមានវិបត្ដិមុខងារឡើងរឹងរបស់លិង្គនេះ គឺអាចបណ្ដាលមកពីចង្កោមកត្ដា២ធំៗ គឺកត្ដាផ្លូវចិត្ដ និង កត្ដាផ្លូវកាយ។ ចង់និយាយថា ការប្រែប្រួលសុខភាពផ្លូវកាយ ឬសុខភាពផ្លូវចិត្ដ អាចបង្កផលប៉ះពាល់ដល់ជីវភាពផ្លូវភេទ ឬសមត្ថភាពផ្លូវភេទផងដែរ។ ហេតុនេះករណីប្អូនប្រុសគឺអាចបណ្ដាលមកពីស្ថានភាពសុខភាពទាំងផ្លូវកាយទាំងផ្លូវចិត្ដមិនប្រក្រតីណាមួយ។ ប៉ុន្ដែសូមប្អូនកុំអស់សង្ឃឹម ពេលដែលស្ថានភាពសុខភាពប្រសើរឡើងវិញ សមត្ថភាពលិង្គរបស់ប្អូនប្រុសនឹងវិលមករកសភាពធម្មតាវិញ។ នៅប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះ មិនទាន់មានគ្រូពេទ្យឬវេជ្ជបណ្ឌិតដទៃទៀតណាដែលទទួលពិគ្រោះ អំពីបញ្ហាផ្លូវភេទនេះ ក្រៅពីខ្ញុំបាទនៅឡើយទេ។ បើប្អូនប្រុសនៅមានចម្ងល់ទៀត ប្អូនប្រុសអាចមកជួបជាមួយខ្ញុំបាទនៅមជ្ឈមណ្ឌល វេជ្ជសាស្ដ្រអ៊ិលស៊ីស៊ីដោយផ្ទាល់ ឬក៏សរសេរសំបុត្រជាថ្មីមកកាន់ខ្ញុំបាទ។ សូមប្អូនប្រុសមានសំណាងល្អ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៧ ខែតុលា ឆ្នាំ២០១០
Leave a Reply