នាងខ្ញុំមានកូនចំនួន៣នាក់។កូនប្រុសពៅរបស់នាងខ្ញុំអាយុបាន៣ឆ្នាំហើយ។វាមានដង្កូវពណ៌សតូចៗចេញតាមទ្វារលាមកនិងស្រែកថារមាស់រៀងរាល់ពេលយប់។តើមានជម្ងឺអ្វី?អាចព្យាបាលបានទេ?
លោកស្រីឌ.ស.ភអាយុ៤៥ឆ្នាំខេត្ដបាត់ដំបង
វេជ្ជបណ្ឌិតយើងៈជំពូកដង្កូវសតូចៗទាំងនេះ ខ្មែរយើងហៅថា អៀន។ វាមានប្រវែងពី៣ ទៅ១០សង់ទីម៉ែត្រ ចាក់សម្បុករស់នៅក្នុងពោះវៀនធំ។ ដង្កូវតូចៗពណ៌សទាំងនេះ មាននៅម្ដុំរន្ធទ្វារលាមក និងនៅក្នុងលាមក។ ព្រោះថា អៀនញីបានចុះពីពោះវៀនធំ មកពងនៅក្បែរទ្វារលាមក បណ្ដាលឱ្យកុមារមានអារម្មណ៍រមាស់រន្ធទ្វារលាមក សម្រាប់កុមារី អាចឆ្លងទៅរមាស់ដល់ទ្វារមាសទៀតផង។ រមាស់ច្រើនតែកើតឡើងនៅពេលក្បាលព្រលប់។ លើសពីនេះមានរោគសញ្ញាផ្សេងទៀត ដូចជាឈឺពោះ ទល់លាមក រាគជាដើម។
ដើម្បីបង្ការការពារកុំឱ្យឆ្លងអៀន ត្រូវមានអនាម័យ គឺលាងដៃឱ្យស្អាតក្រោយពេលបន្ទោរបង់លាមករួច ឬមុនទទួលទានអាហារ និងកាត់ក្រចកដៃក្រចកជើងឱ្យខ្លី។ សូមនាំកូនរបស់បងស្រីទៅជួបជាមួយគ្រូពេទ្យ ដើម្បីទទួលការព្យាបាលដោយលេបថ្នាំសម្លាប់អៀន។ ការ ព្យាបាលដែលប្រសើរបំផុត សមាជិកគ្រួសារទាំងអស់ត្រូវលេបថ្នាំបញ្ចុះអៀនគ្រប់គ្នាផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦
Leave a Reply