ខ្ញុំហាក់ដូចជាធាត់ និងដុះក្បាលពោះធំជាងមុន។ មិត្ដភក្ដិបានប្រាប់នាងខ្ញុំឱ្យញ៉ាំតែបន្លែទេ ដើម្បីសម្រកទម្ងន់ ឱ្យមានរាងស្អាត សូមសួរលោកវេជ្ជបណ្ឌិតថា តើការទទួលទានតែបន្លែ អាចជួយសម្រកទម្ងន់បានដែរឬទេ? ហើយជាវិធីល្អដែរឬទេ? សូមអរគុណ។
លោកស្រី ន. ក. រ អាយុ៣០ឆ្នាំ ភ្នំពេញ
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ អរគុណប្អូនស្រីសម្រាប់សំណួរដ៏មានសារៈសំខាន់នេះ។ ការសម្រកធ្វើតាមការនិយាយតៗ គ្នានេះ ដោយប្រើវិធីសម្រកទម្ងន់ទទួលទានតែបន្លែនេះ ពិតជាមិនត្រឹមត្រូវនោះទេ។ តាមពិតបន្លែមិនសូវមានថាមពល គឺផ្ដល់ កាឡូរីតិច ហើយចំពោះបន្លែបៃតងមិនមានជាតិស្ករច្រើននោះទេ វាអាចធ្វើឱ្យមានការសម្រកទម្ងន់យ៉ាងពិតប្រាកដ។ ជាឧទាហរណ៍ បន្លែមួយខាំ(ការ៉ុតឬប៉េងប៉ោះ) គឺផ្ដល់ថាមពលរវាងពី២០ទៅ៣០គីឡូកាឡូរីតែប៉ុណ្ណោះ។ ប្អូនស្រីមិនត្រូវយកវិធីសម្រកទម្ងន់់នោះមកអនុវត្ដនោះទេ ព្រោះការទទួលទានតែបន្លែសុទ្ធអាចធ្វើឱ្យស្អិតសាច់ដុំ ដោយសារកង្វះជាតិប្រូតេអ៊ីន ឬជាតិសាច់ និងជាតិទឹកដោះ។ ប៉ុន្ដែមានវិធីសម្រកត្រឹមត្រូវ គឺអាចទទួលតែបន្លែជាមួយសាច់ត្រីឬសាច់មាន់ក៏អាចជួយសម្រកទម្ងន់បានដែរ ហើយមានប្រសិទ្ធភាពជាងការដែលទទួលទានតែបន្លែសុទ្ធ។ សូមប្អូនស្រីជួបសំណាងល្អ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply