ជម្ងឺបូស​​​​លើ​​​ទ្វារមាស

ជម្ងឺបូសលើទ្វារមាសនេះ​ក៏អាចបង្កឱ្យមានផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរសម្រាប់ស្ដ្រី ដូចជាធ្វើឱ្យចុកចាប់​នៅលើថ្ងាសទ្វារមាស ចុះទម្ងន់ អស់កម្លាំង ឧស្សាហ៍ងងឹតមុខ និងពិបាកនៅក្នុងការ​រួមភេទជាដើម។ អ្នកដែលកើតជម្ងឺនេះ​តែងតែពិបាកចិត្ដ និងរិះរកគ្រប់មធ្យោបាយ​គ្រប់បែបយ៉ាង​ដើម្បីថែទាំសុខភាព​របស់ខ្លួន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយអ្នកនាង ស.ខ រស់នៅទីក្រុងភ្នំពេញ អាយុ៣៥ឆ្នាំបានចែករំលែក​បទពិសោធន៍ អំពីជម្ងឺបូសលើទ្វារមាស ដើម្បីឱ្យស្ដ្រីគ្រប់រូប​បានជ្រាបបន្ថែមទៀតអំពីផលវិបាកនៃជម្ងឺនេះ។

ខ្ញុំជួបប្រទះបញ្ហាមួយ​ដែលធ្វើឱ្យខ្ញុំព្រួយបារម្ភ​អស់រយៈពេល២ថ្ងៃមកហើយ។ ដោយខ្ញុំមាន​កន្ទួលរឹងឈឺរមាស់នៅលើ ទ្វារមាស មានដុំមូលរឹងនៅលើបបេធំ ជួនកាលឈឺចាប់ទៅក្នុងពោះ ចាក់ទៅតំបន់អាងត្រគាកតូច ជួនកាលទៀតឈឺចាប់ សួទៅរន្ធយោនី និងមាត់ទ្វារមាសខាងក្រៅ។ អាការៈពិសេសមួយទៀតគឺ​ទ្វារមាសខាងក្រៅហើមប៉ោង ក្រោយពេលរួមរ័ក ហើយ ឈឺដេញមកខាងលើ។ ខ្ញុំបានសាកល្បងលាងសម្អាតដោយទឹកអនាម័យ ហើយលាបថ្នាំម៉ូម៉ាដដើម្បីបំបាត់ការឈឺចាប់ តែហាក់ដូច ជាគ្មានការធូរស្បើយសោះ។ ខ្ញុំចេះតែគិតថាតើអាការៈជម្ងឺ​របស់ខ្ញុំនេះវាអាចវិវឌ្ឍន៍ទៅរកការធូរស្រាល​ដោយឯងៗបានឬទេ ដោយមិន បាច់ទៅរកគ្រូពេទ្យ និងគ្រួសារឱ្យជួយធ្វើអន្ដរាគមន៍។ ខ្ញុំនៅមានការខ្មាសអៀនខ្លាំង បើសិនជាខ្ញុំសម្រេចចិត្ដទៅរកគ្រូពេទ្យ។

ដំបូន្មានអ្នកជំនាញ

លោកវេជ្ជបណ្ឌិត អ៊ូច ឌីណា ឯកទេសផ្នែកសម្ភព និងរោគស្ដ្រីនៅមន្ទីរពេទ្យកាល់ម៉ែត្រ បានបញ្ជាក់ប្រាប់ទស្សនាវដ្ដី សុខភាពយើង ជម្ងឺនេះជួនកាលអាចនឹងជាសះស្បើយទៅវិញ​ដោយឯងៗ។ ដោយឡែកប្រសិនបើវាមិនអាចវិវឌ្ឍន៍​ទៅរកការធូរ ស្បើយក្នុងរយៈពេល៣អាទិត្យទេនោះ បានន័យថាអ្នកជម្ងឺមានបូស​នៅលើប្រដាប់ភេទហើយ។ អ្នកត្រូវតែទៅជួបគ្រូពេទ្យ ឯកទេសរបស់អ្នក ដើម្បីធ្វើការព្យាបាល។ អ្វីដែលពិសេសជាងនេះនោះ គឺនៅពេលដែលមានបញ្ហាអ្វីមួយ​ដូចដែលបានរៀបរាប់ខាងលើ អ្នកនាងកញ្ញាត្រូវប្រញាប់​មកពិភាក្សាជាមួយអ្នកជំនាញ ដើម្បីឱ្យអ្នកជំនាញធ្វើវិនិច្ឆ័យរោគ និងព្យាបាល រួមទាំងរកវិធីការពារ ចៀសវាងកើតមានដំណាក់កាលធ្ងន់ធ្ងរ ដែលពិបាកនៅក្នុងការព្យាបាល។ ស្ដ្រីគ្រប់រូបត្រូវតែធ្វើការសម្អាតទ្វារមាស​ឱ្យបានស្អាតល្អ ហើយសម្លៀកបំពាក់ខាងក្នុង​ត្រូវតែមានអនាម័យជានិច្ច និងត្រូវតែហាលឱ្យត្រូវពន្លឺថ្ងៃផងដែរ។ នៅពេលដែលមានបញ្ហាអ្វីមួយ ដែលកើតនៅលើទ្វារមាស ត្រូវតែមកពិភាក្សាជាមួយអ្នកជំនាញ ដើម្បីពិនិត្យ និងព្យាបាលចៀសវាងកើតមានដំណាក់កាល​ធ្ងន់ធ្ងរ ដែលពិបាកនៅក្នុង​ការព្យាបាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *