ក្រោយពីជ្រាបអំពីរ៉ែខនិជ ជាតិកាល់ស្យូម ជាតិអ៊ីយ៉ូដ និងជាតិដែក នៅលើទំព័រទស្សនាវដ្ដី សុខភាពយើង លេខមុនៗ ពេលនេះដល់វេនជាតិម៉ាញ៉េស្យូមចូលមកបង្ហាញខ្លួនវិញម្ដងហើយ។
តួនាទីជាតិម៉ាញ៉េស្យូម
សារធាតុម៉ាញ៉េស្យូមដែលបានចាត់់បញ្ចូលទៅក្នុងចំណាត់ថ្នាក់រ៉ែខនិជ ឬអាហារបំប៉ន ត្រូវបានគេស្គាល់ថាជាតិរ៉ែខនិជ ចង្វាក់បេះដូង មានតួនាទីពិសេសដូចជា ៖
– ជួយសរីរសាស្ដ្រនៃសព៌ាង្គកាយ ៖ ម៉ាញ៉េស្យូមជាសារធាតុសារវ័ន្ដជួយដល់ការលូតលាស់ និងដំណើរការត្រឹមត្រូវនៃ សរីរាង្គកាយ ជាពិសេសប្រតិកម្មមេតាប៉ូលីស ខួរក្បាល និងប្រព័ន្ធការពារ។
– សម្រួលចង្វាក់បេះដូង សាច់ដុំ និងប្រព័ន្ធប្រសាទ ៖ ជាតិម៉ាញ៉េស្យូមមានតួនាទីចម្បងជាងគេគឺកែតម្រូវ ឬសម្រប សម្រួលចង្វាក់បេះដូង ការកន្ដ្រាក់នៃសាច់ដុំ និងការបញ្ជូនសារតាមប្រព័ន្ធប្រសាទ។
– ប្រឆាំងជម្ងឺរឹងសរសៃឈាម និងប្រឆាំងក្រួស ៖ ជាតិម៉ាញ៉េស្យូមប្រឆាំងនឹងការឡើងរឹងនៃសរសៃឈាម និងការ បង្កកំណើតជាតិក្រួសក្នុងតម្រងនោម ប្លោកនោម និងទឹកប្រមាត់។
– ជួយការស្រូបសារធាតុចិញ្ចឹមនានា ៖ វាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការស្រូបជាតិកាល់ស្យូម ផូស្ព័រ និងជាតិ ប៉ូតាស្យូមនៅធ្មេញ និងឆ្អឹង ក៏ដូចជាការស្រូបជាតិស្ករ និងវីតាមីនសេ។
– ជួយកម្លាំង ៖ វាក៏មានតួនាទីផងដែរ ជាជំនួយដល់ការស្រូបប្រូតេអ៊ីន និងការផលិតថាមពល ឬកម្លាំងកាយផងដែរ។
– ជួយផ្លូវចិត្ដផ្លូវអារម្មណ៍ ៖ ជាចុងក្រោយជាតិម៉ាញ៉េស្យូមធ្វើឱ្យប្រសើរឡើងនូវលំនឹងផ្លូវចិត្ដ និងផ្លូវអារម្មណ៍ ព្រមទាំង ជួយសម្រួលដល់ការទទួលទានដំណេកផងដែរ។
របបអាហារូបត្ថម្ភប្រចាំថ្ងៃរបស់ជាតិម៉ាញ៉េស្យូម
ខ្លួនប្រាណមនុស្សត្រូវការការទទួលទានចូលជាប្រចាំនូវសារធាតុម៉ាញ៉េស្យូមក្នុងបរិមាណចំនួនជាមធ្យម៤០០មីលីក្រាមក្នុង១ថ្ងៃ។ ជាអាទិមនុស្សប្រុសទម្ងន់៧០គីឡូក្រាមត្រូវការជាតិម៉ាញ៉េស្យូមចំនួន៤២០មីលីក្រាម រីឯមនុស្សស្រី៥៥គីឡូក្រាមវិញគឺ ត្រូវការ៣៣០មីលីក្រាម។ ដើម្បីឱ្យមានភាពជាក់លាក់ គេអាចធ្វើការគណនាតម្រូវការជាតិម៉ាញ៉េស្យូមទៅតាមទម្ងន់ខ្លួន គឺក្នុងទម្ងន់ ខ្លួនមនុស្ស១គីឡូក្រាមត្រូវការជាតិម៉ាញ៉េស្យូមចំនួន៦មីលីក្រាម។ នៅប្រទេសបារាំងគេបានរកឃើញថា មនុស្សចំនួនពី៥០ទៅ៦០% ខ្វះជាតិម៉ាញ៉េស្យូមនេះ រីឯនៅប្រទេសកម្ពុជាក៏មានអត្រាមិនចាញ់នេះប៉ុន្មាននោះទេ។
ការខ្វះជាតិម៉ាញ៉េស្យូមនាំឱ្យប៉ះពាល់់ដល់សុខភាព
ប្រសិនបើយើងទទួលទានសារធាតុម៉ាញ៉េស្យូមមិនបានគ្រប់គ្រាន់់នោះទេ អាចនាំឱ្យប៉ះពាល់ដល់សុខភាពគួរឱ្យកត់សម្គាល់ ។ ផលប៉ះពាល់ទាំងនោះដែលចម្បងជាងគេគឺវិបត្ដិប្រព័ន្ធប្រសាទ ទទួលទានដំណេកមិនលក់ កម្លាំងសាច់ដុំចុះខ្សោយ ប្រកាច់ កន្ដ្រាក់ ដៃជើង(ដូចតេតាណូស) ញ័រដៃជើង អស់កម្លាំងល្ហិតល្ហៃ ឈឺក្បាល ចុកឆ្អល់ពោះ ហឹងត្រចៀក រលាកក្រហល់ក្រហាយ ប្រតិកម្ម រមួលក្រពើ ក្ដាមកាច់ និងរ៉ាឌីកាល់សេរី(អុកស៊ីដង់)។
ចំណីអាហារដែលមានជាតិម៉ាញ៉េស្យូម
ជាតិម៉ាញ៉េស្យូមមាននៅលើចំណីអាហារមួយចំនួន ជាពិសេសមាននៅលើចំណីអាហារដូចជាទឹកខនិជដែលសម្បូរជាតិ ម៉ាញ៉េស្យូម ផ្លែឈើក្រៀម សូកូឡា បន្លែក្រៀម នំប៉័ង និងប៉មជាដើម។
ជាតិម៉ាញ៉េស្យូមជាគ្រាប់ថ្នាំអាហារបំប៉ន
សារជាតិម៉ាញ៉េស្យូមចំនួន២៥០ទៅ៥០០មីលីក្រាម ដែលផ្សំផ្គុំជាមួយជាតិកាល់ស្យូមពី៥០០មីលីក្រាមទៅ១ក្រាម អាចជា ជំនួយដ៏ប្រសើរបំផុតជួយដល់ការបំបាត់ស្ដ្រេស្ស ក្រហល់ក្រហាយ សភាពតានតឹងអារម្មណ៍ និងការទទួលទានដំណេកមិនលក់ ប៉ុន្ដែក៏ ជួយផងដែរដល់ជម្ងឺរលាកពោះវៀន និងជម្ងឺសន្លាក់ឆ្អឹង។ គ្រាប់ថ្នាំអាហារបំប៉នទាំងនោះច្រើនតែផ្សំផ្គុំផងដែរជាមួយជាតិវីតាមីនបេ៦ ដែលជួយសម្រួលដល់ការសំយោគ។ ផ្ទុយទៅវិញ ពពួកវីតាមីនដេមិនត្រូវប្រើ ឬលេបពេលជាមួយគ្រាប់ថ្នាំជាតិម៉ាញ៉េស្យូមនោះទេ ពីព្រោះថាវាបង្កឱ្យមានការប៉ះពាល់ដល់សំយោគ។ អ្នកជំនាញបានទូន្មានមិនឱ្យប្រើប្រាស់គ្រាប់ថ្នាំម៉ាញ៉េស្យូមកម្រិតដូសច្រើននិងយូរ អង្វែងនោះទេ ព្រោះវាអាចបង្កឱ្យកើតជាឧបសគ្គដល់ការសំយោគជាតិកាល់ស្យូម និងផូស្ព័រ។ លើសពីនេះទៅទៀត ការប្រើប្រាស់ គ្រាប់ថ្នាំជាតិម៉ាញេស្យូមហាមជាដាច់ខាតក្នុងករណីមានជម្ងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ។
សរុបសេចក្ដីមក គ្រាប់ថ្នាំជាតិម៉ាញ៉េស្យូមត្រូវលេបឬប្រើប្រាស់ឱ្យបានទៀងទាត់ ក្នុងរយៈពេលប៉ុន្មានពី២ទៅ៣សប្ដាហ៍តែ ប៉ុណ្ណោះក្នុងកម្រិតដូសខ្ពស់ ទៅតាមតម្រូវការចាំបាច់។
សូមបញ្ជាក់ថា គេអាចប្រើប្រាស់ជាតិម៉ាញ៉េស្យូមនៅតាមមន្ទីរពេទ្យ ដោយចាក់ជាពិសេសក្នុងករណីដំបៅសាច់បេះដូង ឬ បញ្ហាជម្ងឺបេះដូងធំៗផ្សេងទៀត ឬករណីប្រឈមមុខ ករណីគម្រាមកំហែង និងការសម្រាលបុត្រមុនកំណត់(សម្រាលកូនមិនគ្រប់ ខែ)។
តើអ្នកណាខ្លះដែលត្រូវការជាតិម៉ាញ៉េស្យូម?
ខ្លួនប្រាណយើងស្ដុកទុកជាតិម៉ាញ៉េស្យូមនៅក្នុងធ្មេញ និងនៅក្នុងឆ្អឹងរបស់យើង(ផ្សំផ្គុំជាមួយជាតិកាល់ស្យូម និងជាតិ ផូស្ព័រ)។ តម្រូវការជាតិម៉ាញ៉េស្យូមត្រូវកើនឡើងក្នុងករណីដូចតទៅ ៖
- ប្រសិនបើទទួលទានជាតិស្ករច្រើន ស្ករគ្រាប់ ឬនំប៉័ងប៊ីស្កុដ
- លើកុមារដែលដេកនោមយប់
- ករណីទទួលទានសុរាច្រើនជ្រុល
- ករណីលេបថ្នាំអង់ទីប៊ីយ៉ូទិក
- ពេលចាញ់កូន
- អ្នកជម្ងឺទឹកនោមផ្អែម
- អ្នកជម្ងឺលើសឈាម
- អ្នកលេបថ្នាំគ្រាប់ពន្យារកំណើត
- អ្នកដែលឈឺពោះមុនមករដូវ
- អ្នកដែលមានវិបត្ដិបេះដូងសរសៃឈាម(ចង្វាក់បេះដូងដើរមិនស្មើ)
- អ្នកដែលរលាកច្រមុះ ផ្ដាសាយ និងឬឈឺបំពង់ករ៉ាំរ៉ៃឬជាប្រចាំ។
(សូមបន្ដអាននៅលេខក្រោយ)
អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
មជ្ឈមណ្ឌលវេជ្ជសាស្ដ្រ អ៊ិលស៊ីស៊ី
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១
Leave a Reply