ទឹក ជាតម្រូវការ​ជីវិត!

យើងមិនអាចរស់បាន ដោយគ្មានជាតិ​ទឹកនៅក្នុងខ្លួន និងទឹកពិសា​គ្រប់គ្រាន់​ឡើយ។ ការស្រេកទឹក​ជាសញ្ញាអាសន្ន ដែលត្រូវឆ្លើយតប​ដោយផឹកទឹកភ្លាម។ លោកអ្នកអាច​បាត់បង់​ជាតិទឹក​តាមរយៈទឹកនោម លាមក ញើសជាដើម។ តែមនុស្សអាច​បង្ក្រប់ជាតិទឹកវិញ តាមរយៈការ​ផឹកទឹក ឬភេសជ្ជៈ និងតាមរយៈ​ការបរិភោគ​អាហារជា​ប្រចាំថ្ងៃ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទឹកមាន​នៅទីណា​ខ្លះ?

សាព៌ាង្គកាយមនុស្ស មានជាតិទឹក​មានប្រមាណ​ជា៦០ទៅ​៧០ភាគរយ។ ជាតិទឹក​មានបរិមាណច្រើន​នៅក្នុងសាច់ដុំ សរីរាង្គ កោសិកា និងជាលិកា តែមានបរិមាណតិច​នៅក្នុង​ម៉ាស់ខ្លាញ់។ ទឹកមាន​នៅក្នុងភេសជ្ជៈ​ផ្សេងៗ ដូចជាទឹកតែ ទឹកកាហ្វេ ទឹកផ្លែឈើ​ជាដើម ប៉ុន្ដែ ត្រូវប្រុងប្រយ័ត្ន ជាពិសេស​ចំពោះភេសជ្ជៈ​មានជាតិ​កាហ្វេអ៊ីន ដែលមាន​ឥទ្ធិពល​មិនល្អខ្លះ ដូចជាបញ្ចុះ​ទឹកនោមជាដើម រីឯភេសជ្ជៈដែលមាន ជាតិអាល់កុល និងមានជាតិផ្អែមខ្លាំង លោកអ្នកមិនគួរ​ពិសាច្រើនឡើយ។ ម្យ៉ាងទៀត ទឹកក៏មាន​នៅក្នុងសម្ល និងចំណីអាហារ​ផងដែរ។ នៅក្នុងវេជ្ជសាស្ដ្រ ទឹកមាន​រូបភាពជាទឹក​អូរ៉ាលីត ទឹកសេរ៉ូម​ជាដើម សម្រាប់ប្រើ​បញ្ចូលទៅ​ក្នុងខ្លួនមនុស្ស ពេលរាគរូស និងខ្វះជាតិទឹក​ដោយប្រការផ្សេងៗ។

ហេតុអ្វីបាន​ត្រូវពិសា​ទឹក?

ទឹកមានតួនាទី​កម្រិតជីវិត យើងមិន​អាចរស់នៅ​ដោយមិនផឹកទឹក​លើសពី៥ថ្ងៃឡើយ ដូចពាក្យដែលថា“អត់អ្វីក៏អត់ចុះ កុំឱ្យតែអត់ទឹក”។ ហេតុនេះ ជាចាំបាច់​លោកអ្នក​ត្រូវរក្សាលំនឹង​ជាតិទឹក​នៅក្នុង​សាព៌ាង្គកាយ។ ការស្រេកទឹក​ជាសញ្ញាអាសន្ន ដែលត្រូវឆ្លើយតបដោយ ផឹកទឹកភ្លាម ដើម្បីបញ្ចៀសកង្វះ​ជាតិទឹក និងផលវិបាកផ្សេងៗ។ ជារៀងរាល់ថ្ងៃ ការបាត់បង់​ជាតិទឹកពីក្នុងខ្លួន ដូចជាទឹកនោម លាមក ញើស ជាដើម មានកម្រិតច្រើន តម្រូវឱ្យយើងផឹកទឹក​មួយថ្ងៃ មួយលីត្រកន្លះ។

ទឹកមិនមានផ្ទុក​កាឡូរីឡើយ ដូច្នេះវាមិនមែន​ជាសារធាតុដែល​ផ្ដល់ថាមពល​ឡើយ។ ប៉ុន្ដែវាធ្វើឱ្យ​មានការ​ផ្លាស់ប្ដូរ​រវាងកោសិកា និងការច្រាន​កាកសំណល់​ចោល។ ដូច្នេះមុខងារ​សារវន្ដរបស់​ជាតិទឹក គឺដើរតួនាទី​ជាយានដឹកជញ្ជូន​សារធាតុចិញ្ចឹម​ចាំបាច់ទៅក្នុង​សាព៌ាង្គកាយ និងបញ្ចេញជាតិ​ពុលមកក្រៅវិញ។ វាមានតួនាទី​សំខាន់មួយទៀត គឺសម្រួលលំនឹង​សីតុណ្ហភាព ឬកម្តៅរបស់​អង្គប្រាណយើង។

មនុស្សជំនាន់មុន​បានប្រៀនប្រដៅកូនចៅ មិនឱ្យផឹកទឹក​ពេលបរិភោគបាយ​ឡើយ ព្រោះពួកគាត់​ខ្លះយល់ថា ទឹកបំបែក ឬធ្វើឱ្យដុំ អាហារដែល​លេបចូល បែកខ្ញែក ឬរាវ ដែលនាំឱ្យមាន​អារម្មណ៍ថា បរិភោគមិនចេះឆ្អែត និងបរិភោគ​រឹតតែច្រើន។ អ្នកខ្លះទៀត​យល់ថា ការផឹកទឹក និងការ​បរិភោគអាហារ​ក្នុងពេលតែមួយ នាំឱ្យឆាប់ឆ្អែត​ទៅវិញ។

យើងគួរពិសាទឹក​ឱ្យទៀងទាត់ និងគ្រប់ពេល​ពេញមួយថ្ងៃ មិនថាពេល​ណាឡើយ ទោះពេលបាយ​ក៏យើងអាច​ពិសាទឹកបានដែរ។ យ៉ាងណាមិញ ការពិសាទឹកពេល​ភ្ញាក់ពីដំណេកពេល​ព្រឹកព្រលឹម មានប្រយោជន៍​ខ្លាំងណាស់ ជាពិសេស​ជួយលាងក្រពះ ពោះវៀន សម្រួលដល់ ការបញ្ចេញ​កាកសំណល់ និងការផ្លាស់ប្ដូរ ឬផ្ទេររវាង​កោសិកា។

រូបភាពទស្សនាវដ្តីសុខភាពយើង

តើលោកអ្នក​គួរជ្រើសរើស​យកទឹក​ប្រភេទណា​មកពិសា?

លោកអ្នកត្រូវ​ប្រុងប្រយ័ត្ន​ឱ្យមែនទែន​ក្នុងការជ្រើសរើស​ទឹកយក​មកផឹក។ ដើម្បីសុខភាពល្អ លោកអ្នកត្រូវ​ពិសាទឹកស្អាត ទឹកឆ្អិន ឬទឹកដែលបាន​សម្លាប់មេរោគ​រួច ឬដែលបាន​ត្រងយក​ជាតិពុលចេញ​អស់ជាដើម។ ដាច់ខាត លោកអ្នក​មិនត្រូវ​ពិសាទឹក​មិនស្អាត ទឹកឆៅ និង ទឹកដែលមាន​មេរោគ ឬជាតិពុលឡើយ។ ព្រោះថា បើលោកអ្នក​ពិសាទឹក​មិនស្អាត ដូចជាទឹកស្រែ ទឹកបឹង ទឹកទន្លេជាដើម នោះលោកអ្នកនឹង អាចឆ្លងជម្ងឺ ឆ្លងតាមទឹកផ្សេងៗ ដូចជាគ្រុនពោះវៀន ព្រូនជាដើម និងលោកអ្នក​អាចពុល ឬប៉ះពាល់​សុខភាព​ដោយសារ​ជាតិបំពុល​បរិស្ថាន ដូចជាជី​ដាក់ស្រែ ថ្នាំសម្លាប់សត្វល្អិត​ដេដេតេ​ជាដើម។

ទឹកមានផ្ទុក​ទៅដោយ​ជាតិអំបិលខនិជ និងជាតិរ៉ែផងដែរ ទឹកប្រភេទនេះ គេហៅថា ទឹកខនិជ។ ទឹកខនិជ ជាទឹកដែលចម្រោះ ឬ ផលិតឡើង​ដោយរក្សាវត្ដមាន​ជាតិអំបិលខនិជ និងជាតិរ៉ែកម្រ ដូចជាជាតិ​កាល់ស្យូម ជាតិម៉ាញ៉េស្យូម ជាតិសូដ្យូមជាដើម។ ទឹកខនិជដែល ល្អបំផុត គឺជាទឹកខនិជ​ដែលកើតចេញ​ពីធម្មជាតិ។ ដើម្បីឱ្យងាយយល់ សូមអនុញ្ញាត​លើកយក​ទឹកខនិជ​ធម្មជាតិអេវីយ៉ង់ (Evian) ជាគំរូមក ពន្យល់ជូន។ ទឹកអេវីយ៉ង់​មួយលីត្រមាន​ជាតិកាល់ស្យូម​៧៨មីលីក្រាម ជាតិម៉ាញ៉េស្យូម​២៤មីលីក្រាម ជាតិសូដ្យូម​៥មីលីក្រាម និងសារជាតិ ដទៃទៀត។ ទឹកខនិជ​អេវីយ៉ង់ មានប្រយោជន៍​លាងបញ្ចេញ​កាកសំណល់​របស់សាព៌ាង្គកាយ​ជួយការ​រំលាយអាហារ និងប្រើសម្រាប់​ពេលផ្ដាច់ ដោះ ឬផ្ដាច់ទឹកដោះ​របស់ទារក។

ដកស្រង់ពីសៀវភៅ ២៤ម៉ោងដើម្បីសុខភាពល្អ

និពន្ធដោយវេជ្ជ. លី ចេងហ៊ុយ

បោះពុម្ពផ្សាយដោយហា្គឡាក់ស៊ី នៅឆ្នាំ២០០១

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *