ការថែរក្សាគភ៌នៅពេលមានផ្ទៃពោះ គឺជាកាតព្វកិច្ចដ៏សំខាន់បំផុតសម្រាប់ស្ដ្រីដែលជាអនាគតមាតា។ នៅប្រទេសកម្ពុជា អត្រាមរណៈមាតា នៅពេលសម្រាលមានចំនួនច្រើន ដោយសារការយល់ដឹងរបស់ស្ដ្រីជាមាតាក្នុងការថែរក្សាគភ៌នៅទាបនៅឡើយ។ តើស្ដ្រីជាមាតាគ្រប់រូបគួរប្រតិបត្ដិខ្លួនដូចម្ដេចខ្លះនៅពេលមានគភ៌?
លោកស្រីសាស្ដ្រាចារ្យវេជ្ចបណ្ឌិត គ្រុយ លាងស៊ីម ប្រធានផ្នែកសម្ភពនៅមន្ទីពេទ្យកាល់ម៉ែត បានផ្ដល់ដំបូន្មានសំខាន់ៗដល់ ស្ដ្រីដែលជាមាតាទាំងឡាយ ជាប្រយោជន៍អនុវត្ដឱ្យបានត្រឹមត្រូវក្នុងពេលមានផ្ទៃពោះ។
ការពិនិត្យផ្ទៃពោះ
ជាដំបូងស្ដ្រីដែលមានស្វាមីស្ថិតក្នុងវយ័បន្ដពូជត្រូវចងចាំ និងកត់ត្រាទុកថ្ងៃដែលមករដូវ ព្រោះថាការបាត់រដូវជាសញ្ញាមួយក្នុង ចំណោមសញ្ញាដទៃទៀតនៃការមានគភ៌។ ដូច្នេះចាប់តាំងពីថ្ងៃបាត់រដូវ ឬក្រោយបន្ដិចបន្ដួច ស្ដ្រីមានស្វាមីគួរឆាប់រួសរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យ ឬឆ្មប ដើម្បីបញ្ជាក់អោយច្បាស់ថា តើអ្នកនាងមានគភ៌មែនឬទេ?
នៅពេលដែលដឹងថាខ្លួនមានគភ៌ហើយ ស្ដ្រីដែលជាអនាគតមាតាត្រូវតែទៅពិនិត្យផ្ទៃពោះជារៀងរាល់ខែ មួយខែម្ដង នៅមន្ទីរសម្ភពឬនៅមណ្ឌលសុខភាពដែលនៅជិតផ្ទះ ដើម្បីអោយគ្រូពេទ្យ ឬឆ្មបបានតាមដានការវិវត្ដន៏របស់គភ៌ ឬពិនិត្យមើលសញ្ញាណដែលនឹងបង្កគ្រោះថ្នាក់ដល់ទារក និងដល់ជីវិតម្ដាយនៅពេលសម្រាល។
ការបរិភោគអាហារ
ស្ដ្រីមានគភ៌ត្រូវបរិភោគអាហារឱ្យបានគ្រប់គ្រាន់ ប៉ុន្ដែកុំឱ្យលើស និងមានពេលកំណត់ត្រឹមត្រូវ។ ត្រូវបរិភោគបន្លែដែលមានពណ៌ បៃតង និងលឿងមាន ដូចជាស្ពៃ ស្លឹកបាស ការ៉ុត ប៉េងប៉ោះជាដើម។ លើសពីនេះទៅទៀត ស្ដ្រីត្រូវបរិភោគត្រី សាច់ ស៊ុត ថ្លើម ព្រោះវា សម្បូរទៅដោយជាតិប្រូតេអ៊ីន និងជីវជាតិចាំបាច់សម្រាប់ការលូតលាស់របស់់សរីររាង្គ។ សូមពិសារគ្រាប់កុលិការជាតិដែក និងអាស៊ីតហ្វូលិក ដើម្បីចៀសវាងភាពស្លេកស្លាំង និងភាពមិនប្រក្រតីរបស់មាតា និងទារក។ ពិសាវីតាមីនអា និងជាតិហ្លុយអរ ព្រោះវាជួយឱ្យភ្នែកភ្លឺ និងធ្មេញល្អ។ មិនត្រូវបរិភោគចំណីអាហារណាដែលមានខ្លាញ់ច្រើន និងផ្អែមពេក ជាពិសេសអាហារនៅពេលចូលរួមពិធីជប់លៀង ហើយត្រូវចៀសវាងការទទួលទានបារី និងសុរា។
សកម្មភាពប្រចាំថ្ងៃ
ស្ដ្រីមានផ្ទៃពោះត្រូវចៀសវាងធ្វើកិច្ចការណាដែលហត់នឿយពេក ការធ្វើដំណើរផ្លូវឆ្ងាយ ការពាក់ស្បែកជើ់ងកែងខ្ពស់ៗ ព្រោះអាចបណ្ដាលឱ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ ដូចជារលូត ឬសម្រាលមិនគ្រប់ខែជាដើម។ ចៀសវាងភាពត្រជាក់ ដូចជាការងូតទឹកយប់ដែលនាំ ឱ្យទារកថ្លោសពិបាកសម្រាល។ ម្យ៉ាងទៀតភាពត្រជាក់វាជាកត្ដាមួយបង្កឱ្យមានជំងឺក្រឡាភ្លើង។
លំហាត់ប្រាណ
ស្ដ្រីមានគភ៌ក៏អាចធ្វើលំហាត់ប្រាណបានដែរ ប៉ុន្ដែមិនអាចហាត់ខ្លាំងៗ ដូចជារត់ ហក់លោត និងប្រឹងលើកដុំដែកធ្ងន់ជ្រុលនោះទេ។ អ្នកនាងអាចលើកដៃ លើកជើង ពត់ខ្លួនទៅឆ្វេង ទៅស្ដាំជាដើម។ ស្ដ្រីមានផ្ទៃពោះគប្បីស្លៀកពាក់សម្លៀកបំពាក់រលុងៗ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦
Leave a Reply